ភ្នំពេញៈ ​លោក​ឧបនាយករដ្ឋមន្ត្រី ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា បានផ្តល់​អនុសាសន៍​គ​ន្លឹះ​បន្ថែម​ដល់​នាយកដ្ឋាន​ជំនាញ​ឱ្យ​រៀបចំ​ផែនការ​សកម្មភាព​ឱ្យ​ច្បាស់លាស់ ក្នុង​ការចាត់​ក្រុមការងារ​ចុះ​គាំទ្រ​ដល់​ការអនុវត្ត​ស្តង់ដា​សាលារៀន​គំរូ ដើម្បី​ពង្រឹងគុណភាព​គ្រឹះស្ថានសិក្សា​របស់​រដ្ឋ​ទាំង​៣​អនុវិស័យ​។​

ការផ្តល់​អនុសាសន៍រ​បស់​លោក​រដ្ឋមន្ត្រី ធ្វើឡើង​នាឱកាស​ដឹកនាំ​កិច្ចប្រជុំ ស្ដីពី​ការរៀបចំ​សកម្មភាព​ក្រុមការងារ​ចុះ​គាំទ្រ​សាលារៀន​គំរូ ដោយមាន​ការចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង កាលពី​ថ្ងៃទី​២​ខែមករា ឆ្នាំ​២០២៤​។​

ក្រសួង​អប់រំ​បានឱ្យដឹងថា កិច្ចប្រជុំ​នេះ​បាន​ផ្ដោត​ពិភាក្សា​សំខាន់​លើ​ការ​ពិនិត្យមើល​វឌ្ឍនភាព​ការងារ​នៃ​ការអនុវត្ត​ស្តង់ដា​សាលា​គំរូ ទាំង ៣​អនុវិស័យ (​ម​តេ្ត​យ្យ​សិក្សា បឋមសិក្សា និង​មធ្យមសិក្សា​) ដែល​ត្រូវបាន​ដាក់ឱ្យ​អនុម័ត​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ចុងឆ្នាំ​២០២៣​កន្លងទៅនេះ​។

​ក្រសួង​បន្តថា ចំពោះ​ការរៀបចំ​យន្តការ​គាំទ្រ​សាលារៀន​គំរូ​រួមមាន ក្រុមការងារ​ពិនិត្យ​តាមដាន​ផល​សម្រេច ក្រុមការងារ​គាំទ្រ​ផ្នែក​បច្ចេកទេស ក្រុមការងារ​គាំទ្រ​ផ្នែក​អាយ​ស៊ី​ធី (ICT) ក្រុមការងារ​សម្របសម្រួល​អនុវិស័យ​កុមារ​តូច ក្រុមការងារ​សម្របសម្រួល​អនុវិស័យ​បឋមសិក្សា និង​ក្រុមការងារ​សម្របសម្រួល​អនុវិស័យ​មធ្យមសិក្សា​។​

ឆ្លើយតប​នឹង​កិច្ចពិភាក្សា លោក ហង់​ជួន ណា​រ៉ុ​ន បានផ្ដល់​អនុសាសន៍​ឱ្យ​គ្រប់​នាយកដ្ឋាន រៀបចំ​ផែនការ​សកម្មភាព​ឱ្យ​ច្បាស់លាស់ និង​ត្រូវ​ពិភាក្សា​លម្អិត ដើម្បី​ចុះ​គាំទ្រ​តាម​សាលារៀន​គោលដៅ​ដោយ​កំណត់​វិធានការ និង​យន្ត​ការឱ្យ​ប​ន្ស៉ី​គ្នា​ចៀសវាង​ធ្វើ​សកម្មភាព ឬ​សិក្ខាសាលា​បណ្ដុះបណ្ដាល​ជាន់គ្នា​។ លោក​ថ្លែងថា​៖« នាយកដ្ឋាន​ធានា​គុណភាព​អប់រំ​ត្រូវ​ពិនិត្យ សវនកម្ម និង​រៀបចំ​សេចក្ដីណែនាំ តេស្ត​ស្តង់ដា​តាម​សាលា ដោយ​ចាប់ផ្ដើម​ពី​ការធ្វើ​តេស្ត​ប្រចាំខែ និង​ប្រឡង​ឆមាស និង​ផ្នែក​ហិរញ្ញវត្ថុ ត្រូវ​ជួប​តាម​នាយកដ្ឋាន ដើម្បី​ពិនិត្យឡើងវិញ​ពី​គម្រោង​ចំណាយ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​»​។​

​លោក គង់ សំនៀង ប្រធាន​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា ថ្លែងថា វា​គឺជា​ដំណើរការ​វិជ្ជមាន​មួយ​ដ៏​ល្អ​ក្នុងការ​ប្រែក្លាយ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង​ចាប់ពី​ថ្នាក់ក្រោម​ជាតិ​។ ​លោក​បាន​បញ្ជាក់ថា​៖«​ចំពោះ​គុណប្រយោជន៍​ដែល​សា​លាម​ត្តេ​យ្យ​សិក្សា​ដល់​មធ្យមសិក្សា ដែល​ត្រូវអនុវត្ត​ស្ដង់ដា​សាលារៀន​គំរូ​នេះ គឺ​ទាំង​គ្រូ ទាំង​សហគមន៍ ទាំង​សិស្សានុ សិស្ស ក៏ដូចជា​ទាំង​គណៈ​គ្រប់គ្រង​សាលារៀន ត្រូវ​ដើរ​ទៅតាម​ការណែនាំ​រប​ស់​ក្រសួង​ដាក់ជូន ដើម្បី​ធានាបាន​គុណភាព​អប់រំ​ចាប់ពី​កម្រិត​ថ្នាក់ក្រោម​ជាតិ​»​។​

គួរ​ជម្រាប​ថា ក្នុងអំឡុង​ខែធ្នូ ឆ្នាំ​២០២៣ កន្លងទៅនេះ ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​នូវ​ស្តង់ដា​សាលារៀន​គំរូ​ទាំង ៣​អនុវិស័យ ដោយ​ផ្ដោតទៅលើ​ស្ដង់ដា​ចំនួន ៥ ​ចំណុច ​រួមមាន​លទ្ធផល​សិក្សា​របស់​សិស្ស​, ការបង្រៀន​និង​រៀន​, ការចូលរួម​របស់​ស​ហគ​មន៍​, ដំណើរ​ប្រតិបត្តិការ​និង​រដ្ឋបាល​សាលារៀន និង​ផ្តោតលើ​គណនេយ្យភាព​របស់​សាលារៀន​។​

ក្រសួង​អប់រំ​បាន​បញ្ជាក់ថា​៖ «​ការដាក់ឱ្យ​អនុវត្ត​ស្ដង់ដា​សាលារៀន​គំរូ​ពី​ម​ត្តេ​យ្យ​សិក្សា រហូតដល់​មធ្យមសិក្សា ក្នុង​គោលដៅ​ពង្រឹងគុណភាព​គ្រឹះស្ថានសិក្សា​របស់​រដ្ឋ ក៏ដូចជា​អភិវឌ្ឍ​សាលា​ទាំងនោះ​នៅ​ទូទាំងប្រទេស​កម្ពុជា​៕