​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិ​ត ទីណា បានស្នើ​ឱ្យ​ភាគី​ជប៉ុន ជួយ​ពិនិត្យ​លទ្ធភាព​ក្នុងការ​គ្រប់គ្រង​ទឹក​សម្រាប់​កសិកម្ម​នា​រដូវ​វស្សា និង​អាច​ប្រើប្រាស់​ទឹក​នៅ​ខែប្រាំង​រហូត​ពេញ​មួយឆ្នាំ ខណៈដែល​ក្រសួង​កំពុង​បន្ត​ចែក​ជីសរីរាង្គ គ្រាប់ពូជ​បន្លែ និង​ផ្ទះ​សំណាញ់​ដល់​សហគមន៍​កសិកម្ម​។

នា​ជំនួប​ជាមួយ​គណៈប្រតិភូ​នៃ​ទីភ្នាក់ងារ​ធនធានទឹក​របស់​ប្រទេស​ជប៉ុន នៅ​ទីស្តីការ​ក្រសួងកសិកម្ម កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២៤ លោក ឌិ​ត ទីណា បាន​លើកឡើងថា កន្លងមក​កម្ពុជា​-​ជប៉ុន មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយគ្នា ដោយ​គម្រោង​អភិវឌ្ឍន៍​នានា ដែល​ជប៉ុន​ជួយ​ដល់​ប្រទេស​កម្ពុជា ជាពិសេស​នៅក្នុង​វិស័យ​កសិកម្ម បាន​ជំរុញឱ្យមាន​ភាព​រីកចម្រើន​បន្ថែមទៀត​សម្រាប់​កម្ពុជា​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងកសិកម្ម​។

សម្រាប់​វិស័យ​កសិកម្ម លោក​រដ្ឋមន្ដ្រី​គូសបញ្ជាក់ថា​៖«​កម្ពុជា​ត្រូវការ​ការសិក្សា​លក្ខណៈ​វិទ្យាសាស្ត្រ និង​ប្រាកដនិយម អំពី​វិធីសាស្ត្រ​ដែល​អាចជួយ​កាត់បន្ថយ​ថ្លៃដើម​ផលិត​របស់​កសិករ និង​អាចជួយ​ឱ្យ​កសិករ​ចំណេញ​ខ្ពស់ ហើយ​មាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច​»​។  លោក ក៏បាន​ណែនាំ​បន្ថែម​ឱ្យ​ភាគី​ជប៉ុន ពិនិត្យ​លទ្ធភាព​ក្នុងការ​គ្រប់គ្រង​ទឹក​សម្រាប់​កសិកម្ម នា​រដូវវស្សា និង​អាច​ប្រើប្រាស់​បាន​នៅ​ខែប្រាំង​រហូត​ពេញ​មួយឆ្នាំ និង​គិតគូរ​ប្រើប្រាស់​ប្រព័ន្ធ​សូ​ឡា ច្រើនជាង​ថាមពល​អគ្គិសនី ដែល​អាចជួយ​ឱ្យ​កសិករ​ចំណាយ​តិច ចំណេញ​ច្រើន ព្រមទាំង​ជួយ​ដល់​ប្រសិទ្ធភាព​សេដ្ឋកិច្ច និង​បរិស្ថាន​។

លោក​ក៏បាន​ជម្រាប​ប្រាប់​ភាគី​ជប៉ុន អំពី​គោលនយោបាយ​អាទិភាព​ទី​៥ និង​ទី​៦ ដែល​ពិត​ជាមាន​សារៈសំខាន់ ក្នុងការ​លើកកម្ពស់​វិស័យ​កសិកម្ម និង​ស្ថិរភាព​តម្លៃ តាមរយៈ​ការបង្កើត​សហគមន៍​កសិកម្ម​ទំនើប ដើម្បី​ដឹង​ពី​តម្រូវការ និង​បញ្ហា​ប្រឈម​របស់​កសិករ​។

ដោយឡែក នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២៤ លោក យ៉ង សាំង កុមារ  រដ្ឋលេខាធិការ ក្រសួងកសិកម្ម ក៏បាន​ប្រគល់​ជីសរីរាង្គ គ្រាប់ពូជ​បន្លែ និង​ផ្ទះ​សំណាញ់​ដល់​សហគមន៍​កសិកម្ម នៅ​មន្ទីរ​កសិកម្ម នា​ខេត្តតាកែវ​ផងដែរ ។ ការប្រគល់​នេះ គឺ​ស្ថិតក្រោម​គម្រោង «​លើកកម្ពស់​សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ និង​ជីវភាព​ដល់​គ្រួសារ​កសិករ​ក្រីក្រ​» ដែល​ពិធី​នេះ​រៀបចំឡើង​ដោយ​អង្គការ Helen Keller សហការ​ជាមួយ​មន្ទីរ​កសិកម្ម ខេត្តតាកែវ និង​គាំទ្រ​ដោយ​មូលនិធិ ពី​រដ្ឋាភិបាល​អាល្លឺម៉ង់​តាមរយ​:​គម្រោង MUSEFO នៃ​អង្គការ GIZ​។

ការប្រគល់​ជីសរីរាង្គ គ្រាប់ពូជ​បន្លែ និង​ផ្ទះ​សំណាញ់​នោះ ធ្វើឡើង​សម្រាប់​បែងចែក​បន្ត​ជូនទៅ​ដល់​ប្រជាកសិករ​ចំនួន ១ ៦០០ គ្រួសារ នៅ​ខេត្តតាកែវ​។

ក្នុងឱកាស​នោះ លោក យ៉ង សាំង កុមារ ក៏បានផ្តល់​អនុសាសន៍​ទាក់ទង​ទៅនឹង​សារៈសំខាន់ នៃ​ជីធម្មជាតិ​ដើម្បី​ជួយ​ដល់​និរន្តរភាព​ជីជាតិ​ដី ការបង្កើន​ការដាំ​បន្លែ​តាម​គ្រួសារ​ដើម្បី​បង្កើត​អាហារូបត្ថម្ភ និង​ការ​ស្តុក​ស្រូវ​ទុក​តាម​ផ្ទះ​ដើម្បី​សន្តិសុខ​ស្បៀង​គ្រួសារ​។

លោក​ក៏បាន​ពន្យល់​អំពី​កម្មវិធី​គោលនយោបាយ​អាទិភាព​ទី​៥ និង​ទី​៦ របស់​រាជរដ្ឋាភិបាល​ទាក់ទង​ទៅនឹង​វិស័យ​កសិកម្ម ដូចជា​គោលនយោបាយ​ទីផ្សារ និង​រក្សា​លំនឹង​ថ្លៃ​កសិផល គោលនយោបាយ​មន្ត្រី​កសិកម្ម​ឃុំ និង​សហគមន៍​កសិកម្ម​ទំនើប​ផងដែរ​។

គួរ​កត់សម្គាល់ថា មន្ត្រី​កសិកម្ម​ឃុំ​នៅ​ខេត្តតាកែវ​ដែល​ទើប​ប្រឡង​ជាប់ ក៏បាន​ចូលរួម​ក្នុង​ពិធី​នេះ ដែលជា​ការចាប់ផ្តើម​ទំនាក់ទំនង​ដំបូង រវាង​សហគមន៍​កសិកម្ម និង​មន្ត្រី​កសិកម្ម​ឃុំ ខណៈដែល​ប្រជា​សហគមន៍​កសិកម្ម​ទាំងអស់​ដែល​បាន​ចូលរួម បាន​សម្តែង​នូវ​ការរីករាយ​គាំទ្រ​ដល់​វត្តមាន​មន្ត្រី​កសិកម្ម​ឃុំ ហើយ​ក៏មាន​សហគមន៍​កសិកម្ម​មួយចំនួន បានសម្រេច​ចិត្ត​ចង់​ចាប់​ផ្តើមកសាង​សហគមន៍​ទំនើប ដោយ​ធ្វើ​លើ​ផលិតកម្ម​ស្រូវ​មុន​៕