
ក្រសួងបរិស្ថាន និងអង្គការអភិរក្សអន្តរជាតិកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងរេដបូក និងកម្មវិធីតំបន់ទេសភាពជួរភ្នំក្រវាញកណ្ដាល ដែលគំនិតផ្តួចផ្តើមរួមគ្នានេះ ដើម្បីធានាលំនឹងប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល និងធានាថា សហគមន៍មូលដ្ឋាន គឺជាអ្នកពាក់ព័ន្ធ និងតួអង្គសំខាន់ ក្នុងការចូលរួមកិច្ចគាំពារ និងអភិរក្សរយៈពេលវែង។
ពិធីប្រកាសដាក់ឱ្យដំណើរការនេះ ធ្វើឡើងកាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលខេត្ត តំណាងអង្គការដៃគូ អ្នកជំនាញ និងអ្នកសិក្សាស្រាវជ្រាវជាច្រើនរូប។ នេះបើតាមការជូនដំណឹងក្រសួងបរិស្ថាន។
នាពិធីនោះលោក ជួប ប៉ារីស៍ មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះ គឺអនុលោមជាមួយនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ របស់ក្រសួងបរិស្ថាន និងគោលដៅយុទ្ធសាស្ត្រទី៥ នៃយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដែលកំពុងប្រែក្លាយសង្គមកម្ពុជាទៅជាប្រទេសអព្យាក្រឹតកាបូន ដែលមានគម្របព្រៃឈើ ៦០ ភាគរយនៅឆ្នាំ ២០៥០។
លោកបញ្ជាក់ថា៖ «គម្រោងទាំងនេះ គឺចូលរួមបង្កើនគម្របព្រៃឈើ ភាពធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការពង្រឹងការអភិរក្ស និងការគ្រប់គ្រងធនធានធម្មជាតិ និងវប្បធម៌ និងធានានូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព»។
លោក អ៊ុ សូនី នាយកប្រចាំប្រទេសនៃអង្គការអភិរក្សអន្តរជាតិកម្ពុជា បានថ្លែងឱ្យដឹងថា អង្គការបានអនុវត្តការងារអភិរក្ស និងការពារធនធានធម្មជាតិនៅតំបន់ជួរភ្នំក្រវាញកណ្តាល អស់រយៈពេលជាងពីរទសវត្សរ៍មកហើយ ដោយបានជួយរាជរដ្ឋាភិបាលក្នុងការបង្កើតព្រៃការពារនេះ។
លោកបន្តថា៖ «ក្នុងនោះដោយមានការការវិនិយោគពីវិស័យសាធារណៈ និងឯកជន យើងបានទទួល ធនធាន ដើម្បីសម្រេចបាននូវសេចក្តីប៉ងប្រាថ្នារបស់យើង ក្នុងការអភិរក្សនិងការអភិវឌ្ឍរួមគ្នា ប្រកបដោយនិរន្តរភាពសម្រាប់មនុស្ស និងធម្មជាតិ នៅតំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល» ។
កម្មវិធីតំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល បានទទួលនូវការប្តេជ្ញាចិត្តក្នុងការផ្តល់មូលនិធិរយៈពេល ១៥ ឆ្នាំ ពីមូលនិធិកេរដំណែលតំបន់ទេសភាព (LLF) ដែលបង្កើតឡើងដោយក្រសួងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់អាល្លឺម៉ង់។
សូមបញ្ជាក់ថា អង្គការអភិរក្សអន្តរជាតិ គឺបានចាប់ដៃគូ ជាមួយ USAID-មរតកបៃតងផងដែរ ក្នុងការគាំទ្រការអនុវត្តគម្រោងរេដបូកជួរភ្នំក្រវាញកណ្តាល៕