ភ្នំពេញៈ ការ​ចុះ​ឈ្មោះ​សិស្ស​ចូល​ក្នុង​កម្មវិធី​អាហារូបករណ៍​សិស្ស​ក្រីក្រ នឹង​ចាប់​ផ្តើម​នៅ​សប្តាហ៍​ក្រោយ ហើយ​ការ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ជា​លើក​ដំបូង​នា​ថ្ងៃទី​៣០ ខែ​មករា ខាងមុខ​ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​កុមារ​ឱ្យ​ចុះ​ឈ្មោះ​ចូល​រៀន​បាន​ទាន់​ពេល​វេលា​និង​បន្ត​ការ​សិក្សា​រហូត​ដល់​បញ្ចប់​មធ្យម​សិក្សា​នៅ​គ្រឹះស្ថាន​សិក្សា ចំណេះ​ទូទៅ​សាធារណៈ។ នេះ​បើ​យោង​តាម​មូលនិធិ​ជាតិ​ជំនួយសង្គម។

កម្មវិធី​អាហារូបករណ៍​សិស្ស​ក្រីក្រ​នេះ​គឺ​ស្ថិត​ក្នុង “កម្មវិធីជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ” ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវ​ការ​នា​ខែ​មេសា ឆ្នាំ ២០២៤។ ការ​ឧបត្ថម្ភ​អាហារូបករណ៍​សម្រាប់​សិស្ស​ក្រីក្រ​នៅ​បឋម​សិក្សា​និង​មធ្យម​សិក្សា​ចំណេះ​ទូទៅ​គ្រោង​ដំណើរការ​អនុវត្ត​នៅ​ខែ​មករា ឆ្នាំ​២០២៥ ខាង​មុខ​នេះ។

មូល​និធិ​ជាតិ​ជំនួយ​សង្គម​នៃ​ក្រសួង​សង្គម​កិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា នា​ថ្ងៃទី​២៧ ខែ​វិច្ឆិកា​បាន​ជូន​ដំណឹង​ដល់​អាណា​ព្យាបាល ឬសិស្សានុសិស្ស ដែល​ស្ថិត​ក្នុង​គ្រួសារ​មាន​បណ្ណ​សមធម៌ ក្រីក្រ១ និង​ក្រីក្រ​២ ទៅ​ធ្វើ​ការចុះ​ឈ្មោះ​​ចូល​ក្នុង​កម្មវិ​ធី​ជាតិ​ជំនួយ​សង្គម ក្នុង​កញ្ចប់គ្រួសារ ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤តទៅ​ «ដើម្បីការ​អនុវត្ត​កម្មវិធី​អាហារូបករណ៍​ស​ម្រាប់​សិស្សក្រីក្រ​នៅ​បឋមសិក្សា និង​មធ្យម សិក្សាចំណេះទូទៅ នៃកម្មវិធី​ជាតិ​ជំនួយសង្គម ដំ​ណើរ​ការ​ទាន់​ពេល​វេលា និងប្រកបដោយប្រសិទ្ធភាព»។

ក្នុងការចុះឈ្មោះនេះ សិស្សានុសិស្ស ត្រូវទៅ​ជួប​មន្ត្រី​កម្មវិធី​នៅ​តាម​សាលារៀន ដែល​ខ្លួន​កំពុង​សិក្សា ដោយ​ភ្ជាប់​ទៅ​ជាមួយ​បណ្ណ សមធម៌​ច្បាប់ដើម នៅមាន​សុពលភាព និង​លិខិត​ចុះ​ឈ្មោះ​ចូល​រៀន ដើម្បី​ធ្វើ​ការ​បញ្ជាក់​ការចុះឈ្មោះ​ចូល​រៀន ក្នុងប្រព័ន្ធអែប (App) របស់​កម្មវិធីជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ។ បន្ទាប់​មកទៀត ត្រូវ​ទៅ​ជួប​មន្ត្រីកម្មវិធី​នៅ​សាលា​ឃុំសង្កាត់ ដោយ​ភ្ជាប់​ទៅ​ជាមួយ​នូវ​បណ្ណ​សមធម៌​ច្បាប់ដើម នៅ​មាន​សុពលភាព និង​លិខិត​ចុះ​ឈ្មោះ​ចូល​រៀន ដើម្បីចុះឈ្មោះចូលក្នុងកម្មវិធី។

មូល​និធិជាតិ ជំនួយសង្គម បានបញ្ជាក់ថា បើកផ្តល់ប្រាក់ឧបត្ថម្ភអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យម​សិក្សា​ចំ​ណេះ ទូទៅ នៃកម្មវិធីជាតិជំនួយសង្គម លើកដំបូង គឺធ្វើឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។

សិក្សានុសិស្សនៅកម្រិតបឋមសិក្សា និងនៅមធ្យមសិក្សាបឋមភូមិ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ២ម៉ឺនរៀល ក្នុង១ខែ និងនៅកម្រិតមធ្យមសិក្សាទុតិយភូមិ ទទួលបានចំនួន ​៣ម៉ឺនរៀលក្នុង១ខែ។  

មូល​និធិបានណែនាំថា ​សិស្សានុសិស្សត្រូវ​ទៅធ្វើបច្ចុប្បន្នភាពនៅរៀងរាល់ដើម​ឆ្នាំសិក្សា​នៅសាលារៀន ដោយ​ភ្ចាប់​ជា​មួយបណ្ណសមធម៌ ដែលមានសុពលភាព និងចូលរៀនឱ្យបាន ៨០ ភាគរយ នៃវត្តមាន ដើម្បី​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​នា​ឆ្នាំ​បន្ទាប់។

កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ បានបង្កើត និង​ដាក់​ឱ្យ​អនុវត្ត​ចាប់​ពី​ខែមេសា ឆ្នាំ​២០២៤ ដែលជា​ការធ្វើ​សមា​ហរណកម្ម កម្មវិធីជាតិជំនួយសង្គមចំនួន៤។ ក្នុងនោះរួមមាន កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និង​កុមារ​អាយុក្រោម ២ឆ្នាំ ដែលបច្ចុប្បន្នមានអ្នកទទួលផលសរុបចំនួនប្រមាណ ៣៧ ម៉ឺននាក់ និងកម្មវិធីអាហារូបករណ៍​សម្រាប់​សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សា មានសិស្សក្រីក្រ ដែលមានសិស្សទទួលផលសរុបជាង ២៦ ម៉ឺននាក់ ក្នុង​ឆ្នាំ២០២៤ និងត្រូវបានប៉ាន់ស្មានថា នឹងកើនដល់ចំនួនប្រមាណ ៤៥ ម៉ឺននាក់ ក្នុងឆ្នាំ២០២៥។

ក្រៅពីនោះ មានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពីការភាព ដែលបច្ចុប្បន្ន មានអ្នកទទួលផលចំនួន ជាង ២ម៉ឺន​នាក់ និងចុង​ក​ក្រោយ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង) បច្ចុប្បន្ន មានអ្នកទទួលផល ចំនួនប្រមាណ ៣០ម៉ឺននាក់។

យោងតាមក្រុមប្រឹក្សាជាតិគាំការសង្គមបានឱ្យដឹងថា វិសាលភាព នៃការគ្របដណ្តប់​របស់ប្រព័ន្ធគាំពារសង្គម បានរីក​ធំជាងមុនជាង ២ដង បើធៀបនឹងឆ្នាំ២០១៧ ដោយបច្ចុប្បន្ន បាននិងកំពុងគ្របដណ្តប់ពលរដ្ឋជាង ៧លាននាក់។

ការ​ចំណាយថវិកាជាតិ ក៏បានកើនឡើងធំជាងមុន ជាង ៣ ដង ពោលគឺមានទំហំថវិកាចំណាយសរុបលើ ប្រព័ន្ធ​គាំពារ​សង្គម ចំនួនជាង ១៧, ៥ ទ្រីលានរៀល ឬសមមូលនឹង ៤,៣ ប៊ីលានដុល្លារអាម៉េរិក ចាប់ តាំងពីរាជរដ្ឋាភិបាលដាក់​ចេញនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម កាលពីឆ្នាំ២០១៧មក៕