
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងភរិយា ក្នុងពិធីសូត្រមន្ត អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ហែទៅវត្តនៅខេត្តត្រាវិញ (ព្រះត្រពាំង) ទឹកដីកម្ពុជាក្រោម កាលពីថ្ងៃទី៣ ខែវិច្ឆិកា។ SHS
បុណ្យកឋិនមហាសាមគ្គីគ្រួសារខ្មែរ ដែលផ្ដួចផ្ដើមឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅដល់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ស្ថិតនៅខេត្តត្រាវិញ (អតីតខេត្តព្រះត្រពាំង) ក្នុងទឹកដីកម្ពុជាក្រោម នៅរសៀលថ្ងៃនេះ។
អ្នកប្រវត្តិសាស្ត្រលើកឡើងថា នេះជាអង្គកឋិនទានកម្រិតរដ្ឋាភិបាលលើកទី១ហើយ ចាប់ពីឆ្នាំ១៩៤៩មក និងបង្ហាញពីសាមគ្គីភាពរបស់ខ្មែរ។
អង្គកឋិនទាននេះត្រូវបានដាក់ឈ្មោះថា «អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ» ដែលមានការចូលរួមទាំងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល។ ពិធីដង្ហែអង្គកឋិននេះដឹកនាំដោយលោកស្រី ប៊ុន រានី ហ៊ុន សែន ដែលជាម្ដាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ហើយគ្រោងនឹងបញ្ចប់នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា។
ទឹកដីកម្ពុជាក្រោមត្រូវបានបារាំងកាត់ទៅឲ្យវៀតណាមនៅឆ្នាំ១៩៤៩។ បច្ចុប្បន្ននេះ កម្ពុជាក្រោមមានវត្តអារាមព្រះពុទ្ធសាសនាចំនួន ៤៦១ ក្នុងនោះខេត្តត្រាវិញ មានវត្តចំនួន១៤៣។ បើតាមទូរទស្សន៍ជាតិកម្ពុជា បច្ច័យដែលបានពីពិធីបុណ្យកឋិនទាននេះ នឹងប្រគេនដល់វត្តពោធិគិរីវង្សារាម និងវត្ត ១៤២ផ្សេងទៀត នៅក្នុងខេត្តត្រាវិញ។
លោក ដៀប សុផល សាស្ត្រាចារ្យប្រវត្តិសាស្ត្រថ្លែងថា បុណ្យកឋិនទានគឺជាបុណ្យដែលផ្ដួចផ្ដើមដោយគ្រួសារ។ ប៉ុន្តែ ករណីបុណ្យកឋិនទៅខេត្តកម្ពុជាក្រោមនេះ ត្រូវបានដាក់ឈ្មោះថា បុណ្យកឋិនទានមហាគ្រួសារខ្មែរ ព្រោះពិធីនេះត្រូវបានផ្ដួចផ្ដើមដោយនាយករដ្ឋមន្ត្រី និងមានការចូលរួមពីថ្នាក់ដឹកនាំជាច្រើនផ្សេងទៀត។
លោកថា៖ «ការធ្វើបុណ្យកឋិនទានមហាគ្រួសារខ្មែរទៅកម្ពុជក្រោមនេះ គឺជាការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំកំពូលទៅដល់ខ្មែរ មិនថាខ្មែររស់នៅទីណាទេ ទាំងខ្មែរកណ្ដាល ខ្មែរលើ និងខ្មែរក្រោម និងខ្មែរឯនាយសមុទ្រ។ ដូច្នេះបុណ្យនេះមានអត្ថន័យធំធេង ព្រោះថា ថ្នាក់ដឹកនាំយល់ថា ទោះបីខ្មែរនៅទីណាក៏ដោយ យើងជាគ្រួសារតែមួយ ខ្មែរមានឯកភាពជាតិ»។
លោកបន្តថា អស់រយៈពេលជាងច្រើនរយឆ្នាំមកហើយដែលខ្មែរមិនមានសន្តិភាព និងឯកភាពជាតិ រហូតមកដល់ពេលដែលកម្ពុជាទទួលបានសន្តិភាពចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៩។
លោក រ័ត្ន សណ្ដាប់ អ្នកជំនាញផ្នែកវប្បធម៌ខ្មែរ បានប្រាប់សារព័ត៌មានហ្វ្រេសញូវថា នេះជាលើកទីមួយហើយដែលពិធីបុណ្យកឋិនទានដែលរៀបចំទ្បើងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានធ្វើឡើងគិតចាប់តាំងពីឆ្នាំ១៩៤៩មក៕