
តុលាការកំពូល កំណត់ទិសដៅការងារសម្រាប់ឆ្នាំ២០២៤ ដើម្បីដោះស្រាយរឿងក្ដីឱ្យបានយុត្តិធម៌ និងឆាប់រហ័ស។ AKP
ក្នុងឆ្នាំ ២០២៣ តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល បានទទួលសំណុំរឿងទាំងព្រហ្មទណ្ឌ និងសំណុំរឿងរដ្ឋប្បវេណីសរុបជាង ២៣០០ សំណុំរឿង ក្នុងនោះបានចាត់ការរួចជាង ១៤០០ រឿង ដែលលទ្ធផលនេះបង្ហាញថា មានការរីកចម្រើនក្នុងការដោះស្រាយរឿង ខណៈតុលាការជាន់ខ្ពស់បានដាក់ទិសដៅឆ្នាំ ២០២៤ ក្នុងការដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានេះ តុលាការកំពូល ក៏បានកំណត់ទិសដៅការងារសម្រាប់ឆ្នាំ២០២៤ ដើម្បីដោះស្រាយរឿងក្ដីឱ្យបានយុត្តិធម៌ និងឆាប់រហ័សផងដែរ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ចុះថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២៤។
សូមជម្រាបថា តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល បានប្រារព្ធសន្និបាតរបស់ខ្លួន សម្រាប់ឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ស្របតាមមាត្រា ៧៣ នៃច្បាប់ស្តីពីការរៀបចំអង្គការតុលាការ។
តាមរយៈអង្គសន្និបាតនេះបានបង្ហាញថា៖«ឆ្នាំ២០២៣ កន្លងមក តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល បានទទួលសំណុំរឿងព្រហ្មទណ្ឌចំនួន ១២៥២ រឿង ចាត់ការរួចចំនួន ៨១៣ រឿង និងសំណុំរឿងរដ្ឋប្បវេណីចំនួន ១០៦៦ រឿង ចាត់ការរួចចំនួន ៦៦៧ រឿង ដូច្នេះជាសរុបមានចំនួន ២៣១៨ រឿង ចាត់ការរួចចំនួន ១៤៨០ រឿង នៅសល់ចំនួន ៨៣៨ រឿង»។
ក្នុងសេចក្តីប្រកាសខាងលើបានរំលេចថា តាមរយៈសន្និបាតបូកសរុបការងារឆ្នាំ២០២៣ នេះ បង្ហាញ ឱ្យឃើញថា ការងារដែលតុលាការកំពូល សម្រេចបានក្នុងឆ្នាំ២០២៣ ទទួលបានលទ្ធផលរីកចម្រើនក្នុងការដោះស្រាយរឿង ក្នុងនោះរឿងក្តីគ្រប់ប្រភេទត្រូវបានចាត់ការកើនឡើងចំនួន ១៩៣ រឿង បើធៀបនឹងឆ្នាំ២០២២។ ជាងនេះទៅទៀត អង្គសន្និបាត បានធ្វើការពិភាក្សាដោយផុលផុស និង រកឃើញដំណោះស្រាយយ៉ាងល្អ ចំពោះបញ្ហាប្រឈម និងចំណុចខ្វះខាតនានាដើម្បីអនុវត្តក្នុងឆ្នាំ២០២៤។
សន្និបាតនេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាពរបស់លោក ជីវ កេង ប្រធានតុលាការកំពូល និងលោកស្រី ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល ដោយមានការចូលរួមពី សមាជិក សមាជិកាឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អនុប្រធានតុលាការកំពូល អគ្គព្រះរាជអាជ្ញា រងនៃមហាអយ្យការអមតុលាការកំពូល ប្រធានសាលាឧទ្ធរណ៍ទាំងបួន អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍។
ចៅក្រមនៃតុលាការកំពូល ព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល អគ្គលេខាធិការ និងមន្ត្រីពាក់ព័ន្ធ ក្នុងគោលបំណង បូកសរុបលទ្ធផលការងារ របស់តុលាការកំពូល និងមហាអយ្យការ អមតុលាការកំពូល ឆ្នាំ២០២៣ ដោះស្រាយបញ្ហាប្រឈមនានា និងកំណត់ទិសដៅការងារសម្រាប់ឆ្នាំ២០២៤ ដើម្បីដោះស្រាយរឿងក្ដីឱ្យបានយុត្តិធម៌ និងឆាប់រហ័ស។
ពាក់ព័ន្ធវិស័យយុត្តិធម៌នៅកម្ពុជានេះដែរ កាលពីខែមករា ឆ្នាំ ២០២៤ ក្រសួងយុត្តិធម៌ បានដាក់ចេញនូវយុទ្ធនាការចំនួន២ ក្នុងនោះរួមមាន ១ យុទ្ធនាការដើម្បីជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និង២ យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដើម្បីជួយដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ លើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវនៅក្នុងការអនុវត្តច្បាប់ក្នុងប្រព័ន្ធតុលាការ៕
