​មន្ត្រី​នៃ​អង្គការ​សន្សំ​ម្លប់​ព្រៃ បានឱ្យដឹងថា នៅក្នុង​ឆ្នាំ​២០២៣​កន្លងមកនេះ គម្រោង​ស្រូវ​សរីរាង្គ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ ឬ​ស្រូវ​ត្រយង (IBIS RICE)​បាន​កើនឡើង ៧៦,៦% ដែល​ផ្ដល់​ប្រាក់ចំណូល​ជា​មធ្យម​ដល់​កសិករ​ជា​សមាជិក​បាន​ជិត ៣,៣ ​លាន​រៀល ​ក្នុង ​១ ​គ្រួសារ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០២២​។ 

 ក្រោយពី​បាន​បិទ​បញ្ចប់​ការប្រមូល​ទិញស្រូវ​ពី​សមាជិក​គម្រោង​ស្រូវ​សរីរាង្គ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ ឬ​ស្រូវ​ត្រយង (IBIS RICE) នៅតាម​តំបន់​គោលដៅ​ឃើញថា ទិន្នផល​ស្រូវ​ត្រយង (IBIS RICE) របស់​កសិករ មានការ​កើនឡើង​លើស​ពី​ការរំពឹងទុក ជាពិសេស​ផលិតផល​ស្រូវ​ដែល​លក់​ចេញ បាន​កើនឡើង​រហូតដល់ ៧៦,៦% បើ​ធៀប​ទៅនឹង​បរិមាណ​សរុប​កាលពី​ឆ្នាំ​២០២២​។ 

​ផលិតផល​ស្រូវ​លក់​ចេញ​ដែលមាន​ការកើនឡើង​នេះដែរ វា​ក៏​នាំឱ្យ​កសិករ​ជា​សមាជិក​ទទួលបាន​ប្រាក់ចំណូល​ជា​មធ្យម​ជិត ៣,៣​លាន​រៀល​ក្នុង​១​គ្រួសារ​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ករ​បស់​អង្គការ​សន្សំ​ម្លប់​ព្រៃ បានឱ្យដឹង​កាលពី​សប្តាហ៍​មុន​។​
​លោក កែវ សុជាតិ នាយក​ប្រតិ​ប​ត្ដិ​នៃ​អង្គការ​សន្សំ​ម្លប់​ព្រៃ​បានឱ្យដឹងថា ក្នុង​ឆ្នាំ​២០២៣ ចំនួន​កសិករ​ជា​សមាជិក ដែល​បាន​លក់​ស្រូវ​ទៅឱ្យ​ក្រុមហ៊ុន​អាយ​ប៊ី​ស​រ៉ា​យស៍​មានការ​កើនឡើង​ច្រើន និង​ទទួលបាន​ប្រាក់ចំណូល​ពី​ការលក់​ស្រូវ​សរីរាង្គ​មានការ​កើនឡើង​ប្រមាណ ១៤,៤% បើ​ធៀប​ទៅនឹង​ឆ្នាំ​២០២២​។​

លោក​បាន​បន្តថា សម្រាប់​តម្លៃ​លក់​ចេញ​នៃ​ស្រូវ​សរីរាង្គ​របស់​កសិករ​ជា​សមាជិក​ក៏មាន​តម្លៃ​ខ្ពស់ជាង​ទីផ្សារ​ផងដែរ ជា​មធ្យម​ប្រមាណ ៥៤​ ភាគរយ ដែលមាន​តម្លៃ​ចាប់ពី ១ ៨៥០ ​រៀល រហូតដល់ ២ ០៥០​រៀល​ក្នុង​១​គីឡូក្រាម​។ បន្ថែម​ពីនេះ​ក្រៅពី​មាន​ស្រូវ​សម្រាប់​លក់​ចេញ ក្នុងតម្លៃ​ខ្ពស់​ហើយ កសិករ​ស្រូវ​ត្រយង​ក៏មាន​ស្រូវ​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ក្នុង​គ្រួសារ​របស់ខ្លួន​ផងដែរ​។​

​លោក កែវ សុជាតិ បាន​បញ្ជាក់ថា​៖ «​ការអនុវត្ត​គម្រោង​ស្រូវ​ត្រយង បាន​ជួយ​លើកកម្ពស់​ជីវភាព និង​ជំរុញ​ឱ្យ​ប្រជាកសិករ​ដែល​រស់នៅក្នុង​ដែន និង​ក្បែរ​តំបន់​អភិរក្ស ចូលរួម​ក្នុងការ​ការពារ​ធនធាន​ធម្មជាតិ តាមរយៈ​ការធ្វើ​កសិកម្ម​តាម​គោលការណ៍​សរីរាង្គ​ដែលមាន​ទីផ្សារ​លក់​ច្បាស់លាស់ និង​តម្លៃ​ខ្ពស់ និង​គោរព​តាម​គោលការណ៍​ការពារ​ធន​ធាន​ធម្មជាតិ និង​សង្គ្រោះ​សត្វព្រៃ​»​។ 

​លើសពីនេះ លោក​ថា គម្រោង​នេះ ក៏បាន​ជួយ​ធានា​នូវ​សន្ដិសុខ​សុវត្ថិភាព​ស្បៀងអាហារ​ក្នុង​តំបន់​គោលដៅ និង​ជួយ​ជីវភាព​សមាជិកគ្រួសារ​ដែល​ចូល​គម្រោង​ផងដែរ​។ 

ក្នុង​ឆ្នាំ​២០២៣​នេះដែរ បច្ចុប្បន្ន​គម្រោង​ស្រូវ​សរីរាង្គ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ ឬ​ស្រូវ​ត្រយង (IBIS RICE) បាន​អនុវត្ដ​នៅក្នុង​ខេត្ដ​ចំនួន​៤ នៅក្នុង​ប្រទេស​កម្ពុជា រួមមាន​៖ ខេត្ដ​ព្រះវិហារ ខេត្ដ​ស្ទឹងត្រែង ខេត្ដ​រតនគិរី និង​ខេត្ដ​មណ្ឌលគិរី ក្នុងនោះ​មាន​សមាជិក​សរុប​ចំនួន ២ ៣៧១​ គ្រួសារ​។ នេះ​បើតាម​ការបន្ថែម​របស់​លោក កែវ សុជាតិ​។​

​សូម​រំឭក​ផងដែរ​ថា គម្រោង​ស្រូវ​សរីរាង្គ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ ឬ​ស្រូវ​ត្រយង (IBIS RICE) កំពុង​ទទួល​បានការ​គាំទ្រ និង​សហការ​ដោយ​ក្រសួងបរិស្ថាន USAID មរតក​បៃតង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) ​អង្គការ​អភិរក្ស​អន្ដរជាតិ (Conservation International)  Critical Ecosystem Partnership Funds (CEPF) ក្រុមហ៊ុន អាយ​ប៊ី​ស​រ៉ា​យ៍ (IBIS Rice Conservation Company) ​គម្រោង​រេ​ដ​បូក កែវ​សីមា ក្រុមហ៊ុន Rising Phoenix និង​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​៕