ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រើនរំឭក​ជាថ្មី និង​ណែនាំ​ដល់​ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ត្រូវ​ចូលរួម​ពង្រឹង​ការអនុវត្ត​នូវ​វិធានការ បង្ការ​អគ្គិភ័យ និង​វិធានការ​សុវត្ថិភាព ​និង​សុខភាព​ការងារ​របស់​កម្មករ​និយោជិត សំដៅ​ធានាបាន​នូវ​បរិយាកាស នៅ​កន្លែងធ្វើការ​ប្រកបដោយ​សុវត្ថិភាព ទប់ស្កាត់បាន​នូវ​គ្រោះ​អគ្គិភ័យ និង​ករណី​ដួលសន្លប់​នៅតាម​សហគ្រាស​។

ការ​ក្រើនរំឭក​នេះ បន្ទាប់ពី​ក្នុង​រយៈពេល​ថ្មីៗ ក្រសួង​សង្កេតឃើញ​មាន​ករណី​អគ្គិភ័យ​កើត​ឡើងជា​បន្តបន្ទាប់​នៅតាម​សហគ្រាស គ្រឹះស្ថាន​មួយចំនួន ដែល​បានធ្វើឱ្យ​បាត់បង់​អាយុជីវិត​មនុស្ស និង​ប៉ះពាល់​សុវត្ថិភាព​និង​សុខភាព ការងារ​របស់​កម្មក​រ​និយោជិត ដំណើរការ​អាជីវកម្ម សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​។  នេះ​បើតាម​សេចក្ដីណែនាំ​ស្តីពី​ការពង្រឹង​ការអនុវត្ត​វិធានការ​បង្ការ​អគ្គិភ័យ និង​វិធានការ​សុវត្ថិភាព និង​សុខភាព​ការងារ​របស់​កម្មករ​និយោជិត​នៅតាម​សហគ្រាស គ្រឹះស្ថាន របស់​ក្រសួង​ការងារ ចុះ​ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៤ ស្រប​ពេលដែល មានការ​ជូនដំណឹងរ​បស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ស្តីពី​ការឡើង​កម្ដៅ​អាកាសធាតុ​រហូតដល់ ៤១°C នៅក្នុង​ខែមេសា និង​ដើមខែ​ឧសភា ខាងមុខនេះ ក្រសួង​ការងារ ក្រើនរំឭក​ដល់​នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ និង​អនុវត្ត​ឱ្យ​ម៉ឺងម៉ាត់​នូវ​វិធានការ​ចាំបាច់​មួយចំនួន​។

វិធានការ​ទាំងនោះ​រួមមាន ១- បង្កើន​ការត្រួតពិនិត្យ​ជាប្រចាំ​នូវ​បណ្តាញ​ផ្គត់ផ្គង់​ចរន្តអគ្គិសនី ធ្វើការ​វាស់​កម្ដៅ​ឧបករណ៍​ផ្តល់​ចរន្តអគ្គិសនី ដោយ​គោរព​តាម​ស្តង់ដា​សុវត្ថិភាព និង​ថែទាំ​ឧបករណ៍​ផ្តល់​ចរន្តអគ្គិសនី និង​សម្ភារ​ដំណើរការ ដោយ​ចរន្តអគ្គិសនី​ទាំងឡាយ ដែលជា​មូលហេតុ​បង្កឱ្យមាន​អគ្គិភ័យ​កើតឡើង​ជាយថាហេតុ​នៅ​កន្លែងធ្វើការ និង​តាមដាន​ជាប្រចាំ​សី​តុ​ណ្ហ​មាត្រ​ដែល​បាន​បំពាក់​នៅក្នុង​សហគ្រាស គ្រឹះស្ថាន​។ ២- ត្រួតពិនិត្យ និង​ជំរុញ​ការអនុវត្ត​តួនាទី​និង​ភារកិច្ច​របស់​គណៈកម្មកា​រ ឬ​ក្រុមការងារ​សុវត្ថិភាព និង​សុខភាព​ការងារ​ប្រចាំ​សហគ្រាស គ្រឹះស្ថាន ជាពិសេស ការត្រួតពិនិត្យ​និង​ធ្វើ​បច្ចុប្បន្នភាព​ការវាយតម្លៃ​ហានិភ័យ​ការងារ​នៅ​កន្លែងធ្វើការ​ជាប្រចាំ​។

៣- អប់រំ និង​បណ្តុះបណ្តាល​កម្មករនិយោជិត​ឱ្យ​យល់ដឹង​អំពី​សញ្ញា​សុវត្ថិភាព របៀប​ជម្លៀស​ខ្លួន និង ធ្វើ​លំ​ហាត់​សម​ឱ្យបាន​ទៀងទាត់​។ ៤- ត្រួតពិនិត្យ​ជាប្រចាំ​នូវ​មធ្យោបាយ​សង្គ្រោះ​បឋម និង​ដំណើរការ​គិលានដ្ឋាន​ប្រចាំ​សហគ្រាស និង ៥- ត្រួតពិនិត្យ និង​ធ្វើតេស្ត​សាកល្បង​ប្រព័ន្ធ និង​ឧបករណ៍​ការពារ​អគ្គិភ័យ​ជាប្រចាំ ជាអាទិ៍ បំពង់​ពន្លត់​អគ្គិភ័យ ប្រព័ន្ធ​បាញ់​ទឹក​ដោយ​ស្វ័យប្រវត្តិ ប្រព័ន្ធ​ទុយោ​បាញ់​ទឹក​ពន្លត់​អគ្គិភ័យ កណ្តឹង​ប្រកាសអាសន្ន ឧបករណ៍​ចាប់​ផ្សែង និង​ភ្លើង​បំភ្លឺ​ដោយ​ស្វ័យប្រវត្តិ​នៅពេល​ដាច់​ចរន្តអគ្គិសនី​។ ៦- ត្រួតពិនិត្យ​ជាប្រចាំ​នូវ​ច្រក​អាសន្ន​ដែល​អាច​ជម្លៀស​ខ្លួន​ចេញ​ដោយ​សុវត្ថិភាព គ្មាន​ឧបសគ្គ មិន​ដាក់ សម្ភារ​បាំង មិន​ចាក់សោរ និង​មាន​ភ្លើង​បំភ្លឺ​ដោយ​ស្វ័យប្រវត្តិ​នៅពេល​ដាច់​ចរន្តអគ្គិសនី​។ ៧- រៀបចំ​ឱ្យមាន​ផែនការ​ឆ្លើយតប​គ្រាអាសន្ន តាមរយៈ​ការវាយតម្លៃ​អំពី​ចំណាត់ថ្នាក់​កន្លែងធ្វើការ​ដែលមាន​ប្រើប្រាស់​សារធាតុ​គីមី និង​វត្ថុ ឬ​សម្ភារ​ងាយ​ឆាបឆេះ និង​វិធានការ​ឆ្លើយតប និង​រក្សា​ទុកដាក់​សារធាតុ​ទាំងនោះ​ឱ្យនៅ​ដាច់ដោយឡែក​ពី​អគារ​ធ្វើការ ឬ​អគារ​ផលិតកម្ម​។ ៨- បើក​បង្អួច ទ្វារ​ទាំងអស់ ឬ​បន្ថែម​កង្ហារ​បញ្ចេញ​ខ្យល់ ឬ​បឺត​ខ្យល់​ចេញ ក្នុង​អគារ​ផលិតកម្ម​នៅពេល​អាកាសធាតុ​កើន​កម្ដៅ និង​រៀបចំ​ទុកដាក់​សម្ភារ​និង​វត្ថុធាតុដើម​ឱ្យមាន​សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព កុំឱ្យ​បាំង​ប្រភព​ខ្យល់​ចេញចូល​។

ក្រសួង​បាន​សង្កត់ធ្ងន់ថា​៖«​ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន ដែលមាន​ការធ្វេសប្រហែស និង​មិនបាន​អនុវត្តតាម​សេចក្ដីណែនាំ​នេះ បណ្តាលឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត ទ្រព្យសម្បត្តិ សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ត្រូវ​ទទួលរង​ពិន័យ​តាមច្បាប់​ស្តីពី​ការងារ និង​ការផ្តន្ទាទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត​ស្របតាម​មាត្រា​៣០ នៃ​ច្បាប់​ស្តីពី​ការបង្ការ និង​ពន្លត់​អគ្គិភ័យ និង​ច្បាប់​ពាក់ព័ន្ធ​ដទៃទៀត​»​។

ការ​ក្រើនរំឭក​នេះ បន្ទាប់ពី​មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុក​ទុក និង​ចែកចាយ​សារធាតុ​គីមី សម្រាប់​បោកគក់ នៃ​រោងចក្រ យី​ដា ហ្គា​មេន ដែលមាន​អាសយដ្ឋាន ស្ថិតនៅ​ភូមិ​ឬ​ស្សី​ស្រុក ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ ២០២៤ បណ្តាលឱ្យ​កម្មករនិយោជិត​ម្នាក់​បាត់បង់​ជីវិត និង​មាន​អ្នករងគ្រោះ​ប្រមាណ ២០​នាក់​ផ្សេងទៀត​៕