
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ក្រសួងអប់រំ
ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការស្បៀងអាហារពិភពលោក (WFP) បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីជំរុញការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀន ដើម្បីធានាសុវត្ថិភាពស្បៀង និងអាហារូបត្ថម្ភនៅក្នុងតំបន់ឱ្យកាន់តែប្រសើរ។
កិច្ចពិភាក្សានេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក John Ayliefff នាយកប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការស្បៀងអាហារពិភពលោក កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២៤។
ក្រសួងអប់រំ បានបញ្ជាក់ថា កម្មវិធីស្បៀងអាហារពិភពលោកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក បាននិងកំពុងធ្វើការសហការជាមួយប្រទេសចំនួន ១៤ ពាក់ព័ន្ធនឹងកម្មវិធីផ្ដល់អាហារតាមសាលារៀន។
ក្រសួង បន្តថា អាទិភាពរបស់កម្មវិធីស្បៀងអាហារពិភពលោកនេះ មានដូចជា សុវត្ថិភាពស្បៀងនៅក្នុងតំបន់ អាហារូបត្ថម្ភ និងការអប់រំ រួមទាំងការផ្ដល់ហិរញ្ញប្បទានសម្រាប់ជួយដល់ប្រទេសនៅក្នុងតំបន់ ដើម្បីដោះស្រាយបញ្ហាចម្បងៗ។
ក្នុងឱកាសនោះដែរ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណដល់អង្គការស្បៀងអាហារពិភពលោក ចំពោះកិច្ចសហប្រតិបត្តិការក្នុងការជួយដល់សាលារៀនដែលបានអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀន។
លោកថ្លែងថា៖« ការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀននេះ ដើម្បីធានាឱ្យបាននូវសុវត្ថិភាពស្បៀងនៅក្នុងតំបន់ អាហារូបត្ថម្ភ និងការអប់រំ ដល់សិស្សានុសិស្សប្រកបដោយភាពកក់ក្ដៅ និងជឿជាក់ថាកម្មវិធីផ្ដល់អាហារតាមសាលារៀន នឹងបន្តជាចំណែកមួយយ៉ាងសំខាន់ក្នុងការជំរុញអភិវឌ្ឍន៍មូលធនមនុស្ស និងសេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា»។
បើតាមក្រសួងអប់រំ កម្មវិធីផ្តល់អាហារតាមសាលារៀននេះ ក៏ជាផ្នែកមួយ នៃការលើកកម្ពស់គុណភាពអប់រំ ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ មានគោលបំណងលើកកម្ពស់អាហារូបត្ថម្ភ និងការសិក្សារបស់កុមារក្នុងតំបន់មានភាពក្រីក្រ និងភាពងាយរងគ្រោះខ្ពស់ ដោយចូលរួមចំណែកបង្កើនការចុះឈ្មោះចូលរៀន និងកាត់បន្ថយអត្រាបោះបង់ការសិក្សានៅកម្រិតបឋមសិក្សា ព្រមទាំងចូលរួមលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ផងដែរ។
ពាក់ព័ន្ធរឿងនេះដែរ លោក ទឹម គឹមលី នាយកសាលាបឋមសិក្សាជង្រុក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានសាទរចំពោះការជំរុញឱ្យមានការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ពិសេសសាលានៅតាមតំបន់ដាច់ស្រយាលដែលកំពុងជួបបញ្ហាប្រឈម។
លោកថា៖ «នៅពេលមានកម្មវិធីដាក់ឱ្យដំណើរការនោះ ខ្ញុំយល់ថា នឹងអាចក្លាយជាដំណោះស្រាយសមស្របក្នុងការលើកកម្ពស់សុខុមាលភាពដល់សិស្សានុសិស្ស ពិសេសកុមារឱ្យទទួលបានអាហារមានអនាម័យ និងសុវត្ថិភាព»៕

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក John Ayliefff នាយកប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការស្បៀងអាហារពិភពលោក កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២៤។ ក្រសួងអប់រំ