
មន្ត្រីក្រសួងការពារជាតិក្នុងកិច្ចប្រជុំបង្កើតក្រុមការងារ កាលពីថ្ងៃទី២៦ខែកុម្ភៈ។ រូបថត ក្រសួងការពារជាតិ
ភ្នំពេញៈ ក្រសួងការពារជាតិ បានបង្កើតក្រុមការងារសម្របសម្រួលត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញ ក្នុងគ្រាមានអាសន្ន និងគ្រោះមហន្តរាយនានាដូចជាការបាក់រលំអគារ និងទឹកជំនន់ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃគ្រោះមហន្តរាយ និងគាំទ្រដល់សហគមន៍ដែលរងផលប៉ះពាល់។
សេចក្តីសម្រេចស្ដីពីការបង្កើតក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញរបស់ក្រសួងការពារជាតិបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែកុម្ភៈ។ នេះបើយោងតាមគេហទំព័រក្រសួងការពារជាតិ ផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ។
លោកម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារក្រសួងការពារជាតិ បានលើកឡើងថាកងកម្លាំងរបស់ក្រសួងការពារជាតិមានបទពិសោធន៍ច្រើនលើកច្រើនសាមកហើយ លើសកម្មភាពជួយសង្គ្រោះនៅគ្រប់គ្រោះមហន្តរាយនៅពេញផ្ទៃប្រទេស។
លោកថា តួយ៉ាង ករណីធ្លាក់យន្តហោះដឹកអ្នកដំណើរនៅក្នុងទឹកដីខេត្តកំពត ករណីបាក់រលំអគារកម្ពស់ ៥ជាន់នៅខេត្តព្រះសីហនុ និងអគារកម្ពស់៣ជាន់នៅខេត្តកែប ការជួយសង្គ្រោះពលរដ្ឋរងគ្រោះពីគ្រោះមហន្តរាយ ធម្មជាតិទឹកជំនន់ នៅជុំវិញភូមិសាស្ត្ររាជធានីភ្នំពេញ និងតាមបណ្តាខេត្តទូទាំងប្រទេស។
លោកបានសង្កត់ធ្ងន់ថា៖ «ដូច្នេះយោងតាមបទពិសោធន៍ដែលមានកន្លងមក សម្រាប់កម្លាំងកងទ័ពយើងមិនមានបញ្ហាអ្វី ដែលពិបាកទេ លើកលែងតែលិចនាវាធំៗ ដែលយើងមិនមានលទ្ធភាព និងបទពិសោធន៍ទេ»។
លោកបានផ្តាំផ្ញើដល់បណ្តាអង្គភាពពាក់ព័ន្ធត្រូវពិនិត្យឧបករណ៍សម្ភារប្រើប្រាស់ឱ្យបានត្រឹមត្រូវដូចជា ឧទ្ធម្ភាគចក្រ នាវា អូប័រ រថយន្តដឹកជញ្ជូន រថយន្តសង្គ្រោះ និងមធ្យោបាយផ្សេងៗទៀត ដែលនឹងត្រូវបែងចែកកម្លាំងប្រចាំការជាប់ជាប្រចាំ ដើម្បីមានលទ្ធភាពចុះជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា នៅពេលមានគ្រោះធម្មជាតិកើតឡើងជាយថាហេតុ។
លោកម៉ឹង សំផន បានបន្ថែមថា៖ «គ្រប់បណ្តាអង្គភាពជំនាញរបស់កងយោធពលខេមរភូមិន្ទ ដែលមានការពាក់ព័ន្ធទាំងអស់ នឹងត្រៀមខ្លួនអនុវត្តភារកិច្ចជួយសង្គ្រោះ គ្រោះមហន្តរាយជាប់ជាប្រចាំ ដើម្បីអនុវត្តលើការងារជួយសង្គ្រោះ ធានាលើទ្រព្យសម្បត្តិ និងអាយុជីវិតពលរដ្ឋ ដែលរងគ្រោះឱ្យសម្រេចបានលទ្ធផលល្អ តាមការណែនាំរបស់រាជរដ្ឋាភិបាល»។
ជុំវិញបញ្ហានេះ លោកសុទ្ធគឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា កិច្ចការឆ្លើយតបការសង្គ្រោះបន្ទាន់និងការស្តារឡើងវិញមានសារៈសំខាន់សម្រាប់សង្គមជាតិ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយ និងគាំទ្រដល់សហគមន៍ដែលរងផលប៉ះពាល់ ដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង។
ក្នុងការងារនេះលោកបានបញ្ជាក់ថារដ្ឋាភិបាលកំពុងធ្វើបច្ចុប្បន្នភាពផែនការជាតិទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ លើការឆ្លើយតបគ្រោះមហន្តរាយ, ពង្រឹងប្រព័ន្ធព័ត៌មាន ប្រព័ន្ធប្រមូលទិន្នន័យ, ការធ្វើលំហាត់សម និងប្រតិបត្តិការរុករក, ការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍អង្គការសង្គមស៊ីវិល និងវិស័យឯកជន។
លោកសុទ្ធ គឹមកុលមុន្នី បានថ្លែងថា៖ «សមត្ថភាពរបស់កងប្រតិបត្តិការយើងគឺមានសមត្ថភាពគ្រប់គ្រាន់ តែមិនទាន់មានលទ្ធភាពជួយសង្គ្រោះករណីលិចនាវាធំៗ ដោយសារកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ បានឆ្លងកាត់ការបណ្តុះបណ្តាលយ៉ាងទូលំទូលាយ និងមានសមត្ថភាពចាំបាច់ ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយផ្សេងៗ»។
លោកបានបន្តថា៖ «ពិសេសគ្រោះទឹកជំនន់ ការរលំបាក់អគារ អគ្គិភ័យ ជាដើម ហើយបំពាក់សម្ភារសង្គ្រោះ និងជំនាញព្រមទាំងយន្តការសម្របសម្រួលដែលប្រកបដោយប្រសិទ្ធភាព។ទោះបីយ៉ាងណាយើងនៅតែបន្តយកចិត្តទុកដាក់ក្នុងការផ្តល់ការបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពបន្ថែម»។
លោកបន្ថែមថាសមត្ថភាពកងកម្លាំងនៅមានកម្រិតទាំងការសង្គ្រោះនៅលើដី និងក្នុងផ្ទៃទឹក ក៏ប៉ុន្តែរដ្ឋាភិបាលកំពុងបង្កើនការពង្រឹងសមត្ថភាពប្រតិបត្តិករជាប្រចាំ តាមរយៈវគ្គបណ្តុះបណ្តាលទាំងក្នុងនិងក្រៅស្រុក។ លើសពីនោះទៀតរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយតែងយកចិត្តទុកដាក់ លើការបំពាក់ឧបករណ៍និងសម្ភារបន្ថែមជាប្រចាំជូនដល់កងប្រតិបត្តិការ។
ដោយឡែក លោក ថុង ម៉េងដាវិត ប្រធានផ្នែកស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងជាអ្នកជំនាញផ្នែកសន្តិសុខបានឱ្យដឹងថាយោធាកម្ពុជាតែងតែយកចិត្តទុកដាក់លើសុខសុវត្ថិភាពប្រជាពលរដ្ឋ ហើយតែងតែបង្កើនការហ្វឹកហ្វឺន និងសិក្សាពីបច្ចេកទេសថ្មី ដើម្បីឆ្លើយតបនៅស្ថានការណ៍គ្រោះថ្នាក់និងកាត់បន្ថយហានិភ័យ។
លោកថ្លែងថា៖ «ការបង្កើតក្រុមការងារនេះ ក៏ជាការបង្ហាញការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ក្នុងការថែររក្សាសុខសុវត្ថិភាព និងអាយុជីវិតរបស់ពលរដ្ឋ តាមរយៈការឆ្លើយតបភ្លាមៗនិងទាន់ពេលវេលា»។
បើតាមលោកថុង ម៉េងដាវិត កម្ពុជាក៏កំពុងត្រៀមលក្ខណៈរៀបចំធ្វើលំហាត់សមសង្គ្រោះមហន្តរាយជាមួយឡាវ និងវៀតណាម លើការចែករំលែកបទពិសោធន៍ពង្រឹងសមត្ថភាពនិងកសាងផែនការ ចំពោះការបង្ការនិងទប់ស្កាត់គ្រោះមហន្តរាយ៕