រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​អនុក្រឹត្យ​ដំឡើង​ប្រាក់កម្រៃ​ប្រចាំខែ​ជូនមន្ត្រី​ជាប់កិច្ចសន្យា​ពីចំនួន ៧១ ម៉ឺន​រៀល ទៅ ៧៧ ម៉ឺនរៀល ដែលនឹងត្រូវ​អនុវត្ត​ជាផ្លូវការ​ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ។ 
 
យោងតាមអនុក្រឹត្យ​ចុះហត្ថលេខា​ដោយលោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ចុះ​ថ្ងៃទី៤ ខែមករា ឆ្នាំ ២០២៤ បានឱ្យដឹង​ថា ការដំឡើង​ប្រាក់កម្រៃ​នេះ ត្រូវអនុវត្ត​ចំពោះ​មន្ត្រីជាប់​កិច្ចសន្យា ដែលបម្រើ​ការងារនៅ​តាមក្រសួង ស្ថាប័នថ្នាក់​ជាតិ​និងថ្នាក់ក្រោម​ជាតិ អនុលោមតាម​បទប្បញ្ញត្តិ​នៃអនុក្រឹត្យ លេខ២៦ អនក្រ.បក ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពី​ការគ្រប់គ្រង និងការប្រើប្រាស់​មន្ត្រី​ជាប់កិច្ចសន្យា។
 
ការសម្រេច​ដំឡើង​ប្រាក់កម្រៃ​ប្រចាំខែនេះ ដោយយោងតាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈលោក ហ៊ុន ម៉ានី។
 
រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តី​ការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ រដ្ឋមន្ត្រី​គ្រប់​ក្រសួង និងប្រធាន​គ្រប់​ស្ថាប័ន ដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុក​អនុវត្ត​អនុក្រឹត្យ​នេះតាម​ភារកិច្ច​រៀងៗខ្លួន ចាប់ពីថ្ងៃ​ចុះហត្ថលេខា 
តទៅ។
 
គួរជម្រាប​ថា កាលពីថ្ងៃទី២៣ខែធ្នូ ឆ្នាំ ២០២៣ រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​អនុក្រឹត្យដំឡើង​របបឧបត្ថម្ភ​ប្រចាំខែ​សម្រាប់អ្នកនៅ​ក្នុងបន្ទុក​របស់​សព​មន្ត្រីរាជការ​ស៊ីវិល សព​អតីតមន្ត្រី​រាជការ​ស៊ីវិល និងសព​អតីតយុទ្ធជន ដែលនឹងត្រូវអនុវត្ត​ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ។
 
យោងអនុក្រឹត្យ​ដដែលនេះ របបឧបត្ថម្ភ​ប្រចាំខែ​សម្រាប់កូន​នៅក្នុង​បន្ទុក​របស់​សពមន្ត្រី​រាជការស៊ីវិល សព​អតីតមន្ត្រី​រាជការស៊ីវិល និងសព​អតីតយុទ្ធជនត្រូវបាន​ដំឡើង​ចាប់ពី ១០ ០០០ រៀល ទៅ ៣០ ០០០ រៀល ក្នុង​កូនម្នាក់។ ប្រពន្ធ ឬប្ដី​នៅក្នុងបន្ទុក​របស់​សព​អតីតមន្ត្រីរាជការស៊ីវិល និងសព​អតីតយុទ្ធជន ពី ១៥០០០ រៀល ទៅ ៣០ ០០០ រៀល។ ឪពុក ម្តាយ ឬអាណាព្យាបាល​នៅក្នុង​បន្ទុក​របស់​សព​អតីតយុទ្ធជន ពី ៨ ០០០រៀល ទៅ ៣០ ០០០រៀល។ 
 
លោក យង់ ពៅ អគ្គ​លេខាធិការ​នៃរាជបណ្ឌិត្យ​សភាកម្ពុជា យល់ឃើញ​ថា ការដំឡើង​របបឧបត្ថម្ភ​ប្រចាំខែ​សម្រាប់អ្នកនៅ​ក្នុងបន្ទុក​នេះ គឺជាតម្រូវ​ការជាក់ស្តែង និងការវិវឌ្ឍន៍​សង្គម  និងជាការគិតគូរ​របស់រាជ​រដ្ឋាភិបាល​អាណត្តិ​ថ្មី ទៅដល់ពលរដ្ឋ​ដែលជាសាច់ញាតិ​របស់អតីត​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​ដែលបាន​មរណកាល។ 

លោកថ្លែង​ថា៖ « រាជរដ្ឋាភិបាល​បានយកចិត្ត​ទុកដាក់​ពួកគាត់ ដោយ​មិនអាច​ទុកចោល​នូវសាច់​ញាតិ​មន្ត្រីរាជការ ឬ អតីត​មន្ត្រីរាជការ ឬកងកម្លាំង​ប្រដាប់អាវុធ​ទាំងឡាយណា​ដែលបាន​មរណកាល​នោះទេ។ នេះគឺ​ជាការងារ​សង្គមកិច្ច ដែល​សបញ្ជាក់​ពីការយកចិត្ត​ទុកដាក់​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី៧នេះ»៕