​ភ្នំពេញៈ អង្គការ Wonders of the Mekong​បាន​លើក​ឡើង​ថា ក្រុមការងារ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) បាន​រកឃើញ​ទីជម្រក សត្វ​បក្សី​ខ្សឹប ៨០​ ភាគរយ នៅ​ជុំវិញ​បឹង​ទន្លេសាប ត្រូវបាន​បាត់បង់ ដោយសារ​ការទន្ទ្រាន​ដី​នៅ​តំបន់​វាលស្មៅ​ធម្មជាតិ ប្រែក្លាយ​ទៅជា​តំបន់កសិកម្ម កាន់​តែមាន​ទំហំ​កើនឡើង​។​

​លោក ស៊ុំ ភា​រុណ ប្រធាន​កម្មវិធី​ប្រចាំ​តំបន់​បឹង​ទន្លេសាប នៃ​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ​កម្ពុជា (WCS) បាន​លើក​​ឡើង​ថា តាមរយៈ​ការចុះ​សង្កេត​ក្នុង​តំបន់​អភិរក្ស​សត្វ​ខ្សឹប​ស្ទោង ដែល​ស្ថិតនៅក្នុង​ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ គឺជា​តំបន់​ដែលមាន​វត្ត​មាន​សត្វ​ខ្សឹប​រស់នៅ​ច្រើនជាងគេ ក្នុង​តំបន់​នោះដែរ វា​គឺជា​ផ្នែក​មួយ​នៃ​តំបន់​ការពារ​ទេស​ភាព​ទំនាប​បឹង​ទន្លេសាប​ខាង​ជើង ដែល​ត្រូវ​បានដាក់​ជា​តំបន់​ការពារ​ដោយ​ក្រសួង​បរិស្ថាន​ក្នុង​ឆ្នាំ​ ២០១៦ និង​ជាទី​ជម្រក​វាលស្មៅ​ចុងក្រោយ ដែល​នៅ​សេសសល់​សម្រាប់​សត្វ​ខ្សឹប​។

​លោក​បន្តទៀតថា មាន​កត្តា​ជាច្រើន ដែល​ធ្វើឱ្យ​តំបន់​អភិរក្ស​សត្វ​ខ្សឹប​ស្ទោង នៅ​តែមាន​វត្តមាន​បក្សី​ខ្សឹប និង​សត្វ​ស្លាប​សំខាន់ៗ​ផ្សេងទៀត​រស់នៅ​ច្រើនជាងគេ គឺ​ដោយ​សារ​មាន​កិច្ចសហប្រតិបត្តិការ យ៉ាង​រលូន​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ជាង​ ២០​ ឆ្នាំកន្លងមក ជាមួយ​ក្រសួង និង​មន្ទីរ​បរិស្ថាន នៃ​ខេត្តកំពង់ធំ និង​សៀមរាប ជាពិសេស​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។​

​លោក​ ស៊ុំ ភា​រុណ ថ្លែងថា​៖ «​ដោយឡែក​កត្តា​គំរាមកំហែង​ចំពោះ​សត្វ​ខ្សឹប​ទាំង​នាពេល​កន្លងមក និង​ទាំង​បច្ចុប្បន្ននេះ គឺ​សត្វ​ខ្សឹប ត្រូវបាន​ថយចុះ ដោយសារ​ការបាត់បង់​ទីជម្រក ជាក់ស្ដែង​ក្នុង​រយៈពេល​ជាង ២០​ ឆ្នាំ​ចុង​ក្រោយនេះ ការ​ទន្ទ្រាន​ដី និង​ប្រែក្លាយ​តំបន់​វាលស្មៅ​ធម្មជាតិ ទៅជា​តំបន់កសិកម្ម ស្រែចម្ការ មាន​ទំហំ​កាន់តែ​កើន​ធំ​ឡើង​»​។​

​លោក​បាន​ថ្លែងថា​៖ «​វាល​​ស្មៅ​ប្រហែល​ជាង ៨០ ​ភាគរយ នៅក្នុង​ខេត្ត​ទាំង​ ៦ ជុំវិញ​បឹង​ទន្លេសាប ត្រូវបាន​បាត់បង់់ ធ្វើឱ្យ​ទីជម្រក​របស់​សត្វ​ខ្សឹប បាន​ធ្លាក់ចុះ​យ៉ាងគំហុក​។ ទាំង​នេះ គឺជា​មូល​ហេតុដែល​ធ្វើឱ្យ​ចំនួន​សត្វ​ខ្សឹប​ធ្លាក់ចុះ​ផងដែរ និង​រួមការ​បរបាញ់ ក៏​ជា​កត្តា​គំរាមកំហែង​ផ្សេងទៀត​ដែរ​»​។​

​លោក ស៊ុំ ភា​រុណ បាន​អះ​អាង​ថា ក្រៅពី​កត្តា​ទាំងនោះ បច្ចុប្បន្ននេះ ក៏មាន​កត្តា​គំរាម​កំហែង​ថ្មី​មួយទៀត ទើបនឹង​កើតមានឡើង​នៅក្នុង​តំបន់​អភិរក្ស​សត្វ​ខ្សឹប​ស្ទោង នោះ​គឺ​ខ្សែបណ្តាញ​ចរន្តអគ្គិសនី​តង់​ស្យុ​ង​ខ្ពស់ ដែល​បាន​អូស​កាត់​តំបន់​វាលស្មៅ​នេះ​។ តាម​ការចុះ​ធ្វើការ​សិក្សា​អង្គការ​​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា និង​សហគមន៍​មូលដ្ឋាន បាន​រកឃើញថា មាន​សត្វ​ខ្សឹប​ចំនួន ៦​ ក្បាល​បាន​ងាប់ ដោយ​សារ​ហើរ​បុក​ខ្សែបណ្តាញ​អគ្គិសនី ក្នុង​រយៈពេល ​១២ ​ខែ​ចុង​ក្រោយនេះ​។ 

​ការបាត់បង់​សត្វ​ខ្សឹប​ចំនួន ៦​ ក្បាល​នេះ បើ​ធៀប​ពី​ចំនួន​សត្វ​ខ្សឹប​នាពេល​បច្ចុប្បន្ននេះ គឺជា​ចំនួន​ភាគរយ​ដែល​បាត់បង់​ដ៏​ច្រើន​មួយ ពីព្រោះ​បើ​យោងតាម​ស្ថិតិ​ជំរឿន​ក្នុង​ឆ្នាំ ​២០២៣ របស់​អង្គការ​សមា​​គម​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) មាន​សត្វ​ខ្សឹប​ឈ្មោល​បង្ហាញខ្លួន​ត្រឹមតែ ១៧៦​ ក្បាល​ប៉ុណ្ណោះ​។ ក្រៅពី​សត្វ​ខ្សឹប ក៏មាន​ប្រភេទ​សត្វ​ស្លាប​ផ្សេងៗ​ទៀត​មានដូចជា​៖ ក្រៀល ក្រសា រនាល​ពណ៌ ត្រដក់ ក៏បាន​ហើរ​បុក​ខ្សែបណ្តាញ​អគ្គិសនី​ងាប់​ដែរ​។​

​លោក​ថ្លែង​ទៀតថា​៖ «​ជា​ដំណោះស្រាយ អង្គភាព​អគ្គិសនី​កម្ពុជា គួរតែមាន​បំពាក់​ឧ​ប​​ករ​ណ៍​ឱ្យ​សញ្ញា​ដល់​សត្វ​ស្លាប ដូច្នេះ​បើ​មានការ​ដាក់​ឧបករណ៍​ចាំង​ពន្លឺ​ត្រឡប់​ភ្ជាប់​នឹង​ខ្សែ​បណ្តាញ​អគ្គិសនី​បាន​ត្រឹមត្រូវ នោះ​ហានិភ័យ​អាច​នឹង​កាត់​បន្ថយ​បាន​ច្រើន​»​។​

​លោក ខ្វៃ អាទិ​ត្យា អ្នក​នាំ​​ពាក្យ​ក្រសួងបរិស្ថានបាន​ថ្លែងថា នាពេល​បច្ចុប្បន្ននេះ តំបន់​វាលស្មៅ​ធម្មជាតិ​ដែល​នៅ​សេសសល់​សម្រាប់​ការអភិរក្ស​សត្វ​ខ្សឹប​ស្ទើរតែ​ទាំងស្រុង គឺ​ស្ថិតនៅក្នុង​តំបន់​ការពារ​ធម្ម​ជាតិ​ក្នុង​តំបន់​វាលស្មៅ​លិច​ទឹក​បឹង​ទន្លេសាប​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​បរិស្ថាន ខណៈ​តំបន់​ទាំងនោះ​កំពុង​ត្រូវបាន​ទ្រទ្រង់​វត្តមាន​សត្វ​ខ្សឹប​ប្រមាណ​ជាង ៨៥% នៃ​ចំនួន​សរុប​ដែលមាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។​

​លោក​ថ្លែងថា បើ​ផ្អែកលើ​ទិន្នន័យ​ការ​ជំរឿន​សត្វ​ខ្សឹប​ទូទាំងប្រទេស​ក្នុង​ឆ្នាំ​ ២០២៣ ចំនួន​សត្វ​ខ្សឹប​ឈ្មោល​បង្ហាញខ្លួន​សរុប​មាន​ចំនួន ១៧៦ ​ក្បាល ដែល​ចំនួន​នេះ​មិន​រាប់បញ្ចូល​ចំនួន​សត្វ​ខ្សឹប​ញី និង​សត្វ​វ័យ​ជំទង់​ឡើយ​។​

​លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​សត្វ​ខ្សឹប គឺមាន​ការថយចុះ​នៅក្នុង​ពិភពលោក តែ​ចំនួន​សត្វ​ខ្សឹប​នៅ​ប្រទេស​កម្ពុជា វា​ហាក់​​បី​ដូចជា​ចំនួន​សត្វ​ខ្សឹប​នៅ​ថេរ​នៅឡើយ​ទេ ដោយសារ​យើង​នៅមាន​ទីជម្រក​សមស្រប​នៅក្នុង​តំបន់ការពារធម្មជាតិ និង​ការការពារ​បានល្អ​ប្រសើ​រ​»​។​

​លោកថ្លែងថា ដើម្បី​ការពារ​ទីជម្រក​សត្វ​ខ្សឹប​ដែលជា​ប្រភេទ​សត្វ​ស្លាប​ដ៏​មាន​សារៈ​សំខាន់​នេះ ក្រសួងបរិស្ថាន បាន​បង្កើត​តំបន់​ការពារ​ទេស​ភាព​ទំនាប​ទន្លេសាប​ខាងជើង​លើ​ផ្ទៃដី​ជាង ៣​ ម៉ឺន​ហិកតា រួម​ទាំង​ជម្រក​ពង​កូន និង​ជម្រក​រក​ចំណី​របស់​សត្វ​ខ្សឹប​។ មិនតែប៉ុណ្ណោះ​ក្រសួងបរិស្ថាន ក៏បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជា​មួយ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ និង​សៀមរាប លើ​សកម្មភាព​ការអនុវត្ត​ច្បាប់ និង​ការបង្ក្រាប​បទល្មើស​សត្វ​ព្រៃ​ដោយមាន​ការគាំទ្រ​ថវិកា និង​បច្ចេកទេស​ពី​អង្គការ​សមាគម​អភិរក្ស​សត្វ​​ព្រៃ​កម្ពុជា (WCS)​។

ក្រសួង​បរិស្ថាន បានធ្វើ​សកម្មភាព​អប់រំ​ផ្សព្វផ្សាយ​ពី​សារៈសំខាន់​សត្វ​ខ្សឹប និង​ការ​យាម​សម្បុក​ពង​កូន​សត្វ​ខ្សឹប ក៏ដូចជា​ការ​បង្កើត​សហគមន៍​ទេសចរណ៍ធម្មជាតិ និង​សកម្មភាព​ធ្វើ​ស្រូវ​ប្រកបដោយ​និរន្តរភាព​។​

​បក្សី​ខ្សឹប​មានឈ្មោះ​វិទ្យាសាស្ត្រ (Houbaropsis bengalensis) មាន​ដើមកំណើត​នៅក្នុង​ឧបទ្វីប​ឥណ្ឌា និង​ប្រទេស​កម្ពុជា​។ ខ្សឹប​ជា​ប្រភេទ​បក្សី​កម្រ និង​ជិត​ផុត​ពូជ ដែល​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN Red List ក្នុង​ឆ្នាំ​ ២០១៨​។​

​យោងតាម​ការសិក្សា​មួយ​ដោយ​ផ្អែកលើ​តួលេខ​ពី​ប្រទេស​កម្ពុជា បាន​ប៉ាន់ប្រមាណ​ថា ចំនួន​សត្វ​ខ្សឹប​នៅលើ​ពិភពលោក មានការ​ថយចុះ​យ៉ាង​ឆាប់រហ័ស ក្នុងពេល​ចុងក្រោយ​នេះ​។ អត្រា​នៃ​ការ​ថយ​ចុះ​នាពេល​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​កម្ពុជា​តែមួយ ស្មើនឹង​ការធ្លាក់ចុះ​នៃ​ចំនួន​សត្វ​ខ្សឹប​នៅលើ​ពិភព​​លោក​ជាង ៨០%៕