​ភ្នំពេញៈ លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ា​ណែ​ត និង​នា​យិ​កា​គ្រប់គ្រង​ធនាគារ​ពិភព​លោក​ប្រចាំ​កម្ពុជា មី​យ៉ាន់​ម៉ា និង​ឡាវ លោកស្រី ម៉ា​រី​យ៉ា​ម ចេ សឺរ​មែន (Mariam J. Sherman)​​ បាន​ប្តេជ្ញា​បន្ត​កិច្ច​​សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​មូល​​ធន​មនុស្ស និង​វិស័យ​អាទិភាព​ចំនួន ​៦ ក្នុងប្រទេស​កម្ពុជា​។​

​វិស័យ​ជា​អាទិភាព​ទាំងនោះ រួមមាន​៖ វិស័យ​អប់រំ វិស័យ​សុខាភិបាល វិស័យ​កសិកម្ម វិស័យ​ឌីជីថល វិស័យ​បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ ខណៈ​ភាគី​ទាំង​ ២ សាទរ​ចំពោះ​ភាព​ប្រទាក់ក្រឡា​គ្នា​រវាង​គោលនយោបាយ​យុទ្ធសាស្ត្រ​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ធនា​គារ​ពិភពលោក​។​

​ការប្តេជ្ញាចិត្ត​រវាង​លោក ​ហ៊ុន​ ម៉ា​ណែ​ត និង​លោកស្រី ម៉ា​រី​យ៉ា​ម ចេ សឺរ​មែន ធ្វើឡើង​នៅ​អំឡុង​ភាគី​ទាំង​ ២ ជួបពិភាក្សា​ការងារ​គ្នា​នា​វិមាន​សន្តិភាព នា​ថ្ងៃទី​ ២៩ ខែមករា ឆ្នាំ​ ២០២៤ ក្នុងឱកាស​លោកស្រី​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។

​លោកស្រី ម៉ា​រី​យ៉ា​ម បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​ចំណង​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល និង​ធនាគារពិភពលោក​ដែលមាន​រយៈ​កាល​យូរអង្វែង​មកហើយ ហើយ​លោកស្រី​បង្ហាញ​ជំនឿ​ថា ជំនួប​រវាង​លោកស្រី និង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​ភាគី​ទាំង​ ២ បន្ថែមទៀត​។ បើ​យោងតាម​ខ្លឹមសារ​នៃ​ជំនួប ដែល​បាន​ផ្សព្វផ្សាយ​តាម​តេ​ឡេ​ក្រាម​លោក ហ៊ុន ម៉ា​ណែ​ត​។​

​លោកស្រី​នាយិកា​រធនាគារ​ពិភពលោក​ប្រចាំ ៣ ​ប្រទេស​នេះ បានលើកឡើង​ដែរ​ថា​៖ «​ឯកសារ​គោលនយោបាយ​អភិវឌ្ឍន៍​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​ ១ របស់​រដ្ឋាភិបាល​កម្ពុ​ជាមាន​ភាព​ប្រទាក់ក្រឡា និង​ស្របគ្នា​នឹង​ទិសដៅ​គោលនយោបាយ និង​ការងារ​អាទិភាព​របស់​ធនាគារ​ពិភពលោក ទាំង​កម្រិត​ថ្នាក់​ជាតិ និង​កម្រិត​សកល​»​។​

​ជាមួយគ្នានេះដែរ លោក​ ហ៊ុន ម៉ា​ណែ​ត ក៏បាន​លើក​ឡើង​ពី​ការចូលរួមចំណែក​រប​ស់ ធនាគារពិភពលោក​ក្នុងការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចកម្ពុជា នាពេល​កន្លងទៅ ហើយ​លោក​ក៏បាន​អរគុណ​ចំពោះ​ការ​ប្តេ​ជ្ញា​ចិត្ត​ដល់​ភាគី​ធនាគារ​ពិភព​លោក​ផងដែរ​លើ​ការបន្ត​កិច្ច​​សហប្រតិបត្តិការ​ជាមួយ​រដ្ឋា​ភិ​បាល​កម្ពុជា លើ​ការបន្ត​កម្មវិធី​ភាពជា​ដៃគូ​រវាង​គ្នា​ពី​ឆ្នាំ​ ២០២៥ ដល់​ឆ្នាំ ២០២៩​។

​ទន្ទឹមនឹងនេះ​លោក ហ៊ុន ម៉ា​​ណែ​ត ក៏បាន​ប្រាប់​ភាគី​ធនាគារ​ពិភពលោក​ពី​ការដាក់ចេញ​កម្មវិធី​គោលនយោបាយ​អាទិ​ភាព ​៦ ចំណុច សម្រាប់​ការ​អនុ​វត្ត​ភ្លាមៗ​នៅ​ឆ្នាំ ​២០២៣ និង​វិធានការ​ ៥ លើ​ការដោះស្រាយ​ក្នុង​អាណត្តិ​រដ្ឋាភិបាល​ខ្លួន សំដៅ​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ សម្រាប់​កសាង​ភាព​ធន់ ធានា​កំណើន ចីរភាព ដើម្បី​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​ ២០៥០ ប្រែក្លាយជា​ប្រ​ទេស​ចំណូល​ខ្ពស់​។​

​ជុំវិញ​កិច្ចសហប្រតិបត្តិការ​នេះដែរ​លោក​ ជ័យ តិច អ្នក​​ស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច បានលើកឡើង​ឱ្យដឹង​ដែរ​ថា ធនាគារ​ពិភព​លោក​ជា​ដៃគូ​យុទ្ធសាស្ត្រ​សំខាន់​របស់​រដ្ឋាភិបាល​កម្ពុជា​ជា​យូរលង់​លើ​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​។​

​លោក​បាន​បញ្ជាក់ថា តួយ៉ាង​ការផ្តល់​ការគាំទ្រ​លើ​ហិរញ្ញ​ប្ប​ទាន ជំនួយឥតសំណង កម្ចីសម្បទាន ដល់​កម្ពុជា​លើ​វិស័យ​កសិកម្ម បរិស្ថាន អប់រំ សុខា​ភិ​បាល ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ  ​រដ្ឋបាល​សាធារណៈ បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ជា​ដើម ហើយ​លោក​ជឿជាក់ថា​កិច្ចសហការ​បន្ត​លើ​វិស័យ​អាទិភាព​ចំនួន ​៦ នោះ​នឹង​ទទួល​បាន​ផ្លែផ្កា​បន្ថែម​ដោយមាន​កិច្ចសហប្រតិបត្តិការ​ល្អ​ស្រាប់ គ្រាន់តែ​បន្ថែម​ផ្នែក​ឌីជីថល​។​

​លោកបាន​សង្កត់ធ្ងន់ថា​៖ «​កិច្ចសហការ​របស់​ធ​នាគារ​​ពិភពលោក​នេះ បាន​និង​បន្ត​ជួយ​រដ្ឋាភិបាល​កម្ពុជា​ឱ្យក្លាយ​ទៅជា​ប្រទេស​អភិវឌ្ឍន៍​ដែលមាន​ចំណូល​មធ្យម​នៅ​ឆ្នាំ​ ២០៣០ និង​ប្រទេស​អ្នក​មាននៅ​ឆ្នាំ​ ២០៥០​។ ធនាគារ​ពិភព​លោក និង​ដៃគូ​សំខាន់ៗ​ដទៃទៀត​បាន​គាំទ្រ​កម្ពុជា​លើ​ជំនួយ​ហិញ្ញ​វត្ថុ បច្ចេកទេស ដើម្បី​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​រដ្ឋាភិបាល​»​។​

​លោក​បាន​បន្តថា ធនាគារ​ពិភពលោក​បាន​ជួយ​គូសវាស​កម្ពុជា​លើ​ផ្នែក​យុទ្ធសាស្ត្រ និង​ក្របខ័ណ្ឌ​គោលនយោបាយ​ជាច្រើន តែ​លោក​ចង់ឃើញ​ជំនួយឥតសំណង​បន្ថែមទៀត​ពី​ធនាគារពិភពលោក ដើម្បី​គាំទ្រ​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​នៅ​គ្រប់​កម្រិតសិក្សា ជាពិសេស​ផ្នែក​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​ផ្នែក​ឌីជីថល ដើម្បី​រុញ​ច្រាន​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា​ប្រកប​ដោយ​ដំណើរការ​រលូន​។​

​លោក ប៉ែន បូ​ណា ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​អះអាងថា យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រដ្ឋាភិបាល​អាណ​ត្តិ​ទី​៧ មាន​ភាពសមស្រប​ជាមួយ​យុទ្ធសាស្ត្រ​របស់​បណ្តា​ប្រទេស​ជាច្រើន ជាពិសេស​ដៃគូ​អភិវឌ្ឍន៍ ក៏ដូចជា​ស្ថាប័ន​ធំៗ​នានា តួយ៉ាង​ទទួល​ការ​សា​​ទរ​ពី​ប្រមុខ​អង្គការ​សហ​ប្រជា​ជាតិ ប្រធានាធិបតី​ចិន និង​បណ្តា​មេដឹកនាំ​ប្រទេស​ផ្សេងៗ​ទៀត រួមទាំង​ភាគី​ធនាគារ​ពិភព​​លោក​នេះ​ផង ដែល​ស​បញ្ជាក់ថា យុទ្ធសាស្ត្រ​បញ្ច​កោណ​ជា​គោលនយោបាយ​ល្អ និង​សម​ស្រប​ដើម្បី​អភិវឌ្ឍ​ជាតិ​។​

​លោក​បាន​សង្កត់ធ្ងន់​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​ធនាគារពិភពលោក​ដូច្នេះ​ថា​៖ «​ការអភិវឌ្ឍ​វិស័យ​មូលធន​មនុស្ស​ជា​រឿង​សំខាន់ មាន​ផលិត​ការងារ​ខ្ពស់ មាន​សីលធម៌​ខ្ពស់ និង​មាន​សុខ​​ភាពល្អ ទើប​ជា​មូលធន​មនុស្ស ដែល​ភាគី​ធនាគារពិភពលោក និង​ដៃគូ​ផ្សេងៗ​ទៀត​គាំទ្រ​»​។​

​លោក ប៉ែន បូ​ណា បានបង្ហាញ​ក្តីសង្ឃឹម​ថា ចំណង​កិច្ចសហប្រតិបត្តិការ​រ​វាង​ធនា​គារ​ពិភពលោក​ជា​ស្ថាប័ន​ហិ​​រញ្ញ​វត្ថុ និង​រដ្ឋាភិបាល​កម្ពុជា នឹង​អាច​ជំរុញ​ការអភិវឌ្ឍ​កម្ពុជា ជាពិសេស​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​សម្រេច​គោលដៅ​ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០ ខាងមុខ​៕