​ភ្នំពេញៈ លោក ​អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថានបាន​ថ្លែងថា ការការពារ​ព្រៃឈើ និង​ធនធានធម្មជាតិ គឺ​ការងារ​អាទិ​ភាព​បំផុត​ដែល​ក្រសួងបរិស្ថាន​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់ និង​ការពារ​ដើម្បី​ទប់ស្កាត់​នូវ​បទ​ល្មើស​ព្រៃឈើ និង​ធនធាន​ធម្ម​ជាតិ​ដោយ​ខុសច្បាប់​តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​។

​លោក អ៊ាង សុផល្លែត បាន​ថ្លែង​បែបនេះ​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក ចាង ខឺ​ស៊ា​ង​តុង​ ​(Zhang Xiaodong) នាយក​ក្រុមហ៊ុន China SiweiSurving and Mapping Technology Co,.LTD នៅ​ថ្ងៃទី​ ១៨ ខែមីនា នា​ទីស្តីការ​ក្រសួងបរិស្ថាន​។​

​នាឱកាស​នោះ លោក ចាង​ ខឺ​ស៊ា​ង​តុង បានលើកឡើង​អំពី​ប្រតិបត្តិការ​ផ្កាយរណប​សង្កេត​ផែនដី​ចំនួន ៤០ ​គ្រឿងក្នុង​គន្លង​តារាវិថី ដែលមាន​វិសាលភាព​ទូលំទូលាយ​បំផុត​ក្នុង​ការទទួល​បាន​នូវ​រូបភាព​ផ្កាយរណប និង​ការផលិត​ទិន្នន័យ​ពី​ផ្កាយរណប​។ នេះ​បើ​យោងតាម​ការផ្សព្វផ្សាយរ​បស់​ក្រសួងបរិស្ថាន​។​

​លោក ​ចាង ខឺ​ស៊ា​ង​តុង បាន​លើកឡើងថា​៖«​កា​រប​ញ្ចូ​ន​ទិន្ន​​ន័យ​ពី​ផ្កាយរណប​ទាំងនោះ នឹង​បង្ហាញ​ពី​ទីតាំង​ភូមិសាស្ត្រ រួមទាំង​ដំណោះស្រាយ​ភូមិសាស្ត្រ ដោយ​រួមបញ្ចូល​គ្នា​នៅក្នុង​ការ​​ស៊ើបការណ៍ ការពារជាតិ ការ​​ស្ទង់​មតិ និង​ការធ្វើ​ផែនទី ការ​ត្រួតពិនិត្យ​ថាមពល និង​ហេ​ដ្ឋា​រចនាសម្ព័ន្ធ កសិកម្ម និង​ការអភិវឌ្ឍ​ធនធានធម្មជាតិ ការ​សាងសង់​ទីក្រុង​ឆ្លាត​វៃ ការ​ការ​ពារ​បរិស្ថាន ជំនួយ​សង្គ្រោះ និង​ការត្រួតពិនិត្យ​គ្រោះមហន្តរាយ និង​ឧស្សាហកម្ម​ផ្សេងៗ​ទៀត​»​។​

​ក្រុមហ៊ុន China SiweiSurving and Mapping Technology Co,.LTD មានបំណង​ចង់​បង្កើត​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ​ជាមួយ​ក្រសួងបរិស្ថាន តាម​រយៈ​ការផ្តល់​សេវាកម្ម​ផ្នែក​បច្ចេក​​វិទ្យា លើ​ការគ្រប់គ្រង​ទិន្នន័យ​ដែល​បញ្ជូន​ចេញពី​ផ្កាយរណប ដើម្បី​គ្រប់គ្រង អភិរក្ស និង​ការ​ពារ​តំបន់ការពារធម្មជាតិ និង​ព្រៃឈើ​របស់​កម្ពុជា​។

​លោក អ៊ាង សុផល្លែត បាន​ថ្លែងថា​៖ «​ក្រសួងបរិស្ថាន​បាន​ប្រើប្រាស់​រួចទៅហើយ ចំពោះ​ការពិនិត្យ តាមដាន និង​វិភាគ​ព័ត៌មាន​តាមរយៈ​ទិន្នន័យ​ដែល​ទទួលបាន​ពី​ផ្កាយរណប​ហើយ​ការទទួលបាន​ទិន្នន័យ​ទាំងនេះ ក៏​ជា​ផ្នែក​មួយ​ជួយ​ព​ន្លឿ​ន​ដល់​ការងារ​ចុះ​អនុវត្ត​ច្បាប់ និង​បទ​អន្តរាគមន៍​ភ្លាមៗ​នៅតាម​តំបន់​គោលដៅ​ផងដែរ​»​។​

​ទន្ទឹមគ្នានេះ លោក អ៊ាង ​សុផល្លែត ក៏បានផ្តល់​ឱកាស​ឱ្យទៅ​អ្នកជំនាញ​របស់​ក្រសួង​បរិស្ថាន​ដើម្បី​ពិនិត្យ និង​ពិភាក្សា​លម្អិត​ពី​ប្រសិទ្ធភាព​នៃ​គម្រោង ដើម្បី​ជំរុញ​ការងារ​គ្រប់គ្រង និង​ការពារ​ព្រៃឈើ ធនធានធម្មជាតិ​រប​ស់​កម្ពុជា​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ទេ្វ​ដង ធានា​ឱ្យបាន​នូវ​ផលប្រយោជន៍​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់រូប ជាពិសេស​ការរក្សាបាន​នូវ​ធន​​ធាន​ធម្មជាតិ និង​ព្រៃឈើ សម្រាប់​អ្នកជំនាន់ក្រោយ តាម​​រយៈ​ការ​រួមគ្នា​ការពារ​ភាព​បៃតង​របស់​កម្ពុជា ឆ្ពោះ​ទៅជា​ប្រទេស​អព្យាក្រឹត​កាបូន​នៅ​ឆ្នាំ​ ២០៥០​។​

​លោក ​ជុំ ហួត ប្រធាន​សមា​​គម​អ្នក​ស្រឡាញ់​បរិស្ថាន និង​សង្គម បានបង្ហាញ​ការគាំទ្រ​ចំពោះ​ការលើកឡើង​របស់​រដ្ឋ​មន្ត្រី​ក្រសួងបរិស្ថាន​ពី​ការយក​ចិត្ត​ទុកដាក់​គ្រប់គ្រង និង​ការ​ពារ​ព្រៃឈើ ធនធានធម្មជាតិ​រប​ស់​កម្ពុជា​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព តាមរយៈ​ការប្រើ​​ប្រាស់​បច្ចេកវិទ្យា​ថ្មីៗ និង​ទំនើប​។​

​លោក​បាន​និយាយថា ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ដូចជា​ផ្កាយ​​រណប និង​បច្ចេកវិទ្យា​ផ្សេងទៀត​នៅក្នុង​វិស័យ​បរិស្ថាន​នឹង​បង្កើន​ការងារ​ក្នុងការ​អភិរក្ស និង​ការ​​គ្រប់គ្រង​ព្រៃឈើ​ជាពិសេស គឺអាច​ការពារ​បាន​នូវ​ការ​លួច​ចូល​កាប់​ទន្ទ្រាន​រាន​យក​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិ​។

លោក​បាន​បន្ថែមថា បើទោះបី​មាន​ក្រុម​ឧ​ទ្យា​នុ​រក្ស​ក៏ដោយ ក៏ប៉ុន្តែ​ពួកគេ​មិនអាច​ធ្វើការ​គ្រប់​ជ្រុងជ្រោយ​បានទេ ដោយសារតែ​ពួកគេ​ខ្វះ​បច្ចេកវិទ្យា​ទំនើប​ក្នុងការ​តាមដាន និង​ប្រមូល​ទិន្នន័យ​។​

​លោក ជុំ ហួត បាន​ថ្លែងថា​៖ «​ដូច្នេះ​បើ​មាន​បច្ចេកវិទ្យា​ទំនើប​ទាំងនោះ​ដូចជា​ផ្កាយរណប នេះ នឹង​បង្កើន​នូវ​ឥទ្ធិពល និង​បន្ថែម​នូវ​ចំណុច​ខ្វះខាត និង​បង្កើន​នូវ​ប្រសិទ្ធភាព​ការងារ​ការ​គ្រប់​គ្រង​ធនធានធម្មជាតិ​ខ្ពស់​»៕​