ភ្នំពេញៈ​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​យុត្តិ​ធម៌​បាន​ឱ្យដឹង​ថា ក្រសួង​នឹងពិ​និត្យ​មើល​របា​យ​ការណ៍​របស់​សមា​គម​អាដ​ហុក​ដែល​ថា​បាន​រក​ឃើញ​ពី​ភាព​យឺត​យ៉ាវ​របស់​តុលា​ការ​ក្នុងការ​ជំនុំ​ជម្រះ​ ប៉ុន្តែ​ប្រសិន​បើ​មាន​ភ័ស្តុ​តាង​មូល​ដ្ឋាន​ត្រឹម​ត្រូវ គឺ​ក្រសួង​នឹង​ពិចារ​ណា​ដើម្បី​ដោះ​ស្រាយ​ករណី​នេះ។​

​លោក ​ជិន ម៉ា​លីន ​រដ្ឋ​លេខា​ធិ​ការនិងជា​អ្នកនាំ​ពាក្យ​ក្រសួងយុ​ត្តិធម៌​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​៣​ ខែមករា​ថា ​លោក​បាន​ទទួលនិ​ង​បាន​មើល​របាយ​ការណ៍​របស់​សមា​គម​អាដ​ហុក​ហើយ ​ដោយ​សង្កេត​ឃើញ​នៅ​ក្នុង​របាយ​ការណ៍​ឃ្លាំ​មើល​សវនា​ការ​នេះ​មាន​បញ្ហា​ចំនួន​៣​ ពាក់​ព័ន្ធ​នឹង​គុណ​ភាព​នៃ​ការ​វាយ​តម្លៃ​ និង​ពាក់​ព័ន្ធ​សមត្ថ​ភាព​អ្នក​សង្កេត​ការ​យល់​ដឹង​ពី​ច្បាប់ និង​នីតិ​វិធី​របស់​តុលា​ការ​។ 

​លោក​បាន​បន្ត​ថាមួ​យទៀ​ត​ពាក់​ព័ន្ធ​នឹង​ការ​ផ្ទៀ​ងផ្ទាត់​ចំពោះ​បញ្ហា​ដែល​រក​ឃើញ​ថា​ ខុស​នីតិវិ​ធីតើ​សមា​គម​អាដ​ហុក​មាន​បាន​ជជែក​ពិភាក្សា​ជា​មួយ​អ្នក​ជំនាញ​ឬ​មន្ត្រី​អនុវត្ត​ច្បាប់​ដែរ​ទេ​?បើ​តាម​ច្បាប់​ចំពោះ​ករណី​បទ​ឧក្រិដ្ឋ ជន​ជាប់​ចោទ​ត្រូវ​បាន​តុលា​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​លើស​ពី៦​ខែ​គឺមាន​ច្បាប់​ដែល​អនុញ្ញា​តឱ្យ​មាន​ការ​ពន្យារ​។

​លោក ​ជិន ម៉ា​លីន បាន​ថ្លែង​ថា​៖ «​អ៊ីចឹង​! មិន​មែន​ទាល់​តែ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​លើស​ពី​៦​ខែ គឺ​សុទ្ធ​តែ​ខុស​ច្បាប់​និង​ខុស​នីតិ​វិធី​នោះ​ទេ​។ ដូច្នេះ​វា​ពាក់​ព័ន្ធ​កា​រយល់​ដឹង​ពី​ច្បាប់ ​នីតិវិធី​ ហើយ​និង​ការ​មិន​ពិគ្រោះ​យោ​បល់​ជា​មួយ​មន្ត្រី​អនុ​វត្ត​ច្បាប់ ក៏​ដូច​ជា​អ្នក​ពាក់​ព័ន្ធ​ចេញ​របាយ​ការណ៍​ហ្នឹង​មិន​មាន​ភាព​ច្បាស់​លាស់​»​។​

​លោក​បាន​បន្ត​ថា៖ «​ក៏ប៉ុន្តែ​ក្រសួង​នឹងធ្វើ​ការ​ពិនិត្យ​មើល​របា​យ​ការណ៍​របស់​គាត់​ ប្រសិន​បើមាន​មូល​ដ្ឋាន​ត្រឹម​ត្រូវ យើង​នឹង​ពិចារ​ណា ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​»​។​

​លោក ​ជិន ម៉ា​លីន ក៏បាន​លើក​ឡើង​ដែរ​ថា ប្រសិន​បើ​ក្នុង​របាយ​ការណ៍​នេះ​បាន​រក​ឃើញ​ថា មាន​តុលា​ការ​ និង​ចៅ​ក្រម​រូប​ណា​បាន​ប្រព្រឹត្ត​ខុស​នីតិ​វិធីនិ​ង​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ សូម​រាយ​ការណ៍​មក​កាន់​ក្រសួង​ដោយ​មាន​បញ្ជាក់​ពី​ភ័ស្តុ​តាង​មូល​ដ្ឋាន​ច្បាស់​លាស់ ត្រឹម​ត្រូវ​ ដើម្បី​ឱ្យ​ក្រសួង​ពិនិត្យ​និង​មាន​វិធាន​ការ​។ 

​ជា​មួ​យគ្នានេះ​ លោក​ក៏​ស្នើឱ្យ​អង្គការ​សង្គម​ស៊ីវិល​ទាំង​អស់​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិ​មនុស្ស ​និង​វិស័យ​ផ្សេងៗ​ទៀត​សហ​ការ​គ្នាជា​មួយ​អាជ្ញាធ​រ ​ប្រសិន​បើមាន​ភ័ស្តុ​តាងនិ​ង​មូលដ្ឋាន​ត្រឹម​ត្រូវ​ច្បាស់​លាស់​អាច​យក​ជាការ​បាន​។

​សូម​រំឭក​ថា យោង​តាម​របាយកា​រណ៍​របស់​សមា​គម​ការពា​រ​សិទ្ធិម​នុស្ស ​អាដហុក ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២ ខែ​មករា​ ថា សមា​គម​អាដ​ហុក​បាន​ចូល​រួម​ឃ្លាំ​មើល​សវនា​កា​រ​ឆ្នាំ​២០២៣ ស​រុប១​៧៥​ករណី​ស្ថិតនៅ​​២០​រាជធានី​-ខេត្ត ​ដែល​មាន​ករណី​សិទ្ធិ​មនុស្ស​ចំនួន៧​៩​ករណី ​ករណី​សិទ្ធិ​ដីធ្លី​ចំនួន ​៣២​ករណី ​និង​ករណី​ស្ត្រី​-​កុមារ​ចំនួន​៦៤​ករណី​។ 

​ប្រភព​ដដែល​ថា ក្នុង​នោះមា​ន​បទ​ឧក្រិដ្ឋ​១៣៧​ករណី​និង​បទ​ម​ជ្ឈិម​៣៨​ករណី​ដែល​មាន​ជនរ​ងគ្រោះ​ជា​ជន​ជាប់​ចោទ​សរុប​ចំនួន១​ ១៦៥​នាក់ និង​ដើម​បណ្តឹង​ជា​ជន​រង​គ្រោះ​ចំនួន​៤៥២​នាក់​។​

​របាយ​ការណ៍​ដដែល​បាន​រក​ឃើញ​ថា​១៤២​នៃ​១៧៥​ករណី ​ជន​ជាប់​ចោទ​ត្រូវ​បាន​តុលា​ការ​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន ​ហើយ​បើ​គិត​ដល់​ថ្ងៃ​បើក​សវ​នាការ​ជំនុំ​ជម្រះមា​ន​ជនជា​ប់ចោទ៨​០​ករណីត្រូ​វបាន​តុលា​ការ​ឃុំខ្លួន​បណ្តោះ​អាសន្ន​លើស​ពី​៦​ខែ​រហូត​ដល់​២៤​ខែ​។ទន្ទឹម​នេះតុ​លាកា​រ​នៅតែមា​ន​ភា​ពយឺតយ៉ា​វ​បើក​សវ​នាការ រហូត​ដល់​ចន្លោះ​ពី១​ម៉ោង​ជាង​ទៅ២​ម៉ោង​ បើ​ប្រៀប​ធៀប​ជា​មួយ​ម៉ោង​ក្នុង​ដីកា​កោះ​ហៅនិ​ង​ម៉ោង​ពេល​បើក​សវនា​ការ​ជំនុំ​ជម្រះ​ពិត​ប្រាកដ​។​

​បើ​តាម​​របាយ​ការណ៍​សមា​គម​អាដ​ហុក ​ក្រៅពី​នេះ មាន​រហូត​ដល់​ជាង​៩០​ភាគ​រយ​នៃ​ករណី​ទាំង​នេះ​ តុលា​ការ​មិន​បាន​ជូនដំ​ណឹង​ពី​ដីកា​សម្រេច ​ដូចជា​  ដីកា​សន្និ​ដ្ឋាន​ស្ថា​ពរ​ និង​ដីកា​ដំណោះ​ស្រាយ​ផ​ងដែរ​។ 

​ជាមួ​យគ្នា​នេះ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែល​រកឃើញ​ទាំង​អស់​នេះ​ សមា​គម​អាដ​ហុក​ក៏បាន​ផ្ដល់​អនុ​សាសន៍​មួយ​ចំនួន​ទៅ​កាន់​ក្រសួង​យុត្តិ​ធម៌ដើ​ម្បី​ស្នើឱ្យ​​មានកា​រ​ពិនិត្យ​ដាក់​វិធាន​ការ​ច្បា​ស់លាស់​ចំពោះ​ការអ​នុវ​ត្តរបស់​ចៅក្រ​ម និង​តំណាង​អយ្យ​កា​រទាំង​ឡាយណា​ដែល​​ផ្ទុយ​នឹង​គោល​បំណង​មាត្រា​២០៨​និង​មាត្រា​២០៩​ នៃ​ក្រម​នីតិវិធី​ព្រហ្ម​ទណ្ឌ​ឆ្នាំ​២០០៧​ បាន​ចែង​ពី​ថិរ​វេលា​នៃ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​។ 

​សមា​គម​នេះ ក៏​ស្នើឱ្យ​​ក្រសួងយុ​ត្តិធ​ម៌​ពិនិត្យ ​និង​ដាក់​ពិន័យ​រដ្ឋបា​ល​ធ្ងន់​ធ្ងរ​ដល់​ចៅ​ក្រម​និង​តំណាង​អយ្យ​ការ ដែល​មាន​ការ​យឺត​យ៉ាវ​ចំពោះ​ពេល​វេលា​បំពេញ​ភារកិ​ច្ច​ការ​ងារ ​បើក​សវនាកា​រ​ជំនុំ​ជម្រះ​ផង​ដែរ​៕