​ភ្នំពេញៈ​ លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​​នេសាទ​បាន​លើកឡើងថា កម្ពុជា​កំពុង​ត្រូវការ​អ្នកវិនិយោគ​នៅ​កម្រិត Upstream ដែល​ត្រូវ​ការប្រើ​គ្រឿង​ម៉ាស៊ីន ក្នុងការ​កែច្នៃ​ផលិតផល ដូចជា​ការកែ​​ច្នៃ ការ​វេច​ខ្ចប់​ផលិតផល​កសិកម្ម​សម្រាប់​ការនាំ​ចេញទៅ​ប្រទេស​ចិន និង​ទីផ្សារ​អន្តរជាតិ​។

លោក​រដ្ឋមន្ត្រី​កសិកម្ម​បាន​ថ្លែង​បែប​នេះ នៅ​ថ្ងៃទី​ ៣ ខែមករា ឆ្នាំ​ ២០២៤ ក្នុង​ឱកាសលោក​បានអនុញ្ញាត​ឱ្យ​អ្នក​វិនិយោគ​ចិន​ចូលជួប​ពិភាក្សា​ការងារនៅ​ទីស្តីការ​ក្រសួងកសិកម្ម​។

យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងកសិកម្ម លោក ឌិ​ត ទីណា បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​ការវិនិយោគ​លើ​វិស័យ​​កសិកម្ម​នៅ​កម្ពុជា ដោយ​លោក​បាន​ថ្លែងថា កម្ពុជា​កំពុង​ត្រូវការ​អ្នកវិនិយោគ​នៅ​កម្រិត Upstream ដូចជា ការកែច្នៃ វេច​ខ្ចប់​ផលិតផល​កសិកម្ម សម្រាប់​ការ​​នាំ​ចេញទៅ​ប្រទេស​ចិន និង​ទីផ្សារអន្តរជាតិ ជាពិសេស​អង្ករ​ប្រណីត ស្វាយចន្ទី កៅស៊ូ ផលិតផល​ជលផល​ទឹកសាប និងវារីវប្បកម្ម ព្រមទាំង​ផលិតផល​កសិកម្ម​ដែលមាន​សក្តានុពល​ផ្សេងៗ​ទៀត ដែលមាន​តម្លៃបន្ថែម​ខ្ពស់ ផ្តល់​ផលចំណេញ​ដល់​កសិករ និង​អ្នកវិនិយោគ​។

លោក​មានប្រសាសន៍ថា​៖ «​រាល់​ការ​​វិនិយោគ​ទាំងអស់​ត្រូវមាន​ការសិក្សា មាន​ផែនការ​វិនិយោគ​ច្បាស់លាស់ និង​ទីផ្សារ​ពិតប្រាកដ ដើម្បី​ធានា​ឱ្យ​ការ​វិ​និ​យោគ​ស្របតាម​គោលនយោបាយ​ជាតិ ទទួលបាន​ការគាំទ្រ ផ្តល់​ផលចំណេញ​និង​មាន​និរន្តរភាព​សេដ្ឋកិច្ច​»​។

លោក​រដ្ឋមន្ត្រី​ក៏បាន​លើកទឹកចិត្ត​ដល់​វិនិយោគិន​ចិន ដែលមាន​បំណង​ចង់​មក​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ពិតប្រាកដ ដោយ​លោក​ក៏បាន​បង្ហាញ​អំពី​យន្តការ​គោលនយោបាយ​អាទិភាព​ក្នុង​វិស័យ​កសិកម្ម នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ​នេះ ដែល​ផ្ដោតលើ​ការកសាង​សហគមន៍​កសិកម្ម​ទំនើប និង​ការដាក់​ពង្រាយ​មន្ត្រី​កសិកម្ម​ឃុំ ប្រាប់​ដល់​វិ​និ​​យោគិន​ចិន​នោះ​ផងដែរ​។

លោក លឹម ហេង អនុប្រធាន​សភា​​ពាណិជ្ជកម្ម​កម្ពុជា ក៏បាន​ឱ្យដឹង​ដែរ​ថា ពិតណាស់ ដោយសារតែ​កម្ពុជា មាន​វត្ថុធាតុដើម​កសិក​ម្ម​ច្រើន ប៉ុន្តែ​កែច្នៃ​មិនទាន់ ទើបត្រូវ​នាំចេញ​ទៅ​ប្រទេសជិតខាង ដែល​ភាគច្រើនបំផុត គឺ​មិនទាន់​មានការ​​កែច្នៃ​ទេ​។

លោក​និយាយថា​៖ «​ជា​​ធម្មតា ផលិតផល​ដែល​កែច្នៃ​រួច តែងតែ​លក់បាន​ថ្លៃ​ជាង​ផលិតផល​វត្ថុធាតុដើម​។ ឥឡូវ​យើង​មើល ស្វាយចន្ទី​ជាដើម ពេល​លក់​គ្រាប់​ឆៅ ១ ​គីឡូ​ក្រោម​ ១ ​ម៉ឺន​រៀល​ផង តែ​នៅពេលដែល​កែច្នៃ​រួច​ ១​ គីឡូ​​ក្រាម​ មិន​ក្រោម ​៥​ ទៅ​ ៦ ​ម៉ឺន​រៀល​ទេ​។ ត្រង់នេះ យើង​ចង់​បញ្ជាក់ថា មិនមែន​យើង​ចង់​នាំចេញ​គ្រាប់​ឆៅ​ទេ តែ​មកពី​យើង​ខ្វះខាត​រោងចក្រ​កែច្នៃ មិនទាន់មាន​គ្រប់​​គ្រាន់​»​។

លោក​បាន​បន្តថា​៖ «​សភា​​ពាណិជ្ជកម្ម​កម្ពុជា បាននិងកំពុង​ខិតខំ​ប្រឹងប្រែង ជួយ​រាជរដ្ឋាភិបាល ក្នុងការ​​ទាក់ទាញ​អ្នកវិនិយោគ​មកពី​គ្រប់ទិសទី ធ្វើយ៉ាងណា​ឱ្យគេ​មក​បើក​រោងចក្រ​កែច្នៃ​នៅ​កម្ពុជា​ឱ្យបាន​ច្រើន ដើម្បីឱ្យ​ការ​ផលិត​របស់​កម្ពុជា ទទួលបាន​តម្លៃបន្ថែម​ច្រើនជាង​មុន​»​។

ជាមួយគ្នា​នោះដែរ​លោក ធន់ វ​ឌ្ឍ​នា នាយក​វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែកលៀប និង​ជា​សមាជិក​បម្រុង​នៃ​រាជបណ្ឌិត្យ​​សភា​កម្ពុជាបាន​និយាយថា លោក​ចង់ឃើញ​ការកែច្នៃ​គ្រាប់ស្វាយចន្ទី នៅ​កម្ពុជា ឱ្យ​កាន់​តែមាន​ច្រើនឡើង សម្រាប់​នាំ​ចេញទៅ​កាន់​ទីផ្សារ​អន្តរជាតិ ខណៈ​កាក​​សំណល់​សល់​ពី​គ្រាប់ស្វាយចន្ទី បច្ចុប្បន្ន​កំពុងមាន​ទី​ផ្សារ សម្រាប់​កែច្នៃ​ជា​ផលិតផល​ផ្សេងៗ​ទៀត​។

លោក​លើកឡើងថា​៖ «​កម្ពុជា​ផលិត​ស្វាយចន្ទី​ច្រើន ប៉ុន្តែ​យើង​នាំចេញ​គ្រាប់​​ស្វាយចន្ទី កែច្នៃ​តិច អ៊ីចឹង​មានន័យថា យើង​អាច​មានឱកាស​ក្នុងការ​បង្កើត​កែច្នៃ​នៅក្នុង​ស្រុក ហើយនឹង​នាំចេញ​ដោយផ្ទាល់​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបាន​ខិតខំ​ប្រឹងប្រែង​លើកកម្ពស់​ការផលិត​គ្រាប់ស្វាយចន្ទី ជាពិសេស​បាន​លើកលែង​ពន្ធ​ការជំរុញឱ្យ​មានការ​គាំទ្រ​ទាំង​ហិរញ្ញវត្ថុ​ដោយ​បន្ធូរ​​បន្ថយ​ការប្រាក់​ជូន​កសិករ​ជាដើម​»​។

យោងតាម​របាយការណ៍​ពី​អគ្គនាយក​​ដ្ឋា​ន​កសិកម្មបានឱ្យដឹងថា ក្នុង​រយៈពេល ១១ ​ខែ ឆ្នាំ ​២០២៣ ការនាំចេញ​កសិផល​ទៅ​ក្រៅប្រទេស​របស់​កម្ពុជា មាន​បរិ​​មាណ​សរុប​ជាង ៧ ៣១៤ ១៩០​ តោន​ (​អង្ករ ៥៩៥ ៦៣០ ​តោន​, ស្រូវ ២ ៤៩៧ ០៧៥​ តោន និង​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ ៤ ២២១ ៤៨៥,១២ តោន​) ទៅ​ទិសដៅ ៧៥ ​ប្រទេស ដោយ​ធ្លាក់ចុះ​ចំនួន ​៤,៦ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២២៕