​បន្ទាយ​មាន​ជ័​យៈ លោក គន់​ គីម អនុប្រធាន​គណៈកម្មាធិកា​រ​​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​និង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា បាន​ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចេញ​បណ្ណ​ក្រីក្រ បណ្ណ​ហានិភ័យ និង​ចេញ​បណ្ណ​កម្មសិទ្ធិ​ជូន​ដល់​អតីតយុទ្ធជន​គ្រួសារ​យុទ្ធជន​ពលី ពិការ គ្រួសារ​ក្រីក្រ​ពិត​​ប្រាកដ​។​

​លោក​បានលើកឡើង​ដូចនេះ នៅក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​លោក​ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​កាលពី​ថ្ងៃទី​​ ២១ ខែមករា ឆ្នាំ​ ២០២៤ នៅ​ស្នងការ​ដ្ឋា​ន​នគរបាល​ខេត្តបន្ទាយមានជ័យ​។ នេះ​បើ​យោងតាម​គេហទំព័រ​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។​

​លោក​បាន​ថ្លែងថា​៖ «​អង្គភាព​ដែលមាន​ការពាក់ព័ន្ធ​ទាំងអស់​ត្រូវធ្វើ​បច្ចុប្បន្នភាព​ជាមួយ​ក្រុម​គ្រួសារ​យុទ្ធជន​ពលី ក៏ដូចជា អតីតយុទ្ធជន និង​គ្រួសារ​ប្រជា​ពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ​។ មេភូមិ មេឃុំ ត្រូវតែ​ជួយ​ដោះស្រាយ​ជាបន្ទាន់​ទៅតាម​លទ្ធភាព​ដែលមាន ព្រមទាំង​ត្រូវ​រាយការណ៍​ទៅ​សាខា​កាកបាទក្រហម​ខេត្ត ស្រុក​ថ្នាក់ដឹកនាំ​ខេត្ត ដើម្បី​ជួយ​ដោះស្រាយ​និង​អន្តរាគមន៍​»​។​

​ទន្ទឹមនឹងនោះ លោក គន់ គីម ក៏បាន​ក្រើនរំឭក​ផងដែរ​ថា ក្រុម​ប្រឹក្សា​ឃុំ​ត្រូវ​ប្រជុំគ្នា​ដើម្បី​ទុក​ថវិកា​ឃុំ​-​សង្កាត់​ខ្លះ ដោះស្រាយ​នៅពេល​ជួប​គ្រោះមហន្តរាយ​បើ​ខ្វះខាត​ត្រូវសុំ​សប្បុរសជន​បន្ថែមទៀត​។ ក្រៅពីនេះ​មន្ទីរ​អង្គភាព​នានា​នៅ​ជុំវិញ​ខេត្ត​ត្រូវ​ជ្រើសរើស​រក​ពូជ​ដំណាំ​គ្រប់​​ប្រភេទ​ដើម្បីឱ្យ​ពលរដ្ឋ​ដាំ​ដុះ​ទៅតាម​លទ្ធភាព​ក្នុងការ​ថែទាំ​ភូមិ​មួយ​ផលិតផល​មួយ ទោះបី​ពួកគាត់​ចេញទៅ​រកស៊ី​នៅ​ខាងក្រៅ​ក៏ដោយ ក៏​ដំណាំ​ទាំងនោះ​បានផ្ដល់​ផល​ឱ្យ​ពួកគាត់​យកទៅលក់​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​ផងដែរ​។​

​លោក​ហ៊ុន សែន អតីត​នា​យក​រដ្ឋមន្ត្រី​ធ្លាប់បាន​លើកឡើង​តាមរយៈ​សារលិខិត​នាឱកាស​ខួប​លើក​ទី១៦ ទិវា​អតីត​យុទ្ធ​ជនកម្ពុជា​ ២១ មិថុនា ឆ្នាំ ​២០២៣ កន្លងទៅ​ថា ពលិកម្ម​ប្រកប​ដោយ​ស្មារតី​ស្នេហា​ជាតិ​របស់​វីរ​អតីតយុទ្ធជន យុទ្ធ​នារី និង​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​ដំណាក់​​កាល​នៃ​ប្រវត្តិសាស្ត្រ គឺ​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​កិច្ច​ការពារ​បូរណភាព​ទឹកដី ការ​កសាង​សុខសន្តិភាព និង​ស្ថិរភាព​សម្រាប់​ប្រទេស​កម្ពុជា​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ចាប់​តាំងពី​ក្រោយ​ថ្ងៃ​រំដោះ​ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​អនុវត្ត​គោលនយោបាយ​នានា ដើម្បី​លើកកម្ពស់​សុខុមាលភាព និង​ជីវភាព​រស់នៅរ​បស់បង​ប្អូន​អតីតយុទ្ធជន​ឱ្យបាន​ល្អប្រសើរ​ជា​បន្តបន្ទាប់​»​។​

​សូមបញ្ជាក់​ផងដែរ​ថា អតីត​យុទ្ធជន​ចំនួន​ ១០៦ ៩០៥​ នាក់ និង​អ្នករស់នៅ​ក្នុងបន្ទុក​ចំនួន ១៥៣ ៦១០​ នាក់ កំពុង​ទទួល​ប្រាក់​របប​សន្តិសុខ​សង្គម​ប្រចាំខែ​ពីរ​ដ្ឋ​។ គិត​ចាប់ពី​ខែមករា ឆ្នាំមុន រាជរដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​របប​សន្តិសុខ​សង្គម​ប្រចាំខែ​ជូន​និវត្តន៍​ជន ជន​បាត់បង់​សមត្ថភាព​ការងារ និង​ជនពិការ​ទាប​ជាង ឬ​ស្មើ ​៦៩ ​ម៉ឺន​រៀល ត្រូវ​បន្ថែម​ឱ្យដល់​ត្រឹម ៧៧ ​ម៉ឺន​រៀល​ក្នុង ​១ ​ខែ​។​

​លោក​ ឈ​ត ប៊ុន​ថង ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​វប្បធម៌ អប់រំ និង​ទេសចរណ៍​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​និង​ជា​អ្នកជំនាញ​ផ្នែក​ទស្សនវិជ្ជា​និង​កិច្ចការ​សង្គម​មួយរូប​ផង​នោះបាន​ឱ្យដឹង​នៅ​ថ្ងៃទី​ ២២ ខែមករា ថា ការណ៍​ដែល​រាជរដ្ឋាភិបាល​បន្ត​ជួយ​ដល់​អតីតយុទ្ធជន​គ្រួសារ​យុទ្ធជន​ពលី​ពិការ​គឺ​បង្ហាញ​ពី​ការបំពេញភារកិច្ច និង​កាតព្វកិច្ច​ដល់​ពួក​គាត់​ជាប់​ជានិច្ច មិនមែន​ទាល់តែ​ប្រទេស​មាន​សង្គ្រាម​នោះទេ​។​

​លោក​បាន​បន្តថា អ្វី​ដែលជា​គោលនយោបាយ គោលការណ៍​របស់​រាជ​រដ្ឋាភិបាល​តាមរយៈ​សេនាធិការ​របស់​ក្រសួង​គឺ​ត្រូវតែ​ធ្វើជា​ប្រក្រតី​ដែល​នេះ​បង្ហាញ​ពី​ការគោរព​តាមច្បាប់ គោរព​តាម​ផែនការ​យុទ្ធសាស្ត្រ​ឬ​គោលការណ៍​នយោបាយ​។​

​លោក​ ឈ​ត ប៊ុន​ថង បាន​បញ្ជាក់ថា​៖ «​សកម្មភាព​នេះ ក៏​បង្ហាញ​ពី​ការ​សងគុណ និង​កតញ្ញុតាធម៌​ដល់​អ្នក​ដែល​បម្រើសេវា​ជួយ​សង្គម​។ នៅក្នុង​សង្គម​នេះ គឺមាន​ការជួយ​គ្នា​ទៅវិញទៅមក ហើយ​អ្វីដែល​រដ្ឋាភិបាល​ធ្វើ​នេះ​គឺ​ធ្វើ​ទៅដោយ​និរន្តរភាព​តាម​គោលការណ៍​គោលនយោបាយ​ដែល​រដ្ឋាភិបាល​បាន​កំ​​ណ​ត់ ហើយ​ការជួយ​នេះ​គឺ​ធ្វើ​រហូតដល់​ពួកគាត់​ចាស់ និង​លាចាក​លោក​»​។​

​លោក​បាន​បន្តថា ការជួយ​នេះ​មិនមែន​ទាល់តែ​ប្រទេស​កំពុងមាន​សង្គ្រាម​ទើប​រដ្ឋា​ភិ​បាល​ជួយ​ពួកគាត់​នោះទេ​។​មួយវិញទៀត​បើទោះបីជា​ប្រ​ទេស​មាន​សង្គ្រាម​ក៏ដោយ មិនមាន​សង្គ្រាម​ក៏ដោយ​គឺ​ប្រ​​ទេស​នោះ​ត្រូវតែមាន​កងកម្លាំង​ដែល​ពួកគាត់​បាន​លះបង់​គ្រួសារ លះបង់​ពេលវេលា លះបង់​សាច់​ស្រស់​ឈាម​ស្រស់​ដើម្បី​ជួយ​ជាតិ​។ អ៊ីចឹង​ពេល​ពួកគាត់​មាន​បញ្ហា​ពិការ​ឬ​ស្លាប់ រដ្ឋាភិបាល​នៅ​ជួយ​ពួកគាត់ និង​គ្រួសារ​ផងដែរ​៕