​ភ្នំពេញៈ​ លោក ឃឹម ហ្វី​ណង់ អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹង​នៅ​ថ្ងៃទី​​ ២៥ ខែកុម្ភៈ​ថា ក្នុងករណី​ចាំ​បាច់​ដែលមាន​ការប្រែប្រួល​តម្លៃ​ស្រូវ​ធ្លាក់​ថ្លៃ​ជា​គំហុក​ដោយ​កត្តា​បណ្តោះអាសន្ន​ណាមួយ ក្រសួង​មាន​យន្តការ​សម្រាប់​អន្តរាគមន៍​តាមរយៈ​ការប្រើប្រាស់​កញ្ចប់​ហិរញ្ញប្បទាន​ពិសេស ដើម្បី​ធានា​ស្ថិរភាព​តម្លៃ​។​

​លោក​ថា ជាគោលការណ៍​ទូទៅ​នៃ​សេដ្ឋកិច្ច​ទីផ្សារសេរី ថ្លៃ​កសិផល​តែង​ប្រែប្រួល និង​ត្រូវបាន​កំណត់ដោយ​ទំហំ​នៃ​តម្រូវការ និង​ការ​ផ្គត់ផ្គង់​។ ទោះជា​យ៉ាងណា ការផ្គត់ផ្គង់​ក្នុងស្រុក​មិនសូវមាន​ឥទ្ធិពល​ខ្លាំង​ទៅលើ​តម្រូវ​ការនាំចេញ​ប៉ុន្មាន​ទេ​។ លោក​ហ្វី​ណង់​បញ្ជាក់ថា​៖«​ការធ្លាក់ចុះ​បន្តិច​មួយរយៈ​ក្រោយនេះ​ក៏​ព្រោះតែ​ប្រទេស​នានា​ក្នុង​តំបន់​ធ្វើការ​ប្រមូល​ផល​ស្រូវ​តំណាលគ្នា​នឹង​ប្រទេស​កម្ពុជា​ដែរ ដែល​ធ្វើឱ្យ​ការផ្គត់ផ្គង់​លើ​ទីផ្សារ​អន្តរជាតិ​មានការ​កើនឡើង ហើយ​ធ្វើឱ្យ​ថ្លៃ​ថយចុះ​។ នេះ​គឺជា​ទំនោរ​ធម្មតា​តាម​រដូវ​​កាលដែល​កើតមាន​នៅ​រៀងរាល់ឆ្នាំ​»​។ 

​ប៉ុន្តែ​លោក​ហ្វី​ណង់​បញ្ជាក់ថា ៖ «​នៅក្នុង​ករណី​ចាំបាច់ ដែលមាន​ការប្រែប្រួល​ថ្លៃ​ជា​គំហុក​ដោយ​កត្តា​បណ្តោះអាសន្ន​ណាមួយ ដែល​អាច​ជះ​ឥទ្ធិ​ផល​ដល់​សន្តិសុខ​ស្បៀង អតិផរណា​ថ្លៃ​ឬ​ប៉ះពាល់​ដល់​ការធ្វើ​ផលិត​កម្ម​របស់​កសិករ យើង​មាន​យន្តការ​សម្រាប់​អន្តរាគមន៍​តាមរយៈ​ការប្រើប្រាស់​កញ្ចប់​ហិរញ្ញប្បទាន​ពិសេស​ដើម្បី​ធានា​ស្ថិរភាព​ថ្លៃ នៃ​កម្មវិធី​គោលនយោបាយ​អាទិភាព​ទី​៥​បាន​»​។​

​យ៉ាងណាក្តី លោក​ហ្វី​ណង់ លើកឡើងថា យន្តការ​នេះ​មាន​ចរិត​បណ្តោះអាសន្ន និង​ប្រើប្រាស់​តែ​ក្នុងពេល​ចាំបាច់​ខ្លាំង​ប៉ុណ្ណោះ ពោលគឺ​មិនអាច​ប្រើប្រាស់​ជា​លក្ខណៈ​យូរ​អង្វែង​បានទេ​។ ក្រុមការងារ​ជំនាញ បាននិងកំពុង​តាមដាន ព្រមទាំង​វិភាគ​ការវិវឌ្ឍ​ថ្លៃ​ស្រូវ និង​ថ្លៃ​ផលិតផល​ស្រូវ ដើម្បី​ត្រៀម​ជួយ​រក្សា​លំនឹង​ថ្លៃ​ស្រូវ ក្នុង​កម្រិត​សមរម្យ និង​ជួយ​កសិករ​ឱ្យ​ទទួលបាន​ប្រាក់ចំណេញ​ក្នុង​កម្រិត​សមរម្យ​។ លោក​ថា​៖«​រដូវ​ប្រមូល​ផល ស្រូវ​សម្បូរហូរហៀរ​នៅលើ​ទីផ្សារ ថ្លៃ​តែង​ថយ​​ចុះ​បន្តិច បើ​ធៀប​ទៅនឹង​រដូវ​ខ្សត់​ស្រូវ​មុនពេល​ច្រូតកាត់​មកដល់ នេះ​គឺជា​វដ្ត​ធម្មតា​នៃ​សម​តុល្យ​រវាង​តម្រូវការ និង​ការផ្គត់ផ្គង់​»​។ 

​លោក ចាន់ សុ​ឃាំង ប្រធាន​សហព័ន្ធ​ស្រូវ​-​អង្ករ​កម្ពុជា ក៏បាន​ឱ្យដឹង​ដែរ​ថា ការឡើង​​ចុះ​នៃ​តម្លៃ​ស្រូវ​នៅលើ​ទីផ្សារ គឺជា​រឿង​ធម្មតា ដោយសារ​កម្ពុជា​ជាទី​ផ្សារសេរី​។ លោក​ថា​៖«​ថ្មីៗ​នេះ មានការ​ត្អូញត្អែរ​របស់​ប្រជាកសិករ​យើង ពាក់ព័ន្ធ​នឹង​ការចុះ​ថ្លៃ​នៃ​ស្រូវ​សើម​។ ជាការ​ពិត ថ្លៃ​ស្រូវ​សើម​ដែល​លក់​ចេញ​នាពេលនេះ មាន​ទំនោរ​ធ្លាក់ចុះ​បន្តិច ប៉ុន្តែ​បើ​ប្រៀបធៀប​នឹង​ឆ្នាំមុនៗ ថ្លៃ​ស្រូវ​សើម​ដែល​លក់បាន​ក្នុងឆ្នាំនេះ នៅតែ​លក់បាន​ថ្លៃ​ជាង​ឆ្នាំមុនៗ​»​។ លោក​បន្ថែមថា តម្លៃ​ស្រូវ​ប្រែ​ប្រួល​ដោយសារ​កត្តា​ជាច្រើន ដូចជា​ដល់​រដូវ​ច្រូតកាត់​, បញ្ហា​គុណភាព​ស្រូវ​មាន​សំណើម​, សមត្ថភាព​ឡស​ម្ងួ​ត​, ទុន​ប្រមូលស្រូវ និង​រួមទាំង​តម្រូវការ​ទីផ្សារ​ជាដើម​។​

​លោក ខាន់ វិជ្ជា ប្រធាន​សហគមន៍​កសិក​ម្ម​ត្រពាំង​ក្រឡាញ់ ក្នុង​ឃុំ​អូ​សា​រ៉ា​យ ស្រុក​ត្រាំ​​កក់ ខេត្តតាកែវ បាន​ប្រាប់​ឱ្យដឹងថា ប្រភេទ​ស្រូវ OM៥៤៥១ (​ឈ្មោះ​ស្រូវ​ម្យ៉ាង​មាន​ប្រភព​មកពី​វៀតណាម​)​ លក់បាន​ថ្លៃ​ពី​៩ ៨០ ​រៀល ទៅ ១ ០០០ ​រៀល​ក្នុង ១ ​គីឡូក្រាម តម្លៃ​នេះ​វា​ធ្លាក់ចុះ​ជាង​ខែមករា​។ «​តម្លៃ​នេះ កសិករ​នៅ​ចំណេញ​ខ្លះ តែបើ​ធ្លាក់​កាន់តែខ្លាំង​ទៀត យើង​អាច​នឹង​លែង​ចំណេញ​។ វា​ពិបាក​ដោយសារតែ​ពឹង​ផ្អែកលើ​ទីផ្សារ​វៀតណាម ឱ្យតែ​កសិករ​ប្រមូល​ផល​ស្របគ្នា តម្លៃ​តែងតែ​ធ្លាក់ចុះ​»​។​

​ទិន្នន័យ​ពី​ក្រសួងកសិកម្ម ស្តីពី​តម្លៃ​មធ្យម​ភាគ​ស្រូវ​សើម​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន នៅ​ថ្ងៃទី ​២៥ ខែកុម្ភៈ ឆ្នាំ​ ២០២៤​ បាន​បង្ហាញថា នៅ​ខេត្តបន្ទាយមានជ័យ​ប្រភេទ​ស្រូវ OM៥៤៥១ តម្លៃ​ចន្លោះ​ពី​ ៩៩០ ​រៀល ទៅ​ ១ ០០០​ រៀល ខណៈ​ស្រូវ IR ៥៥៥ មានតម្លៃ ១ ០៤០ ​រៀល ក្នុង ១ ​គីឡូក្រាម​។​

​ខេត្តកំពង់ចាម ស្រូវ OM​សើម តម្លៃ​ចន្លោះ ៩៩០​ រៀល​ទៅ​១ ០៥០​ រៀល ក្នុង ១​ គីឡូ​ក្រាម​,​ខេត្តព្រៃវែង OM៥៤៥១ តម្លៃ​ពី ​១០៣០​ រៀល ទៅ​ ១ ០៥០​ រៀល ក្នុង ១​គីឡូ​ក្រាម​,​ត្បូងឃ្មុំ តម្លៃ​ចន្លោះ​ពី ​១ ០០០​ រៀល ទៅ ​១ ១០០ ​រៀល ខណៈដែល​ស្រូវ​សែន​ក្រអូប​តម្លៃ​ពី​ ១ ២៥០​ រៀល ទៅ ​១ ៣០០ ​រៀល ក្នុង ១ ​គីឡូក្រាម​។ 

​ខេត្តកំពង់ធំ តម្លៃ​ចន្លោះ​ពី​ ៩៩០ ​រៀល ទៅ​ ១ ០៣០​ រៀល ខណៈ​ស្រូវ​សែន​ក្រអូប​តម្លៃ​ ១ ២២០ ​រៀល ក្នុង ១ គីឡូក្រាម និង​ខេត្ត​បាត់ដំបង ស្រូវ​តម្លៃ​ចន្លោះ​ពី ៩៨០ ​រៀល ទៅ​ ១ ០២០​ រៀល ក្នុង ១​ គីឡូក្រាម​៕