ភ្នំពេញៈក្រសួងបរិស្ថាន សហការជាមួយអង្គការកម្មវិធីផ្លាស់ប្តូរអនុផលព្រៃឈើអាស៊ី (NTFP-EP Asia)រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្ដីពីការបញ្ជ្រាបយេឌ័រដល់សហគមន៍ព្រៃឈើនិងមន្ដ្រីរដ្ឋបាលព្រៃឈើនៅខេត្តសៀមរាបដើម្បីពន្យល់ពីតួនាទីសំខាន់ៗរបស់ស្ត្រីក្នុងការងារអភិវឌ្ឍន៍សហគមន៍ក៏ដូចជាចូលរួមក្នុងកិច្ចការអភិរក្សធនធានធម្មជាតិប្រកបដោយនិរន្តរភាព។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងកាលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីពន្យល់ពីតួនាទីសំខាន់ៗរបស់ស្ត្រី ក្នុងការអភិវឌ្ឍ ការគ្រប់គ្រងសហគ្រាស ក៏ដូចជាការងារអភិវឌ្ឍន៍សហគមន៍ទាំងមូល និងការចូលរួមកិច្ចការអភិរក្សធនធានធម្មជាតិផងដែរ។ កម្មវិធីនេះ ក៏មានការពិពណ៌នាអំពីស្ថានភាពយេនឌ័រ និងបញ្ហាប្រឈមនៅក្នុងសហគមន៍មូលដ្ឋានក្នុងប្រទេសនីមួយៗ ដោយទាមទារឱ្យស្ត្រីចេះប្រើប្រាស់ឧបករណ៍ ដែលមានលក្ខណៈសាមញ្ញនៅក្នុងការងារនិងការអនុវត្តការគ្រប់គ្រងចិញ្ចឹមជីវិតជាដើម។នេះបើតាមហ្វេសប៊ុកក្រសួងបរិស្ថាននៅថ្ងៃទី២៩ ខែកុម្ភៈ។
បើតាមក្រសួងបរិស្ថាន នាឱកាសនោះ លោកស្រី ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ស្ត្រីជាតួអង្គសំខាន់ក្នុងការអប់រំណែនាំដល់កូនៗ របស់ពួកគេតាំងពីតូចរហូតដល់ធំដឹងក្ដីឱ្យចេះស្រឡាញ់បរិស្ថាន និងការពារ អភិរក្សធនធានធម្មជាតិ។
លោកស្រីថា ការបេ្តជ្ញាចិត្ត និងបំពេញតួនាទីរបស់ស្ត្រីគឺជាភាពចាំបាច់ក្នុងការឆ្លើយតបទៅនឹងការលើកកម្ពស់យេនឌ័រ បង្កើនភាពធន់នឹងភ្លើងឆេះព្រៃនិងការពង្រឹងជីវភាពរស់នៅរបស់សហគមន៍ ដែលត្រូវចូលរួមដោះស្រាយទាំងអស់គ្នា។
លោកស្រីបានបញ្ជាក់ថា៖ «ការបញ្ជ្រាបយេនឌ័រមានសារៈសំខាន់លើគ្រប់វិស័យទាំងអស់ រួមទាំងការគ្រប់គ្រងធនធានធម្មជាតិ ហើយការស្វែងយល់អំពីសារៈសំខាន់នៃការធ្វើឱ្យតុល្យភាពអំណាចរវាងបុរស និងស្ត្រីដើម្បីរួមចំណែកក្នុងការកែប្រែនូវវិសមភាពលើទំនាក់ទំនងរវាងស្ដ្រី និងបុរសនៃការគ្រប់គ្រង ចាត់ចែង និងការធ្វើសេចក្ដីសម្រេចចិត្ត»។
ទន្ទឹមគ្នានេះដែរ លោកស្រី មីក ហ្គា ផាឌីឡា (Miks Guia Padilla) ប្រធានអង្គការកម្មវិធីផ្លាស់ប្ដូរអនុផលព្រៃឈើអាស៊ីបានថ្លែងថា សិក្ខាសាលានេះដើម្បីពន្យល់ពីតួនាទីសំខាន់របស់ស្ត្រីក្នុងការអភិវឌ្ឍសង្គមការងារ និងសហគមន៍និងបង្ហាញពីស្ថានភាពយេនឌ័រ ព្រមទាំងបញ្ហានានាដែលកើតមាននៅកម្ពុជានិងបណ្ដាប្រទេសផ្សេងៗក្នុងតំបន់ជាដើម។
លោកស្រីបានបង្ហាញក្តីរំពឹងថា៖« តាមរយៈការបណ្តុះបណ្តាលនេះ ក៏នឹងបង្ហាញឱ្យពួកគាត់ចេះដកបទពិសោធន៍ពីគ្នាទៅវិញទៅមកដើម្បីធ្វើឱ្យពួកគាត់ចេះសម្របសម្រួលជាមួយដៃគូនិងរបៀបកែលម្អយេនឌ័រនៅក្នុងសហគមន៍ព្រៃឈើរបស់ពួកគាត់ឱ្យកាន់តែប្រសើរផងដែរ»។
ជាមួយគ្នានេះដែរ លោកស្រី ផ្លឹក ភីរុំ អ្នកសម្របសម្រួលបណ្តាញជនជាតិដើមភាគតិចប្រចាំខេត្តមណ្ឌលគីរី បានថ្លែងគាំទ្រចំពោះការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនេះដោយលោកស្រីបន្ថែមថា ស្ត្រីគឺជាកម្លាំងមួយដ៏ខ្លាំងក្លាសម្រាប់ជំរុញឱ្យកិច្ចការពារធនធានធម្មជាតិមាននិរន្តរភាព។
លោកស្រីបន្តថា៖«នៅពេលដែលស្ត្រីបានចូលរួមជាមួយបុរសក្នុងកិច្ចការពារធនធានធម្មជាតិគឺពិតជាមាននិរន្តរភាព ហេតុនេះខ្ញុំសូមឱ្យស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងបរិស្ថាន ត្រូវតែជំរុញនិងលើកទឹកចិត្តស្ត្រីឱ្យចូលរួមរាល់កិច្ចការអភិរក្សសហគមន៍ព្រៃឈើ ពិសេសគាំទ្រស្ត្រីដែលជាជនជាតិដើមភាគតិចដែលកំពុងធ្វើសកម្មភាពការពារធនធានធម្មជាតិរបស់ពួកគាត់បន្ថែមទៀត»។
ក្រសួងបរិស្ថានបានឱ្យដឹងថា គិតនៅឆ្នាំ២០២០ ក្រសួងបរិស្ថានមានស្ត្រីជាមន្ត្រីឧទ្យានុរក្សចំនួន៤៤រូប ដែលពួកគាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារដែនជម្រកសត្វព្រៃ ឧទ្យានជាតិ និងតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជាហើយកំពុងប្រយុទ្ធប្រឆាំងទៅនឹងការទន្ទ្រានយកដីនិងបរបាញ់សត្វព្រៃ ។
ទន្ទឹមគ្នានេះ ក្នុងចំណោមសហគមន៍តំបន់ការពារធម្មជាតិចំនួន ១៦៨ ក៏មានស្ត្រីចំនួន ៣ នាក់ បានក្លាយជាប្រធានសហគមន៍ ដែលក្នុងនោះ ក៏មានស្ត្រីចំនួន ២៩៩ នាក់ ទៀត ជាសមាជិកគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិដែលពួកគេមានតួនាទីជាអ្នកគ្រប់គ្រងនិងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាពក៏ដូចជាការការពារបេតិកភណ្ឌវប្បធម៌និងធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិរបស់ពួកគេ៕