មណ្ឌល​គិរីៈ​កម្ម​វិធី​ការ​ពារ​សម្បុក​សត្វ​ស្លាប​ ដែល​អនុវត្ត​ដោយ​អង្គ​ការ​សមា​គម​អភិរ​ក្ស​សត្វ​ព្រៃ (​WCS) បាន​បង្ហាញ​ពី​ការ​កើន​ឡើង​ចំនួន​សម្បុក​សត្វ​ស្លាប​ប្រភេទ​កម្រ​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា​ ក្នុង​ខេត្ដមណ្ឌល​គិរី​ ពី​ ១១​ សម្បុក​ក្នុង​ឆ្នាំ​ ២០១៨ ​រហូត​ដល់ ​៤១​ សម្បុក​ក្នុង​ឆ្នាំ​ ២០២៣​។​

​ការ​កើន​ឡើង​នៃ​ចំនួន​សម្បុក​សត្វ​ស្លាប​នេះ​ បាន​ឆ្លុះ​បង្ហាញ​ឱ្យ​ឃើញ​ពី​សមិទ្ធ​ផល​នៃ​ការ​ខិតខំ​ប្រឹង​ប្រែង​លើ​កិច្ច​ការ​ពារ​អភិរក្ស​សម្បុក​សត្វ​ស្លាប​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា​តាម​រយៈ​កម្មវិធី​ការពារ​សម្បុក​សត្វ​ស្លាប​ ដោយ​ប្រជា​សហ​គមន៍​មូល​ដ្ឋាន​ដែល​អនុវត្ត​ដោយ​អង្គ​ការ​សមា​គម​អភិ​រក្ស​សត្វ​ព្រៃ​បាន​ផ្ដល់​អត្ថ​ប្រ​យោជន៍​ជា​ច្រើន​ដល់​សហ​គមន៍​ ជា​ពិសេស​គឺ​ការ​បង្កើន​ហិរញ្ញ​វត្ថុ​តាម​រយៈ​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​។ 

​លោក សូត្រ វ៉ាន់​ឌឿ​ន ប្រធាន​ក្រុម​ស្រាវ​ជ្រាវ​សត្វ​ព្រៃ​របស់​អង្គការ​សមា​គម​អភិរក្ស​សត្វ​ព្រៃ (WCS)​ប្រចាំ​កម្ពុជា បាន​ឱ្យដឹ​ងថា អត្ថ​ប្រយោជ​ន៍​នៃ​កម្មវិ​ធី​ការពារ​សម្បុក​សត្វ​ស្លាប​ដោយ​ប្រជា​សហ​គមន៍​មូល​ដ្ឋាន​បាន​ជួយ​ជីវភាព​របស់​សហ​គមន៍ ​និង​ផ្ដល់​ប្រភព​ហិរញ្ញ​វត្ថុ​ប្រកប​និរន្តរ​ភាព តាម​រយៈ​ការ​ងារ​អភិ​រក្ស​សត្វ​ព្រៃ​។ 

​លោក​បាន​ថ្លែង​ថា៖ «​ក្នុង​ភាព​ជា​ដៃគូ​ជាមួ​យ​ស្ថា​ប័ន​រដ្ឋាភិ​បាល​នានា​ កម្ម​វិធី​ការ​ពារ​សម្បុក​សត្វ​ស្លាប​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា ​បាន​បង្កើន​ចំនួន​សម្បុក​សត្វ​ស្លាប​តិច​បំផុត​ពី ១១ ​សម្បុក​ក្នុង​ឆ្នាំ​២០១៨​ កើន​ឡើង​ដល់​ ៤១​ សម្បុក​នៅ​ក្នុង​ឆ្នាំ​២០២៣ ​ដែល​សមិទ្ធ​ផល​នេះ ​បង្ហាញ​ពី​ប្រសិទ្ធ​ភាព​ក្នុង​ការ​ចូលរួម​របស់​សហ​គមន៍ ​និង​ការ​យល់​ដឹង​របស់​សហ​គម​ន៍​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​អភិ​រក្ស​សត្វ​ព្រៃ​»​។​

​លោក​សូត្រ វ៉ាន់​ឌឿ​ន ​បញ្ជាក់​បន្ថែម​ថា​៖ «​វា​ជា​ការ​រីក​រាយ​ដែល​បាន​ឃើញ​ពី​ការ​យល់​ដឹង​កាន់​តែ​ច្រើន​របស់​សហ​គម​ន៍អំពី​ការ​ងារ​របស់​យើង​។ការ​គាំទ្រ​ពី​សហ​គមន៍ ​និង​ដៃគូ​គឺជា​រឿង​ចាំ​បាច់​សម្រាប់​ការកា​រ​ពារ និង​អភិរក្ស​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​លើ​ប្រភេទ​សត្វ​ស្លាប​កម្រ​»​។​

​លោក​បាន​បន្ត​ថា តាម​រយៈ​បទ​ពិសោធ​ន៍នេះ​ បង្ហាញ​ពី​ការ​អនុវ​ត្តប្រកប​ដោយ​និរន្តរ​ភាព​ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​អភិ​រក្ស​សត្វ​ព្រៃ និ​ង​លើក​កម្ពស់​​ជីវភាព​រស់នៅ​របស់​សហ​គម​ន៍​ប្រកប​ដោយ​និរន្តរ​ភាព​ផង​ដែរ​។ 

​អ្នក​ស្រី ផៃ​ ណៃ ជា​ស្ត្រី​ជន​ជាតិដើ​ម​ភាគ​តិច​ព្នង​នៅតំ​បន់​នោះ​ បាន​លើក​ឡើង​ពី​ការ​ចាប់​អារម្មណ៍​ជា​មួយ​នឹង​ប្រភេទ​សត្វ​ស្លាប​កម្រ ​ខណៈ​នៅ​តំបន់​ក្បែរ​លំនៅ​ឋាន​របស់​អ្នក​ស្រី​បាន​ប្រទះឃើ​ញ​សម្បុក​សត្វ​ត្រយង​យក្ស​ដែល​ជិត​ផុត​ពូជ​នៅ​លើ​ដើម​ឈើ​។ 

​អ្នក​ស្រី និ​ង​ក្រុម​គ្រួសារ​ ក៏បាន​ចាប់​ផ្តើម​ចូល​រួម​​ក្នុង​កា​រអភិរក្ស​ជា​មួយ​ក្រុម​ស្រាវ​ជ្រាវ​សត្វ​ព្រៃ​របស់​អង្គការ WCS​ដើម្បី​បញ្ជាក់​តំបន់​នេះ​ថា​ជាទី​តាំង​សម្បុក​ដ៏​សំខាន់​សម្រាប់​សត្វ​ត្រយង​យក្ស ​និង​សត្វ​ត្រយង​តូច​ ក្នុង​ការ​ដាក់​ប​ញ្ចូល​ទៅ​កម្មវិធី​ការ​ពារ​សម្បុក​សត្វ​ស្លាប​របស់​អង្គ​ការ ​WCS​។​

​ក្រោយ​ពី​បាន​ដាក់​តំបន់​នេះ​ប​ញ្ចូល​ទៅ​កម្មវិធី​ការពារ​សម្បុក​សត្វ​ស្លាប​ហើយ ​អ្នកស្រី​ ផៃ ណៃ និង​ក្រុម​គ្រួសារ​បាន​ក្លាយ​ទៅជា​អ្នក​ការ​ពារ​សម្បុក​សត្វ​ស្លាប​ទាំង​នេះ ​ដោយ​ទទួលបា​ន​ប្រាក់​ឈ្នួល​ប្រចាំថ្ងៃ​ចំនួន​៤,៥​ដុល្លារ​ និង​ការ​រក​ឃើញ​សម្បុក​សត្វ​ស្លាប​ទទួល​បាន​ថវិកា​ចំនួន​ ១៥ ​ដុល្លារ​។ 

​អ្នក​ស្រី​បាន​ឱ្យ​ដឹង​ដែរ​ថា ​លើស​ពី​នេះទៀត ​កម្មវិធី​ការងារ​សម្បុក​សត្វ​ស្លាប ​ក៏​បាន​ផ្ដល់​អត្ថ​ប្រយោ​ជន៍​លើ​វិស័យ​ទេស​ចរណ៍ ដែលជា​ប្រភព​ចំណូល​ប្រកប​ដោយ​និរន្តរ​ភាព​តាម​រយៈ​ការ​ងារ​អភិ​រក្ស​សត្វ​ព្រៃ​នេះ។​

​អ្នក​ស្រីផៃ​ ណៃ បាន​បញ្ជាក់​ថា​៖ «​ពីមុន​ខ្ញុំ​មិន​បាន​ដឹង​ពី​សារៈ​សំខាន់​នៃ​ប្រភេទ​សត្វព្រៃ​ជិត​ផុត​ពូជឬ​អត្ថ​ប្រ​យោជន៍​នៃ​ការ​ការពារ​ពួកវា​ទេ​។ ខ្ញុំ​ពិតជា​កោត​សរសើ​រ​ចំពោះ​វត្តមា​ន​របស់​វា និង​រំភើប​ចិត្ត​ពេល​ឃើញ​ចំនួន​សម្បុក​សត្វ​ស្លាប​មាន​ការ​កើន​ឡើង​»​។​

​សូមប​ញ្ជាក់ថា​ កម្ម​វិធី​ការ​ពារ​សម្បុក​សត្វ​ស្លាប​ដោយ​ប្រជា​សហ​គមន៍​មូល​ដ្ឋាន​នៅ​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា បាន​ចាប់​ផ្ដើម​ឡើង​ក្នុង​ឆ្នាំ​២០១៧ ​ដែល​អនុវត្ត​ដោយ​អង្គការ​សមា​គម​អភិរក្ស​សត្វ​ព្រៃ ​(WCS) ក្រោម​ការគាំទ្រ​ពី​គម្រោង​រេ​ដ​បូក​ កែវ​សីមា ​និង USAID-​មរតក​បៃតង​។ ក្នុង​នោះ​កម្មវិធី​នេះ ​បាន​ការ​ពារ​សម្បុក​សត្វ​ស្លាប​ទឹក និង​ប្រភេទ​សត្វ​ស្លាប​ហើរ​ដ៏​កម្រ​ជា​ច្រើន​ដូច​ជា​ សត្វ​ត្រយង​យក្ស ​សត្វ​ក្រៀល និង​សត្វ​ត្រដក់​តូច​ជា​ដើម​៕