​ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ដ្រី​ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជំរុញ​ឱ្យ​គ្រប់​គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ​ទាំងអស់​ត្រូវ​រៀបចំ​ឱ្យមាន​បណ្ណាល័យ​ស្ដង់ដា​ និង​បញ្ចូល​កម្មវិធី​បណ្ដុះបណ្ដាល​អំ​ណាន​នៅ​បណ្ណាល័យ​ចូលទៅក្នុង​ម៉ោង​សិក្សា ​ដើម្បី​ពង្រឹងសមត្ថភាព​គរុ​សិស្ស​ឱ្យ​កាន់​តែមាន​គុណភាព​ថែមទៀត​។​

​ការលើកឡើង​បែបនេះ ក្នុងពេល​លោក​ចុះ​ពិនិត្យ​ការងារ​ដឹកនាំ និង​គ្រប់គ្រង​នៅ​សាលា​គរុកោសល្យ​និង​វិ​ក្រឹ​ត​ការ​ខេត្តបន្ទាយមានជ័យ កាល​ថ្ងៃទី​ ​១៧ ខែមីនា ឆ្នាំ​ ២០២៤​។​នេះ​បើតាម​ការជូនដំណឹងរ​បស់​ក្រសួង​អប់រំ​។​

​នាឱកាស​នោះ លោក ហង់​ជួន​ ណា​រ៉ុ​ន បានឱ្យដឹងថា បច្ចុប្បន្ន​សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត​បន្ទាយ​មានជ័យ បាននិងកំពុង​អភិវឌ្ឍ​សមត្ថភាព​គ្រូឧទ្ទេស​ជាប្រចាំ​តាមរយៈ​ការ​ចូលរួម​សិក្ខាសាលា ប្រជុំ​ក្រុម​បច្ចេក​ទេស​បង្ហាត់បង្រៀន​ឱ្យ​គ្រូឧទ្ទេស​ចេះ​ប្រើប្រាស់​សម្ភារ​ពិសោធន៍ បង្កើន​គំនិត​ច្នៃប្រឌិត បង្កើន​សមត្ថភាព​គ្រូឧទ្ទេស​ក្នុងការ​ស្រាវជ្រាវ​នានា និង​ការផ្លាស់​ប្ដូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​លើ​វិធីសាស្ត្រ​បង្រៀន​ផ្សេងៗ​ជាដើម​។​

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី​បាន​ផ្ដោត​សំខាន់​ទៅលើ​ប្រធានបទ​ ៣​ គឺ​អំ​ណាន​ដំបូង គណិតវិទ្យា​ដំបូង និង​វិទ្យាសាស្ត្រ នៅ​ថ្នាក់បឋមសិក្សា ដោយ​លោក​បញ្ជាក់ថា សម្រាប់​គរុ​សិស្ស​ចេញ​ថ្មី​គឺ​ចាំបាច់​ត្រូវតែមាន​សមត្ថ​ភាព​ពេញលេញ​ក្នុងការ​បង្រៀន អំ​​ណាន គណិតវិទ្យា និង​វិទ្យាសាស្ត្រ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​គរុ​សិស្ស​ចេញ​ថ្មី​គប្បី​ត្រូវមាន​សៀវភៅ​ជំនួយ​សម្រាប់​ការបង្រៀន និង​ទាមទារ​ឱ្យ​ត្រៀម​សម្ភារ​ឧបទេស​ជាមុន​ដើម្បី​ចំណេញ​ពេល​វេលា ហើយ​ដើម្បី​ពង្រឹងសមត្ថភាព​ដល់គ​រុ​សិស្ស​សូម​ជំរុញ​ឱ្យ​គ្រប់​គ្រឹះ​​ស្ថាន​បណ្តុះបណ្តាល​គ្រូ​ទាំងអស់​ត្រូវ​រៀបចំ​ឱ្យមាន​បណ្ណាល័យ​ស្ដង់ដា និង​បញ្ចូល​កម្មវិធី​បណ្ដុះបណ្ដាល​អំ​ណាន​នៅ​បណ្ណាល័យ​ចូលក្នុង​ម៉ោង​សិក្សា​»​។​

​ឆ្លៀត​ក្នុងឱកាស​នេះ លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​ក៏បាន​លើកទឹកចិត្ត​ដល់​គណៈ​គ្រប់គ្រង​សាលា ក៏ដូចជា លោក​គ្រូ​អ្នកគ្រូ​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹង​​ប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​បំពេញភារកិច្ច​ដឹកនាំ ​និង​ស្នើ​សុំឱ្យ​បន្ត​រក្សា​ស្មារតី​សហការគ្នា ​ដើម្បី​ចូលរួម​អនុវត្ត​កំណែទម្រង់​វិស័យ​អប់រំ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​ទៅមុខទៀត​ផងដែរ​។​

​ជុំវិញ​រឿងនេះ លោក​ គង់ សំនៀង ប្រធាន​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា បាន​គាំទ្រ​ចំពោះ​ការបង្កើតឱ្យមាន​បណ្តា​ល័យ​ស្តង់ដា​ដោយ​ចាត់ទុកថា ​ជា​រឿង​ល្អ និង​ជា​ភាពចាំបាច់​មួយ ព្រោះថា អាចឱ្យ​គរុ​សិស្ស​សិក្សា​ស្រាវ​​ជ្រាវ​បន្ថែមក៏ដូចជា បម្រើ​ដល់​ការ​បង្រៀន និង​រៀន​ឱ្យ​កាន់តែ​មានគុណ​​ភាព និង​ប្រសិទ្ធភាព​ខ្ពស់​។​

​លោក​បាន​ថ្លែងថា​៖ «​បើ​និយាយ​ដល់​ការបង្កើតឱ្យមាន​បណ្ណាល័យ​ស្តង់ដា ​គឺ​ទាមទារ​ឱ្យមាន​ធនធាន​ច្រើន ដូចជា រចនាសម្ព័ន្ធ​រូបវន្ត តុ ទូ សៀវ​ភៅ និង​ឧបករណ៍​ផ្សេងៗ​ទៀត​»​។​

​លោក​បាន​បន្តថា​៖ «​ហេតុនេះ​សូមឱ្យ​គណៈ​គ្រប់គ្រង​សាលា​នីមួយៗ​ត្រូវ​ចេះ​ស្វែងរក​ប្រភព​ជំនួយ​ផ្សេងៗ​ពី​ដៃគូ​ពាក់ព័ន្ធ ចៀសវាង​មាន​បណ្តា​ល័យ​ហើយ​តែ​មិនមាន​សៀវភៅ​និង​ឧ​ប​ករ​ណ៍​ប្រើប្រាស់​គ្រប់គ្រាន់​។ ដូច្នេះ​បើ​ធ្វើបែបនេះ​បាន​ជោគជ័យ​នោះ នឹង​ជួយ​ដល់​គរុ​សិស្ស​ចេះ​អំ​ណាន​បាន​គ្រប់គ្រាន់ អាច​ចែករំលែក និង​បង្រៀន​ទៅកាន់​សិស្ស​របស់ខ្លួន​បាន​»​។​

​សូម​បញ្ជាក់ដែរថា ក្រសួង​អប់រំ ធ្លាប់បាន​លើកឡើងថា ក្រសួង​បាននិងកំពុង​អភិវឌ្ឍ​គ្រឹះស្ថាន​បណ្ដុះ​​បណ្ដាល​គ្រូ​ឱ្យ​ស័ក្ដិ​សមជា​កន្លែង​អប់រំ​គ្រូបង្រៀន​ប្រកបដោយ​គុណភាព​ទាំង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ និង​បរិក្ខារ​បង្រៀន​និង​រៀន​ព្រមទាំង​ការធ្វើ​ទំនើប​​កម្មវិធី​សាស្ដ្រ​បង្រៀន​ឱ្យស្រប​តាម​បរិបទ​សតវត្សរ៍​ទី ​២១​ ដើម្បី​ធានាថា គរុ​​សិស្ស​មាន​មូលដ្ឋាន​រឹងមាំ ក្នុងការ​បង្រៀន​បន្ត​ដល់​សិស្ស​នូវ​ចំណេះដឹង​ប្រកប​ដោយ​ប្រសិទ្ធភាព និង​គុណភាព​។​

​ក្រសួង​បាន​បន្តថា ដើម្បី​សម្រេចបាន​គោលដៅ​និង​ផែនការ​សកម្មភាព​ខាងលើនេះ ក្រសួង​នឹង​បន្តធ្វើ​កំណែ​ទម្រង់​គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ ដោយ​ផ្ដោតលើ​ចំណុច​សំខាន់ៗ​ដូចជា ការកែលម្អ​កម្មវិធី​ប​ណ្តុះ​បណ្តាល និង​វិ​ក្រឹ​ត​ការ​គ្រូ​, ​ការអភិវឌ្ឍ​សមត្ថ​ភាព​វិជ្ជាជីវៈ​គ្រូឧទ្ទេស​ខាង​ផ្នែក​ខ្លឹមសារ​មេរៀន​,​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ស្របតាម​បច្ចេកវិទ្យា​ថ្មីៗ​បណ្ណាល័យ​និង​សម្ភារ​ឧបទេស​ទំនើប​សម្បូរបែប និង​ការធានា​គុណភាព​នៃ​ការបណ្តុះ​បណ្តាល​ជាដើម​៕