ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)​ ផ្ដល់​កម្ចី​ចំនួន​ ៨0 លាន​ដុល្លារ​ដល់​កម្ពុជា​ដើម្បី​ពង្រឹង​ការ​អប់រំ​កម្រិត​មធ្យម​សិក្សា​ដោយ​ផ្តោត​លើ​ជំនាញ​ចាំ​បាច់​សម្រាប់​ «សតវត្សទី២១» ដូចជា​ការ​គិត​ស៊ីជម្រៅ​និង​ដោយ​ភាព​ច្នៃប្រឌិត ការ​បង្រៀន​ដោយ​បរិយាបន្ន​និង​ការ​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ការ​អប់រំ​ក្រោយ​មធ្យម​សិក្សា។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ ADB ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​ ៣១​ ខែតុលា​នេះ​ បាន​ឲ្យ​ដឹង​ថា គម្រោង​អប់រំ​ថ្នាក់​មធ្យម​សិក្សា​ដើម្បី​ពង្រឹង​សមត្ថភាព​ប្រកួត​ប្រជែង​ផ្នែក​មូលធន​មនុស្ស​នេះ​នឹង​បង្កើន​ចំនួន​អគារសិក្សា​ដែល​ធន់​នឹង​អាកាសធាតុ​ប្រកប​ដោយ​បរិយាបន្ន ការ​ដោះស្រាយ​ស្ថានភាព​ចង្អៀត​ក្នុង​ថ្នាក់​រៀន​តាម​រយៈ​ការ​សាង​សង់​បន្ទប់​បន្ថែម និង​ការ​ពង្រីក​លទ្ធភាព​ទទួល​បាន​ការ​អប់រំ​មធ្យម​សិក្សា​ទុតិយភូមិ​ប្រកប​ដោយ​គុណភាព។

យោង​តាម​ ADB ចំនួន​ចុះ​ឈ្មោះ​ចូល​រៀន​សម្រាប់​ការ​សិក្សា​មធ្យម​សិក្សា​ទុតិយភូមិ​នៅ​មាន​អត្រា​ទាប​នៅ​ឡើយ​ ដោយសារ​កត្តា​មួយ​ចំនួន​ដូចជា​អគារសិក្សា​មិន​គ្រប់​គ្រាន់​និង​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ​ដែល​តម្រូវ​ឲ្យ​ក្មេងៗ​ត្រូវ​រួម​ចំណែក​រក​ប​ប្រាក់​ចំណូល​សម្រាប់​គ្រួសារ។

សម្រាប់​ការ​បណ្ដុះ​បណ្ដាល​គ្រូ​បង្រៀន​ត្រូវ​ការ​ការ​បណ្តុះបណ្តាល​និង​ការ​គាំទ្រ​បន្ថែម​ដើម្បី​អភិវឌ្ឍ​ជំនាញ​និង​សមត្ថភាព​ឱ្យ​ឆ្លើយ​តប​នឹង​តម្រូវការ​ដើម្បី​បង្រៀន​សិស្ស​បច្ចុប្បន្ន។ សម្រាប់​សិស្ស​ដែល​ត្រូវការ​ការ​អប់រំ​ពិសេស​ ពួក​គេ​ប្រឈម​នឹង​ឧបសគ្គ​កាន់តែ​ខ្លាំង​ដើម្បី​ទទួល​បាន​ការ​អប់រំ​មធ្យម​សិក្សា​ប្រកប​ដោយ​គុណភាព។

លោកស្រី  Jyotsana Varma នាយិកា​ ADB ​ប្រចាំ​កម្ពុជា បាន​ថ្លែង​ថា៖ «កម្ពុជា​ត្រូវ​ពន្លឿន​ការ​ផ្លាស់​ប្តូរ​ទៅ​រក​សកម្មភាព​សេដ្ឋកិច្ច​ដែល​បន្ថែម​តម្លៃ​ខ្ពស់​ ជាពិសេស​សកម្មភាព​ដែល​ជំរុញ​ដោយ​បច្ចេកវិទ្យា​ដើម្បី​រក្សា​សមត្ថភាព​ប្រកួត​ប្រជែង​ជា​សកល​និង​ពង្រឹង​វឌ្ឍនភាព​សេដ្ឋកិច្ច​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​របស់​ខ្លួន​កន្លង​មក​នេះ»។ 

លោក​ស្រី​បន្ត​ថា៖ «កម្លាំង​ពលកម្ម​ប្រកប​ដោយ​ជំនាញ​និង​ការអប់រំ​គឺ​ជា​តម្រូវ​ការ​មូលដ្ឋាន​ដើម្បី​សម្រេច​បាន​គោលដៅ​នេះ។​ ឈរ​លើ​សមិទ្ធផល​នៃ​ការ​វិនិយោគ​ជា​បន្ត​បន្ទាប់​របស់​ ADB ក្នុង​វិស័យ​អប់រំ​និង​អភិវឌ្ឍន៍​ជំនាញ​គម្រោង​នេះ​មាន​គោល​បំណង​ពង្រីក​សក្ដានុពល​នៃ​ចំនួន​ពលរដ្ឋ​វ័យក្មេង​របស់​កម្ពុជា​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​នា​ពេល​អនាគត»។

យោង​តាម​ ADB ​គម្រោង​នេះ​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លទ្ធភាព​ទទួល​បាន​ការ​អប់រំ​ជាពិសេស​សម្រាប់​សិស្សានុសិស្ស​ដែល​មាន​ពិការភាព​ក្នុង​ការសិក្សា​តាម​រយៈ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ជំនួយ​និង​ការ​គាំទ្រ​ដល់​សាលា​មធ្យម​សិក្សា​អប់រំ​ពិសេស, លើក​កម្ពស់​ការអប់រំ​លើ​មុខវិជ្ជា​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​វិស្វកម្ម​និង​គណិតវិទ្យា (STEM) និង​ការ​អភិវឌ្ឍ​ជំនាញ​ទន់​ដូចជា​ការ​ទំនាក់​ទំនង​ ការ​សហការ​និង​ការ​គិត​ប្រកប​ដោយ​ស៊ីជម្រៅ និង​ដោយ​ភាព​ច្នៃ​ប្រឌិត​សម្រាប់​សិស្សានុសិស្ស៕