ព្រះសីហនុៈ អគារចំនួន ៥ ដែលបានជាប់គាំង រួមមានគម្រោងអគារស្នាក់នៅរួម គម្រោងសណ្ឋាគារ និងគម្រោងអគារការិយាល័យ ត្រូវបានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឯកភាពជាគោលការណ៍ ផ្ដល់ការលើកទឹកចិត្តពិសេស ព្រមទាំងផ្តល់ការសម្របសម្រួលនីតិវិធី ដើម្បីបើកផ្លូវឱ្យគម្រោងទាំងនេះដំណើរការសាងសង់ និងចាប់ផ្ដើមដំណើរការសកម្មភាពវិនិយោគ និងធុរកិច្ចក្នុងឆ្នាំ ២០២៤។
ការផ្ដល់គោលការណ៍លើកទឹកចិត្តពិសេសនេះត្រូវបានឯកភាពនៅក្នុងកិច្ចប្រជុំ ពិភាក្សាលើការស្នើការលើកទឹកចិត្តរបស់វិស័យឯកជន ក្រោមវិសាលភាព «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤» របស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី ១២ ខែមីនា។ កិច្ចប្រជុំនេះដឹកនាំដោយលោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងមានការចូលរួមពីសមាជិកក្រុមការងារ និងមន្ត្រីជំនាញដែលតំណាងឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ។ នេះបើយោងតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ។
ក្នុងកិច្ចប្រជុំនេះ ក្រុមការងារបានពិភាក្សាលើរបៀបវារៈចំនួន ៥ ដែលជាគម្រោងវិនិយោគពាក់ព័ន្ធនឹងអគារ ជាប់គាំងក្នុងនោះវិស័យឯកជន ក៏បានស្នើសុំការសម្របសម្រួល ឬការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការលើកទឹកចិត្តពិសេស និងការសម្រួលនីតិវិធី។ គម្រោងទាំង ៥ នោះរួមមាន ទី១. គម្រាងអគារការិយាល័យ ស្ថិតនៅភូមិ ៦ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ទី២. គម្រាងអគារស្នាក់នៅរួម (ខុនដូ) ស្ថិតនៅភូមិ ១ សង្កាត់លេខ ៣ ទី៣. គម្រាងអគារស្នាក់នៅរួម ស្ថិតនៅភូមិ ២ សង្កាត់លេខ ២ និងទី៤. គម្រាងអគារស្នាក់នៅរួម ស្ថិតនៅភូមិ ៣ សង្កាត់លេខ ៤ និងទី៥. គម្រាងអគារសណ្ឋាគារ ស្ថិតនៅភូមិ ១ សង្កាត់លេខ ២ ក្រុងព្រះសីហនុ។
រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា៖ «ជារួមក្រុមការងារបានឯកភាពជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទ ជូនវិស័យឯកជន ដើម្បីបញ្ចប់ការសាងសង់ ការអនុវត្តគម្រោង និងការចាប់ផ្តើមដំណើរការធុរកិច្ចក្នុងឆ្នាំ ២០២៤។ ជាមួយគ្នានេះ ក្រុមការងារនឹងបន្តផ្តល់ការសម្របសម្រួល និងជំរុញការអនុវត្តគម្រោងទាំង ៥ ដោយរលូន»។
បើតាមប្រភពខាងលើ កិច្ចការបន្តបន្ទាប់ទៀត ក្រុមការងារ បាននិងកំពុងទទួល និងពិនិត្យពាក្យស្នើនានា ដើម្បីបង្កបរិយាកាសវិនិយោគឱ្យបានល្អប្រសើរ ព្រមទាំងកំពុងពិនិត្យលើការអនុវត្តវិធានការផ្សេងទៀត ដែលបានដាក់ចេញក្នុងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានប្រាប់ឱ្យដឹងនៅថ្ងៃទី ១៣ ខែមីនាថា កន្លងមកក្រុមការងារដោះស្រាយបញ្ហាអគារជាប់គាំង បានធ្វើការវាយតម្លៃ ធ្វើការកំណត់អត្តសញ្ញាណអគារជាប់គាំង ក៏ដូចជាផ្ដល់ជាគោលការណ៍លើកទឹកចិត្ត ចំពោះសំណើរបស់អ្នកវិនិយោគ។ កិច្ចការងារនេះកំពុងដំណើរការគួរជាទីមោទន ពីព្រោះមានការចាប់អារម្មណ៍ច្រើនពីសំណាក់សាធារណជន និងពីអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ ដើម្បីទទួលយកកញ្ចប់ពិសេសនេះក្នុងឆ្នាំ ២០២៤។
លោកថ្លែងថា៖ «មកដល់ពេលនេះ ក្រុមការងារយើងបានធ្វើការសិក្សាគម្រោងចំនួន ៥ ហើយ ក្នុងនោះមានគម្រោងចំនួន ២ បានផ្ដល់ជាគោលការណ៍លើកទឹកចិត្តហើយ។ ដូច្នេះនៅសល់តែដំណើរការការងារឯកសារ តទៅមុខទៀតសម្រាប់សំណើរបស់ពួកគាត់»។
លោកបន្តទៀតថា គម្រោងចំនួន ២ ដែលក្រុមការងារបានពិនិត្យ និងសម្រេចលើការផ្តល់ជាគោលការណ៍លើកទឹកចិត្តនេះ វាគឺជាគម្រោងរមណីយដ្ឋានទេសចរណ៍ និងអគារសហកម្មសិទ្ធិ ដែលជាអគារស្នាក់នៅរួម។ ទន្ទឹមនេះ ក្រុមការងារនឹងបន្តលើកទឹកចិត្តឱ្យធុរជន និងវិនិយោគិន ដែលមានបំណងទទួលបាន «អត្ថប្រយោជន៍ពិសេស» សូមមកដាក់ពាក្យឬស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីក្រុមការងារពិនិត្យវាយតម្លៃ និងផ្តល់ការអនុម័ត។
កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៣ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ការផ្តល់អត្ថប្រយោជន៍ពិសេសជូនវិនិយោគិន និងធុរជន» ក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ពន្យល់ច្បាស់ និងត្រឹមត្រូវអំពីកម្មវិធីពិសេសលើកទឹកចិត្ត និងជំរុញវិនិយោគិន និងធុរជនដាក់ពាក្យស្នើ និងរៀបចំជំនួបធុរកិច្ច សម្រាប់ការទទួលបានអត្ថប្រយោជន៍ពិសេស។
លោក ហ៊ាន សាហ៊ីប បានមានប្រសាសន៍ថា កម្មវិធីពិសេសដើម្បីជំរុញការវិនិយោគនៅខេត្តព្រះសីហនុ មានវិសាលភាពគ្របដណ្តប់លើគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច ដែលស្នើសុំ និងអនុវត្តក្នុងឆ្នាំ ២០២៤ ដោយផ្តោតលើគម្រោង ៣ ប្រភេទ។
គម្រោងទាំងនោះរួមមាន ១ គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចពាក់ព័ន្ធនឹងអគារដែលជាប់គាំងសាងសង់មិនទាន់រួច។ ២ គម្រោងវិនិយោគឬសកម្មភាពធុរកិច្ចដែលមិនពាក់ព័ន្ធនឹងអគារជាប់គាំង និង ៣ ការពង្រីកគម្រោងវិនិយោគឬសកម្មភាពធុរកិច្ចដែលមានស្រាប់ស្របតាមលក្ខណៈវិនិច្ឆ័យជាក់លាក់៕