ខណៈ​ដែល​ការ​បទ​ល្មើស​ឆបោក​តាម​អនឡាញ និង​ល្បែង​អន​ឡាញ​ខុស​ច្បាប់​ត្រូវ​បាន​បង្ក្រាប​ជា​បន្ត​បន្ទាប់ ក្រសួង​មហាផ្ទៃ​កម្ពុជា​បញ្ជាក់​ថា កម្ពុជា​គ្មាន​គោលការណ៍​ណា​មួយ​ឲ្យ​មាន​មជ្ឈមណ្ឌល​ឆបោក​អនឡាញ​នោះ​ទេ និង​ស្នើ​កិច្ច​សហប្រតិបត្តិការ​និង​ជំនួយ​ដើម្បី​បង្ក្រាប​បទ​ល្មើស​សាកល​នេះ។

ការ​បង្ក្រាប​បទ​ល្មើស​អនឡាញ​ចុង​ក្រោយ​ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី៦ ខែ​វិច្ឆិកា ​នៅ​អគារ​មួយ​កន្លែង​ក្នុង​សង្កាត់​ស្ទឹងមាន ជ័យ ​៣ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ ដែល​ជន​ល្មើស​ជនជាតិ​ចិន និង​ប៉ាគីស្ថាន​ជិត ​២០០នាក់ បាន​លួច​លាក់​ប្រព្រឹត្តិ​ល្បែង​អនឡាញ​ខុស​ច្បាប់។ នេះ​បើ​តាម​សារព័ត៌មាន​កម្ពុជា​ថ្មី។

សារព័ត៌មាន​ដដែល​បាន​ចុះ​ផ្សាយ​ថា ក្រុម​ការងារ​របស់​អគ្គស្នងការ​នគរបាល​ជាតិ បាន​ទទួល​ព័ត៌មាន​ពី​ជនរងគ្រោះ​ដែល​បាន​ប្តឹង​ថា ខ្លួន​ត្រូវ​ចាប់​បង្ខាំង​នៅ​ក្នុង​អគារ​នោះ។ ក្រោយ​ទទួល​បាន​សេចក្តី​រាយការណ៍​ភ្លាម ​កម្លាំង​សមត្ថកិច្ច​ បាន​ទៅ​ដល់​ទីតាំង​ឃើញ​សង្ស័យ​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​«ល្បែង​អនឡាញ» ព្រម​ទាំង​រក​ឃើញ​ជន​សង្ស័យ​ភាគ​ច្រើន​ជនជាតិ​ចិន និង​ប៉ាគីស្ថាន​ជិត​២០០​នាក់។

ជន​បរទេស​ទាំង​នេះ​ត្រូវ​បាន​ឃាត់​ខ្លួន និង​ត្រៀម​បណ្ដេញ​ចេញ​ពី​កម្ពុជា​ ខណៈ​ដែល​អ្នក​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ដឹកនាំ​បទ​ល្មើស​និង​ម្ចាស់​ទីតាំង នឹង​ត្រូវ​ប្រឈម​មុខ​នីតិវិធី​ច្បាប់។ នេះ​បើ​តាម​សារព័ត៌មាន​ដដែល។

នៅ​ថ្ងៃទី៦ ខែ​វិច្ឆិកា​ដែរ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ស្តាប់​របាយការណ៍​អំពី​វឌ្ឍនភាព​ការងារ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ និង​ទិស​ដៅ​ដើម្បី​អនុវត្ត​បន្ត។

លោក ទូច សុខៈ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​រដ្ឋមន្ត្រី​មហា​ផ្ទៃ បាន​បញ្ជាក់​ប្រាប់​​មន្ត្រី​សមត្ថកិច្ច​ជាន់ខ្ពស់​ដែល​ចូលរួម​ប្រជុំ​ថា កម្ពុជា​គ្មាន​គោលការណ៍​អនុញ្ញាត​ឲ្យ​មាន​មណ្ឌល​ហៅ​ទូរស័ព្ទ​ដើម្បី​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​អនឡាញ​ទេ។

លោក​ ទូច សុខៈ ថ្លែង​ដូច្នេះ​ថា៖ «ឯក​ឧត្តម​អភិសន្តិបណ្ឌិត ស សុខា លោក​បាន​បញ្ជាក់​ចំពោះ​មុខ​តួអង្គ​ពាក់ព័ន្ធ​ដែល​រួមមាន​អភិបាល​រាជធានី​ខេត្ត​ទាំង​អស់ ស្នងការ​រាជធានី​ខេត្ត​ទាំង​អស់​ថា កម្ពុជា​មិន​មាន​គោលការណ៍​បង្កើត​ឲ្យ​មាន​មណ្ឌល​ហៅ​ចេញ​ខុស​ច្បាប់​ (call centre) នៅ​លើ​ទឹកដី​កម្ពុជា​ទេ។ យើង​មានតែ​គោលការណ៍​ទប់ស្កាត់​និង​បង្ក្រាប ប៉ុន្តែ នេះ​ជា​បទល្មើស​អន្តរជាតិ​ដែល​កើត​ឡើង​ពាស​ពេញ​ពិភពលោក ហើយ​កម្ពុជា​គឺជា​ប្រទេស​រងគ្រោះ​មួយ​ក្នុង​ចំណោម​ប្រទេស​រងគ្រោះ​ជា​ច្រើន»។

លោក​បន្ត​ថា៖ «ចំពោះ​បណ្ដា​ប្រទេស​ផ្សេងៗ ប្រសិន​បើ​ប្រទេស​នោះ​មាន​លទ្ធភាព គួរ​ផ្ដល់​ជា​ជំនួយ​ដល់​កម្ពុជា ទាំង​ធនធាន​មនុស្ស ហិរញ្ញវត្ថុ ឧបករណ៍​សម្ភារៈ និង​កិច្ច​សហការ​ផ្ដល់​ព័ត៌មាន​មក​ឲ្យ​កម្ពុជា ឬ​រដ្ឋ​ផ្សេងៗ​ដើម្បី​ឈាន​ទៅ​ដល់​ការ​បង្ក្រាប។ ការ​បង្ក្រាប​នៅ​កម្ពុជា​និង​នៅ​ប្រទេស​ផ្សេងៗ​គឺជា​ការ​ជួយ​ដល់​ប្រទេស​ទាំង​នោះ​ដែល​មាន​ប្រជាជន​របស់​ខ្លួន​ជា​ជនរងគ្រោះ ឬ​ជា​ជនល្មើស»។

លោក​ ទូច សុខៈ បញ្ជាក់​ថា អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ទាំង​នេះ​គឺជា​ជនបរទេស ហើយ​ពេល​ខ្លះ​មេខ្លោង​របស់​គេ​បញ្ជា​ចេញ​ពី​បរទេស។ ចំណែក​ជនរងគ្រោះ​វិញ មិន​មែន​ជា​ជនជាតិ​កម្ពុជា​ទេ គឺ​មក​ពី​ប្រទេស​ផ្សេងៗ​រួម​មាន​ទាំង​នៅ​អឺរ៉ុប​ និង​អាមេរិក​ផង​ដែរ។

លោក​​បន្ត​ថា៖ «ដូច្នេះ សូម​ប្រទេស​នានា​កុំ​យក​រឿង​ call centre មក​ធ្វើ​ជា​អាវុធ​នយោបាយ​ដើម្បី​សង្កត់​ទៅ​លើ​រដ្ឋ​ណា​មួយ​ដែល​ខ្លួន​បាន​យក​ជា​គោលដៅ​ដើម្បី​ជា​ថ្នូរ​នឹង​លក្ខខណ្ឌ​ផ្សេងៗ​ដែល​ខ្លួន​ចង់​បាន»។

លោក ស សុខា បាន​ប្រាប់​ឲ្យ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ពង្រឹង​ការ​ស៊ើប​អង្កេត​ស្រាវជ្រាវ និង​បង្ក្រាប​មុខ​សញ្ញា​ដែល​អាច​ក្ដាប់​បាន។ អភិបាល​រាជធានី ខេត្ត ត្រូវ​ត្រួត​ពិនិត្យ​មើល​ថា​តើ​កន្លែង​ណា​ខ្លះ​មាន​អាគារ​ឬ​ទីតាំង​បើក​ល្បែង​អនឡាញ​ខុស​ច្បាប់ និង​សកម្មភាព​ឆបោក​តាម​អនឡាញ។ នេះ​បើ​តាម​លោក ទូច សុខៈ។

កាល​ពី​កន្លង​ទៅ​ថ្មីៗ លោក ស សុខា ក៏​បាន​បញ្ជាក់​ថា មាន​ជន​ខិល​ខូច​ បង្កើត​ពាក្យ​ចចាម​អារ៉ាម​ថា​លោក​នៅ​ពីក្រោយ​ ឬ​ជា​អ្នក​ជួយ​សម្រួល​ដល់​ការ​ប្រព្រឹត្ត​បទ​ល្មើស​ឆបោក និង​ចាប់​ជំរិត​តាម​អនឡាញ។ លោក​បដិសេធ​ពាក្យ​ចចាមអារ៉ាម​នេះ និង​ស្នើ​សមត្ថកិច្ច​ចាប់​អ្នក​ប្រឌិត​រឿង​មក​ប្រឈម​មុខ​ច្បាប់។

កាល​ពី​ខែ​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ​ក៏​មាន​ការ​បង្ក្រាប​បទ​ល្មើស​អនឡាញ​ដែរ​នៅ​ខេត្ត​កំពង់ស្ពឺ ដោយ​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ជា​ជនបរទេស​ប្រមាណ ១០០០​នាក់៕