​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ទន្លេសាប និង​ស្ថាប័ន​ពាក់ព័ន្ធ បន្ត​អនុវត្ត​ការចុះ​បញ្ជី​ដីធ្លី​និង​កំណត់ព្រំដែន​នៅ​តំបន់​ព្រៃ​លិច​ទឹក​ជុំវិញ​បឹង​ទន្លេសាប ប្រកបដោយ​សុក្រឹតភាព ចីរភាព និង​បរិ​យាប​ន្ន ដើម្បី​ថែរក្សា​ព្រៃ​លិច​ទឹក ត្រី ជាពិសេស​ជីវៈចម្រុះ សម្រាប់​ផលប្រយោជន៍​រួម និង​មនុស្ស​ជំនាន់​ក្រោយ​។​

​លោក​ក៏បាន​បញ្ជា និង​ប្រកាស​ប្រើ​ធម៌​ក្តៅ​ទាក់ទង​នឹង​ដី​អភិរក្ស​បឹង​ទន្លេសាប «​តំបន់​៣» ផងដែរ ដោយ​ត្រូវអនុវត្ត​នូវ​អភិក្រម​ទាំង​​ ៥ របស់​អតីត​នាយក​រដ្ឋ​មន្ត្រី​លោក ហ៊ុន សែន ផងដែរ​។​ នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​ ២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២៤ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី ​៣០ ខែមករា​ឆ្នាំ ​២០២៤​ លោក​ ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា នៅ​ឆ្នាំ ​២០១១ អនុក្រឹត្យ​បានកំណត់​ដីព្រៃ​លិច​ទឹក​ស្ថិតនៅក្នុង​តំបន់ ៣ ឱ្យទៅជា​តំបន់​ការពារ​ដាច់ខាត​។ ប៉ុន្តែ​ការកំណត់​នោះ​កន្លងទៅ​ គឺ​មិនបាន​យក​ចំណុច​ដែលមាន​ភូមិ​នៅ​ទីនោះ​យូរ​ពីមុនមក ទើប​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន បានគិត​គូរ​នៅក្នុង​ការកែ​សម្រួល​នៅក្នុង​តំបន់​នេះ​ជាក់ស្តែង​។​

​ក្នុងនោះ បាន​កែ​ពី​តំបន់​ ៣ ​មួយចំនួន ទៅជា​តំបន់ ២ ដែល​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​បង្កបង្កើនផល អាស្រ័យ​ផល និង​កែ​ពី​តំបន់​ ២​ ទៅ​តំបន់​ ១ ដែលជា​តំបន់​ប្រជាពលរដ្ឋ​អាចមាន​សិទ្ធិ​ធ្វើ​កម្មសិទ្ធិ​​លំនៅឋាន​។

យ៉ាងណាក្តី លោក​ហ៊ុន ម៉ា​ណែ​ត ​បញ្ជាក់ថា​៖ «​ក្រោយពី​បទដ្ឋាន​និង​ការវិវត្ត​នេះ គឺមាន​ករណី​ការរំលោភបំពាន​ធ្ងន់ធ្ងរ​នៅ​ឆ្នាំ​ ២០២១ និង​ឆ្នាំ ២០២២ ហើយ​សម្តេច​តេ​ជោ (​ហ៊ុន សែន​) បានដាក់​បទបញ្ជា​យ៉ាង​តឹងរ៉ឹង​នៅក្នុង​ការកំណត់​ភូមិសាស្ត្រ​ផ្អែកទៅលើ​ស្ថានភាព​ជាក់ស្តែង ព្រោះ​យើង​ត្រូវមាន​សុខដុម​នីយកម្ម​រវាង​បរិស្ថាន និង​មនុស្ស​»​។ 

​ការកំណត់​ត្រូវ​ធានា​ទាំង​មនុស្ស​ក៏បាន​ផល និង​បរិស្ថាន​ចាំបាច់​ក៏ត្រូវ​ការពារ ហើយ​បរិស្ថាន​ទន្លេសាប គឺ​ដើម្បី​មនុស្ស ហើយ​ការថែរក្សា​ព្រៃ​លិច​ទឹកជា​ជម្រក​ត្រី​ពង បើ​ត្រី​ខ្សត់​នោះ​នឹង​ទិញ​ត្រី​ចូល ហើយ​ឆ្នាំនេះ​ឃើញ​ផល​ត្រី​កើនឡើង​ល្អ​។

លោក​បន្ថែមទៀតថា រាជរដ្ឋាភិបាល​អាណត្តិ​ទី​ ៧ នេះ គឺ​នឹង​បន្ត​កិច្ចការងារ​នេះ​គឺត្រូវធ្វើ​ឱ្យ​ចប់​ដោយ​សុក្រឹតភាព និង​ប្រសិទ្ធភាព​តាម​គោលការណ៍​ដែល​បាន​ដាក់ចេញ​។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែងថា​៖ «​ពិតណាស់​ក្រសួងកសិកម្ម​មិន​ពាក់ព័ន្ធ​ផ្ទាល់​ប៉ុន្មាន​ទេ ពាក់ព័ន្ធ​អាជ្ញាធរ​ទន្លេ​សាប អាជ្ញាធរ​មូលដ្ឋាន​ផ្សេងៗ ប៉ុន្តែ​កសិកម្ម​ក៏​ពាក់ព័ន្ធ​រឿង​មច្ឆា ហើយ​អា​ជ្ញា​ធរ​ដែល​ទទួលខុសត្រូវ​គឺ​អាជ្ញាធរទន្លេសាប​»​។

​លោក​បន្តថា ការងារ​នេះ​ត្រូវបាន​បែង​​ចែកជា ​២ ​គឺ​ការងារ​ចំពោះមុខ និង​ការ​ងារ​រយៈពេល​វែង ដោយ​ការងារ​ចំពោះមុខ​ត្រូវ​បញ្ចប់​ការងារ​នេះ​ដោយ​សុក្រឹតភាព ប្រសិទ្ធភាព​តាមរយៈ​ការចុះបញ្ជី​ដី​ឱ្យបាន​ច្បាស់លាស់​ត្រឹមត្រូវ​។ បើតាម​លោកនាយក​រដ្ឋមន្ត្រី កិច្ចការងារ​នេះ មាន​ ៣ ​ជំហាន ដោយ​ជំហាន​ទី​ ១ ​ត្រូវធ្វើ​បន្ត​គឺ​ការចុះបញ្ជី​ដី​ទាំងអស់​ឱ្យបាន​ត្រឹមត្រូវ​ហើយ​ចុះបញ្ជី​ជា​ប្រព័ន្ធ​ដើម្បី​កុំឱ្យ​ពិបាកទៅ​ថ្ងៃក្រោយ ហើយ​កិច្ចការងារ​នេះ​ដើម្បី​ធានា​សង្គតិភាព​។​

ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល​ រដ្ឋមន្ត្រី​និងមន្ត្រីរាជការ​ក្នុងពិធីបិទសន្និបាត​ក្រសួង​កសិកម្ម។ រូប STPM

​លោក​ថា៖ «​ខ្ញុំ​បានប្រគល់​ភារកិច្ច​ជូន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដោយមាន​អាជ្ញាធរ​ទន្លេសាប ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​អាជ្ញាធរ​មូលដ្ឋាន​រាជធានី​-​ខេត្ត​។ ជំហាន​ទី​២ ក្រោយពី​ការចុះបញ្ជី​ដី​សព្វគ្រប់ គឺ​ឱ្យ​អាជ្ញាធរ​ទន្លេសាប រៀបចំ​គូស​ផែនទី និង​បោះបង្គោល​ឡើងវិញ ព្រោះ​កាល​យើង​បោះបង្គោល​ឆ្នាំ​ ២០១១ ដោយ​ទាំង​ភូមិ អ៊ីចឹង​!​ត្រូវ​គូស​ផែនទី កំណត់​ព្រំ​ឡើងវិញ​ទាំងអស់​»​។ 

​សម្រាប់​ជំហាន​ទី​៣ គឺ​ការងារ​អចិ​ន្រៃ្ត​យ៍​ដែល​ត្រូវ​ថែរក្សា គ្រប់គ្រង​ឱ្យបាន​ល្អ ដូច្នេះ​អាជ្ញាធរ​ទន្លេសាប ដែលមាន​ហើយ​ត្រូវ​ពង្រឹង​យន្ត​ការ​នេះ ដើម្បី​ធានា​ការដឹកនាំ​សម្រប​សម្រួល​គ្រប់គ្រង​បឹង​ទន្លេសាប​ដោយមាន​ស្ថាប័ន​និង​អាជ្ញាធរ​មូលដ្ឋាន​ពាក់​ព័ន្ធ​។

លោក​បាន​សង្កត់ធ្ងន់ថា​៖ «​ព្រោះ​ការថែរក្សា​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេ​សាប មិនមែន​ការពារ​ផលប្រយោជន៍​បុគ្គល ឬមួយ​ផលប្រយោជន៍​នរណា​សម្រាប់​រយៈពេល​ខ្លី​នោះទេ គឺ​ផល​ប្រយោជន៍​សម្រាប់​ជាតិ​យើង​រយៈ​ពេល​វែង អ៊ីចឹង​! ការការពារ​ជា​រឿង​សំខាន់​ដែល​ត្រូវធ្វើ​»​។​

​លោក​ថា ប្រសិទ្ធភាព​គឺ​ការពារ​ឱ្យបាន​ជាដាច់ខាត​នូវ​តំបន់​បឹង​ទន្លេសាប​ដែលជា​ទ្រព្យសម្បត្តិ​រួម​របស់​ជាតិ​ដែល​កិច្ច​​ការងារ​នេះ អាជ្ញាធរ​ទន្លេសាប អាជ្ញាធរ​ដែនដី​និង​កងកម្លាំង​សមត្ថកិច្ច​ត្រូវ​ចូល​រួម​អនុវត្ត​ឱ្យបាន​ហ្មត់ចត់ ជាពិសេស​ពាក់ព័ន្ធ​ការទន្ទ្រាន​ព្រៃ​ទឹកសាប​។​

​លោក ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា៖ «​ការអភិវឌ្ឍ យើង​មាន​ដី​ច្រើនណាស់​ត្រូវ​អភិវឌ្ឍ​កុំ​ប៉ះ​អាហ្នឹង ​(​ព្រៃ​លិច​ទឹក​) ទុកឱ្យ​កូនចៅ​យើង ប្រទេស​យើង​នៅមាន​បឹង​ទន្លេសាប​ធំជាងគេ ហើយ​ថ្ងៃក្រោយ​រក​លទ្ធភាព​ស្តារ​វា​កុំឱ្យ​កក ព្រោះ​បើ​យើង​ឈូស​យក​ព្រៃ​លិច​ទឹក បាត់​ជីវៈចម្រុះ ហើយ​គម្រប​ដី​ថ្ងៃក្រោយ​ធ្វើឱ្យ​កាន់តែ​រីង សំណើម​កាន់តែ​ថយ​។ ចំណេញ​ ១ ​ពាន់​គ្រួសារ ចំណេញ​ម្ចាស់​ដី ប៉ុន្តែ​ខាត​ ១ ប្រទេស​»​។ 

​ជាមួយគ្នានេះ​លោក​បាន​ស្នើឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់ ​១ និង​តំបន់​ ២ ប្រើប្រាស់ និង​អាស្រ័យ​ផល​ព្រៃ​លិច​ទឹក ប្រកបដោយ​ការទទួលខុសត្រូវ និង​ចូលរួម​ការពារ​ព្រៃ​លិច​ទឹក​។

លោក​ថា៖ «​ការកំណត់​ដី​អភិរក្ស​បឹង​ទន្លេសាប ត្រូវ​ធានា​ឱ្យបាន​សុក្រឹតភាព ចីរភាព និង​ប្រសិទ្ធភាព ហើយ​ដី​អភិរក្ស​បឹង​ទន្លេសាប​ត្រូវការពារ​ឱ្យបាន ដើម្បី​ការពារ​កិត្តិនាម​បឹង​ទន្លេសាប​ជា​បឹង​ធំជាងគេ និង​ជា​បឹង​សម្បូរ​ត្រី​ជាងគេ​»​។ ជាមួយគ្នា​នោះ លោក​ក៏បាន​បញ្ជា​ឱ្យ​អាជ្ញាធរខេត្ត និង​ស្រុក​នៅ​ជុំវិញ​បឹង​ទន្លេសាប ត្រូវបំពេញ​តួនាទី​ស្នូល​ក្នុង​កិច្ចការពារ​ដី​បឹង​ទន្លេសាប​។​

​លោក​សង្កត់ធ្ងន់ថា​៖ «​សូម​អភិបាលខេត្ត​ជាប់​បឹង​ទន្លេសាប​ទាំង​ ៦ ​ត្រូវ​ចូល​​រួម​ការពារ​ឱ្យបាន​ដី​អភិរក្ស​បឹង​ទន្លេសាប​តំបន់​ ៣​។ ខ្ញុំ​មិនសូវ​ចេះ​មាត់​ទេ តែ​ដៃ​សម្តេច​ចេះ​ស៊ី​ញ៉េ​។ អ៊ីចឹង គ្មាន​ផលប្រយោជន៍​ណា​ធំ​ជាង​ការថែរក្សា​ការពារ​ផលប្រយោជន៍​សម្រាប់​មនុ​ស្ស​ជំនាន់​​ក្រោយ​នោះទេ​»​។​

​លោក យង់ ពៅ អគ្គលេខាធិការ​រាជ​បណ្ឌិត្យសភា​កម្ពុជា និង​ជា​អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ បានបង្ហាញ​ការគាំទ្រ​ចំពោះ​ការលើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី​ក្នុង​ការចាត់​វិធាន​​ការ​ទៅលើ​អ្នក​ដែល​ទន្ទ្រាន​ដី​នៅតាម បឹង​ទន្លេសាប​។

លោក​ថ្លែងថា ការទន្ទ្រាន​ដី​នៅ​បឹង​ទន្លេសាប​នេះ​គឺមាន​រាប់ម៉ឺន​រាប់ពាន់​ហិកតា ហើយ​អ្នក​ដែល​ទន្ទ្រានយក​ដី​នោះ​គឺ​សុទ្ធសឹងតែ​អ្នក​ដែលមាន​លទ្ធភាព​ទាំង​លុយកាក់ ទាំង​ស័ក្តិយស​ធំៗ ដែល​សកម្មភាព​នេះ​ប្រជាពលរដ្ឋ​ធម្មតា​មិន​ហ៊ាន​ធ្វើ​ក្នុង​ទ្រង់ទ្រាយ​ធំ​នោះទេ​។ 

​លោក​បាន​ថ្លែងថា៖ «​អ៊ីចឹង ការ​ប្រកាស​ក្នុងការ​ប្រើប្រាស់​នូវ​អភិក្រម​ទាំង​ ៥ ក៏ដូចជា​ចំណាត់ការ​ផ្សេងៗ​លើ​ការទន្ទ្រាន​ដី​បឹង​ទន្លេសាប​នេះ ប្រសិនបើ​បាន​ពិតប្រាកដ​មែន​នោះ គឺ​នឹង​បានជា​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ដែល​អាច​រក្សាបាន​នូវ​ធនធាន​ជលផល ហើយ​មួយទៀត​រក្សាបាន​នូវ​បឹង​ទន្លេសាប​ដែលជា​បឹង​ធម្មជាតិ​ធំជាងគេ​សម្រាប់​ជាតិ​ទាំងមូល​ដែល​វា​មានគុណ​ប្រយោជន៍​ច្រើនយ៉ាង​ទាំង​ធនធានទឹក ធនធាន​​ជលផល​និង​ជីវៈចម្រុះ​ផ្សេងៗ​»​។ 

​លោក​ យង់ ពៅ ថា រដ្ឋាភិបាល​ត្រូវតែមាន​ឆន្ទៈ​មោះមុត ក្នុងការ​ការពារ​បឹង​ទន្លេ​​សាប​នេះ​ឱ្យបាន​គង់វង្ស​។​ សូមជម្រាបថា ខេត្ត​ចំនួន​ ៦​ ដែល​នៅជាប់​បឹង​ទន្លេសាប​មាន​ខេត្តកំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់​ឆ្នាំង និង​ខេត្តបន្ទាយមានជ័យ​៕