លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែងថា ការសិក្សា​លើ​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ​(TVET ) គឺជា​ស្ពាន​ចម្លង​ដើម្បីឱ្យ​យុវជន​ចាប់បាន​ជំនាញ​សាមញ្ញ​ដោយ​ការសិក្សា​លើ​ជំនាញ​នោះ អាច​យក​បូក​បន្ត​គ្នា ក្លាយជា​មូលដ្ឋានគ្រឹះ​សម្រាប់​យុវជន យកទៅ​សិក្សា​បន្ត​នៅ​មហាវិទ្យាល័យ​។​

លោក ហេង សួរ ថ្លែង​ក្នុង​ក្នុង​កម្មវិធី​សំណេះសំណាល​ជាមួយ​សិស្ស​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​រង​ហានិភ័យ ប្រមាណ​ជាង​១ ០០០​នាក់​នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​តេ​ជោ​សែន នៅក្នុង​ខេត្តកណ្តាល កាលពី​សប្តាហ៍​មុន និង​ត្រូវបាន​ក្រសួង​ការងារ​ផ្សព្វផ្សាយ កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៤​។​

លោក​ថ្លែងថា នៅក្នុង​ប្រព័ន្ធ​របស់​កម្ពុជា មានការ​អប់រំ​ទូទៅ គឺ​សំដៅ​ការអប់រំ​ថ្នាក់​ម​តេ្ត​យ្យ រហូតដល់​ថ្នាក់​ទី​១២ (​បាក់​ឌុប​) ខណៈដែល​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ចែងថា រដ្ឋ​មាន​កាតព្វកិច្ច ផ្តល់​ការអប់រំ​ទូទៅ​ដល់​ប្រជាពលរដ្ឋ​យ៉ាងហោចណាស់​ត្រឹម​ថ្នាក់ឌីប្លូម ដែល​យុវជន​អាច​អាយុ​ខ្ទង់​ ១៥ ​ឆ្នាំ​។​

លោក​បាន​បញ្ជាក់ទៀតថា​៖«​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ បាន​ចែងថា ពលរដ្ឋ​អាយុ​១៥ ​ឆ្នាំ មាន​សិទ្ធិ​ក្នុង​ការធ្វើការងារ ក្នុង​ប្រភេទ​ការងារ​ដែល​មិនមាន​គ្រោះថ្នាក់​។ អ៊ីចឹង​ហើយ​បាន​រដ្ឋធម្មនុញ្ញ​របស់​យើង កំណត់ថា យ៉ាងហោចណាស់​ពលរដ្ឋ គួរ​រៀន​បាន​ថ្នាក់​ទី​៩ ព្រោះថា​បើសិនជា​គ្មាន​លទ្ធភាព​រៀន​បន្ត ដោយសារ​បញ្ហា​គ្រួសារ គេ​អាច​ចេញ​ស្វែងរក​ការងារ​ធ្វើបាន​»​។​

លោក ហេង សួរ ថ្លែងថា មូលហេតុ​ដែល​រាជរដ្ឋាភិបាល បានជ្រើសរើស​យក​កម្ម​វិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​នេះ ជា​កម្មវិធី​អាទិភាព​មួយ​របស់​គណបក្ស និង​បានប្រែក្លាយ​មកជា​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ដើម្បី​ជា​ជម្រើស​បន្ថែមទៀត សម្រាប់​ប្រជាពលរដ្ឋ សិក្សា​ក្រេប​យកចំណេះ​ជំនាញ​ផ្នែក​បច្ចេកទេស យកទៅ​ប្រើប្រាស់​បាន​។​

​លោក ហេង សួរ ថ្លែងថា​«​ដូច្នេះហើយ​បានជា​ប្អូនៗ​មាន​ជម្រើស​២ ពេល​រៀន​ដល់​ថ្នាក់​ទី​៩ ដោយ​ទី​១ អាច​រៀន​បន្តទៅ​កម្រិត​វិទ្យាល័យ និង​មួយទៀត​អាច​បន្តទៅ​កម្រិត TVET របស់​យើង​តែម្តង​។​ប៉ុន្តែ​មាន​ក្មួយៗ​ខ្លះ​រៀន​មិនបាន​ដល់​ថ្នាក់​ទី​៩​ ទេ ដោយសារ​បញ្ហា​ចាំបាច់​ក្នុង​គ្រួសារ ដូច្នេះយើង​ត្រូវ​ទទួលខុសត្រូវ​ទៅលើ​អនាគត​យុវជន​របស់​យើង​»​។​

លោក តឹ​ប អូន នាយក​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ​ថា វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ កំពុង​ជំរុញ​ការបណ្តុះបណ្តាល​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ លើ​ជំនាញ​សំខាន់ៗ​ចំនួន​ ៥ ខណៈដែល​ជំនាញ​ក្រាហ្វិក​ឌី​ហ្សា​ញ និង​សេវាកម្ម​រដ្ឋបាល ទទួលបាន​សិស្ស​ចុះឈ្មោះ​ចូលរៀន​ច្រើនជាងគេ​។​

លោក​បាន​បញ្ជាក់ថា​៖«​ក្នុងចំណោម​ជំនាញ​ទាំង​៥ ជំនាញ​ក្រាហ្វិក​ឌី​ហ្សា​ញ និង​ជំនាញ​សេវាកម្ម​រដ្ឋបាល​ទទួល​បាន​សិស្ស​ចុះ​ចូលរៀន​ច្រើនជាងគេ​។​ជំនាញ​២​នេះ កំពុងតែ​មានការ​ពេញនិយម​ក្នុង​ទីផ្សារការងារ ហើយ​រៀន​ក្នុង​រយៈពេល​ខ្លី យុវជន​គាត់​ចេញ​រក​ការងារ​ធ្វើបាន​បណ្តើរៗ​»​។​

​លោក តឹ​ប អូន ថ្លែងថា បច្ចុប្បន្ននេះ​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ​ (NIB) បាននិងកំពុង​បណ្តុះបណ្តាល​សិស្ស​ចំនួន​ ២៦៩​ នាក់ លើ​ជំនាញ​ចំនួន​ ៥ ក្រោម​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ​ប្រមាណ ​១,៥ ​លាន​នាក់​។​

នៅក្នុង​នោះ​សិស្ស​មាន​បណ្ណ​ក្រីក្រ​មាន​ចំនួន ១២២ ​នាក់ ដោយ​ការសិក្សា​មាន​ចំនួន​៣​វេន ចាប់ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃអាទិត្យ ខណៈ​វិទ្យាស្ថាន​នៅតែ​បន្ត​បើកទទួល​សិស្ស​ចុះឈ្មោះ​ចូល​សិក្សា​ជា​រៀងរាល់ថ្ងៃ លើ​ជំនាញ​ទាំង​៥​ រួមមាន ក្រាហ្វិក​ឌី​ហ្សា​ញ ,​សេវាកម្ម​រដ្ឋបាល​,​កុំ​ព្យូ​រ​ទ័​រ​រដ្ឋបាល​,​សេវាកម្ម​ធនធានមនុស្ស និង​ជំនាញ​ផ្នែក​លក់​៕