​ភ្នំពេញៈ នាយកដ្ឋាន​បច្ចេកវិទ្យា​ព័​ត៌​មាននៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី «​ការប្រើប្រាស់​ថ្នាល​អប់រំ​សាលា​ឌី​ជី​ថ​ល និង​គេហទំព័រ​ធនធាន​អប់រំ​ (OER)​ សម្រាប់​ការបង្រៀន និង​រៀន​»​ ទៅដល់​លោកគ្រូ​អ្នកគ្រូ ដើម្បី​បំប៉ន​សមត្ថភាព​គ្រូបង្រៀន​ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។​

​វគ្គ​បណ្តុះបណ្តាល​នេះ រៀបចំឡើង​កាលពី​ថ្ងៃទី​ ១៨ ខែមីនា ឆ្នាំ​ ២០២៤ ដោយមាន​ការចូលរួម​ពី​លោកគ្រូ​-​អ្នកគ្រូ​សរុប​ចំនួន ​២០០​ នាក់​ មកពី​វិទ្យាល័យ​គោលដៅ​ចំនួន​ ១០​។ នេះ​បើតាម​ការជូនដំណឹងរ​បស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​វគ្គ​បណ្ដុះបណ្ដាល​នេះ​រៀបចំឡើង​ក្រោម​គម្រោង​ធនធាន​អប់រំ​បើកទូលាយ និង​បំ​ណិ​ន​ឌីជីថល ក្រោម​ជំនួយ​របស់​សេវាកម្ម​អភិវឌ្ឍន៍​លី​ច​តេន​ស្ទី​ន ​(LED)​ ដែលជា​ទីភ្នាក់ងារ​ម្ចាស់ជំនួយ​ទ្វេភាគី​ផ្លូវការ​នៃ​ប្រទេស​លី​ច​តេន​ស្ទី​ន (Principality of Liechtenstein)​។ វគ្គ​បណ្ដុះបណ្ដាល​នេះ​រៀបចំឡើង​ដើម្បី​បំប៉ន​សមត្ថភាព​គ្រូបង្រៀន​លើ​ការ​ប្រើប្រាស់​ថ្នាល​អប់រំ​សាលា​ឌីជីថល​។​

​ក្រសួង​អប់រំ​បានឱ្យដឹងថា ក្រោយពេល​បញ្ចប់​វគ្គប​ណ្ដុះ​បណ្ដាល​លោក​គ្រូ អ្នកគ្រូ ដែលជា​សិក្ខាកាម​នៃ​វិទ្យា​ល័យ​គោលដៅ​ទាំង​ ១០ នឹងត្រូវ​ផ្សព្វ​ផ្សាយ​ចែករំលែក​ចំណេះដឹង​ទៅដល់​លោកគ្រូ អ្នកគ្រូ​ផ្សេងទៀត​នៅក្នុង​វិទ្យាល័យ​របស់ខ្លួន​។ បន្ទាប់មក​លោក​គ្រូ​អ្នកគ្រូ​ក៏​នឹង​ផ្សព្វផ្សាយ​ដល់​សិ​ស្សា​-​នុ​សិស្ស​របស់ខ្លួន​ទៅលើ​ការប្រើប្រាស់​ថ្នាល​អប់រំ​សាលា​ឌីជីថល​សម្រាប់​ស្វ័យ​សិក្សា សិក្សា​ស្រាវជ្រាវ និង​ស្វែងរក​ឯកសារ​រៀន​ដ៏​សម្បូរបែប​ដែលជា​ផ្នែក​មួយ​នៃ​ការបណ្ដុះ​បំ​ណិ​ន​ក្នុង​ការប្រើ​​ប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ឱ្យបាន​ត្រឹម​​ត្រូវ និង​មាន​ប្រយោជន៍​។​

​ប្រធាន​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា​លោក​គង់ សំនៀង បានបង្ហាញ​ក្តី​រីករាយ និង​គាំទ្រ​ចំពោះ​ការបង្កើតឱ្យមាន​វគ្គប​ណ្តុះ​បណ្តាល​ពី​របៀប​ប្រើប្រាស់​ថ្នាល​អប់រំ​សាលា​ឌីជីថល​នេះ​ឡើង​ដោយ​លោក​ចាត់ទុកថា នេះ​គឺជា​យុទ្ធ​​សាស្ត្រ​ថ្មី​របស់​ក្រសួង​ក្នុងការ​ជំរុញឱ្យមាន​កា​រក​សាង​សមត្ថភាព​យុវជន ជាពិសេស​សិស្ស​និស្សិត​តាមរយៈ​លោក​គ្រូ អ្នកគ្រូ​ដែល​បាន​ចូលរួម​វគ្គប​ណ្តុះ​បណ្តាល​នេះ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ការជំរុញឱ្យ​មានការ​កសាង​សមត្ថភាព​លោកគ្រូ​អ្នកគ្រូ តាមរយៈ​វគ្គ​បណ្តុះបណ្តាល​បន្ថែម​គឺជា​រឿង​ចាំបាច់​ព្រោះ​បើ​ពួក​គាត់​មាន​សមត្ថភាព​នឹង​ក្លាយជា​ធន​ធាន​សំខាន់​ឆ្លើយតប​ដល់​ការជំរុញ​កំណើនសេដ្ឋកិច្ច ហើយ​និង​ជួយ​អភិ​វ​ឌ្ឍ​យុវជន​ជំនាន់​ក្រោយ​»​។​

​លោក​បាន​បន្តថា​៖ «​ហេតុនេះ​ក៏​សូមឱ្យ​ក្រសួង​បង្កើន​ការផ្សព្វផ្សាយ​ពី​ថ្នាល​អប់រំ​សាលា​ឌីជីថល​ឱ្យ​កាន់តែ​ទូលាយ​បន្ថែមទៀត​ដើម្បី​សិ​ស្សា​នុ​-​សិស្ស លោកគ្រូ អ្នកគ្រូ អាច​សិក្សា​រៀនសូត្រ និង​ចែករំលែក​បន្ត​ឱ្យ​កាន់​​តែមាន​ប្រសិទ្ធភាព​»​។​

​សូម​រំឭក​ដែរ​ថា ក្រសួង​អប់រំ បានប្រកាស​ដាក់ឱ្យ​ដំណើរការ​ផ្ទាល់​នូវ​ការ​​អប់រំ​សាលា​ឌីជីថល (SalaDigital) សម្រាប់​គាំទ្រ​ដល់​ការបង្រៀន និង​រៀន​ស្របទៅតាម​បរិបទ​ថ្មី​នៃ​ការអប់រំ​បែប​ឌីជីថល និង​គោលនយោបាយ​រដ្ឋា​ភិ​បាល​ឌីជីថល​កម្ពុជា ២០២៣-២០៣៥ ប្រកបដោយ​បរិ​យាប​ន្ន គុណភាព និង​ស័ក្តិសិទ្ធិ​ភាព​។​

​សូម​បញ្ជាក់ដែរថា ថ្នាល​អប់រំ​សាលា​ឌីជីថល ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​លើកកម្ពស់ ជំរុញ​ការចែករំលែក​និង​ប្រើប្រាស់​មាតិកា​អប់រំ​ឌីជីថល​ឱ្យ​កាន់តែ​សម្បូរបែប​សម្រាប់​បម្រើ​ដល់​ការបង្រៀន​រៀន​តាមរយៈ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ដែល​ផ្តល់​ភាពងាយស្រួល​ដល់​គ្រឹះស្ថានសិក្សា គ្រូបង្រៀន និង​សាធារណជន​ទូទៅ​។​

​ក្រសួង​អប់រំ បានដាក់​ដំណើរ​ការឱ្យ​សាកល្បង​ប្រើប្រាស់​ថ្នាល​អប់រំ​សាលា​ឌីជីថល​ចាប់តាំងពី​ខែធ្នូ ឆ្នាំ ​២០២៣ មក​ម្ល៉េះ​ហើយ​បើ​គិត​មកទល់​បច្ចុប្បន្ន​មាន​អ្នកប្រើប្រាស់​ជាង​ ៩ ម៉ឺន​នាក់ សា​លា​ចំនួន​ជាង ​១០០ ដោយមាន​ផ្ទុក​សៀវភៅ​ជាង ២ ០០០​ ក្បាល និង​មាន​មេរៀន​ជាង​ ១៣០​ មេរៀន​៕