រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពី ការអនុវត្តកម្មវិធីស្តារជីវភាពឡើងវិញសម្រាប់ការផ្លាស់ប្តូរលំនៅឋានរបស់ប្រជាជនទៅក្រុងរុនតាឯកតេជោសែន និងឃុំពាក់ស្នែង នៃស្រុកអង្គរធំ ខេត្តសៀមរាប ដើម្បីលើកកម្ពស់បរិស្ថាននៃការរស់នៅឱ្យកាន់តែប្រសើរឡើង។
យោងអនុក្រឹត្យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៤ គឺបានកំណត់អំពីប្រាក់ឧបត្ថម្ភ វិធាន នីតិវិធី និងយន្តការគ្រប់គ្រងការអនុវត្តកម្មវិធីស្តារជីវភាពឡើងវិញនេះ។
អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះគ្រួសារដែលបានស្ម័គ្រចិត្តផ្លាស់ប្តូរលំនៅឋាន និងទទួលបានក្បាលដីនៅក្រុងរុនតាឯកតេជោសែន និងឃុំពាក់ស្នែង ក្រោមការរៀបចំរបស់គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងអភិវឌ្ឍទីប្រជុំជនរុនតាឯក និងទីប្រជុំជនពាក់ស្នែង ព្រមទាំងមានបណ្ណសមធម៌មានសុពលភាព។
អនុក្រឹត្យបានបញ្ជាក់ថា៖ «ដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីកម្មវិធីនេះ គ្រួសារនីមួយៗត្រូវបំពេញគ្រប់លក្ខខណ្ឌ ដោយបានស្ម័គ្រចិត្តផ្លាស់ប្តូរលំនៅឋាន និងទទួលបានក្បាលដីនៅក្រុងរុនតាឯកតេជោសែន និងឃុំ ពាក់ស្នែង និងមានបណ្ណសមធម៌មានសុពលភាព»។
ប្រភពដដែលបន្តថា សម្រាប់រយៈពេល ៣ ខែ គិតចាប់ពីខែមករា រហូតដល់ខែមីនា ឆ្នាំ ២០២៤ ក្នុងដំណាក់កាលអន្តរកាល មុននឹងចាប់ផ្តើមអនុវត្តកម្មវិធីស្តារជីវភាពឡើងវិញចំពោះគ្រួសារដែលបានស្ម័គ្រចិត្តផ្លាស់ប្តូរលំនៅឋាន និងទទួលបានក្បាលដីនៅ និងមានបណ្ណសមធម៌មានសុពលភាព ត្រូវទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤ ម៉ឺនរៀល សម្រាប់សមាជិកគ្រួសារម្នាក់ៗ។
អនុក្រឹត្យនេះឱ្យដឹងទៀតថា គ្រួសារនីមួយៗ ត្រូវទទួលបានប្រាក់ឧបត្ថម្ភសម្រាប់រយៈពេល ៣៦ ខែ ដោយកាលបរិច្ឆេទចាប់ផ្តើមត្រូវអនុវត្ត ចំពោះគ្រួសារដែលបានស្ម័គ្រចិត្តផ្លាស់ប្តូរលំនៅឋាន និងទទួលបានក្បាលដី ត្រូវទទួលបានប្រាក់ឧបត្ថម្ភពីកម្មវិធីចាប់ពីខែមេសា ឆ្នាំ ២០២៤ តទៅ។
គ្រួសារថ្មីដែលនឹងស្ម័គ្រចិត្តផ្លាស់ប្ដូរលំនៅឋាន និងទទួលបានក្បាលដីនៅក្រុងរុនតាឯកតេជោសែន និងឃុំពាក់ស្នែង ត្រូវទទួលបានប្រាក់ឧបត្ថម្ភពីកម្មវិធី គិតចាប់ពីថ្ងៃទទួលបានបណ្ណសមធម៌តទៅស្របតាមគោលការណ៍ដែលមានជាធរមាន។
អនុក្រឹត្យនេះបន្តថា បន្ទាប់ពីរយៈពេល ៣៦ ខែ គិតចាប់ពីថ្ងៃទទួលបានប្រាក់ឧបត្ថម្ភពីកម្មវិធី ក្រសួងផែនការ តាមរយៈយន្តការអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នឹងធ្វើការវាយតម្លៃគ្រួសារទាំង ២ ប្រភេទ ខាងលើឡើងវិញ។ ក្នុងករណីពិនិត្យឃើញថានៅមានការលំបាក គ្រួសារនោះនឹងបន្តទទួលបានប្រាក់ ឧបត្ថម្ភពីកម្មវិធី។
ចំពោះគ្រួសារដែលមិនបានតាំងលំនៅឋានជាក់ស្តែងនៅក្រុងរុនតាឯកតេជោសែន និងឃុំពាក់ស្នែង និងគ្រួសារដែលត្រូវបានវាយតម្លៃឃើញថាមិនមានការលំបាក នឹងទទួលបានតែអត្ថប្រយោជន៍ផ្សេងៗពីកម្មវិធីជំនួយសង្គមនិងរបបសន្តិសុខសង្គមនានាស្របតាមសុពលភាពបណ្ណសមធម៌ និងបទដ្ឋានគតិយុត្តជាធរមាន។
គួរជម្រាបថា ដើម្បីសម្រួលដល់ការធ្វើដំណើរជូនពលរដ្ឋដែលកំពុងរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក រាជរដ្ឋាភិបាល បានដាក់ឱ្យដំណើរការអនុវត្តរថយន្តក្រុងដឹកជញ្ជូនសាធារណៈពីក្រុងរុនតាឯកតេជោសែន-ក្រុងសៀមរាប ទៅវិញទៅមក ដោយឥតគិថ្លៃ ចាប់ពីថ្ងៃ ១៥ ខែកុម្ភៈឆ្នាំ ២០២៤៕