​ភ្នំពេញៈ ​ក្រសួងពាណិជ្ជកម្ម និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​សហការ​ជាមួយ​សហព័ន្ធ​ស្វាយចន្ទី​កម្ពុជា និង​ដោយមាន​ការគាំទ្រ​ពី​សហភាព​​អឺរ៉ុប​ប្រចាំ​កម្ពុជា​កំពុង​ជួយ​ដល់​រោងចក្រ និង​សិប្បកម្ម​កែច្នៃ​ស្វាយចន្ទី​ក្នុងការ​បន្តធ្វើ​ពិពិធ​កម្ម​ទីផ្សារ និង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ស្វាយចន្ទី​កម្ពុជា​ដើម្បី​ជំរុញ​ការនាំចេញ​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប​។​

​កិច្ច​ខិត​ប្រឹងប្រែង​នេះ ត្រូវ​បាន​លោក រាជ រ៉ា រដ្ឋលេខា​ធិ​ការ​ក្រសួងពាណិជ្ជកម្ម លើក​​ឡើង​នៅក្នុង​ទស្សនកិច្ច​សិក្សា​ទៅកាន់​រោងចក្រ​កែច្នៃ​ស្វាយចន្ទី​របស់​ក្រុមហ៊ុន Ample នៅ​រាជ​ធានី​ភ្នំពេញ​ដើម្បី​ស្វែងយល់​បន្ថែម​ពី​កាលានុវត្តភាព និង​ខ្សែ​ច្រវាក់​ផលិតកម្ម​ស្វាយចន្ទី​កម្ពុជា​។ ពិធី​នោះ​មានការ​ចូលរួម​តំណាង​ក្រសួងកសិកម្ម​, ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​,​ ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​,​ អគ្គនាយកដ្ឋាន​ភាពជា​ដៃគូ​អន្តរជាតិ​របស់​សហភាព​​អឺរ៉ុប​ទទួលបន្ទុក​តំបន់​មជ្ឈិមបូព៌ា និង​អាស៊ី​ប៉ាស៊ីហ្វិក រួម​ទាំង​សហព័ន្ធ​ស្វាយចន្ទី​កម្ពុជា​ផងដែរ កាលពី​ថ្ងៃទី​​ ១១ ខែមីនា ឆ្នាំ​ ២០២៤​។​

​លោក​ រាជ រ៉ា លើកឡើងថា ក្រសួងពាណិជ្ជកម្ម​បាន​បន្ត​ខិត​​ខំប្រឹងប្រែង​ក្នុងការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ និង​ជំរុញ​អភិវឌ្ឍ​វិស័យ​ស្វាយចន្ទី​កម្ពុជា​ដែលជា​ដំណាំ​អាទិភាព​ទី​២ បន្ទាប់ពី​ស្រូវ​ព្រម​ទាំង​បាន​ជម្រាប​សង្ខេប​អំពី​គោល​នយោបាយ​ជាតិ​ស្តីពី​ស្វាយ​​ចន្ទី ឆ្នាំ ​២០២២-២០២៧​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ក្រសួងពាណិជ្ជកម្ម​បាន​ដឹកនាំ​រៀបចំ ដោយបាន​ដាក់ចេញ​នូវ​ចក្ខុ​វិស័យ​ក្នុងការ​អភិវឌ្ឍ​ផលិតកម្ម កែច្នៃ និង​ទីផ្សារ​ស្វាយចន្ទី​ឱ្យមាន​លក្ខណៈ​ប្រកួតប្រជែង​ប្រកប​ដោយ​បរិ​យាប​ន្ន ធានា​នូវ​និរន្តរ​ភាព ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​មាន​គោលបំណង​ប្រែក្លាយ​កម្ពុជា​ឱ្យទៅជា​ប្រទេស​អ្នក​ផលិត ក៏ដូចជា​ផ្គត់ផ្គង់​ផលិតផល​ស្វាយចន្ទី​សម្រាប់​បម្រើ​ទីផ្សារ​ក្នុងស្រុក តំបន់ និង​ពិភពលោក​»​។​

​ចំណែក​លោក អាន តារា ប្រធាន​សហព័ន្ធ​ស្វាយចន្ទី​កម្ពុជា បានឱ្យដឹង​បន្ថែម​នៅ​ថ្ងៃទី​ ១២ ខែមីនា​ថា គោលបំណង​នៃ​ការធ្វើ​ទស្សនកិច្ច​សិក្សា​នេះ គឺ​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ខ្សែ​ច្រវាក់​តម្លៃ​របស់​ស្វាយចន្ទី​កម្ពុជា រួម​មាន ដូចជា អ្នក​ផលិត អ្នក​កែច្នៃ​និង​អ្នក​នាំចេញ ដើម្បី​ធ្វើ​យ៉ាង​​ណា​កំណត់ឱ្យ​បានច្បាស់លាស់​នូ​វ​បញ្ហា​ប្រឈម​ចម្បងៗ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ក្នុងការ​អភិវឌ្ឍ​ស្វាយចន្ទី​កម្ពុជា​ទាំង​​មូល ជាពិសេស​ស្វែងរក​ការ​​គាំទ្រ​ពី​ទីផ្សារ​ក្នុង​តំបន់​អឺរ៉ុប​។​

​លោក​បានឱ្យដឹងថា ទីផ្សារ​អឺរ៉ុប​គឺជា​ទីផ្សារ​ដែល​នាំចូល​គ្រាប់ស្វាយចន្ទី​កែច្នៃ​រួច​ដ៏​ធំជាងគេ​លើ​ពិភពលោក​។ ដូច្នេះហើយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ខិតខំ​ធ្វើយ៉ាងណា​ជួយ​ឱ្យ​ការកែច្នៃ​គ្រាប់​​ស្វាយចន្ទី​មាន​ស្តង់ដា ទាំង​គុណភាព និង​បរិមាណ​ទៅតាម​តម្រូវការ​របស់​សហភាព​អឺរ៉ុប​។​

​លោក​បានបញ្ជាក់​បន្ថែម​ថា​៖ «​ការនាំចេញ​ស្វាយចន្ទី​ទៅ​អឺរ៉ុប​កន្លងទៅ​មាន​តិចតួច​ណាស់ ទើប​ខាង​អឺរ៉ុប​គេ​ចុះ​មកជួយ​ពង្រឹង​យើង​បន្ថែមទៀត ដោយសារ​ស្វាយចន្ទី​ខ្មែរ​យើង​មាន​គ្រាប់​ធំ​ល្អ មានគុណ​ភាព និង​សារធាតុចិញ្ចឹម​ខ្ពស់ ហើយ​នៅ​ខាង​អឺរ៉ុប គេ​មិនទាន់​ស្គាល់​ពី​គ្រាប់ស្វាយចន្ទី​ខ្មែរ​នៅឡើយ​ទេ​។ នេះហើយ​ជា​ចំណុច​សំខាន់​ដែល​សហគមន៍​អឺរ៉ុប​មក​ទស្សន​​កិច្ច​បន្ថែម​ដើម្បី​សិក្សា​ស្វែងយល់​និង​ប្រឹងប្រែង​ធ្វើយ៉ាងណា ដើម្បីឱ្យ​ស្វាយចន្ទី​ខ្មែរ​ចូល​ទីផ្សារ​អឺរ៉ុប​បាន​ពេញលេញ​ដូច​គេ​»​។​

«​នៅ​ឆ្នាំនេះ មាន​ក្រុមហ៊ុន​មួយចំនួន​គាត់​អាច​ផលិត​បាន​តាម​ស្តង់ដា​អឺរ៉ុប​រួចហើយ ក្នុងនោះ​ក៏មាន​ក្រុមហ៊ុន​ Ample ផងដែរ ដែល​គាត់​អាចធ្វើ​បាន​តាម​ស្តង់ដា​អឺរ៉ុប​រួចហើយ​។ អ៊ី​​ចឹ​ង​នៅ​ឆ្នាំ​ហ្នឹង យើង​សង្ឃឹមថា នឹងមាន​ការនាំ​ចេញទៅ​កាន់​សហភាព​អឺរ៉ុប​ច្រើន​នៅ​ឆ្នាំនេះ​។​សហភាព​អឺរ៉ុប​ក៏មាន​ផ្តល់​ជា​ជំនួយឥតសំណង និង​ជំនួយ​បច្ចេកទេស​បន្ថែមទៀត​ដែរ​
​ក្នុងការ​ស្វែងរក​ទីផ្សារ​នៅ​អឺរ៉ុប​នេះ​»​។ នេះ​បើតាម​ប្រធាន​​សហព័ន្ធ​ស្វាយចន្ទី​បានបញ្ជាក់​បន្ថែម​។​

​លោកស្រី សម្បត្តិ កល្យាណ ម្ចាស់​រោងចក្រ​កែច្នៃ​ស្វាយចន្ទី​អេ​ម​ផល ​(Ample) បាន​ប្រាប់​ដែរ​ថា កន្លងទៅ ខាង​សហ​ភា​ព​អឺរ៉ុប និង ​GIZ បាន​ជួយ​ដល់​រោងចក្រ​លើ​ការស្វែងរក​ទីផ្សារ និង​ជួយ​ផ្សព្វផ្សាយ​បន្ថែមទៀត​ពី​ផលិតផល​របស់​រោងចក្រ​ទៅកាន់​សហភាព​អឺរ៉ុប​។​

​លោកស្រី​បាន​បញ្ជាក់ថា​៖ «​យើង​រំពឹងថា ក្នុង​ឆ្នាំ​ ២០២៤ ​នេះ ពួកគាត់ (​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​សហភាព​អឺរ៉ុប​)​ នឹង​ជួយ​យើង​ពង្រឹង​បន្ថែម ជា​​ពិសេស​ការស្វែងរក​ដៃ​គូ​ដើម្បី​ជំរុញ​ការនាំចេញ​ទៅកាន់​សហភាព​អឺរ៉ុប​»​។​

​បើតាម​លោកស្រី កល្យាណ បច្ចុប្បន្ន​ផលិតផល​ស្វាយចន្ទី​របស់លោក​ស្រី​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​មួយចំនួន​ហើយ​ដូចជា ទីផ្សារ សិង្ហ​បុរី ចិន អាមេរិក ហើយ​ទីផ្សារ​បន្ទាប់​​ដែល​លោកស្រី​កំពុង​ស្វះស្វែង​នាំ​ចេញទៅ​បន្ថែម​ គឺ​អង់គ្លេស​និង​សហភាព​អឺរ៉ុប​៕