ក្រចេះៈ ក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការមូលនិធិសកល សម្រាប់អភិរក្សធនធានធម្មជាតិ WWF ប្រទះឃើញកូនផ្សោតទើបនឹងកើតថ្មី ១ ក្បាលទៀត ស្ថិតនៅអន្លង់ព្រះសង្ឃ ជាប់នឹងអន្លង់កាំពី ខេត្តក្រចេះ ខណៈកូនផ្សោតនេះជាកូនផ្សោតទី៣ ហើយ ដែលត្រូវបានកត់ត្រាក្នុងឆ្នាំ២០២៤។
កូនផ្សោតទើបនឹងកើតថ្មី ១ ក្បាលនេះ ត្រូវបានប្រទះឃើញកាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅអន្លង់ព្រះសង្ឃស្ថិតក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះជាប់នឹងអន្លង់ផ្សោតកាំពី។
កូនផ្សោតកើតថ្មីនេះដែរ ស្ថិតនៅក្នុងហ្វូងសត្វផ្សោតចំនួន ៦ ក្បាលផ្សេងទៀត ហើយវាគឺជាកូនផ្សោតទី៣ ដែលបានកើតនៅដើមឆ្នាំ ២០២៤ នេះ។ នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២៤។
លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងដែរថា កូនផ្សោតដែលទើបតែកើត១ក្បាលទៀតនេះមានអាយុប្រហែលជា៧ថ្ងៃហើយ បើគិតចាប់ពីថ្ងៃទី ២៣ ខែកុម្ភៈ រហូតមកដល់ពេលនេះ។
លោកបានបន្តថា មូលហេតុដែលរដ្ឋបាលជលផលទើបតែផ្សព្វផ្សាយពីវត្តមានកូនផ្សោតនេះ គឺដោយសារកូនផ្សោតនេះចម្លែកខុសពីកូនផ្សោតដែលបានកើតផ្សេងទៀត ពីព្រោះនៅពេលមេផ្សោតបណ្ដើរកូនផ្សោតនេះ មានការបំពានពីផ្សោតបានប្រហែលជា ៣ ឬ ៤ ក្បាល ដោយព្រួតគ្នាធ្វើបាបដូចជា ការវ៉ៃទៅលើកូនផ្សោត ១ ក្បាលនេះ ដើម្បីដណ្ដើមយកមេផ្សោតជាដើម។
«ដូច្នេះហើយបានជាក្រុមការងារអភិរក្សបានធ្វើការតាមដាននិងជួយសង្គ្រោះទៅលើកូនផ្សោត ១ ក្បាលនេះ ដើម្បីធ្វើយ៉ាងណាធានាឱ្យកូនផ្សោតនេះ មានជីវិត និងសុវត្ថិភាព ទើបរដ្ឋបាលជលផលសម្រេចថាផ្សព្វផ្សាយពីវត្តមានកូនផ្សោតនេះឱ្យសាធារណជនបានដឹង»។ នេះបើតាមបញ្ជាក់របស់លោក អ៊ុក វិបុល។
លោកបានថ្លែងថា៖ «ចំពោះការគំរាមកំហែងនេះយើងបានដាក់ក្រុមការងារជួយសង្គ្រោះ ដើម្បីបំបែកចេញពីក្រុមផ្សោតឈ្មោលកុំឱ្យធ្វើបាបផ្សោតញីក៏ដូចជាកូនផ្សោតទើបនឹងកើតទាំងនោះ។មួយវិញទៀតយើងសូមផ្ដាំឱ្យប្រជាពលរដ្ឋដែលជាអ្នកនេសាទ ត្រូវធ្វើយ៉ាងម៉េចចៀសឆ្ងាយពីអន្លង់ផ្សោតរស់នៅពីព្រោះវាងាយនឹងជាប់មងនិងឧបករណ៍នេសាទមិនស្របច្បាប់ផ្សេងទៀត»។
ទន្ទឹមនេះ លោកណែនាំឱ្យប្រជាពលរដ្ឋ ក៏ត្រូវចៀសវាងការប្រើប្រាស់ឧបករណ៍នេសាទដែលបង្កហានិភ័យដល់សត្វផ្សោតពីព្រោះផ្សោតជាសម្បត្តិបេតិកភណ្ឌធម្មជាតិមានជីវិតដ៏ពិសិដ្ឋរបស់កម្ពុជា ហេតុនេះត្រូវចូលរួមថែរក្សាទាំងអស់គ្នា និងត្រូវចូលរួមរាយការណ៍មកខាងជលផល ប្រសិនបើបានឃើញវត្តមានកូនផ្សោតទើបនឹងកើត ក៏ដូចជា បានឃើញការបំពានផ្សោតឈ្មោលត្រួតគ្នាធ្វើបានកូនផ្សោតផងដែរ។
បើតាមលោក អ៊ុក វិបុល គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៤ នេះ កម្ពុជាទទួលបានកូនផ្សោតចំនួន ៣ ក្បាលហើយ ដូច្នេះបើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ មានកូនផ្សោតកើត ១ ក្បាលទេ។ ចំណែកឆ្នាំ ២០២២ មិនមានវត្តមានកូនផ្សោតកើតមកឡើយ ខណៈឆ្នាំ ២០២១ វិញមានកូនផ្សោតកើត ១ ក្បាល តែប៉ុណ្ណោះ។
លោកបន្ថែមថា ហេតុនេះ មកដល់ឆ្នាំ ២០២៤ នេះ គឺមានចំនួនវត្តមានកូនផ្សោតបានកើតមកច្រើន ដែលតួលេខនេះ វាជានិន្នាការមួយដ៏ល្អនាពេលអនាគត ដែលវត្តមានផ្សោត នឹងមានចំនួនកើនឡើងជាបន្តបន្ទាប់។
ដោយឡែក លោក សេង ទៀក នាយកប្រតិបត្តិអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ WWF បានថ្លែងបញ្ជាក់ដែរថា រាល់ការទទួលបានវត្តមានកូនផ្សោតដែលទើបនឹងកើតថ្មីទៀតនេះ គឺនឹងធ្វើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ កាន់តែខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀតទៅលើការងារចុះល្បាតនិងបង្ក្រាបទៅលើបទល្មើសនេសាទ ដោយការប្រើប្រាស់ឧបករណ៍ឆក់ និងមងនេសាទជាដើម។
លោកថ្លែងបន្ថែមថា៖ «ក្នុងនាមយើងជាអ្នកអភិរក្ស និងជាដៃគូយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល កំណត់ត្រាកូនផ្សោតកើតថ្មីនេះគឺជាព័ត៌មានល្អ លើកទឹកចិត្ត និងផ្តល់នូវក្តីសង្ឃឹម។ ដូច្នេះរួមគ្នា យើងចូលរួមការពារសត្វផ្សោត និងរក្សាលំហូរសេរីនៃទន្លេមេគង្គដែលជាប្រភពទ្រទ្រង់ជីវិតដ៏សំខាន់សម្រាប់សត្វសំខាន់ៗ និងមនុស្សផង»។
ក្នុងឆ្នាំ២០២៣ កន្លងមក កម្ពុជាទទួលបានកូនផ្សោតចំនួន ៨ ក្បាល ប៉ុន្តែបានងាប់ទៅវិញអស់ ២ ក្បាលហើយ ដូច្នេះនៅសល់តែកូនផ្សោតតែ ៦ ក្បាលប៉ុណ្ណោះ។ រហូតមកដល់សព្វថ្ងៃនេះ តាមការប៉ាន់ស្មានផ្សោតដែលរស់នៅក្នុងខេត្តស្ទឹងត្រែង និងក្រចេះ មានចំនួនប្រមាណជា ៩០ ក្បាល ទាំងផ្សោតមេពូជក៏ដូចផ្សោតវ័យជំទង់។នេះជាការបញ្ជាក់បន្ថែមទៀតរបស់លោក អ៊ុក វិបុល៕