ភ្នំពេញៈ ​រដ្ឋ​មន្ត្រី​ការ​បរទេស ​អប់រំ ​និង​កីឡា នៃ​ប្រទេស​លិច​តិ​ន​ស្តា​ញ​ ដែល​ជា​ប្រទេស​ស្ថិត​នៅ​ប៉ែក​អឺរ៉ុប​ គឺ​លោក​ស្រី ​Dominique Hasler​ បាន​និង​កំពុង​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​រយៈ​ពេល​ ៣ ​ថ្ងៃ ចាប់​ពី​ថ្ងៃទី​ ២៩ ​ខែកុម្ភៈ ដល់​ថ្ងៃទី​ ២ ​ខែ​មីនា ​ឆ្នាំ​ ២០២៤ ​ក្នុង​គោល​បំណង​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិការ​ទ្វេ​ភាគី​លើ​ផ្នែក​អភិវឌ្ឍន៍​ វិស័យ​អប់រំ និង​ការបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​។​

​ដំណើរ​ទស្សន​កិច្ច​រប​ស់​ប្រមុខ​ការទូត​បុរី​ក្សត្រ​លិច​តិ​ន​ស្តា​ញ​មកកាន់​កម្ពុជា​នេះ ​ធ្វើឡើង​តប​តាម​ការអ​ញ្ជើញ​ពី​លោកឧប​នាយក​រ​ដ្ឋមន្ត្រី សុខ ចិន្តា​សោភា​ រដ្ឋម​ន្ត្រី​ការប​រទេ​ស​កម្ពុជា។ អំឡុង​នៅ​កម្ពុជា លោកស្រី​ Dominique Hasler នឹង​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​លោក ​សុខ ចិន្តា​សោភា ​លើ​កិច្ចស​ហប្រ​តិបត្តិការ​នា​នា ​បញ្ហា​តំបន់ ​និង​អន្តរ​ជាតិ​ដែល​ជា​ចំណាប់​អារម្ម​ណ៍ និង​ជា​កង្វល់​រួម​រវាង​កម្ពុជា​និង​លិច​តិ​ន​ស្តា​ញ​។ 

បន្ថែម​ពីនេះ​រដ្ឋ​មន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ទាំង ២​ នឹង​ចុះហត្ថ​លេខា​លើ​កិច្ចព្រម​ព្រៀង​ក្របខ័ណ្ឌ​រដ្ឋាភិ​បាលអំពី​កិច្ច​សហ​ប្រតិប​ត្តិការ​អភិវឌ្ឍ​ន៍​។​ នេះ​បើ​​តាម​សេច​ក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងកា​របរទេស​នៅ​ថ្ងៃទី​ ២៨ ខែកុម្ភៈ​។​

​ក្រៅពី​នេះ ​លោកស្រី​រដ្ឋមន្ត្រី​ការប​រទេស​លិច​តិ​ន​ស្តា​ញ​នឹង​ជួប​ពិភា​ក្សា​ការងារ​ជា​មួយ​លោក​ឧបនា​យក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន និង​កីឡា លោក​ ហង់​ជួន ណា​រ៉ុ​ន និង​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​លោក​ ហេង សួរ ​ផងដែ​រ ដើម្បី​ជំរុញ​កិច្ច​សហ​ប្រតិប​ត្តិការ លើ​វិស័យ​អប់រំ និង​បណ្តុះ​បណ្តាល​វិ​ជ្ជាជីវៈ​នៃ​ប្រទេស​ទាំង​ ២​។ លើសពី​នេះ ​លោកស្រីនឹង​ចុះ​ពិនិត្យ​គម្រោង​នានា​ដែល​គាំទ្រ​ដោយ​ការិ​យាល័​យ អភិវឌ្ឍន៍​លិច​តិ​ន​ស្តា​ញ​នៅ​កម្ពុជា​ផង​ដែរ​។​

​ក្រសួង​ការ​បរទេស​បាន​បញ្ជាក់​ថា​៖« ​ដំណើរ​ទស្សន​កិច្ច​ផ្លូវការ​របស់ ​លោកស្រី Dominique Hasler នៅ​កម្ពុជា គឺជា​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​នៅ​ក្នុង​ទំនាក់​ទំនង​​មិត្តភាព​រវាង​ប្រទេស​ទាំង​ ២​ សំដៅ​ជំរុញ​កិច្ច​សហ​ប្រតិ​ប​ត្តិកា​រ​ ដើម្បី​ជា​ផល​ប្រយោ​ជន៍​សម្រាប់​ប្រជា​ជន​នៃ​ប្រទេស​ទាំង​ ២»​។

​ទាក់​ទិន​រឿង​នេះ ​លោក​ គិន ​ភា​ ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​បានលើកឡើងថា​ ដំណើ​ទស្សន​កិច្ច​របស់​រដ្ឋមន្ត្រី​ការ​បរទេស​លិច​តិ​ន​ស្តា​ញ​មកកាន់​កម្ពុជា​ជា​រឿង​សំខាន់​ ដើម្បី​ជា​ប្រយោ​ជន៍​ផ្នែក​ការ​ទូត​ដែល​រដ្ឋាភិ​បាល​កំពុង​ធ្វើ​ពិពិ​ធ​កម្មនិង​ប្រយោ​ជន៍​ផ្នែក​អភិ​វឌ្ឍន៍ សេដ្ឋ​កិច្ច ពាណិជ្ជ​កម្ម​។​

​លោក​បាន​បន្ត​ថា ​មិន​ថា​ប្រទេស​តូច​ឬ​ធំ​នោះ​ទេ​ គឺ​មិន​សំខាន់​ឡើយ ​ព្រោះ​កម្ពុជា​ត្រូវ​បង្កើន​ការ​រាប់​អាន​មិត្ត​ឱ្យបាន​កាន់​តែ​ច្រើន​ ដើម្បី​ប្រយោជន៍​ជាតិ ​ទើប​ជា​រឿង​សំខាន់​។​

លោក​ថ្លែង​ថា​៖ «​ស្រប​ពេល​រដ្ឋាភិ​បាល​កំ​ពុង​ធ្វើ​ពិពិធ​កម្ម​ការ​ទូត ​ហើយ​ផ្តោត​សំខាន់​ផ្នែក​ការ​ទូត​សេដ្ឋ​កិច្ច ​ការ​មាន​ទំនាក់​ទំនង​ល្អជា​មួយ​បណ្តា​ប្រទេស​ផ្សេងៗ​ យើង​អាច​ទាញ​ផល​ប្រយោជ​ន៍​ផ្នែក​ន​យោ​បាយ​ ការទូ​ត សេដ្ឋ​កិច្ច ​ពាណិជ្ជ​កម្ម ​ទេសច​រណ៍ ហើយ​ជា​មុខ​មាត់​ការ​ទូត​កម្ពុជា​ផង​ដែរ ​ខណៈ​កម្ពុជា​បង្កើន​ទំនាក់​ទំនង​ផ្លូវ​ការ​កាន់​តែ​ច្រើន​ឡើង​»​។​

​សម្រាប់​លោក គិ​ន ភា ​ការបោះ​ជំហាន​ការទូត​រវាង​កម្ពុជា​និង​លិច​តិ​ន​ស្តា​ញ​ជា​សញ្ញាណ​វិជ្ជមាន​នៃ​ការ​ទូត​របស់​រដ្ឋាភិ​បាល​កម្ពុជា​អា​ណត្តិ​ថ្មី ​ខណៈ​ដែល​វត្តមាន​ប្រទេស​តូចឬ​ធំ សុទ្ធ​តែ​សំខាន់ ​ហើយ​សំឡេង​របស់​ប្រទេស​នានា​ក្នុង​យន្ត​ការ​អន្តរ​ជាតិ តួ​យ៉ាង​កៅអី​នៅ​អង្គ​ការ​សហ​ប្រជា​ជាតិ​មាន​សំឡេង​ស្មើគ្នាដែល​អាច​ជួយ​គាំទ្រ​កម្ពុជា​លើ​ឆាក​អន្តរ​ជាតិ​បាន​។​

​គួរ​ជ​ម្រាប​ជូន​ថា លិច​តិ​ន​ស្តា​ញ​ជា​ប្រទេស​តូច​មួយ​ជាងគេ​លំដាប់​ទី​៤ នៅ​តំបន់​អឺរ៉ុប​ដែលមា​ន​ផ្ទៃដី​ត្រឹម​តែ ​១៦០​ គីឡូ​ម៉ែត្រ​ការ៉ែ​តែ​ប៉ុណ្ណោះ ជាមួយ​ចំនួន​ប្រជាជន​ជិ​ត ៤​ ម៉ឺន​នាក់​ ប៉ាន់ស្មា​ន​នៅ​ឆ្នាំ​ ២០២៤​ ដែល​ផ្អែក​តាម​ការ​ព្យា​ករ​​ដោយ​អង្គកា​រសហប្រ​ជាជាតិ​។ លិច​តិ​ន​ស្តា​ញ​ស្ថិតនៅ​ភាគ​ខាង​កើត​ក្នុង​តំបន់​អឺរ៉ុប​ដែលមាន​ព្រំប្រទ​ល់​ជាប់​នឹង​ប្រ​ទេស​អូទ្រីស​និង​ស្វ៊ីស​ហើយ​ប្រើ​ប្រាស់​ភាសា​អាល្លឺ​ម៉ង់​ជា​ភាសា​ផ្លូវ​ការ​។​

​គួរ​ជម្រាប​ថា​ កាលពី​ខែ​កញ្ញា​ ឆ្នាំ ២០២៣ ​កម្ពុជា​-​លិច​តិ​ន​ស្តា​ញ បាន​ឯក​ភាព​ជំរុញ​ចុះ​ហត្ថ​លេខា​ព្រម​ព្រៀង​ក្រប​ខ័ណ្ឌ​ក្នុង​វិស័យ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ឱ្យបាន​ឆាប់ដើម្បី​ភាគីលិច​តិ​ន​ស្តា​ញ ​អាច​ចាប់​ផ្តើម​ផ្តល់​ជំនួយ​ក្នុង​វិស័យ​នេះ​ដល់​កម្ពុជា​។ ការ​ឯក​ភាព​គ្នា​នេះ ធ្វើ​ឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ រវាង​លោក​ សុខ​ ចិន្តា​សោភា ​និង​លោក​ស្រី ​Domi​niqu​e Hasler ​នៅ​ឯ​ទីក​ដី​សហ​រដ្ឋ​អាមេ​រិក​៕