ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី ​ចេញ​ព្រះរាជក្រឹត្យ​ថ្មី​ស្ដី​ពី​គោរមងារ​ឧកញ៉ា ដោយ​មាន​ការ​កែ​ប្រែ​មួយ​ចំនួន​ធៀប​ទៅ​នឹង​ព្រះរាជក្រឹត្យ​មុន។ អ្នក​វិភាគ​មើល​ឃើញ​ថា ព្រះរាជក្រឹត្យ​នេះ​ជា​ឯកសារ​សំខាន់​សម្រាប់​គ្រប់គ្រង​អ្នក​ដែល​ទទួល​បាន​គោរមងារ​ដ៏​ខ្ពង់ខ្ពស់​នេះ។

ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​២៣ ខែតុលា បាន​ចែង​ថា ការ​ផ្ដល់​គោរមងារ​ឧកញ៉ា គឺជា​ការ​លើក​ទឹក​ចិត្ត​ដល់​រូបវន្ត​បុគ្គល​ដែល​ជា​ «ប្រជា​ពលរដ្ឋ​ខ្មែរ» ដែល​មាន​គុណ​សម្បត្តិ​ ស្នាដៃ និង​គុណ​បំណាច់​ធំធេង​ក្នុង​ការ​ចូល​រួម​អភិវឌ្ឍ​ និង​កសាង​ជាតិ។ ឋានានុក្រម​នៃ​គោរមងារ​នេះ​មាន​៣ គឺ​លោក​អ្នក​ឧកញ៉ា អ្នក​ឧកញ៉ា និង​ឧកញ៉ា។

គុណសម្បត្តិ ស្នាដៃ និង​គុណបំណាច់​ទាំង​នោះ​មាន​ដូច​ជា ​ការ​ចូលរួម​បរិច្ចាគ​ធនធាន​ជា​ថវិកា ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន ឬ​សម្ភារ​បរិក្ខារ​នានា​សម្រាប់​កិច្ចការ​សង្គម​និង​ការងារ​មនុស្សធម៌​ផ្សេងៗ ឬ​ការ​កសាង​ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធ​ធារាសាស្ត្រ វត្តអារាម អគារ​សាធារណៈ​ជាដើម ព្រម​ទាំង​របក​គំហើញ​នូវ​បច្ចេកវិទ្យា​ថ្មីៗ​ណាមួយ ឬ ស្នាដៃ​ពិសេស​ដែល​មាន​អត្ថប្រយោជន៍​សម្រាប់​សង្គមជាតិ។

មាត្រា​១៧ នៃ​ព្រះរាជក្រឹត្យ​នេះ​ចែង​ថា៖ «លោក​អ្នក​ឧកញ៉ា អ្នក​ឧកញ៉ា និង​ឧកញ៉ា ត្រូវ​គោរព​រដ្ឋធម្មនុញ្ញ ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា របស់​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាន់​ខ្ជាប់​នូវ​សីលធម៌​ល្អ ប្រកប​មុខ​របរ​ស្រប​ច្បាប់ និង​ចៀស​វាង​សកម្មភាព​ណា ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​កិត្តិយស​និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​គោរមងារ​ឧកញ៉ា»។

ព្រះរាជក្រឹត្យ​ថ្មី​នេះ និរាករណ៍​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី១១ ខែតុលា ឆ្នាំ​២០២៣ និង​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ​២០២៤ ស្ដីពី​បែប​បទ​ និង​នីតិវិធី​នៃ​ការ​ស្នើ​សុំ​គោរមងារ​ឧកញ៉ា និង​បទប្បញ្ញត្តិ​ដែល​ផ្ទុយ​ពី​ព្រះរាជក្រឹត្យ​ថ្មី​នេះ។

នៅ​ក្នុង​ព្រះរាជក្រឹត្យ​កាល​ពី​ខែ​តុលា​ឆ្នាំ​មុន គោរមវន្ត​ (អ្នក​ទទួល​បាន​គោរមងារ​ឧកញ៉ា) អាច​ត្រូវ​បាន​បញ្ចប់​តាម​រយៈ​ការ​សុំ​លា​លែង​ពី​គោរមងារ​ឧកញ៉ា​ដោយ​ស្ម័គ្រចិត្ត ឬ ក្នុង​ករណី​មិន​បំពេញ​កាតព្វកិច្ច​បង់​វិភាគទាន​ប្រចាំ​ឆ្នាំ​រយៈ​ពេល​៣​(បី)​ឆ្នាំ​ជាប់​គ្នា​ដោយ​គ្មាន​មូលហេតុ។ នៅ​ក្នុង​ព្រះរាជក្រឹត្យ​ថ្មី​នេះ មិន​មាន​ចែង​អំពី​ការ​បង់​វិភាគ​ទាន​ប្រចាំ​ឆ្នាំ​ទេ។ បើ​តាម​អនុក្រឹត្យ​ចាស់​ដែល​ត្រូវ​បាន​និរាករណ៍ លោក​អ្នក​ឧកញ៉ា​ត្រូវ​បង់​វិភាគ​ទាន​ប្រចាំ​ឆ្នាំ ៤០០​រយ​លាន​រៀល (១០​ម៉ឺន​ដុល្លារ), អ្នក​ឧកញ៉ា​បង់​វិភាគទាន ៦០​លាន​រៀល (១ម៉ឺន​៥ពាន់​ដុល្លារ) និង​ឧកញ៉ា​បង់​ ៣២​លាន​រៀល (៨ពាន់​ដុល្លារ)។

ការ​បញ្ចប់​គោរមងារ​ឧកញ៉ា​ក៏​ធ្វើ​ឡើង​ក្នុង​ករណី​ដែល​រូបវន្ត​បុគ្គល​ដែល​មាន​គោរមងារ​នេះ​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទឧក្រិដ្ឋ​ឬ​បទ​មជ្ឈិម​ណាមួយ ឬ​ល្មើស​នឹង​ខ្លឹមសារ​នៃ​ព្រះរាជក្រឹត្យ​នេះ។ 

ព្រះរាជក្រឹត្យ​​ថ្មី​នេះ ក៏​តម្រូវ​ឲ្យ​​មន្ត្រី​រាជការ​ស៊ីវិល មន្ត្រី​នគរបាល​ជាតិ និង​យោធិន ដែល​កំពុង​បំពេញ​ការងារ​តាម​ក្រសួង ស្ថាប័ន​នានា​របស់​រដ្ឋ ដែល​ទទួល​បាន​គោរមងារ​ឧកញ៉ា​ពី​មុន​ ត្រូវ​ស្នើ​សុំ​លា​ឈប់​ប្រើ​ប្រាស់​គោរមងារ​ឧកញ៉ា ឬ​លា​ឈប់​ពី​ក្របខណ្ឌ​​ទាំងនោះ​ភ្លាមៗ​បន្ទាប់​ថ្ងៃ​ចេញ​អនុក្រឹត្យ​នេះ។

ចំពោះ​ទំហំ​ទឹក​ប្រាក់​នៃ​ការ​ផ្ដល់​អំណោយ​ដែល​ត្រូវ​ផ្ដល់​គោរមងារ​ឧកញ៉ា​ នឹង​មាន​ចែង​នៅ​ក្នុង​អនុក្រឹត្យ​ដាច់​ដោយ​ឡែក។ យោង​តាម​អនុក្រឹត្យ​ចាស់ ដែល​ចេញ​កាល​ពី​ខែ​មិថុនា ឆ្នាំ២០២៤​ ការ​ផ្ដល់​អំណោយ​ដែល​ត្រូវ​ផ្ដល់​គោរមងារ​ឧកញ៉ា​តាម​លំដាប់​ទាំង​៣ គឺ ១៦​ប៊ីលាន​ (៤​លាន​ដុល្លារ) សម្រាប់​លោក​អ្នក​ឧកញ៉ា, ៤ប៊ីលាន (១លាន​ដុល្លារ)​ សម្រាប់​អ្នក​ឧកញ៉ា និង ២ប៊ីលាន​ (៥០ម៉ឺន​ដុល្លារ)​ សម្រាប់​ឧកញ៉ា បន្ថែម​លើ​សមិទ្ធផល​ផ្សេង​ទៀត។

ព្រះរាជក្រឹត្យ​ថ្មី​នេះ​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ចេញ​ ដោយ​យល់​ឃើញ​សេចក្ដី​ក្រាប​ទូល​ថ្វាយ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត។

មួយ​រយៈ​ពេល​ចុងក្រោយ​នេះ មាន​ករណី​បទ​ល្មើស​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​នឹង​ឧកញ៉ា​មួយ​ចំនួន​តូច ដូចជា​ករណី​បាញ់​ប្រហារ​សម្លាប់​មនុស្ស​ពីរ​នាក់​ដោយ​អតីត​ឧកញ៉ា ស្រី ស៊ីណា, ករណី​ឆបោក​នៅ​ខេត្ត​សៀមរាប ដោយ​អតីត​ឧកញ៉ា ឡេង ចាន់ណា, ករណី​បាញ់​បោះ​នៅ​ក្លឹប​កម្សាន្ត​ដោយ​អតីត​ឧកញ៉ា ខុន បញ្ចសិទ្ធិ ជាដើម។

លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា យល់​ឃើញ​ថា ព្រះរាជក្រឹត្យ​ស្ដី​ពី​គោរមងារ​ឧកញ៉ា​នេះ គឺ​ជា​ឯកសារ​ច្បាប់​ដ៏​សំខាន់​មួយ​ដែល​ចែង​ច្បាស់​លាស់​អំពី​ការ​ផ្ដល់​គោរមងារ​នេះ។ 

លោក​ថ្លែង​ថា ព្រះរាជក្រឹត្យ​នេះ​ធានា និង​រក្សា​គុណ​តម្លៃ​របស់​រូបវន្ត​បុគ្គល​ដែល​ទទួល​បាន​គោរមងារ​នេះ ជា​ពិសេស​មាត្រា​១៧​ដែល​ចែង​អំពី​សិទ្ធិ​ និង​កាតព្វកិច្ច​របស់​អ្នក​ដែល​ទទួល​បាន​គោរមងារ​ឧកញ៉ា។ ដើម្បី​រក្សា​គុណតម្លៃ​នៃ​ព្រះរាជក្រឹត្យ​នេះ មានតែ​ការ​អនុវត្ត​ព្រះរាជក្រឹត្យ​នេះ​ឲ្យ​បាន​ត្រឹម​ត្រូវ និង​ត្រូវ​មាន​យន្តការ​ត្រួត​ពិនិត្យ ក៏ដូចជា​ការ​ទទួល​មតិ​ត្រឡប់​ពី​ពលរដ្ឋ​ពាក់​ព័ន្ធ​នឹង​បុគ្គល​ដែល​ទទួល​បាន​គោរមងារ​នេះ។

ស្រដៀង​គ្នា​នេះ លោក ឈត ប៊ុនថង អ្នក​ជំនាញ​ផ្នែក​ទំនាក់​វប្បធម៌ អប់រំ និង​ទេសចរណ៍​ នៃ​រាជបណ្ឌិត​សភា​កម្ពុជា  បាន​ថ្លែង​ថា ព្រះរាជក្រឹត្យ​នេះ​គឺជា​មូលដ្ឋាន​ក្នុង​ការ​កំណត់​ទៅ​លើ​ការ​វាយ​តម្លៃ​សម្រាប់​ផ្ដល់​គោរមងារ​នេះ​ទៅ​លើ​រូបវន្ត​បុគ្គល​ដែល​សក្ដិសម​ទទួល​បាន។ 

លោក​ថា កាល​ពី​សម័យ​មុន អ្នក​ទទួល​បាន​គោរមងារ​នេះ​ភាគ​ច្រើន​មន្ត្រី​រាជការ​ដែល​មាន​ឋានៈ​ខ្ពស់ៗ ដែល​មាន​ស្នាដៃ និង​គុណវុឌ្ឍិ ក្រមសីលធម៌ គុណធម៌​ កិត្តិយស។ ប៉ុន្តែ សម័យ​ក្រោយៗ​មក គោរមងារ​នេះ​ត្រូវ​បាន​ផ្ដល់​ទៅ​ដល់​អ្នក​ជំនួញ​ដែល​មាន​ស្នាដៃ ជា​ពិសេស​នៅ​សម័យ​បច្ចុប្បន្ន។

លោក​បន្ត​ថា៖ «នៅ​លើ​ជ្រុង​អវិជ្ជមាន កន្លង​មក​មាន​គោរមវន្ត យក​ងារ​ជា​ឧកញ៉ា​ធ្វើ​ជា​ខ្នង​បង្អេក​ទៅ​រក​ស៊ី ឬ​ប្រព្រឹត្ត​ខុស​ច្បាប់​ មាន​ជា​ហែហូរ។ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​ខូច​ដល់​ងារ​ឧកញ៉ា​នេះ ត្រូវ​តែ​មាន​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង។ គាត់​មាន​បុព្វសិទ្ធិ​ពិសេស ប៉ុន្តែ​មិន​មែន​ដើម្បី​ទៅ​ប្រព្រឹត្ត​បទ​ល្មើស ឬ​រក​ស៊ី​ខុស​ច្បាប់​ បំភ័យ កេងប្រវ័ញ្ច​ប្រជាពលរដ្ឋ​ទេ។ ជន​សាមញ្ញ​ក៏​ដោយ មន្ត្រីរាជការ​ក៏ដោយ ឧកញ៉ា​ក៏​ដោយ ត្រូវ​តែ​ស្ថិត​នៅ​ក្រោម​ច្បាប់»៕