
អ្នកចូលរួមនៅក្នុងកិច្ចពិភាក្សាតុមូលស្តីពី «អធិការកិច្ចក្នុងបរិបទកំណែទម្រង់» នៅថ្ងៃទី៤ ខែមករា ។ រូបថត CCJ
ភ្នំពេញៈលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ថ្លែងថា ការងារចម្បងរបស់ក្រសួងមាន៣សំខាន់ៗគឺការធ្វើអធិការកិច្ចលើគ្រប់វិស័យ ការតាមដានការអនុវត្តច្បាប់ និងការទទួលខុសត្រូវ លើការអង្កេតពិនិត្យស្រាវជ្រាវ តាមរយៈពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ។
លោកបានថ្លែងបែបនេះក្នុងកិច្ចពិភាក្សាតុមូលស្តីពី «អធិការកិច្ចក្នុងបរិបទកំណែទម្រង់» ដែលធ្វើឡើងនៅទីស្តីការក្រសួងអធិការកិច្ច ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤។
លោករដ្ឋមន្ត្រីបានលើកឡើងថា ការងារចម្បងទី១ ក្រសួងត្រូវអធិការកិច្ចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំដៅបង្ការ ទប់ស្កាត់ និងមានវិធានការផ្សេងៗ ដើម្បីប្រឆាំងនឹងអំពើពុករលួយ ការរំលោភអំណាច និងបាតុភាពអសកម្មផ្សេងៗ។ បន្ថែមលើនេះក្រសួងក៏ត្រូវធ្វើការត្រួតពិនិត្យអនុលោមភាព នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធទាំងអស់ ដែលមានជាធរមាន ក្នុងនោះរួមបញ្ចូលទាំងការត្រួតពិនិត្យ ការអនុវត្តអនុសាសន៍របស់នាយករដ្ឋមន្ត្រីផងដែរ។
ប្រភពដដែលបន្ថែមថា ចំពោះកិច្ចការទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ ក្រសួងមានសមត្ថកិច្ចក្នុងការបើកការស្រាវជ្រាវ ស៊ើបអង្គេតទៅដល់គ្រប់បុគ្គលទាំងអស់រួមទាំងរូបវន្តបុគ្គល ដែលអាចជាប្រជាពលរដ្ឋ នីតិបុគ្គលដែលអាចជាក្រុមហ៊ុន សមាគម ឬអង្គការជាដើម ដែលមានការពាក់ព័ន្ធជាមួយសំណុំរឿង ដែលបានប្តឹងមកក្រសួង។
លោករដ្ឋមន្ត្រីបញ្ជាក់ថា តួនាទីរបស់មន្ត្រីអធិការកិច្ច មាន២សំខាន់ៗ គឺត្រូវរកឱ្យឃើញចំណុចដែលល្អត្រឹមត្រូវ តាមច្បាប់ និងបទដ្ឋានគតិយុត្តដែលបានកំណត់ និងត្រូវរកឱ្យឃើញចំណុចខ្វះខាតតាំងពីតូចតាច មធ្យម និងធ្ងន់ធ្ងរ ដើម្បីរាយការណ៍ជូនរាជរដ្ឋាភិបាល។
លោកថ្លែងថា៖«អធិការកិច្ចគឺជាភ្នែក គឺជាត្រចៀករបស់ថ្នាក់លើ និងជាមិត្តជិតស្និទ្ធរបស់ថ្នាក់ក្រោម។ ជាភ្នែកត្រចៀកបានន័យថា បើកភ្នែកសម្លឹងមើលឱ្យច្បាស់ ឱ្យបានឆ្ងាយ ត្រចៀកត្រូវស្តាប់មើលរាល់ព័ត៌មានទាំងឡាយ»។
បើតាមលោករដ្ឋមន្ត្រី ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះក្រសួងបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋចំនួន ៤៧ បណ្តឹង ក្នុងនោះដោះស្រាយបានចំនួន៤០បណ្តឹង ដោយប្រើយុទ្ធសាស្ត្រឈ្នះ ឈ្នះ នៅសល់៧បណ្តឹងទៀតកំពុងបន្តដោះស្រាយ។
បណ្តឹងភាគច្រើនដែលក្រុមការងារទទួលបានគឺពាក់ព័ន្ធបញ្ហាទំនាស់ដីធ្លី ប៉ុន្តែការទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ ក្រសួងមិនមែនទទួលយកតែបញ្ហាដីធ្លីនោះទេ បណ្តឹងផ្សេងៗទៀត ដូចជាបណ្តឹងតវ៉ា បណ្តឹងបរិហារគ្រប់រូបភាព ក៏ទទួលផងដែរ ឱ្យតែឆ្លើយតបការទទួលខុសត្រូវរបស់ក្រសួង។
ដោយឡែកចំពោះការងារធ្វើអធិការកិច្ច និងការតាមដានការអនុវត្តច្បាប់ លោករដ្ឋមន្ត្រីបញ្ជាក់ថា ក្រសួងបានធ្វើការងារច្រើនទាំងរឿងតូច មធ្យម និងរឿងធំ ប៉ុន្តែលោកមិនបានបញ្ជាក់ច្បាស់ថា មានចំនួនប៉ុន្មានដង និងប៉ុន្មានករណីនោះទេ៕