​ភ្នំពេញៈ ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បានសម្រេច​កែ​សម្រួល​មាត្រា​មួយចំនួន​នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ធ្វើឱ្យ​វិសោធនកម្ម​សេចក្ដីព្រាង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​ធានា​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ការសម្រេច​សម្រួល​បែបនេះ​ធ្វើឡើង​តាមរយៈ​កិច្ចប្រជុំ​ក្រុម​ការងារ​វិសោធនកម្ម​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​នៃ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ​(​គ​.​ស​.​ច​.​គ​)​ ដឹកនាំ​ដោយ​លោកស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណ​ការ និង​ដឹកជញ្ជូន និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​តំណាង​ទីស្ដីការគណៈរដ្ឋមន្ត្រី តំណាង​ក្រសួងមហាផ្ទៃ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​កាលពី​ថ្ងៃទី​ ១៨ ខែមីនា ឆ្នាំ​ ២០២៤​។ ​នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​ប្រភព​ដដែល​បានឱ្យដឹងថា កិច្ចប្រជុំ​នេះ បាន​ឯកភាព​លើ​សេចក្តីព្រាង​ចាស់​ ដែល​បាន​ឆ្លង​ដោយ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ​(​គ​.​ស​.​ច​.​គ​) ​រួច​នឹង​ត្រូវបាន​បញ្ជូន​ត្រឡប់មកវិញ​ពី​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កាលពី​ចុង​អាណត្តិ​ទី​ ៦​ នៃ​រាជរដ្ឋាភិបាល​ដើម្បី​ពិនិត្យ​លើ​ចំណុច​ដែល​ត្រូវ​កែសម្រួល​ឱ្យ​ស្របតាម​ការវិវឌ្ឍ​រីកចម្រើន​នៃ​សង្គម និង​សេដ្ឋកិច្ច រក្សា​បានល្អ​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ សុវត្ថិភាព​ចរាចរណ៍​របស់​ជាតិ​។​

​បើតាម​ក្រសួង​សាធារណការ  ​កិច្ចប្រជុំ​នេះ​បានសម្រេច​ឯកភាពគ្នា​កែសម្រួល​ចំណុច​ទី ​៧ នៃ​មាត្រា​ ៧​ ដើម្បី​ធានា​កុំឱ្យ​មានការ​បិទបាំង​យានជំនិះ​ប៉ះពាល់​ដល់​ការមើលឃើញ​របស់​អ្នក​​បើកបរ និង​សមត្ថកិច្ច​។ សម្រួល​បញ្ចូល​មាត្រា ៥៤​ ទៅក្នុង​មាត្រា​ ៥២ តែ​ ១​ នៅក្នុង​ជំពូក​ទី ​៩ ដើម្បី​ធានា​ដល់​ការធ្វើ​អាជីវកម្ម​ដឹកជញ្ជូន​ប្រកបដោយ​តម្លាភាព​ងាយ​គ្រប់គ្រង​លើ​សុវត្ថិភាព​ចរាចរណ៍ និង​ការប្រមូល​ពន្ធ​ចូល​ថវិកាជាតិ​។​

​ក្រសួង​បន្តទៀតថា​៖ «​ការសម្រួល​មាត្រា​ទាំងនោះ​បញ្ចូល​គ្នា​ដែរ​ក៏​ដើម្បី​បំពេញបន្ថែម​តួនាទី​ភារកិច្ច​របស់​មន្ត្រីនគរបាល​យុត្តិធម៌​នៃ​ក្រសួង​សា​ធា​​រណការ​ធានា​កុំឱ្យ​មានការ​ត្រួត​ភារកិច្ច​ជាមួយ​សមត្ថកិច្ច​ផ្សេងទៀត និង​ការកំណត់​ទោសទណ្ឌ​ឱ្យបាន​ច្បាស់​លើ​អ្នក​ប្រើ​ភ្លើង ការប្រើ​ទូរស័ព្ទ និង​យានជំនិះ​ល្មើសច្បាប់​ជាដើម​»​។​

​បន្ទាប់ពី​កិច្ចប្រជុំ​នេះ ក្រុម​ការងារ​វិសោធនកម្ម​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​នឹងដាក់​ឆ្លង​ថ្នាក់​ដឹក​នាំ​ក្រសួង​សាធារណការ​ដើម្បី​សុំ​ការសម្រេច​របស់​គណៈ​ក​ម្មា​​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដើម្បី​បន្ត​នីតិវិធី​សុំ​ការ​​អនុម័ត​ជា​ស្ថាពរ​ឱ្យ​ឆាប់​ក្នុងការ​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ឱ្យមាន​ប្រសិទ្ធ​ភាព​ខ្ពស់​។​

​សូមបញ្ជាក់ថា នៅក្នុង​មា​​ត្រា​ ៧ ចំណុច​ទី​ ៧ បាន​ចែងថា ហាម​ផ្ទុក​អ្នកដំណើរ ទំនិញ ឬ​វត្ថុ​ផ្សេងៗ​ដែលនាំឱ្យ​បាំង​ភ្នែក​ដល់​អ្នកបើកបរ​។​ចំណែក​មាត្រា ​៥២ ​ចែងថា​គ្រប់​យានដ្ឋាន​ជួសជុល​យានយន្ត​និង​កែច្នៃ​ដំឡើង​យានយន្ត​ត្រូវមាន​លិខិតអនុញ្ញាត​ដែល​ចេញ​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក្រសួង​ឧស្សាហកម្ម​និង​ក្នុងករណី​ចាំបាច់​ត្រូវ​មានការ​ត្រួតពិនិត្យ​ពី​ក្រសួងមហាផ្ទៃ​។​

​រីឯ​មាត្រា​ ៥៤ ​ចែងថា គ្រប់​​យានយន្ត រ៉ឺម៉ក ដែល​យកទៅ​ប្រើប្រាស់​ក្នុង​អាជីវកម្ម​ដឹកជញ្ជូន​ទំនិញ ឬ​អ្នកដំណើរ ត្រូវមាន​លិខិតអនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម​ដឹកជញ្ជូន​ដែល​ចេញ​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​លោក​គឹម បញ្ញា អង្គ​ការមូល​​និ​ធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​កម្ពុជា​បាន​ប្រាប់​នៅ​ថ្ងៃទី ​១៩ ខែមីនា​ថា កន្លងមក​ការសម្រេច​កែ​សម្រួល​មាត្រា​ទាំងនោះ វា​ពិតជា​ល្អ​ណាស់ ព្រោះ​ដើម្បីឱ្យ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​នេះ​ក្លាយទៅជា​ច្បាប់​ថ្មី​ក្នុង​ការធានា​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យ​កាន់​​តែមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​លោក​បាន​បន្តថា តាមរយៈ​ការធ្វើ​សេចក្ដីព្រាងច្បាប់​នេះដែរ​ក្នុងនាម​ជា​អង្គការ​សង្គម​​ស៊ីវិល​មើលឃើញថា កន្លងមក​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក មិនទាន់​កំណត់ឱ្យ​អ្នកបើកបរ​ម៉ូតូ​ដែលមាន​កម្លាំង​ម៉ាស៊ីន​ ១២៥c ត្រូវមាន​បណ្ណ​បើកបរ​នោះទេ​។​

​ដូច្នេះហើយ​ប្រសិនបើ​ក្រសួង​បាន​បញ្ចូល​ហើយ​ឬ​មិន​បញ្ចូល​យ៉ាងហោចណាស់​ក្នុង​មាត្រា​ច្បាប់​គួរតែ​តម្រូវឱ្យ​អ្នកបើកបរ​ម៉ូតូ​ត្រូវមាន​ការឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល ខណៈ​សព្វថ្ងៃ​អ្នកបើកបរ​ម៉ូតូ​រៀន​ត​គ្នា និង​ដោយ​ខ្លួនឯង ហេតុនេះ​នៅពេល​បើក​បរ​លើ​ផ្លូវធំៗ​ច្រើនតែ​ប្រឈម​ជាមួយនឹង​គ្រោះថ្នាក់​។​

​លោក​បាន​ថ្លែងថា​៖ «​ការធ្វើ​វិសោធនកម្ម ឬ​កែសម្រួល​នេះ​គួរ​ពិនិត្យ​ពី​គ្រោះថ្នាក់​ដែល​បណ្ដាលឱ្យ​ស្លាប់​មនុស្ស​ជា​ច្រើន​នាក់ ហើយ​អ្នកបើកបរ​តែងតែ​រត់​ចោល​កន្លែង​កើត​ហេតុ​ត្រូវតែមាន​ការដំឡើង​ការដាក់ទោសទណ្ឌ​ជាង​ច្បាប់​មុនៗ​ដើម្បីឱ្យ​អ្នកបើកបរ​មានការ​ភ័យខ្លាច ជាពិសេស​អ្នក​បើកបរ​ស្ថិតក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​តែម្ដង​»​។​

​ជាមួយគ្នានេះ​លោក​បាន​រំពឹងថា ភាគី​រាជរដ្ឋាភិបាល​នឹង​ប្រមូល​ធាតុ​ចូល​បន្ថែមទៀត​ពី​វិស័យ​ពាក់ព័ន្ធ​ផ្សេងទៀត​រួមមាន​អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​បង្កើត​ច្បាប់​មួយ​ដែលមាន​លក្ខណៈ​ល្អប្រសើរ​។ ជាពិសេស​នៅពេល​ដាក់ឱ្យអនុវត្ត​ទៅ​គឺមាន​គោលដៅ​ដើម្បី​រក្សា​សុវត្ថិ​ភាព សណ្ដាប់ធ្នាប់​សាធារណៈ ក៏ដូចជា កាត់បន្ថយ​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ឱ្យ​ច្រើន​ទាំង​តួលេខ​អ្នកស្លាប់ និង​អ្នករងរបួស​ស្ថិតក្នុង​អតិបរមា​កម្រិត​មួយ​ទាប​បំផុត​៕