​ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក ទេព អ​ស្នា​រិ​ទ្ធ បានស្នើ​ដល់​អ្នកសារព័ត៌មាន និង​អង្គភាព​សារព័ត៌មាន​ទាំងអស់​ឱ្យ​បន្ត​គោរព និង​ប្រកាន់ខ្ជាប់​នូវ​ការអនុវត្ត ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ដើម្បី​រួមគ្នា​លើកកម្ពស់​តម្លៃ​វិជ្ជាជីវៈ​អាជីព​សារព័ត៌មាន​។​

​ការស្នើ​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​ព័ត៌មាន​បាន​លុប​ប្រកាស​អនុញ្ញាត​ការប្រកប​អាជីវកម្ម​របស់​អង្គភាព​សារព័ត៌មាន​មួយ ក្រោយពី​អង្គភាព​នេះ​បំពាន​លើ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​ធ្ងន់​ធ្ង​រ​។

លោក ទេព អ​ស្នា​រិ​ទ្ធ ឱ្យដឹងថា ក្រសួង​ព័ត៌មាន​បាន​លុប​ប្រកាស​អនុញ្ញាត​ការប្រកប​អាជីវកម្ម​របស់​អង្គភាព​សារព័ត៌មាន Life and Sport កាលពី​ថ្ងៃទី​ ១៥ ខែមីនា ឆ្នាំ​ ២០២៤ ដោយសារ​ម្ចាស់​អង្គភាព​បាន​បំពាន​លើ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​យ៉ាងធ្ងន់ធ្ងរ និង​មិនបាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ឱ្យបាន​ត្រឹមត្រូវ តាម​ខ្លឹម​​សារ​ដែល​បានចែង​ក្នុង​ក្របខ័ណ្ឌ​នៃ​ប្រកាស​អនុញ្ញាត​ប្រកប​អាជីវកម្ម​គេហទំព័រ​។ ក្រសួង​បាន​ជូនដំណឹង​ពី​ការ​លុប​ប្រកាស​អនុញ្ញាត​ប្រកប​អាជីវ​កម្មនេះ ដល់​ម្ចាស់​អង្គភាព​រួចហើយ​។ 

​លោក​បញ្ជាក់ថា​៖ «​យើង​សូម​សំណូមពរ​ដល់​អ្នកសារព័ត៌មាន និង​អង្គភាព​សារព័ត៌មាន​ទាំងអស់ ឱ្យ​បន្ត​គោរព និង​ប្រកាន់ខ្ជាប់​នូវ​ការអនុវត្ត ក្រមសីលធម៌​វិជ្ជា​ជីវៈ​សារព័ត៌មាន​ក៏ដូចជា​ពង្រឹងសមត្ថភាព​ជំនាញ កសាង និង​រក្សា​ទំនាក់ទំនង​ល្អជា​​មួយ​ប្រភពព័ត៌មាន​ក្នុងនោះ​មាន​អ្នកនាំពាក្យ​តាម​ក្រសួង​-​ស្ថាប័ន​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ភាគី​ផ្សេងៗ​ទៀតផង​ដែរ​»​។​

​លោក​ ទេព អ​ស្នា​រិ​ទ្ធ​ បន្តថា ៖ «​ត្រូវបំពេញ​ភារកិច្ច​ខ្លួន​ក្នុង​ក្របខ័ណ្ឌ​ដែល​ច្បាប់​កំណត់ និង​មិនត្រូវ​អនុវត្ត​លើសពី​តួនាទី និង​ភារកិច្ច​ខ្លួន​ជា​អ្នកសារព័ត៌មាន​នោះទេ ដើម្បី​រួមគ្នា​លើកកម្ពស់​តម្លៃ​វិជ្ជាជីវៈ​អាជីព​សារព័ត៌មាន​»​។

​លោក​បញ្ជាក់ទៀតថា អ្នកសារព័ត៌មាន និង​អង្គភាព​សារព័ត៌មាន​ត្រូវ​ចូលរួម​ឱ្យ​សកម្ម​ក្នុងការ​លើកកម្ពស់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ជាមួយ​ខ្លឹមសារ​មានគុណ​ភាព​ដោយ​ត្រូវ​ធានាថា ជា​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ មាន​ប្រភព​ច្បាស់លាស់ ខ្លឹមសារ​ប្រកបដោយ​តុល្យភាព​ព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ និង​ការទទួលខុសត្រូវ ដើម្បី​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​វិស័យ​ព័ត៌មាន​ឱ្យ​កាន់តែ​រីកចម្រើន​។​

​ជុំវិញ​រឿងនេះ លោក ពុ​យ គា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា (​ក​.​អ​.​ក​) បាន​សម្តែង​ការសោកស្តាយ​នៅពេល​មានការ​លុប​អាជ្ញា​ប័ណ្ណ​អង្គភាព​សារព័ត៌មាន ឈប់​ឱ្យ​ផ្សព្វផ្សាយ​បន្តទៀត​នេះ ខណៈ​លោក​មិនដឹង​ច្បាស់​ថា អង្គភាព​សារព័ត៌មាន​នោះ បានធ្វើ​សកម្មភាព និង​ចុះផ្សាយ​ពីអ្វី​ច្បាស់​នោះឡើយ​។ ទន្ទឹមគ្នានេះ​លោក​ក៏​ទទួលស្គាល់ថា កន្លងមក​ពិត​ជាមាន​សារព័ត៌មាន​មួយចំនួន បានធ្វើការ​ផ្សព្វផ្សាយ​ដោយ​ខ្វះ​ក្រមសីលធម៌​វិជ្ជាជីវៈ​ផងដែរ​។​

​លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​យល់ថា ការ​លុប​អាជ្ញាប័ណ្ណ​នេះ គឺជា​ការ​គោះ​ជួង​មួយ​ដើម្បីឱ្យ​បងប្អូន​អ្នកសារព័ត៌មាន​យើង​មានការ​ប្រយ័ត្នប្រយែង ឱ្យ​បែរមក​មើល​ពី​ក្រម​​សីលធម៌​វិជ្ជាជីវៈ​របស់ខ្លួន​ដែល​ក្លិប​អ្នកកា​សែត​កម្ពុជា បានធ្វើការ​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​ច្រើន​មកហើយ​។ ដូច្នេះ​ខ្ញុំ​យល់ថា នេះ​ជា​ចំណុច​មួយ​ឱ្យ​អ្នកសារព័ត៌មាន​ដែល​បំពេញវិជ្ជា​ជីវៈ​ដោយ​ខ្វះចន្លោះ​បែរមក​អនុវត្ត​ឱ្យ​ត្រឹមត្រូវ​វិញ​»​។

បន្ថែម​ពីនេះ លោក​ថ្លែងថា ចំពោះ​អ្នកសារព័ត៌មាន ឬ​អង្គភាព​សារ​ព័ត៌មាន​ណាមួយ​ដែលមាន​ចម្ងល់​ជុំវិញ​ក្រម​សីលធម៌​វិជ្ជាជីវៈ​នេះ ក្លិប​អ្នកកាសែត​កម្ពុជា នៅ​រង់ចាំ និង​ត្រៀមខ្លួន​ជានិច្ច ដើម្បី​ជួយ​។​

​សូម​រំឭក​ដែរ​ថា កាលពីពេល​ថ្មីៗ​នេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​គណៈកម្មការ​ប្រឆាំង​ព័ត៌មាន​ក្លែង​ក្លាយ​របស់​ក្រសួង​ព័ត៌មាន​ក៏​ធ្លាប់​ព្រមាន​ដែរ​ថា នឹង​ចាត់វិធានការ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​ចំពោះ​រាល់​ព័ត៌មាន​ក្លែងក្លាយ​គ្រប់​ទម្រង់​ឱ្យទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព ដើម្បី​ពង្រឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌​មាននៅ​កម្ពុជា​សំដៅ​រួមចំណែក​ធានា​សន្តិសុខ​ជាតិ ស្ថិរភាព​នយោបាយ សុខដុម​នីយកម្ម សណ្តាប់ធ្នាប់​ក្នុងសង្គម​ឱ្យ​កាន់តែ​ប្រសើរ​៕