​ភ្នំពេញៈ ក្រសួងមហាផ្ទៃ កំពុង​រៀបចំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការបង្ក្រាប​ល្បែងស៊ីសង​ឆ្នាំ ​១៩៩៦ ឱ្យមាន​ភាពស៊ីចង្វាក់​ជាមួយនឹង​ច្បាប់​ស្ដីពី​ការ​គ្រប់​គ្រង​ល្បែង​ពាណិជ្ជកម្ម ដើម្បី​ធានា​ឱ្យ​ការបង្ក្រាប និង​លុប​បំបាត់​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ឱ្យមាន​ប្រសិទ្ធភាព​។​

​ការរៀបចំ​វិសោធនកម្ម​ច្បាប់​នេះ ធ្វើឡើង​តាមរយៈ​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស ដែល​ដឹកនាំ​ដោយ​លោក​ទ្រី សុខ​ហេង អនុរដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ​ជាមួយនឹង​មន្ត្រី​ពាក់ព័ន្ធ​កាល​ពីថ្ងៃ​ទី ២៣ ខែមករា ឆ្នាំ ​២០២៤​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងមហាផ្ទៃ​។ 

​ក្រសួង​មហា​​ផ្ទៃ បានឱ្យដឹងថា នៅក្នុង​កិច្ច​ប្រជុំ​នេះ​លោក​ទ្រី សុខ​ហេង បាន​បញ្ជាក់ថា កិច្ចការ​របស់​ក្រុម​ការ​​ងារ​បច្ចេកទេស​ជំហាន​ទី ​១ គឺ​ត្រូវ​សិក្សា ស្រាវជ្រាវ​ប្រមូលផ្ដុំ​ឯកសារ​ពាក់ព័ន្ធ​ច្បាប់​ជាតិ និង​អន្តរជាតិ ដើម្បី​ជា​មូលដ្ឋាន ក្នុងការ​រៀបចំ​ជា​គោល​គំនិត​រួម ជា​ទស្សនទាន​រួម​នៃ​គោលបំណង​ដែល​ត្រូវ​រៀបចំ​ក្នុង​ការធ្វើ​វិ​សោ​​ធន​កម្ម​ច្បាប់​ស្ដីពី​ការបង្ក្រាប​ល្បែងស៊ីសង​ឆ្នាំ​ ១៩៩៦ ​ឱ្យមាន​ភាព​ប្រទាក់ក្រឡា​ស៊ីចង្វាក់​ជា​មួយ​នឹង​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​ដែល​បានប្រកាស​ប្រើ​នៅ​ឆ្នាំ​ ២០២០​។​

​ក្រោយពី​បញ្ចប់​ការងារ​ជំហាន​ដំបូង​នេះ​ក្រុមការងារ​បច្ចេកទេស ត្រូវធ្វើ​របាយការណ៍​សុំ​គោល​ការណ៍​ដឹកនាំ​ចង្អុលបង្ហាញ​ពី​ក្រុមការងារ​រៀបចំ​កសាង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បង្ក្រាប​ល្បែងស៊ីសង​។ លោក​ថា​៖«​គោលបំណង​ផ្ដួច​ផ្ដើមធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការបង្ក្រាប​ល្បែងស៊ីសង​ឆ្នាំ​ ១៩៩៦​ នេះ​គឺ​ដោយសារ​ច្បាប់​ចាស់​មិនអាច​ឆ្លើយតប​ទៅនឹង​បរិបទ​នៃ​ការរីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ក្នុងសម័យ​ឌីជីថល​បាន  ​គឺ​ធ្វើយ៉ាងណា​ឱ្យ​ច្បាប់​នេះ​មាន​សង្គតិភាព​ជាមួយនឹង​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម និង​ដើម្បី​ធានា​ឱ្យ​ការបង្ក្រាប និង​លុបបំបាត់​ល្បែង​​ស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ឱ្យមាន​ប្រសិទ្ធភាព​»​។​

​លោក យង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព ថ្លែងថា ការប្រឹងប្រែង​របស់​រា​ជ​រដ្ឋាភិបាល ក្នុង​ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ វា​មិនមែនជា​រឿង​ដែល​សំខាន់​ខ្លាំង​នោះទេ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ គឺ​ត្រូវ​ពិនិត្យមើល​គ្រប់​មូល​ដ្ឋា​ន​ដែលជា​កន្លែង​ប្រជាពលរដ្ឋ​រស់នៅ តើ​មានការ​អនុញ្ញាត​ផ្ដល់​អាជ្ញាប័ណ្ណ​ឱ្យ​លេងល្បែង​ស៊ី​សង​ដែរឬទេ​? ហេតុនេះ​ប្រសិន​ជាមាន​ការអនុញ្ញាត​ផ្ដល់​អាជ្ញា​ប័ណ្ណ​ឱ្យ​លេងល្បែង​ស៊ីសង នៅក្នុង​សហគមន៍ នោះ​ល្បែងស៊ីសង​មិនអាច​លុបបំបាត់​បានឡើយ ពីព្រោះ​វា​អាច​មានន័យថា ជាការ​បង្ក្រាប​ល្បែងស៊ីសង​កន្លែង​តូច មកឱ្យ​ប្រជាពលរដ្ឋ​ចូល​លេង​កន្លែង​ធំៗ​។ 

​លោក គិ​ម​អេង​បញ្ជាក់ថា​៖«​អ៊ីចឹង​!​យើង​គួរតែ​ធ្វើ​វិសោធនកម្ម​ច្បាប់​ហ្នឹង ដាច់ខាត​កុំឱ្យ​មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅក្នុង​មូលដ្ឋាន​សហគមន៍​រប​ស់​ប្រជាពលរដ្ឋ​រស់នៅ​។ យើង​ក៏​ចង់ឱ្យ​ច្បាប់​ហ្នឹង​ត្រូវ​កំណត់​ទីតាំង​សម្រាប់​ល្បែងស៊ីសង​ឱ្យបាន​ច្បាស់លាស់ កុំឱ្យ​ដូច​បច្ចុប្បន្ននេះ ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់​នៅ​ពាសវាល​ពាសកាល​ទូទាំងប្រទេស​»​។​

​លោក​អះអាងថា ទោះបីជា​មានច្បាប់​ល្អ​យ៉ាងណា ប៉ុន្តែ​ប្រសិនជា​ការអនុវត្ត​របស់​សមត្ថ​កិច្ច មិន​អាចមាន​សមត្ថភាព​បង្ក្រាបបាន​និង​នៅតែ​បន្ត​លួច​លាក់​យកលុយ​ក្រៅ នោះ​ល្បែងស៊ីសង​ខុសច្បាប់​ក៏​នៅតែ​បន្ត​មាន ចំណែក​ប្រជាពលរដ្ឋ​មួយចំនួន​ក៏​នៅ​បន្ត​ធ្លាក់ខ្លួន​ក្រ​ដោយសារ​លេងល្បែង​ស៊ីសង​។

លោក​បាន​ថ្លែងថា​៖«​ខ្ញុំ​មើលឃើញ​បច្ចុប្បន្ននេះ ការបង្ក្រាប​របស់​សម​ត្ថ​កិច្ច​ទៅលើ​ល្បែងស៊ីសង គឺ​ហាក់ដូចជា​មិនទាន់មាន​ប្រសិទ្ធភាព​នោះទេ ពីព្រោះ​រាល់​ករណី​ដែល​សមត្ថកិច្ច​បាន​បង្ក្រាប វា​មិនបាន​ធ្វើឱ្យ​ល្បែងស៊ីសង​ថយចុះ​ក្នុង​សហគមន៍​ឡើយ​»​។​

​យោងតាម​ច្បាប់​ស្ដីពី ការ​បង្ក្រាប​ល្បែងស៊ីសង​ឆ្នាំ​ ១៩៩៦ ក្នុង​មាត្រា ​៥ បាន​បញ្ជាក់ថា ចំពោះ​អ្នកបើក​កន្លែង​លេង​ល្បែងស៊ីសង អ្នកកាន់កាប់​ល្បែងស៊ីសង និង​អ្នកចាត់ចែង និង​ភ្នាក់ងារ​លេងល្បែង​ស៊ីសង នឹងត្រូវ​ផ្ដន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី ៥​ លាន​រៀល ទៅ ២០​ លាន​រៀល និង​ដាក់គុក​ពី ១​ ឆ្នាំ ទៅ ៥ ​ឆ្នាំ​។ ចំណែក​នៅក្នុង​មាត្រា​ ១០ ក៏បាន​បញ្ជាក់ដែរថា ក្រៅពី​រាជ​​រដ្ឋាភិបាល អាជ្ញាធរ​ណាក៏ដោយ​ក៏​គ្មាន​សិទ្ធិ​ចេញ​លិខិត​អនុញ្ញាតឱ្យ​បើក​លេងល្បែង​ស៊ីសង​នៅ​កន្លែង​ណា​ជាដាច់ខាត​។ ចំពោះ​មន្ត្រី ឬ​ភ្នាក់ងាររាជការ​ណា​ដែល​នៅតែ​ចេញ​លិខិត​អនុញ្ញាតឱ្យ​បើក​ល្បែងស៊ីសង នឹងត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១ ​ឆ្នាំ ទៅ ៥​ ឆ្នាំ​។​

​សូមបញ្ជាក់ថា ក្នុង​អាណត្តិ​ទី​ ៧​ នេះ ក្រសួងមហាផ្ទៃ ក៏​នៅតែ​បន្ត​ដាក់ចេញ​នូវ​គោលដៅ​អាទិភាព​ ៦ ​ចំណុច ក្នុងនោះ​មាន ការបង្ក្រាប​ល្បែងស៊ីសង បញ្ហា​គ្រឿងញៀន បទល្មើស​ព្រហ្ម​ទណ្ឌ​ទូទៅ ក្រុម​ក្មេង​ទំនើង បញ្ហា​ចរាចរណ៍ ការជួញដូរ​មនុស្ស និង​បញ្ហា​នានា​ដែល​កើតឡើង​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​ផងដែរ​៕