លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាលកំពុង«សិក្សាឡើងវិញ» និង «កំណត់លក្ខខណ្ឌ» នៃការប្រើប្រាស់ដី កំណត់ទីតាំងភូមិសាស្ត្រ និងទួលបុរាណនានា ដើម្បីធានាតុល្យភាពរវាងការថែរក្សាសម្បត្តិវប្បធម៌ និងជីវភាពប្រជាពលរដ្ឋទាំង ១១៤ភូមិក្នុងតំបន់នេះ។
លោក ហ៊ុន ម៉ាណែត ថ្លែងអំពីស្ថានភាពនៃតំបន់អង្គរដែលអ្នកនៅរស់នៅតំបន់នេះនៃខេត្តសៀមរាប ហៅថា តំបន់អប្សរា នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំបន្ត របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៦ ខែវិច្ឆិកា។
លោកថ្លែងដូច្នេះថា៖ «កន្លែងណាដែលប្រជាពលរដ្ឋអាចរស់នៅបាន ហើយកន្លែងណាដែលយើងត្រូវដាច់ខាតការពារ។ ថ្ងៃមុន កិច្ចប្រជុំហ្នឹងបានកែសម្រួលឲ្យចេញពីបារាយណ៍ ត្រូវចេញឲ្យអស់។ [យើងត្រូវកំណត់] កន្លែងណាដែលប្រជាជនអាចរស់នៅបាន ហើយលក្ខខណ្ឌយើងគ្រប់គ្រងតាមគោលការណ៍នគរូបនីយកម្ម និង សំណង់»។
លោកបន្តថា បើមិនមានការកំណត់កច្ខុវិស័យឲ្យបានច្បាស់ទេ ទិដ្ឋភាពនៅតំបន់នេះដែលមានទំហំ ៤០០គីឡូម៉ែត្រការ៉េ អាចមានទម្រង់ផ្សេងក្នុងរយៈពេល២០ឆ្នាំទៀត។
លោកថា៖ «សម្រាប់ប្រជាពលរដ្ឋ យើងមិនកំណត់ថាគាត់មិនអាចរស់នៅក្នុងតំបន់ ៤០០គីឡូម៉ែត្រកេរ៉េនោះទេ។ គាត់នៅច្បាស់ជាបង្កើតកូនហើយ តែយើងមិនហាមមិនឲ្យអ្នករស់នៅតំបន់នេះមិនឲ្យមានកូនទេ...។ ប្រជុំគ្នាថ្ងៃមុន យើងបានឯកភាពថា យើងត្រូវកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដីក្នុងអា ៤០០គីឡូម៉ែត្រការ៉េហ្នឹង កន្លែងណាត្រូវបន្ធូរបន្ថយយ៉ាងម៉េច ប៉ុន្តែ កុំឲ្យទៅដល់បាត់ម្ចាស់ការ ព្រោះយើងត្រូវទទួលខុសត្រូវជាមួយជំនាន់ក្រោយរបស់យើង»។
ក្រៅពីការពិនិត្យទៅលើការអនុញ្ញាតសាងសង់ លោក ហ៊ុន ម៉ាណែត ក៏បានលើកឡើងថា លោកចង់ឃើញរចនាបទនៃសំណង់ក្នុងតំបន់ដែលទទួលបានការអនុញ្ញាតសាងសង់មានលក្ខណៈជាខ្មែរ យ៉ាងហោចណាស់លក្ខខណៈពីខាងក្រៅ។
លោកស្នើឲ្យប្រជាពលរដ្ឋដែលស្ថិតនៅតំបន់នេះសហការជាមួយក្រសួងដែនដី ដើម្បីអនុវត្តគោលការណ៍ថ្មីឲ្យមានប្រសិទ្ធិភាព។
រហូតមកទល់ពេលនេះ ពលរដ្ឋរាប់ពាន់គ្រួសារដែលរស់នៅក្នុងតំបន់អប្សារត្រូវបានចែកដីឲ្យទៅរស់នៅតំបន់រុនតាឯក ក្នុងស្រុកបន្ទាយស្រី និង តំបន់ពាក់ស្នែងក្នុងស្រុកនគរធំ។
ប៉ុន្តែ សម្រាប់ប្រជាពលរដ្ឋដែលមិនប្រឈមនឹងការប្ដូរទីតាំងចេញ ពួកគេក៏តែងជួបបញ្ហាជួលជុលផ្ទះ ឬសាងសង់ផ្ទះដោយគ្មានការអនុញ្ញាតពីអាជ្ញាធរអប្សរា៕