​ភ្នំពេញៈ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាបានឱ្យដឹងថា នៅក្នុង​ឆ្នាំ​ ២០២៣​ កម្ពុជា​បានជា​ប់​ចំណាត់​ថ្នាក់​លេខ ​១០​ ក្នុងចំណោម​ប្រទេស ផលិត​អង្ករ​ច្រើនជាងគេ​ក្នុង​ពិភព​លោក​ទាំង​សម្រាប់​ការប្រើប្រាស់​នៅក្នុង​ស្រុក និង​សម្រាប់​នាំចេញ​។​

​លោក ចាន់ សុ​ឃាំង ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ២៦ ខែកុម្ភៈ​ថា យោងតាម​ការធ្វើ​ចំណាត់​ថ្នាក់ របស់​គេហទំព័រ SeaSia.co បាន​បង្ហាញថា នៅ​ឆ្នាំ ​២០២៣ ការផលិត​អង្ករ​នៅ​អាស៊ីអាគ្នេយ៍​ត្រូវបាន​គ្រប់គ្រង​ដោយ​ប្រទេស​ចំនួន​ ៦ គឺ​ឥណ្ឌូនេស៊ី វៀតណាម ថៃ ហ្វីលីពីន មី​យ៉ាន់​ម៉ា និង​កម្ពុជា​។

​ក្នុងនោះ​ឥណ្ឌូនេស៊ី​នាំមុខគេ​ក្នុង​តំបន់ ដោយ​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​៤ លើ​ពិភពលោក ជាមួយនឹង​ការផលិត​អង្ករ​បាន ៣៤​ លាន​តោន ខណៈ​វៀតណាម ជាប់​ចំណាត់ថ្នាក់​លេខ​ ៥ ដោយ​ផលិត​អង្ករ​បាន ​២៦,៩៤ ​លាន​តោន​។

លោក​បញ្ជាក់ថា​៖ «​កម្ពុជា យើង​តូច​តែ​ក៏​ជា​ប្រទេស​ធំ ផលិត​ស្រូវ និង​កែច្នៃ​អង្ករ​បាន​ជិត ៦ ​លាន​តោន ក្នុង ១​ ឆ្នាំ​ដែរ​លើ​ពិភពលោក ដោយ​ឈរលើ​លេខ​​រៀង​ទី​១០ ​លើ​ពិភពលោក​។ យើង​ពិតជា​អរគុណ​ខ្លាំងណាស់​ដល់​រាជរដ្ឋាភិបាល ដែល​បាន​ខិតខំ​​ប្រឹងប្រែង​ប្រែក្លាយ​ពី​ប្រទេស​ខ្វះ​ស្បៀង ពី​ទសវត្សរ៍​ឆ្នាំ​ ៧០ ដល់​ទសវត្សរ៍ ៩០ ​ក្លាយ មកជា​ប្រទេស​ផលិត​ហើយ​មាន​អតិរេក​ក្នុងការ​នាំចេញ​»​។​

​លោក យ៉ង សាំង​កុមារ រដ្ឋ​​លេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ក៏បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ចំណាត់ថ្នាក់​ដែល​កម្ពុជា​ទទួលបាន​ក្នុង​ឆ្នាំ​ ២០២៣​ នេះ មិនមែនជា​លើក​ទី​១ ​ទេ ដោយ​កម្ពុជាបាន​ជាប់​ចំណាត់​​ថ្នាក់​លេខ​ ១០​ នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ គោល​​ដៅ​ទៅមុខទៀត ក្រសួង​នឹង​ផ្តោតលើ​ការបង្កើន​គុណភាព​អង្ករ និង​កាត់បន្ថយ​ថ្លៃដើម​ផលិត របស់​កសិករ​ច្រើនជាង​ការផ្តោត​ខ្លាំងពេក​ទៅលើ​ការផលិត​យក​បរិ​មាណ​។​

​លោក​បញ្ជាក់ថា​៖ «​យើង​ចង់​ធ្វើយ៉ាងណា​ឱ្យ​កសិករ​ទទួលបាន​ប្រាក់ចំណេញ​ខ្ពស់ ព្រោះថា ការ​ផលិត​សម្រាប់​សន្តិសុខ​ស្បៀង មានន័យថា យើង​ផលិត​លើសពី​តម្រូវការ តែ​ចង់បាន​លើស​នេះ គឺ​ការផលិត​អង្ករ​ដែលមាន​គុណ​ភាព និង​អាច​កាត់​ថ្លៃដើម​ផលិត​របស់​កសិករ​ឱ្យ​កាន់តែច្រើន និង​អាច​ប្រកួតប្រជែង​លើ​ទីផ្សារ​»​។

លោក​ យ៉ង សាំង​កុមារ បាន​បន្ថែមថា ក្រៅពីនេះ ក្រសួង​ក​សិ​​កម្ម ក៏​កំពុង​ជំរុញ​លើ​ការផលិត​ពូជស្រូវ​មួយចំនួន​ផងដែរ ដូចជា​ប្រភេទ​ពូជ​ផ្ការំដួល​,​ពូជ​សែន​​ក្រអូប ដើម្បី​បង្កើន​ការផលិត​អង្ករ​​ប្រណីត​។ ម្យ៉ាងវិញទៀត ទៅមុខ ការផលិត​អង្ករ ក៏​គិតគូរ​ដល់​និរន្តរភាព​នៃ​បរិស្ថាន ជា​ពិ​សេស​គុណភាព​ដី និង​សុវត្ថិភាព​ចំណីអាហារ​ផងដែរ​។​

​ជាមួយគ្នានេះដែរ លោក ចាន់ សុ​ឃាំង វិញ​យល់ឃើញថា សហព័ន្ធ​នឹង​ពិនិត្យមើល​យុទ្ធ​សាស្ត្រ ដោយ​ត្រូវផ្តោត​ទាំង​គុណ​ភាព​អង្ករ និង​បរិមាណ​សម្រាប់​ការនាំចេញ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​ត្រូវ​ពង្រឹង​ទាំង​គុណ​ភាព​ពូជ អង្ករ និង​ការពង្រឹង​បរិ​មាណ ព្រោះ​យើង​ឃើញថា ប្រជាកសិករ​យើង​ជាច្រើន​ដែល​គាត់​ពឹង​ផ្អែកលើ​ការផលិត​ស្រូវ​នេះ ជា​មុខរបរ​ដើម្បី​ផ្គត់ផ្គង់​ជីវ​​ភាព​របស់​ពួកគាត់​ទាំងអស់គ្នា​។ ជា​យុទ្ធសាស្ត្រ សម្រាប់​ខ្ញុំ​យល់ថា យើង​គួរតែ​ផ្តោត និង​ពង្រឹង​ទៅលើ​ទាំង​គុណភាព​អង្ករ និង​បរិមាណ នៅ​ក្នុងនោះ​ដោយសារតែ​យើង​មើលឃើញថា កសិករ​មួយចំនួន​គាត់​ចូលចិត្ត​ការដាំដុះ​ប្រភេទ​អង្ក​រស​ទូទៅ​សម្រាប់​អ្នក​ដែលមាន​ជីវភាព​មធ្យម ព្រោះ​គាត់​អាច​ទទួលទាន​បាន​»​។​

​លោក​បន្តថា៖ «​ដូច្នេះហើយ​ប្រភេទ​អង្ករ​នេះ ទីផ្សារ​ក៏​វា​មាន​ភាពទូលំទូលាយ​ដែរ​។ ដោយ​​ឡែក​មួយចំណែក​ទៀត យើង​ត្រូវ​ផលិត​ជា​ប្រភេទ​អង្ករ​ប្រណីត ដើម្បី​ចាប់យក​ទីផ្សារ​អង្ករ​ប្រណីត​ដាច់ដោយឡែក​មួយទៀត​»​។​

​យោងតាម​របាយការណ៍​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ការនាំ​ចេញ​ក្នុង​ខែមករា ឆ្នាំ​ ២០២៤ កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន ៤៦ ២២១ ​តោន គិត​ជា​ទឹកប្រាក់​បាន​ចំនួន ៣២,៦២​ លាន​ដុល្លារ ខណៈ​ការនាំចេញ​អង្ករ គឺធ្វើឡើង​តាមរយៈ​ក្រុមហ៊ុននាំចេញ​អង្ករ​ចំនួន ៣២ ​ក្រុមហ៊ុន ទៅកាន់​គោលដៅ​ចំនួន ​៤២​។ ដោយឡែក​ការនាំចេញ​ស្រូវ​ទៅ​ប្រទេស​ជិត​ខាង​វិញ សម្រេចបាន ជិត​ ៦០​ ម៉ឺន​តោន ​ដែល​គិត​ជា​ទឹកប្រាក់​សរុប​ជាង ​១៨៤​ លាន​ដុល្លារ​៕