​ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បើក​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​ ​២០២៣ ដើម្បី​ប្រមូល​ធាតុ​ចូល​ពី​អនុវិស័យ​ដែល​ពាក់ព័ន្ធ ដើម្បី​ដាក់ចេញ​ផែនការ​យុទ្ធ​សាស្ត្រ​ឆ្នាំ ​២០២៤ ធ្វើឱ្យ​វិស័យ​កសិកម្ម​កាន់តែ​ល្អប្រសើរ ខណៈ​ក្រសួង​បាន​វាយតម្លៃថា​ការអនុវត្ត​ឆ្នាំមុន ទទួលបាន​សមិទ្ធផល​ជា​វិជ្ជមាន​ផ្នែក​ជល​ផល និង​ការងារ​អភិរក្ស​សត្វ​​ផ្សោត ក៏ដូចជា​ដំណាំ​ស្រូវ និង​ស្វាយចន្ទី​កំពុងមាន​ទីផ្សារ​ខ្ពស់​។​

​ក្រសួងកសិកម្ម នឹង​បើក​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ ​២០២៣ និង​លើក​ទិសដៅ​ឆ្នាំ ​២០២៤ រយៈពេល ​៣ ​ថ្ងៃ ចាប់ពី​ថ្ងៃទី ​២៥-២៦ និង​ថ្ងៃទី​ ២៩ ខែមករា ក្រោម​អធិបតី​​ភាព​លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​​ក្រសួងកសិកម្ម និង​មានការ​​ចូលរួម​ពី​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ដ្រីរាជការ​ក្រោម​ឱវាទ​ក្រសួង​ចំនួន ២៨០​ រូប​។

ក្នុង​រយៈពេល​សន្និបាត​នេះ ថ្នាក់ដឹកនាំ​ក្រសួង​ដែល​ទទួលខុសត្រូវ​តាម​អនុវិស័យ​ទាំង ៥ និង​កម្មវិធី​គោលនយោបាយ​អាទិ​ភាព​ទី ​៥ និង​ទី​ ៦ របស់​រាជ​​រដ្ឋាភិបាល នឹងធ្វើ​បទ​បង្ហាញជូន​ដល់​អង្គសន្និបាត ដើម្បី​ជជែក​ពិភាក្សា ផ្ដល់​ធាតុ​ចូល​សម្រាប់​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អនុវត្ត​សម្រាប់​ឆ្នាំ​ ២០២៤​។​

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ឌិ​ត ទីណា ធ្លាប់បាន​បញ្ជាក់ថា​៖ «​កម្មវិធី​គោលនយោបាយ​អាទិភាព​ទី​៥ និង​ទី​៦ ដែលជា​ត្រីវិស័យ​ក្នុងការ​ជំរុញ​គោល​នយោបាយ​កសិកម្ម​ឈានទៅរក​ភាពជោគជ័យ ធានាបាន​នូវ​ស្ថិរភាព​ការផ្គត់ផ្គង់ និង​តម្លៃ តាមរយៈ​ជំរុញ​សហគមន៍​ក​សិ​កម្ម​ទំនើប​ដែល​បម្រើឱ្យ​វិស័យ​កសិកម្ម​ទាំងមូល ព្រមទាំង​ការ​ដាក់ពង្រាយ​មន្ត្រី​កសិកម្ម​ឃុំ​ឱ្យចំ​ទិសដៅ និង​ដល់​មូលដ្ឋាន ដើម្បី​ជួយ​ដល់​កសិករ​ទាំង​បច្ចេកទេស ទីផ្សារ និង​បញ្ហា​ប្រឈម​ផ្សេងៗ​ឱ្យបាន​ទាន់​​ពេលវេលា និង​មាន​ប្រសិទ្ធ​ភាព​»​។​

​អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កញ្ញា អ៊ឹម រចនា នៅ​ថ្ងៃទី​​ ២៥ ខែមករា​នេះ បាន​ថ្លែងប្រាប់​បន្ថែមថា នៅក្នុង​អង្គសន្និបាត​នេះ គ្រប់ ភាគី​ពាក់ព័ន្ធ​នឹង​ជជែក​ពិភាក្សាគ្នា​ផ្លាស់ប្តូរ​យោបល់​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ និង​ធ្វើការ​វាយតម្លៃ​ចំពោះ​ការងារ​ឆ្នាំ​​ចាស់​ដែល​អនុវត្ត​កន្លងមក ថា​តើ​ទទួលបាន​សមិទ្ធផល​វិ​ជ្ជ​​មាន​អ្វីខ្លះ និង​បញ្ហា​ប្រឈម​អ្វី ខ្លះ ដើម្បី​ដាក់ចេញ​ផែនការ​សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ​ ២០២៤ សំដៅ​ឱ្យ​វិស័យ​កសិកម្ម​កាន់តែ​ល្អប្រសើរ​។

​កញ្ញា​បន្តថា​៖ «​សម្រាប់​អនុ​វិស័យ​សំខាន់ៗ​នៅ​ក្រសួង​កសិកម្ម ឃើញថា អនុវិស័យ​ដែល​ទទួលបាន​សមិទ្ធផល​ជា​វិជ្ជមាន​មានដូចជា​អនុវិស័យ​ជលផល ដែល​ទទួលបាន​ជោគ​ជ័យ​នៅក្នុង​ការងារ​អភិរក្ស ក៏​ដូច​ជា​បង្ក្រាប​បទល្មើស​ជល​ផល​»​។​

​ការងារ​អភិរក្ស គឺពាក់ព័ន្ធ​ការងារ​អភិរក្ស​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ដែលជា​រតនសម្បត្តិ​រប​ស់ ជាតិ ដែល​អត្រា​កើត​នៅក្នុង​ឆ្នាំនេះ​មាន​ច្រើនជាង​អត្រា​ស្លាប់ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​កន្លងទៅ​។

កញ្ញា​បញ្ជាក់ថា​៖ «​នេះ​គឺជា​ឆ្នាំ​ទី១ ​ដែល​ផ្សោត​កើត​ច្រើនជាង​ស្លាប់ ហើយ​មួយវិញទៀត​ការបង្ក្រាប​បទល្មើស​នេ​សាទ​ជា​បន្តបន្ទាប់​ចាប់ពី​ឆ្នាំ ​២០២២ និង ​២០២៣ បានបង្ហាញ​ផល​នៅក្នុង​ឆ្នាំ​ ២០២៤ ដែល​បរិមាណ​ត្រី​កើនឡើង ៥ ​ភាគរយ​»​។

ចំណែក​នៅក្នុង​ការ​ងារ​កសិកម្ម​វិញ សម្រាប់​ដំណាំ​​ស្រូវ និង​ស្វាយចន្ទី កំពុង​តែមាន​ទីផ្សារ​ល្អ ពោល​ដំណាំ​​ស្រូវ ដោយសារតែ​បញ្ហា​សន្តិ​សុខ​ស្បៀង​នៅលើ​សកល​លោក និង​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ជា​ផ្នែក​មួយ​រួម​ចំណែក​ផ្ដល់​ផលចំណេញ​ដល់​ប្រជាកសិករ​កម្ពុជា​។​

​អ្នកនាំពាក្យ​ដដែល​បន្តទៀតថា​៖ «​យើង​ឃើញថា ក្នុង​រដូវ​ប្រមូល​ផល​ឆ្នាំ​ ២០២៣ កន្លងទៅនេះ​តម្លៃ​ស្រូវ​សើម​នៅ​ទីវាល​មានតម្លៃ​ខ្ពស់ជាង​ឆ្នាំ​កន្លងទៅ ដែល​នេះ​គឺជា​លទ្ធផល​ដែល​គួរឱ្យ​សាទរ​សម្រាប់​ផលិតកម្ម​ស្រូវ​។ ចំណែក​ស្វាយចន្ទី តាម​រយៈ​ការសហការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម ការចាប់អារម្មណ៍​ពី​សំណាក់​អ្នកវិនិយោគ​មកលើ​ការកែច្នៃ​គ្រាប់ស្វាយចន្ទី​នៅ​ស្រុក​ខ្មែរ​មាន​ច្រើនជាង​មុន ហើយ​សហគ្រាស​នៅ​ស្រុក​ខ្មែរ​ក៏​ចាប់ផ្តើម​ពង្រីក​ការផលិត​របស់ខ្លួន និង​បាន​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ឱ្យស្រប​តាម​ស្តង់ដា​ដែល​អាចឈាន​ចេញទៅ​លក់​នៅក្រៅ​ប្រទេស​ដោយ​ត្រង់ ឱ្យបាន​កាន់តែ​ច្រើនឡើង​ថែមទៀត នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​»​។​

​បើតាម​កញ្ញា អ៊ឹម រចនា សម្រាប់​គោលនយោបាយ​អាទិភាព​ទី​៥ និង​ទី៦ របស់​រាជរដ្ឋាភិបាល ផ្តោត​សំខាន់​ទៅលើ​ការដាក់​ពង្រាយ​មន្ត្រី​កសិកម្ម​ឃុំ ការ​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​ការងារ​កសិកម្ម ក៏ដូចជា​ការ​ពង្រឹង​សហគមន៍​កសិកម្ម​ទំនើប ក៏​ជា​ការងារ​ថ្មី​មួយទៀត​ដែល​ក្រសួង​កំពុង​ផ្តោត​ការ​យកចិត្តទុកដាក់ អនុវត្ត​ប្រកប​​ដោយ​ភាព​ហ្មត់ចត់​ឱ្យបាន​សម្រេច ដើម្បី​ផលប្រយោជន៍​របស់​ប្រជាកសិករ និង​វិស័យ​កសិកម្ម និយាយ​ដោយឡែក និង​កំណើន​សេដ្ឋកិច្ចជាតិ និយាយ​ជារួម​។ អនុវិស័យ​សំខាន់ៗ​ចំនួន​ ៥ ​របស់​ក្រសួង​កសិកម្ម​រួមមាន​អនុវិស័យ​ព្រៃ​ឈើ ជលផល​កសិកម្ម សុខ​ភាព​សត្វ និង​ផលិតកម្ម​សត្វ​និង​អនុវិស័យ​កៅស៊ូ​៕