ភ្នំពេញៈ ភ្ញៀវបរទេសជាង ៧៧ម៉ឺននាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរនៅក្នុងរយៈពេល ១០ខែ ឆ្នាំ ២០២៤ ដែលជួយឱ្យគ្រឹះស្ថានអង្គរប្រមូលប្រាក់បានជិត ៣៦ លានដុល្លារ ដោយកើនឡើងជិត ៣០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣។ នេះបើយោងតាមទិន្នន័យរបស់គ្រឹះស្ថានអង្គរ។
គ្រឹះស្ថានអង្គរ គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលត្រូវបង្កើតឡើងកាលពីឆ្នាំ២០១៦ ដោយស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃក្រសួងទេសចរណ៍ និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ការប្រមូលចំណូលរបស់គ្រឹះស្ថានអង្គរ គឺរួមមាន រមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ, និងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀស។ សម្រាប់តម្លៃតម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ប្រភេទ គឺសំបុត្រចូលទស្សនា ១ថ្ងៃមានតម្លៃ ៣៧ដុល្លារ, រយៈពេល ៣ថ្ងៃតម្លៃ ៦២ដុល្លារ និង ៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ។
សេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ចេញផ្សាយក្នុងថ្ងៃទី០១ ខែវិច្ឆិកា នេះបានឱ្យដឹងថា ចាប់ពីខែមករា-ដល់ខែដំណាច់ខែតុលា ឆ្នាំ២០២៤ មានភ្ញៀវបរទេសចំនួន ៧៧៤ ២០៣ នាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលចំនួននេះគឺកើនឡើង ២៨,៤៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។
ចំណែកទឹកប្រាក់ដែលទទួលបាន គឺចំនួន ៣៥,៩៩ លានដុល្លារ កើនឡើង ២៩,០៧ភាគរយ។
សេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ឱ្យដឹងទៀតថា ក្រៅពីចំណូលពីការលក់សំបុត្រឱ្យភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថាននេះក៏រកប្រាក់បាន ២២៨ ៦៧៥ ដុល្លារពីភ្ញៀវបរទេសទិញសំបុត្រចូលទស្សនាតំបន់ប្រាសាទកោះកែរ ចំនួន ១៥ ២៤៥ នាក់ និង ៦០៨ ២១៦ ដុល្លារពីការលក់សំបុត្រទូកនៅកំពង់ផែចុងឃ្នៀស(ខេត្តសៀមរាប)។
ទិន្នន័យក្រសួងទេសចរណ៍ បង្ហាញថា នៅក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវបរទេសសរុប ៤,៨ លាននាក់ កើនឡើង ២២,២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា លោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ នេះលោកសង្កេតឃើញចំនួនភ្ញៀវទេសចរបរទេសដែលធ្វើដំណើរមកដើរកម្សាន្តនៅខេត្តសៀមរាប បានកើនឡើងបើធៀបនឹងឆ្នាំមុន ប៉ុន្តែអត្រាកំណើនគឺមិនហក់ឡើងខ្ពស់ទេ ទោះបីរដូវកាលភ្ញៀវទេសចរចេញដើរកម្សាន្ត(High Season)បានចាប់ផ្តើមរយៈពេល ១ខែមកហើយក៏ដោយ។
ជាទូទៅចាប់ពីដើមខែតុលា ដល់ខែមីនានៃឆ្នាំនីមួយៗត្រូវបានចាត់ទុកជាអំឡុងពេលភ្ញៀវទេសចរបរទេស ពិសេសភ្ញៀវតំបន់អ៊ឺរ៉ុប និងអាមេរិក-កាណាដា ធ្វើដំណើរកម្សាន្តច្រើនបំផុត។
លោកបន្ថែមថា៖«ទោះតួលេខចំនួនភ្ញៀវទេសចរបរទេសចូលមកប្រទេសកម្ពុជាមានចំនួនច្រើន ប៉ុន្តែសម្រាប់ភ្ញៀវបរទេសដែលមកដើរលេងក្នុងខេត្តសៀមរាបជាក់ស្តែងគឺមិនទាន់ច្រើនទេ បើគិតត្រឹមចុងខែតុលា។
ការណ៍នេះ អាចដោយសារស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនទាន់ល្អដូចមុនឆ្នាំ២០២០ ខណៈជើងហោះហើរផ្ទាល់មកកាន់ព្រលានយន្តហោះខេត្តសៀមរាប ក៏មិនមានច្រើនដូចមុនវិបត្តិកូវីដ១៩ ដែរ»។
ទោះយ៉ាងណា លោកកត់សម្គាល់ឃើញថា ក្នុងខែវិច្ឆិកានេះសម្ទុះភ្ញៀវទេសចរបរទេសទេសធ្វើដំណើរមកកម្សាន្តនៅក្នុងខេត្តសៀមរាបគឺកលនឡើងខ្ពស់ ដោយមគ្គុទ្ទេសក៍ទេសចរមួយចំនួនត្រូវបានភ្ញៀវកក់ពេញ ១ខែតែម្តង។
ប្រសិនបើស្ថានភាពបែបនេះអូសបន្លាយរហូតដល់ចុងរដូវកាលសម្បូរភ្ញៀវ គឺល្អណាស់សម្រាប់មគ្គុទ្ទេសក៍ទេសចរ ក៏ដូចជាអ្នកដែលរកចំណូលផ្ទាល់ និងប្រយោលពីវិស័យទេសចរណ៍។
លោកនិយាយថា៖«ជាក់ស្តែងក្នុងពេលនេះខ្ញុំកំពុងស្ថិតលើទូកជូនភ្ញៀវនៅតំបន់ចុងឃ្នៀស។ ក្នុងខែវិច្ឆិកានេះ ខ្ញុំទទួលបានភ្ញៀវទេសចរបរទេសកក់ចំនួន ២៥ថ្ងៃ ខណៈមគ្គុទ្ទេសក៍ទេសចរខ្លះទទួលបាន ៣០ ថ្ងៃពេញតែម្តង។ ប៉ុន្តែសម្រាប់ខែធ្នូ ខាងមុខ ខ្ញុំទើបទទួលបានការកក់ចំនួនជាង ១០ថ្ងៃប៉ុណ្ណោះ»។
ប្រធានសមាគមមគ្គុទេសក៍ទេសចរណ៍ភាសាចិនកម្ពុជា(ខេត្តសៀមរាប) លោក អនហេង សុភ័ក្រ បាននិយាយថា ការថយចុះចំនួនជើងហោះហើរផ្ទាល់ពីបរទេសមកកាន់ខេត្តសៀមរាបបើធៀបនឹងមុនមានវិបត្តិកូវីដ១៩ កំណើនសេដ្ឋកិច្ចពិភពលោកមិនទាន់រឹងមាំ ព្រមទាំងជម្លោះភូមិសាស្រ្តនយោបាយ និងសង្គ្រាមនៅប្រទេសមួយចំនួន បានធ្វើឱ្យវិស័យទេសចរណ៍អន្តរជាតិមិនទាន់ល្អប្រសើរដូចមុនឆ្នាំ២០២០ ឡើយ។
លោកបន្តថា សម្រាប់ភ្ញៀវបរទេសធ្វើដំណើរមកកម្ពុជាក៏មិនទាន់មានចំនួនច្រើនដូចមុនឆ្នាំ២០២០ ដែរ។
លោកប្រាប់ថា៖«ចំនួនភ្ញៀវបរទេសមកកម្ពុជាបានកើនឡើងបើធៀបនឹងរយៈពេល ៣ឆ្នាំមុន។ យើងរំពឹងថាកំណើននេះនឹងបន្តភាពវិជ្ជមានកាន់តែខ្លាំងចាប់ពីចុងឆ្នាំ២០២៤ នេះតទៅ។ ភ្ញៀវបរទេសមកទស្សនាតំបន់ប្រាសាទក្នុងខេត្តសៀមរាប មានភាគច្រើនមកពីអាមេរិក អ៊ឺរ៉ុប និងតំបន់អាស៊ីមួយចំនួន»។
ក្នុងឆ្នាំ២០២៣ មានភ្ញៀវទេសចរបរទេសចំនួន ៧៩៨ ០៦៩នាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង ១៧៧,៦៣ភាគរយបើធៀបនឹងឆ្នាំ២០២២ ចំណែកទឹកប្រាក់ដែលប្រមូលបានពីការលក់សំបុត្រ មានសរុប ៣៧ ១៩៨ ៩៨៨ដុល្លារ កើនឡើង ២២២,៦៨ភាគរយ។
ក្រៅពីចំណូលខាងលើ គ្រឹះស្ថានអង្គរ ក៏ទទួលបានភ្ញៀវ ១៤ ៨០៦នាក់ ស្មើនឹងប្រាក់ ២២២ ០៩០ដុល្លារពីការលក់សំបុត្រឱ្យភ្ញៀវបរទេសចូលទស្សនាតំបន់ប្រាសាទកោះកែរ, និងប្រាក់ចំនួន ៥៦៤ ៦៧១ដុល្លារ ពីការលក់សំបុត្រទូកនៅកំពង់ផែចុងឃ្នៀស។ នេះបើយោងតាមគ្រឹះស្ថានអង្គរ។
នៅក្នុងឆ្នាំ២០១៩ ដែលជាពេលប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរបរទេសច្រើន គឺជាង ៦,៦លាននាក់ ប្រាក់ចំណូលដែលគ្រឹះស្ថានអង្គររកបានមានចំនួនជាង ៨០,៧លានដុល្លារ៕