
ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍ (TSC) របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានដំឡើងបង្កាន់ដៃជណ្ដើរឈើចំនួន ៣ ទីតាំង នៅប្រាសាទអង្គរវត្តក្នុងគោលបំណងជួយសម្រួលដល់ការឡើងចុះរបស់ភ្ញៀវទេសចរឱ្យងាយស្រួល និងមានសុវត្ថិភាព។
តាមរយៈហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ៩ ខែកុម្ភៈនេះ បានឱ្យដឹងថា កន្លែងទាំង៣ដែលក្រុមការងារដំឡើងបង្កាន់ដៃជណ្ដើរនោះ គឺនៅរួតព្រះពាន់ នៅចំណុចកណ្តាល និងនៅអមសងខាង នៃរួតព្រះពាន់ឡើង-ចុះ រួតបាកាណ(កំពូលកណ្ដាល)របស់ប្រាសាទអង្គរវត្ត។
ប្រធានក្រុមការងារពលករនៅនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ លោក ប៊ូ ផានេត ឱ្យដឹងថា ការដំឡើងបង្កាន់ដៃជណ្ដើរឈើទាំងនេះ ក្នុងគោលបំណងជួយសម្រួលដល់ការឡើងចុះរបស់ភ្ញៀវទេសចរផង និងក៏ជួយការពារគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ ដែលអាចនឹងកើតឡើងជាយថាហេតុណាមួយផង។
លោកបញ្ជាក់ថា៖ «ប្រការទី២ គឺជួយបង្ការកុំឱ្យភ្ញៀវទេសចរចាប់តោង ឬក៏ប៉ះផ្ទាល់ទៅលើថ្មប្រាសាទ ដែលអាចនាំឱ្យសឹករេចរឹលក្បាច់ចម្លាក់ជាដើម ជាពិសេសជួយសម្រួលបានច្រើនដល់ភ្ញៀវទេសចរនៅរដូវធ្លាក់ភ្លៀងបង្ការកុំឱ្យរអិលទៀតផង»។
បើតាមលោក ផានេត ការដំឡើងបង្កាន់ដៃនេះ បានប្រើឆ្អឹងដែកស្រោបឈើលើដើម្បីការពារកុំឱ្យច្រេះ និងមិនឱ្យប៉ះពាល់ដល់សោភណភាពនៃប្រាសាទនោះទេ។ ក្រុមទេសចរចម្រុះជាតិសាសន៍ ព្រមទាំងមគ្គទេសក៍ទេសចរណ៍ជាច្រើន បានសម្តែងការសប្បាយចិត្តនៅពេលឃើញអាជ្ញាធរជាតិអប្សរាដំឡើងបង្កាន់ដៃជណ្ដើរទាំងនេះ។
មគ្គទេសក៍ទេសចរណ៍ ភាសាជប៉ុន លោក យ៉ែម រ៉ូហ្សា បានបង្ហាញក្តីរំភើប នៅពេលដែលរូបលោកបាននាំភ្ញៀវមកទស្សនាប្រាសាទអង្គរវត្ត ចំពេលដែលក្រុមការងារ នៃអាជ្ញាធរជាតិអប្សរាបានរៀបចំដំឡើងបង្កាន់ដៃជណ្ដើរនេះរួចរាល់ហើយ។ មគ្គទេសក៍រូបនេះនិយាយថា កាលពីមុនជណ្ដើរទាំងនោះ ពិបាកឡើងចុះ ហើយនៅកន្លែងខ្លះដែលងងឹតបន្តិចផងនោះ តែងធ្វើឱ្យភ្ញៀវទេសចរមួយចំនួន ដែលមានវ័យចាស់ៗ ពិតជាពិបាកឡើងចុះ ប៉ុន្តែពេលនេះ វាពិតមានភាពងាយស្រួលជាងកាលពីមុនឆ្ងាយណាស់។ សម្រាប់លោក យ៉ែម រ៉ូហ្សា គិតថា នេះជាគំនិតល្អ ដែលអាជ្ញាធរជាតិអប្សរាបានគិតគូរដល់សុវត្ថិភាពរបស់ភ្ញៀវទេសចរជាចម្បង ពីព្រោះតែប្រាសាទខ្ពស់ៗ ជណ្តើរក៏ច្រើនហើយកន្លែងខ្លះក៏ងងឹតថែមទៀតនោះ។
គួរជម្រាបថា កម្ពុជារកចំណូលបានជាង ១៨ លានដុល្លារ នៅក្នុងឆមាសទី១ ឆ្នាំ ២០២៣ ពីការលក់សំបុត្រឱ្យភ្ញៀវបរទេសចូលកម្សាន្តរមណីយដ្ឋានទាំង ៣ ដែលគ្រប់គ្រងដោយគ្រឹះស្ថានអង្គរ ដោយកើនជាង ៦ ដងធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២៕