
មន្ត្រីបរិស្ថានចុះល្បាតចំណុចខាងលើដំណាក់ស្នាយ ស្ថិតក្នុងភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ កាលពីថ្ងៃទី ២៧ ខែកុម្ភៈ។ រូបថត ក្រសួងបរិស្ថាន
ភ្នំពេញៈ ក្រសួងបរិស្ថានបានប្រកាសដាក់ចេញវិធានការសំខាន់ៗចំនួន ៤ ចំណុច ដើម្បីទប់ស្កាត់ចលនាការកាប់រុករានទន្ទ្រានដីព្រៃសហគមន៍ និងតំបន់ ការពារធម្មជាតិ ខណៈកន្លងមកក្រសួងអះអាងថា នៅតែមានបុគ្គលមួយចំនួនតូចបានឆ្លៀតឱកាសចូលកាប់រុករានទន្ទ្រានដីទាំងនោះ យកមកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានចេញផ្សាយ កាលពីយប់ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ បានឱ្យដឹងថា រហូតមកទល់ពេលនេះ ក្រសួងបរិស្ថានបានពិនិត្យឃើញថា នៅតែមានបុគ្គលឆ្លៀតឱកាសមួយចំនួនតូចបំផុសឱ្យប្រជាពលរដ្ឋចូលកាប់ រុករាន ទន្ទ្រានដីព្រៃសហគមន៍ និងដីព្រៃក្នុងតំបន់ការពារធម្មជាតិយកមកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួនក្នុងរូបភាពជាដីអាស្រ័យផល។
ក្រសួងបន្តថា ទង្វើបែបនេះគឺជាការប្រព្រឹត្តខុសច្បាប់យ៉ាងធ្ងន់ធ្ងរផ្ទុយទៅនឹងមាត្រា ២៦ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ ប្រភពដដែលបានបញ្ជាក់ថា៖ «សហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិចពុំមានសិទ្ធិកាប់គាស់ឬឈូសឆាយដីព្រៃក្នុងសហគមន៍តំបន់ការពារធម្មជាតិ ដែលបានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋបាលការពារ និងអភិរក្សធម្មជាតិនៃក្រសួងបរិស្ថាន និងបង្វែរធ្វើជាដីកសិកម្មឬធ្វើជាកម្មសិទ្ធិបុគ្គល ឬលក់ ប្តូរ ជួល បញ្ចាំ ប្រវាស់ បែងចែក ដោះដូរឬផ្ទេរតំបន់គ្រប់គ្រងរបស់សហគមន៍តំបន់ការពារធម្មជាតិឱ្យទៅជារូបវន្តបុគ្គល ឬនីតិបុគ្គល ណាមួយបានឡើយ»។
ក្នុងន័យនេះ ដើម្បីទប់ស្កាត់ចលនានេះក្រសួងបរិស្ថានបានប្រកាសដាក់ចេញវិធានចំនួន ៤ ចំណុចសំខាន់ៗដោយជំរុញឱ្យគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិត្រូវការពារថែរក្សាផ្ទៃដីព្រៃសហគមន៍ឱ្យបានគង់វង្ស ស្របតាមប្រកាសរបស់ក្រសួងបរិស្ថាន។
ក្នុងករណីចាំបាច់គណៈកម្មការសហគមន៍តំបន់ការពារ ធម្មជាតិត្រូវផ្តល់ព័ត៌មានជាបន្ទាន់ជូនមន្ទីរបរិស្ថានខេត្តសាមី ដើម្បីស្នើសុំការណែនាំ និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យទាន់ពេល។ ក្រសួងក៏បានណែនាំឱ្យបុគ្គលដែលពាក់ព័ន្ធត្រូវបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពកាប់ឆ្ការ រុករាន ទន្ទ្រាន ហ៊ុមព័ទ្ធ ដាំដុះដំណាំនៅលើដីសហគមន៍តំបន់ការពារធម្មជាតិ។
ក្រសួងបញ្ជាក់ថា៖ «ជាមួយគ្នានេះចំពោះបុគ្គលណាដែលបានកាប់រុករានទន្ទ្រានដីព្រៃសហគមន៍តំបន់ការពារធម្មជាតិត្រូវតែប្រគល់ដីនោះឱ្យទៅសហគមន៍វិញដោយឥតលក្ខខណ្ឌ និងធ្វើការដាំស្តារព្រៃឈើនៅលើដីដែលបានកាប់រានឡើងវិញ»។
បន្ថែមពីនេះ ក្រសួងបរិស្ថានក៏បានណែនាំឱ្យមន្ទីរបរិស្ថានខេត្តត្រូវដឹកនាំមន្ត្រីឧទ្យានុរក្ស សហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធចុះអនុវត្តទប់ស្កាត់រាល់ សកម្មភាពកាប់ឆ្ការដីព្រៃសហគមន៍ស្របតាមច្បាប់ជាធរមាន។
ជុំវិញរឿងនេះដែរ លោកស្រី ផ្លឹក ភីរុំ អ្នកសម្របសម្រួលបណ្តាញជនជាតិដើមភាគតិច ប្រចាំខេត្តមណ្ឌលគិរី បានគាំទ្រចំពោះវិធានការរបស់ក្រសួងបរិស្ថានបែបនេះ ដោយចាត់ទុកថា ជារឿងល្អ ខណៈលោកស្រីយល់ថា ដើម្បីឱ្យកិច្ចការងារនេះសម្រេចបានជោគជ័យ ក្រសួងត្រូវពិភាក្សាជាមួយសហគមន៍ ព្រោះតំបន់ការពារធនធានធម្មជាតិភាគច្រើនមានសហគមន៍ជនជាតិដើមភាគតិចជាអ្នកការពារ។
លោកស្រីបញ្ជាក់ថា៖ «ខ្ញុំគិតថា ក្រសួងបរិស្ថានគួរតែពិគ្រោះយោបល់ជាមួយជនជាតិដើមភាគតិចដែលកំពុងការពារនៅតំបន់ធនធានធម្មជាតិទាំងអស់នោះ អ៊ឹចឹងខ្ញុំជឿថា ការងារអភិវឌ្ឍន៍ក៏ដូចជាការគ្រប់គ្រងតំបន់ការពារធនធានធម្មជាតិណាមួយនឹងកាន់តែមានប្រសិទ្ធភាពខ្ពស់»។
បើតាមក្រសួងបរិស្ថាន គិតត្រឹមឆ្នាំ ២០២៤ សហមន៍តំបន់ការពារធម្មជាតិនៅទូទាំងប្រទេសមានសរុបចំនួន ១៩៣ សហគមន៍ ត្រូវបានបង្កើតដែលមានសមាជិកសរុបចំនួន ៧៣ ១៤៩ គ្រួសារ គ្របដណ្តប់លើផ្ទៃដី ៣៣២ ១០៨ ហិកតា (១៥ ខេត្ត ១១៥ ឃុំ ៣៦២ ភូមិ)។ សហគមន៍ចំនួនជាង ៥០ កន្លែង មានសក្តានុពលធនធានធម្មជាតិ ដែលអាចបង្កើតទេសចរណ៍ធម្មជាតិ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា នៅថ្ងៃទី ២៨ ខែកុម្ភៈ បានស្វាគមន៍ និងជំរុញឱ្យគ្រប់អង្គការដៃគូរួមចំណែកក្នុងការងារអាទិភាពរបស់ក្រសួងតាមរយៈការដាំដើមឈើឱ្យបានច្រើនជាងការលួចកាប់ដើម្បីជួយពង្រីកវិសាលភាពគម្របព្រៃឈើ បង្កើនជីវភាពប្រជាជន និងបានរួមចំណែកដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាសកលលើការប្រែប្រួលអាកាសធាតុ។
លោកបានថ្លែងថា៖ «ខ្ញុំសូមឱ្យសមត្ថកិច្ចនៃក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរបរិស្ថានខេត្ត ចូលរួមសហការបង្ក្រាប និងត្រូវចាត់វិធានការតាមផ្លូវច្បាប់ដើម្បីឈានទៅបញ្ចប់រាល់សកម្មភាពកាប់រុករាន ទន្ទ្រានដីព្រៃសហគមន៍តំបន់ការពារធម្មជាតិក្នុងតំបន់ការពារធម្មជាតិឱ្យមានប្រសិទ្ធភាព»៕