
ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលនៃកម្មវិធី«មនសិការពលរដ្ឋល្អ”»កាលពីថ្ងៃទី៩ មីនា។ រូបថត ក្រសួងអប់រំ
ភ្នំពេញៈ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានថ្លែងថា ការបណ្តុះបណ្តាលមនសិការពលរដ្ឋល្អ មិនមែនទាល់តែមានវិបត្តិនោះទេ ប៉ុន្តែត្រូវបណ្តុះបណ្តាលជាប្រចាំដើម្បីក្លាយជាសសរទ្រូង និងជាធនធានដ៏មានសារៈសំខាន់សម្រាប់ប្រទេសជាតិ។
ការថ្លែងរបស់លោករដ្ឋមន្ត្រីក្រសួងមុខងារសាធារណ:នេះបានធ្វើឡើងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលនៃកម្មវិធី«មនសិការពលរដ្ឋល្អ”»កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៤ នៅមជ្ឈមមណ្ឌលម៉ានី អគារ The Kampus ដែលកម្មវិធីជាការសហការគ្នា រៀបចំឡើងរវាងក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
លោក ហ៊ុន ម៉ានី បានលើកឡើងថា សិក្ខាសាលា នេះនឹងបណ្តុះមនសិការ ឆន្ទៈ និងភាពជាពលរដ្ឋល្អដល់យុវជនកម្ពុជាដើម្បីក្លាយជាសសរទ្រូងនិងជាធនធានដ៏មានសារៈសំខាន់ សម្រាប់ប្រទេសជាតិ នាពេលអនាគត។
លោកបានបញ្ជាក់ថា៖«ខ្ញុំសូមកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការដឹកនាំបណ្តុះបណ្តាលយុវជនកម្ពុជាឱ្យក្លាយជាសសរទ្រូងនៃប្រទេសជាតិ និងចូលរួមចំណែកជាមួយសង្គមជាតិ ជាពិសេសក្នុងការអនុញ្ញាតឱ្យស.ស.យ.ក. ចូលរួមចំណែកជាមួយក្រសួងក្នុងការបំពាក់បំប៉ន សមត្ថភាពយុវជន»។
លោកបានបន្ថែមថា ការចូលរួមរបស់ ស.ស.យ.ក. គឺធ្វើឡើងតាមរយៈការផ្តល់វគ្គបំប៉នដល់សិស្សដែលត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ ចូលរួមជាអ្នកសង្កេតការណ៍ គាំទ្រកំណែទម្រង់វិស័យអប់រំ ការបង្កើតជាកម្មវិធីសម្រាប់យុវជននានា ដែលក្នុងនោះមានសិក្ខាសាលា «មនសិការពលរដ្ឋល្អ» នាពេលនេះ។
ជាមួយគ្នានោះដែរ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងដែរថា កម្មវិធី «មនសិការពលរដ្ឋល្អ» គឺជាកម្មវិធី បំពេញបន្ថែមទៅលើកម្មវិធីសិក្សាផ្លូវការរបស់រដ្ឋ ក្នុងគោលបំណងបណ្តុះបណ្តាលសមត្ថភាព ឆន្ទៈ ការទទួលខុសត្រូវ និងភាពជាពលរដ្ឋល្អដល់យុវជន ដើម្បីចូលរួមអភិវឌ្ឍ និងរក្សាសុខដុមនីយកម្មប្រទេសជាតិ។
លោកបានមានប្រសាសន៍ថា៖«កម្មវិធីនេះនឹងធ្វើការផ្សារភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្តគម្រោងជាក់ស្តែងនៅក្នុងក្របខ័ណ្ឌសាលារៀននិងសហគមន៍ក៏ដូចជាទស្សនកិច្ចសិក្សាជូនដល់សិស្សានុសិស្សឱ្យបានយល់ដឹងអំពីប្រវត្តិសាស្ត្រ ការតស៊ូលះបង់ របស់វីរជនជំនាន់មុនក្នុងបុព្វហេតុកសាងជាតិមាតុភូមិ»។
លោកបានបន្ថែមថា រាជរដ្ឋាភិបាលបាននិងកំពុង បន្តឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការអប់រំយុវជនខ្មែរឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងជាពលរដ្ឋល្អដោយផ្អែកលើចតុស្តម្ភនៃការអប់រំចំនួន៤គឺ៖ទី១-អប់រំដើម្បីឱ្យមានចំណេះដឹង,ទី២-អប់រំដើម្បីឱ្យមានចំណេះធ្វើ,ទី៣-អប់រំដើម្បីឱ្យមានឥរិយាបថ និងក្រមសីលធម៌ល្អ និងទី៤-អប់រំដើម្បីឱ្យចេះរស់នៅក្នុងសង្គមប្រកបដោយភាពសុខដុមរមនា។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖«ដើម្បីអប់រំសិស្សនិងយុវជនឱ្យក្លាយជាពលរដ្ឋល្អក្រសួងអប់រំក៏ដូចជាស្ថាប័នពាក់ព័ន្ធដទៃទៀត មានទិសដៅលើកកម្ពស់ចំណេះដឹង បំណិន និងចរិយាធម៌ ការយល់ដឹងពីគុណតម្លៃ ភាពជាពលរដ្ឋល្អ ដែលឆ្លុះបញ្ចាំង ពី៣ចំណុចធំៗគឺយើងមកពីណា?, យើងនៅទីណា? និងយើងចង់ទៅណា?»។
លោក ប៉ិច បូឡែន សហស្ថាបនិក និងជាទីប្រឹក្សាសហព័ន្ធសេវាអប់រំកម្ពុជាបានបង្ហាញការយល់ឃើញរបស់លោកថា ការបណ្តុះបណ្តាលមនសិការពលរដ្ឋល្អ ត្រូវចាប់ផ្តើមឡើងតាំងពីកុមារចូលសិក្សាថ្នាក់មេត្តយ្យមកដើម្បីឱ្យគេក្លាយជាយុវជនល្អ និងក្លាយពលរដ្ឋល្អ នាពេលអនាគត ដែលជាមូលធនមនុស្សរបស់ប្រទេសជាតិ។
លោកបានបន្ថែមថា ការបណ្តុះបណ្តាលឱ្យពលរដ្ឋ ជាពិសេសយុវជន មានមនសិការស្នេហាជាតិ តាមរយៈការចេះគោរពច្បាប់ និងមានភាពស្មោះត្រង់ និងការទទួលខុសត្រូវចំពោះប្រទេសជាតិ ប្រជាជន និងរាជរដ្ឋាភិបាល គ្រប់កាលៈទេសៈទាំងអស់នឹងធ្វើឱ្យប្រទេសជាតិនោះមានការរីកចម្រើន។
លោកបានបន្ថែមថា យុវជនត្រូវចេះចែករំលែកនិងសកម្មចូលរួមក្នុងការងារសង្គម ដូចជា ការងារសហគមន៍ ការងារស្ម័គ្រចិត្ត ការងារមនុស្សធម៌ ដែលជាប្រយោជន៍របស់សង្គមជាតិ,បន្តវប្បធម៌គោរពគ្នាទៅវិញទៅមក បំពេញកាតព្វកិច្ចជាពលរដ្ឋល្អ៕