ភ្នំពេញៈ​ មន្ត្រីបេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) បានអះអាងថា សម្រាប់​ទិស​ដៅ​អនុវត្ត​ការងារ​សំខាន់ៗ​ក្នុង​ឆ្នាំ​នេះ​ ប​.​ស​.​ស​.នឹង​បន្ត​ពង្រីក​ការ​ផ្សព្វ​ផ្សាយ​ពី​ផ្នែក​ថែ​ទាំ​សុខ​ភាព​តាម​របប​ភាគ​ទាន​ដោយ​ស្ម័គ្រ​ចិត្ត​ឱ្យ​កាន់តែ​ទូលាយ​ដើម្បី​ធានា​ប្រសិទ្ធ​ភាព​ការ​ងារ​ក្នុង​ការ​គាំពារ​សុខុ​មាល​ភាព​ពល​រដ្ឋ​កម្ពុជា​។​

​លោក​ហេង សុផាន់​ណា​រិ​ទ្ធ អគ្គ​នាយក​រង​បេឡា​ជាតិ​សន្តិ​សុខ​សង្គម​នៃ​ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ (​ប​.​ស​.​ស​.) នៅ​ថ្ងៃទី​ ១២ ​ខែមីនា ឆ្នាំ ​២០២៤ បាន​ឱ្យដឹង​ថា សម្រាប់​ឆ្នាំ​ ២០២៤ ប​.​ស​.​ស​. នឹង​បន្ត​ពង្រីក​ការ​ផ្សព្វ​ផ្សាយ​ឱ្យ​កាន់តែ​ទូលាយ​បន្ថែម​ទៀត​ពី​របប​ថែទាំ​សុខភាព​តាម​របប​ភាគ​ទាន​ដោយ​ស្ម័គ្រចិ​ត្តដល់​មន្ត្រីរា​ជការ តាម​ក្រសួង​ស្ថាប័ន​ដើម្បី​បន្ត​ជំរុញ​ការ​ផ្សព្វ​ផ្សាយ​ពី​អត្ថប្រ​យោជន៍​របប​សន្តិ​សុខ​សង្គម​គ្រប់​រូបភា​ព និង​គ្រប់​ទម្រង់ ប្រកប​ដោយ​ភាព​ប្រទាក់​ក្រឡា​គ្នា​។​

​ក្រៅ​ពីនេះ​សម្រាប់​ឆ្នាំ​ ២០២៤ លោ​ក​ថា​៖ «​ប​.​ស​.​ស​.ក៏​នឹង​បន្ត​សិក្សា​រៀបចំ​និង​បង្កើត​ក្រុម​ការងារ​សម្របសម្រួល​ចុះ​បញ្ជី​ចល័ត​នៅ​តាម​ទីប្រជុំ​ជន​ តាម​ផ្សារ និង​បន្ត​ពង្រឹង ​ព្រម​ទាំង​បង្កើន​គុណ​ភាព​ប្រសិទ្ធ​ភាព​នៃ​ការ​ផ្តល់​សេវា​មូល​ដ្ឋាន​សុខាភិ​បាល​ជា​ដៃ​គូ ​ប​.​ស​.​ស​. ដែល​ជា​ការ​ចាំ​បាច់​បំផុត​ផង​ដែរ​»​។​

​លោក​បាន​បញ្ជាក់​ថា ទិស​ដៅ​អនុវត្ត​ការងារ​សំខាន់ៗ​នេះ គឺ​ស្រប​ទៅ​តាម​ទិសដៅ​អាទិ​ភាព​នៃ «​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​-​ដំណាក់​កាល​ទី​១» និង ​«​កម្មវិធី​នយោ​បាយ​អាទិ​ភាព​» របស់​រាជ​រដ្ឋាភិ​បាលដែល​បេឡា​ជាតិ​សន្តិ​សុខ​សង្គម​បំពេញ​បេសក​កម្មដើម្បី​ធានា​ការ​អនុវត្ត​របប​សន្តិ​សុខ​សង្គម​ ប្រកប​ដោយ​សម​ធម៌​ និង​សាម​គ្គី​ធម៌​សង្គម​។

​លោក ​ហេង សុផាន់​ណា​រិ​ទ្ធ បាន​អះអាង​ថា ប​.​ស​.​ស​. នឹង​បន្ត​ជំរុញ​ការអ​ភិវឌ្ឍ​របប​សន្តិ​សុខ​សង្គម​ដល់​កម្មករ​និយោ​ជិត​ និង​មន្ត្រី​សា​ធារណៈ ​អតីត​មន្ត្រី​រាជកា​រ និង​អតីត​យុទ្ធ​ជន​ បុគ្គល​ស្វ័យ​និ​យោជន៍ ​អ្នក​ក្នុង​បន្ទុក និង​ចូល​រួម​អនុ​វត្ត​គោល​នយោ​បាយ​វិស័យ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ តាម​រយៈ​កម្ម​វិធី​អាទិ​ភាព​ចំនួន​៥​។​

​ក្នុង​នោះ​រួម​មាន​ ការ​ពង្រីក​វិសាល​ភាព​នៃ​ការ​អនុវត្ត​របប​សន្តិ​សុខ​សង្គម​ កា​រពង្រឹង​គុណ​ភាព ​និង​សមត្ថ​ភាព​ផ្ដល់​សេវា ​ការ​លើក​កម្ពស់​ការយ​ល់​ដឹង និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ​ការ​ធានា​និរន្តរ​ភាព​មូល​និធិ​សន្តិ​សុខ​សង្គម​ និង​ការ​អភិវឌ្ឍ​សមត្ថ​ភាព​ស្ថា​ប័ន​ជា​ដើម​។​

​ជុំវិញ​រឿង​នេះ ​ប្រធាន​សម្ព័ន្ធ​សហ​ជីព​ជាតិ ​លោក ​ហ្វា សាលី​ បាន​លើក​ឡើង​ថា ​យន្ត​ការ​នៃ​ការ​ពង្រីក​ការ​ផ្សព្វ​ផ្សាយ​ពី​របប​សន្តិ​សុខ​សង្គម​នេះ​គឺមាន​សារៈ​សំខាន់ដើម្បី​ឱ្យ​ប្រជា​ពល​រដ្ឋ​ជា​បុគ្គល​ស្វ័យ​និ​យោជន៍ ​កម្មករ​និ​យោក​ជិត និង​សា​ធារ​ណជ​ន​ទូទៅ​បាន​ដឹង​ជុំវិញ​អត្ថប្រ​យោជន៍​នេះ​ ប៉ុន្តែ​ទន្ទឹម​គ្នានេះ​ លោក​ក៏ជំរុញ​ឱ្យ​មាន​ការ​ពង្រឹង​ទៅ​លើ​វិស័យ​សុខាភិ​បាល​ឱ្យ​កាន់​តែ​ល្អ ​និង​ទូលាយ​ជាង​នេះ​។​

​លោក​បាន​បញ្ជាក់​ថា៖ «​សូមឱ្យ​​អគ្គ​នាយ​ក​ប​.​ស​.​ស​. ក្រសួង​សុខាភិ​បាល​ និង​ក្រសួង​ការ​ងារ​ គួរតែ​ពិនិត្យ​មើល​លើ​ការ​ព​ន្លឿ​ន​លើ​ការ​ផ្តល់​សេវា​ជូន​សមា​ជិក​ ប​.​ស​.​ស​. ដូច​ជា​ការ​ព្យា​បាល​ ការ​ពិនិត្យ ​ការ​ផ្តល់​ថ្នាំ​ព្យា​បាល​ ព្រោះ​កន្លង​មក​ឃើញ​ថា នៅមាន​ភាព​យឺត​យ៉ាវ ​និង​អស​កម្ម​របស់​មន្ត្រី ប​.​ស​.​សនៅ​តាម​មន្ទីរ​ពេទ្យ​មួយ​ចំនួន​ ដូច្នេះ​សូម​ឱ្យ​ស្ថា​ប័ន​ពង្រីក​សេវា​នេះ​ឱ្យ​បាន​ទូលាយ​ទើប​ប្រសើរ​»​។​

​បើតាម​បេឡា​ជាតិ​របប​សន្តិ​សុខ​សង្គម​ ចាប់​តាំ​ងពី​រដ្ឋាភិ​បាល​ បាន​ប្រកាស​ដាក់​ឱ្យអ​នុវត្ត​ជា​ផ្លូវការ​របប​សន្តិ​សុខ​សង្គម​ផ្នែក​ថែទាំ​សុខ​ភាព​តាម​របប​ភាគ​ទាន​ដោយ​ស្ម័គ្រ​ចិត្ត​កាលពី​​ថ្ងៃទី ​១៤​ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ មក បេឡា​​ជាតិ​បាន​ផ្សព្វ​ផ្សាយ​តាម​បណ្តាញ​សង្គម និ​ង​បាន​ចុះ​យុទ្ធ​នាការ​តាម​រោងច​ក្រ​ សហគ្រា​ស ផ្ទះជួ​ល ​ផ្សារ និង​ទីប្រជុំ​ជន​យ៉ាង​សកម្ម​ ដើម្បី​ផ្តល់​ព័ត៌​មាន​ពី​ប​.​ស​.​ស​.​ទៅ​ដល់​មូល​ដ្ឋាន​ពលរដ្ឋ​ដែល​កំពុង​រស់​នៅ​។​

​ជាក់​ស្តែង​ គិត​មកត្រឹម​ថ្ងៃទី​ ៥​ ខែមីនា ​មាន​ពលរដ្ឋ​ជិត​ ១៧​ ម៉ឺន​នាក់​ ហើយដែលបាន​​ចូល​ជា​សមា​ជិក​របបសន្តិ​សុខ​ផ្នែក​ថែទាំ​សុខ​ភាព ​តាម​របប​ភាគ​ទាន ​ដោយ​ស្ម័គ្រ​ចិត្ត របស់​​ប​.​ស​.​ស​.​​៕