
ប្រជាកសិករដែលធ្វើស្រូវសរីរាង្គនៅក្នុងខេត្តតាកែវ។ រូបថត CARDI
ភ្នំពេញៈ សហគមន៍ផលិតស្រូវសរីរាង្គបានឱ្យដឹងថា ស្រូវសរីរាង្គនៅតែបន្តលក់បានថ្លៃខ្ពស់រាល់ឆ្នាំ និងមិនដែលមានបញ្ហាទីផ្សារនោះទេ បើទោះបីជាស្ថានភាពទីផ្សារស្រូវធម្មតា មានការឡើងចុះដល់កម្រិតណាក៏ដោយ។
លោក ជាវ វិន តំណាងសហគមន៍ស្តុកស្តម្ភផលិតស្រូវសរីរាង្គ ដែលមានទីតាំងនៅភូមិត្រពាំងស្តុក ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ បានប្រាប់ឱ្យដឹងនៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៤ ថា ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ ស្រូវសរីរាង្គតែងមានតម្លៃថ្លៃជាងស្រូវធម្មតាជានិច្ច ដោយសារតែការផលិតមានការថែទាំខ្ពស់ ដែលត្រូវការប្រើកម្លាំងពលកម្មច្រើន។
លោកបានឱ្យដឹងថា៖ «ដោយសារតែការថែទាំដិតដល់ ប្រើកម្លាំងមនុស្សច្រើន ដូច្នេះតម្លៃយើងក៏ត្រូវលក់បានថ្លៃជាងស្រូវធម្មតាដែរ។ សហគមន៍យើងបានផ្គត់ផ្គង់ស្រូវសរីរាង្គនេះ នៅផ្សារទំនើបមួយចំនួន នៅទីក្រុងភ្នំពេញ ខណៈដែលមានអតិថិជនខ្លះក៏កុម្ម៉ង់យកទៅហូបដោយផ្ទាល់នៅតាមផ្ទះដែរ»។
បើតាមលោក ជាវ វិន សហគមន៍ស្តុកស្តម្ភបានចាប់ផ្តើមផលិតស្រូវសរីរាង្គនៅក្នុងឆ្នាំ ២០១២ ដោយជំនាន់នោះមានអង្គការសេដាកចុះជួយពង្រឹងតាមរយៈការផ្តល់បច្ចេកទេស ដោយសហគមន៍បានដាំដុះផ្តោតទៅលើស្រូវចំនួន ៣ ប្រភេទ រួមមាន៖ ស្រូវផ្ការំដួល ស្រូវផ្កាម្លិះក្រហម និងប្រភេទស្រូវបាយរឹងក្រហមលាក់សន្លឹក។
ចំណែកលោក ខាន់ វិជ្ជា ប្រធានសហគមន៍ត្រពាំងក្រឡាញ់ដែលជាសហគមន៍ផលិតស្រូវធម្មតា និងសរីរាង្គដែរនោះបានឱ្យដឹងថា សមាជិករបស់សហគមន៍របស់លោក មិនបានផលិតស្រូវសរីរាង្គទាំងអស់គ្នានោះទេគឺមានប្រមាណតែ ៣០ ទៅ ៤០ ភាគរយនៃសមាជិកសរុបជាង ១០០ គ្រួសារប៉ុណ្ណោះដែលផលិត ដោយសារតែការផលិតស្រូវសរីរាង្គនេះ ត្រូវមានការថែទាំខ្ពស់ ទើបបានផល។
លោកបញ្ជាក់ថា៖ «ស្រូវសរីរាង្គ ផលិតបានក្នុងមួយហិកតាបានត្រឹមតែ ៣ តោនប៉ុណ្ណោះ ខណៈស្រូវធម្មតាគេផលិតបានច្រើនជាងនេះ។ ហេតុនេះទើបគេមិនសូវធ្វើស្រូវសរីរាង្គ ប៉ុន្តែឱ្យមានតែស្រូវ មិនខ្វះទេរឿងទីផ្សារ ហើយលក់បានថ្លៃទៀត»។
លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទថ្លែងប្រាប់ឱ្យដឹងថា កសិករផលិតស្រូវសរីរាង្គ អាចលក់ស្រូវបានតម្លៃថ្លៃខណៈដែលកម្ពុជា គឺជាប្រទេសមួយ ដែលមានអំណោយផលសម្រាប់ការធ្វើកសិកម្មតាមបែបសរីរាង្គ ហើយបច្ចុប្បន្ន ក៏កំពុងមានការជំរុញការដាំដុះ និងនាំចេញកសិផលប្រភេទនេះទៅកាន់ទីផ្សារពិភពលោកកាន់តែច្រើនផងដែរ។
លោកបញ្ជាក់ថា៖ «កាលពីមុនកម្ពុជាអាចផលិតស្រូវសរីរាង្គបានតែប្រហែល ១០០ តោន ក្នុង ១ ឆ្នាំ តែឥឡូវនេះ ១ ឆ្នាំអាចផលិតបានដល់ ១ ម៉ឺនតោន និងមានការនាំចេញទៅកាន់ទីផ្សារសំខាន់ៗ ជាមួយតម្លៃខ្ពស់ថែមទៀតផង»។
លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍កម្ពុជា AMRU Rice Cambodia កត់សម្គាល់ឃើញថា ដំណើរការនៃការផលិតស្រូវសរីរាង្គនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កាន់តែបង្ហាញនូវសក្តានុពល គួរឱ្យកត់សម្គាល់ដោយនៅជំហានដំបូងកម្ពុជាមានលទ្ធភាពផលិតស្រូវសរីរាង្គប្រមាណ ១០០ តោនប៉ុណ្ណោះ ខណៈបច្ចុប្បន្ន កម្ពុជាមានលទ្ធភាពផលិតស្រូវសរីរាង្គ ក្នុងបរិមាណរហូត ១ ម៉ឺនតោនក្នុងមួយឆ្នាំ។
លោកបន្ថែមថា៖ «ទីផ្សារគោលដៅក្នុងការនាំចេញអង្ករសរីរាង្គរបស់កម្ពុជាមានដូចជា សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងជប៉ុន។ មិនថា ពិភពលោកបាននិងកំពុងស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណា ប៉ុន្តែសម្រាប់កម្ពុជា នៅតែអាចមានឱកាស ក្នុងការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារគោលដៅ ពិសេសទីផ្សារប្រទេសចិនហើយបច្ចុប្បន្នកម្ពុជា ក៏កំពុងតែមមាញឹកក្នុងការជំរុញការនាំចេញអង្ករសរីរាង្គ ទៅកាន់ទីផ្សារចិន បន្ថែមផងដែរ»។
ទោះជាយ៉ាងណា លោក សុង សារ៉ន បានលើកឡើងថា ការផលិតអង្ករសរីរាង្គរបស់កម្ពុជា ហាក់នៅមានកម្រិតនៅឡើយ នាពេលកន្លងមក។ ដូចនេះលោក និងសហព័ន្ធស្រូវអង្ករ បានជជែកគ្នាពីផែនការពង្រីកវិសាលភាពនៃការផលិតស្រូវសរីរាង្គបន្ថែមទៀតជាមួយនឹងបណ្ដាខេត្តផ្សេងទៀត ក្រៅពីខេត្តព្រះវិហាររួមមានដូចជាខេត្តមណ្ឌលគិរី កំពង់ស្ពឺ កំពង់ឆ្នាំង និងកំពតជាដើម៕