​ភ្នំពេញៈ​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ដាក់​បញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​យកចិត្តទុកដាក់​លើ​ការគ្រប់គ្រង​និង​ការ​ពារ​ធនធានធម្មជាតិ​ជាពិសេស​ព្រៃឈើ ​ដើម្បី​កុំឱ្យ​មាន​ជន​ឆ្លៀតឱកាស​បំផ្លាញ ខណៈ​ស្ថាប័ន​មាន​សមត្ថកិច្ច​កង​អាវុធហត្ថ​បញ្ចេញ​កម្លាំង​ ៣០០​​ នាក់ អន្ត​​រាគ​មន៍ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ទន្ទ្រាន​ដី​រដ្ឋ​ធ្វើជា​កម្ម​សិទ្ធិ​នៅ​ខេត្តពោធិ៍សាត់​។​

​ការណែនាំ​របស់​ប្រមុខ​រាជ​​រដ្ឋាភិបាល​ធ្វើឡើង​ក្នុងសម័យ​ប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​វិមាន​សន្តិភាព ពីថ្ងៃ​ទី ១៥ ខែមីនា ដើម្បី​ពិនិត្យ​របៀបវារៈ​ការងា​រ​សំខាន់ៗ​និង​ផ្តល់​ការណែនាំ​មួយចំនួន​ដល់​ភាគី​ពាក់ព័ន្ធ​។​

​នាឱកាស​នោះ លោក ហ៊ុន​ ម៉ា​ណែ​ត បាន​ណែនាំ​ឱ្យ​អាជ្ញា​​ធរ​ពាក់ព័ន្ធ​ពង្រឹង​ការគ្រប់គ្រង​ការទន្ទ្រាន​តំបន់​ព្រៃ​លិច​ទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប​និង​ដោះ​ស្រាយ​បញ្ហា​ឱ្យ​ចប់​ប្រកបដោយ​ប្រសិទ្ធភាព​និង​ធានា​និរន្តរភាព​។​

​គួរ​ជម្រាប​ថា លោក​ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​យោធ​ពល​ខេមរភូមិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ក្នុង​ខែមីនា​នេះ​បាន​បញ្ចេញ​កម្លាំង​កង​អាវុធហត្ថ​ចំនួន ​៣០០​ នាក់ ទៅ​អន្តរាគមន៍​គាំទ្រ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខេត្តពោធិ៍សាត់ ក្នុង​យុទ្ធនាការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ​ក្នុង​ខេត្តពោធិ៍សាត់ ជាពិសេស​នៅ​ស្រុក​វាលវែង​។​

​កងរាជអាវុធហត្ថបញ្ជាក់ថា បេសកកម្ម​នេះ​ត្រូវធ្វើ​ក្នុង​រង្វង់​ ១ ​ខែ ហើយនឹង​បន្តធ្វើ​ដូច​ភ្លៀង​​រលឹម​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ ដើម្បី​ធានា​ឱ្យបាន​និរន្តរភាព​ប្រ​ព័ន្ធ​អេកូឡូស៊ី​ការអភិរក្ស​ជីវៈចម្រុះ និង​ការប្រើប្រាស់​ធនធាន​ធម្ម​ជាតិ​ឱ្យបាន​សមស្រប​។​លើសពីនេះ បេសកកម្ម​នេះ​ក៏​ធ្វើឡើង​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទ​ល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ​ក្នុង​ខេត្តពោធិ៍សាត់​ផងដែរ​។​

​ចំណែក​ក្រសួងបរិស្ថាន បាន​ជូនដំណឹង​ដល់​ស្ថាប័ន សមត្ថកិច្ច​និង​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​ក្នុង​តំបន់​ការពារ​ធនធានធម្មជាតិ​ថា ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​និង​ការអនុវត្ត​គម្រោង​ឱ្យបាន​ត្រឹមត្រូវ​ចៀសវាង​ដល់​ការប៉ះពាល់​ដល់​បរិស្ថាន​ក្នុង​តំបន់​ការពារ​ធនធានធម្មជាតិ​។​ដើម្បី​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ដែល​អាច​កើតមាន​ជាយថាហេតុ ក្រសួងបរិស្ថាន​សហកា​រ​ជាមួយ​ស្ថាប័ន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍​ក្នុង​តំបន់​ការពារ​ធន​ធាន​ធម្មជាតិ​តាម​គោលការណ៍​មួយចំនួន​។ នេះ​បើតាម​សេចក្តីជូនដំណឹង​ស្តីពី​គោលការណ៍​គ្រប់​គ្រង​គម្រោង​អភិវឌ្ឍន៍​នៅក្នុង​តំបន់​ការពារ​ធនធានធម្មជាតិ ចុះ​ថ្ងៃទី ​១៥ ខែមីនា​។​

​ក្រសួង​បន្តថា គម្រោង​អភិវឌ្ឍន៍​ទាំងឡាយណា​ដែល​បានទទួល​កិច្ចសន្យា និង​កំពុងដំណើរការ ម្ចាស់​គម្រោង​អភិវឌ្ឍន៍​ត្រូវអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​ផែន​ការអភិវឌ្ឍន៍ និង​កិច្ចសន្យា​។​ ប្រភព​ដដែល​បញ្ជាក់ទៀតថា​៖ «​ចំពោះ​គម្រោង​អភិវឌ្ឍន៍​ទាំងឡាយណា​ដែល​ទទួលបាន​គោល​ការណ៍​និង​បាន​ចុះកិច្ចសន្យា​រួច តែ​ពុំទាន់​បានចាប់ផ្តើម​អនុវត្ត​ម្ចាស់​គម្រោង​ត្រូវ​រៀបចំ​ផែនការអភិវឌ្ឍន៍​និង​ត្រូវ​ផ្ដើម​អនុវត្ត​ជាបន្ទាន់​ក្នុង​រយៈពេល​មិន​លើស​ ៦​ ខែ​ ចាប់​ពីថ្ងៃ​ជូនដំណឹង​តទៅ​»​។​

​ក្រសួងបរិស្ថាន​ព្រមាន​ថា ទាំង​គម្រោង​អភិវឌ្ឍន៍​ដែល​កំពុងដំណើរការ​អា​ជីវ​កម្ម និង​គម្រោង​អភិវឌ្ឍន៍​ដែល​បានទទួល​កិច្ច​សន្យា​រួច​ត្រូវអនុវត្ត​ឱ្យបាន​ត្រឹម​ត្រូវ​តាម​គោលការណ៍ និង​នីតិវិធី​ជា​ធរមាន ពុំ​នោះទេ​ត្រូវ​ប្រឈម​នឹង​ការដកហូត​មកវិញ​៕