ក្នុង​រយៈពេល​ ៨​ ឆ្នាំ​កន្លងមកនេះ យន្តការ​មេគង្គ​-​ឡាន​ឆាង បាននិងកំពុង​ឆ្ពោះទៅមុខ ហើយ​ក្លាយទៅជា​គំរូ​នៃ​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ ដ៏​មាន​ប្រសិទ្ធភាព ផ្ដល់នូវ​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់ និង​បង្កើន​កិច្ចសហការ​រវាង​បណ្តា​ប្រទេស​ទន្លេមេគង្គ ដែល​បាន​ចូលរួម​លើ​វិស័យ​អភិវឌ្ឍន៍ជនបទ កាត់បន្ថយ​ភាពក្រីក្រ ធនធានទឹក កសិកម្ម ការដឹកជញ្ជូន សុខាភិបាល អប់រំ និង​ទេសចរណ៍ ជាដើម​។​

​នេះ​បើ​យោងតាម​សារលិខិត​អបអរសាទរ​របស់​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក សុខ ចិន្តា​សោភា ជូនពរ​យ៉ាង​កក់ក្តៅ​ចំពោះ​ប្រជាជន​នៃ​បណ្តា​ប្រទេស​មេគង្គ​-​ឡាន​ឆាង ក្នុងឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​៨ នៃ​កិច្ចសហប្រតិបត្តិការ មេគង្គ​-​ឡាន​ឆាង និង​ទិវា​សប្ដាហ៍​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​ឆ្នាំ​២០២៤ ពីថ្ងៃ​ទី​១៨ ដល់​២៤ ខែមីនា ឆ្នាំ​២០២៤​។ 

​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​(MLC) ត្រូវបាន​បង្កើតឡើង​កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ ២០១៦ ដែលមាន​ការចូលរួម​ពី​ ៦​ ប្រទេស​រួមមាន កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ វៀតណាម​និង​ប្រទេស​មហាអំណាច​ចិន​។​

លោក​បាន​បញ្ជាក់ថា ៖ «​ការចាប់ផ្ដើម​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង តាំងពី​ឆ្នាំ​២០១៦ បាន​ឆ្លុះបញ្ចាំង​ពី​បំណងប្រាថ្នា​រួម​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​សមាជិក​មេគង្គ​-​ឡាន​ឆាង​ទាំង​៦​ក្នុងការ​លើកកម្ពស់ សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ក៏ដូចជា​ការកសាង​សហគមន៍​មួយ​ដែលមាន​អនាគត​រួមគ្នា​នៃ​សន្តិភាព និង​វិបុលភាព​សម្រាប់​ប្រជាជន​ក្នុង​តំបន់ និង​ពិភពលោក​»​។ 

លោក​បាន​បន្តថា រយៈពេល ​៨​ ឆ្នាំ​ កន្លងមកនេះ យន្តការ​មេគង្គ​-​ឡាន​ឆាង បាននិងកំពុង​ឆ្ពោះទៅមុខ ហើយ​ក្លាយទៅជា​គំរូ​នៃ​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ ដ៏​មាន​ប្រសិទ្ធភាព ផ្ដល់នូវ​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់ និង​បង្កើន​កិច្ច​សហការគ្នា​។

​លោក សុខ ចិន្តា​សោភា​ព បាន​បញ្ជាក់ថា​៖«​យន្តការ​នេះ ក៏បាន​ជំរុញ​កំណើន​ថ្មី​សម្រាប់​រយៈពេល​វែង និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​តំបន់ ជាពិសេស​តាមរយៈ​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ​នៃ​ផែនការ​សកម្មភាព​៥​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង (២០១៨-២០២២) ដែល​បានផ្ដល់​លទ្ធផល​ជា​ផ្លែផ្កា​សម្រាប់​សុខុមាលភាព​របស់​ប្រជាជន​យើង​»​។​

មូលនិធិ​ពិសេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង នៅតែ​ជា​ឧបករណ៍​ហិរញ្ញប្បទាន​ដ៏​សំខាន់​សម្រាប់​ការអនុវត្ត​គម្រោង​កិច្ចសហប្រតិបត្តិការ​ថ្មី លើ​វិស័យ​អភិវឌ្ឍន៍ជនបទ ការកាត់បន្ថយ​ភាពក្រីក្រ ធនធានទឹក កសិកម្ម ការដឹកជញ្ជូន សុខាភិបាល អប់រំ ទេសចរណ៍ វប្បធម៌ និង​ការពង្រឹង​សិទ្ធិអំណាច​របស់​ស្ត្រី​។ 

​លោក​បន្តថា ៖«​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង នឹង​បន្ត​បម្រើ​ជា​មធ្យោបាយ​វិជ្ជមាន​ជាមួយនឹង​យន្តការ​អនុតំបន់​មេគង្គ ដទៃទៀត ក្នុងការ​បំពេញបន្ថែម​ឱ្យ​គ្នា​ទៅវិញទៅមក​ជាមួយ "​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​” ក៏ដូចជា "​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ (BRI)” “​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍​សកល (GDI)" "​គំនិត​ផ្ដួចផ្ដើម ផ្នែក​សន្តិសុខ​សកល (GSI) "​គំនិត​ផ្តួចផ្តើម​អរិយធម៌​សកល (GCI)” និង “​គំនិត​ផ្តួចផ្តើម​អភិបាលកិច្ច បញ្ញា​សិប្បនិម្មិត​សកល​” របស់​ចិន​»​។

 លោក​ឧបនាយករដ្ឋមន្ត្រី មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង នឹង​បន្ត​គាំទ្រ​ដល់​សហគមន៍ នៃ​អនាគត​រួមគ្នា នាំមក​នូវ​វិបុលភាព​សម្រាប់​ប្រជាជន​គ្រប់រូប ដែលជា​ការអភិវឌ្ឍ​ដ៏​ជោគជ័យ​សម្រាប់​តំបន់ មេគង្គ​-​ឡាន​ឆាង​។​

សូមជម្រាបថា នៅក្នុង​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៤ កាលពី​ខែធ្នូ ឆ្នាំ​២០២៣ ប្រមុខ​រដ្ឋាភិបាល​ទាំងអស់​បានអនុម័ត «​សេចក្តីថ្លែងការណ៍​ទីក្រុង​ណៃ​ពិដោ​»​។​

សូម​រំឭកថា កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២៣ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត  ក៏បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​៤ តាម​ប្រព័ន្ធ​វីដេអូ ក្រោម​មូលបទ «​ចូលរួម​កសាង​សហគមន៍​វាសនា​រួមគ្នា និង​ទំនើបកម្ម​ក្នុងចំណោម ប្រទេស​មេគង្គ​-​ឡាន​ឆាង​» តាម​ប្រព័ន្ធ​វីដេអូ​នៅ​វិមាន​សន្តិភាព​។​

គោលដៅ​ចម្បង​និង​មូលដ្ឋានគ្រឹះ​នៃ​ទស្សនទាន​ការអភិវឌ្ឍ​របស់​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង  គឺ​ដើម្បី​សម្រេចបាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៃ​បណ្តា​ប្រទេស​អនុតំបន់ លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាជន បង្រួម​គម្លាត​នៃ​ការអភិវឌ្ឍ និង​ការកសាង​សហគមន៍​នៃ​អនាគត​រួម​សន្តិភាព និង​វិបុលភាព​។​

​អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​លោក យង់ ពៅ បាន​ប្រាប់ឱ្យដឹង​ដែរ​ថា កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង អាច​ហៅថា​ជា​ច្រករបៀង ដែលមាន​កិច្ចសហប្រតិបត្តិការ​រ​វាង​ចិន និង​បណ្តា​ប្រទេស​នៅតាម​ដង​ទន្លេមេគង្គ ដែល​បាននិងកំពុង​ផ្តល់​ប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក នៅក្នុង​ក្របខ័ណ្ឌ​មហា​អនុតំបន់​ទន្លេមេគង្គ​។ 

លោក​បាន​ថ្លែងថា​៖«​អ៊ីចឹង​ហើយ កិច្ចសហការ​ទាំងនេះ​បាន​ជំរុញ​នូវ​កិច្ចសន្ទនា​ផ្សេងទៀត ដែល​បាន​នាំមក​នូវ​គុណប្រយោជន៍ លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​រវាង​មេគង្គ និង​ឡាន​ឆាង​»​។​

​លោក​បាន​បន្តថា​៖«​យើង​ដឹង​ហើយ​ថា ក្នុង​បរិបទ​សកលលោក​យើង​នេះ គឺជា​បរិបទ​នៃ​ការផ្លាស់ប្តូរ​សណ្តាប់ធ្នាប់​ពិភពលោក ដែល​ត្រូវការ​អង្គការ​តំបន់​នានា​ត្រូវ​រួមគ្នា​នៅក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​គាំពារ​គ្នា​ក្នុងការ​ដោះស្រាយ​ទៅលើ​បញ្ហា​ផ្សេងៗ​»​។  

​លោក យង់ ពៅ សង្កេតឃើញថា ក្នុងនោះ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន ធ្វើឱ្យ​បណ្តា​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ទទួលបាន​គម្រោង​អភិវឌ្ឍន៍​ជាច្រើន ដូចជា ឡាវ បាន​អភិវឌ្ឍ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន មកដល់​វៀងចន្ទន៍ ហើយ​នេះ​ជាការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​សំខាន់​សម្រាប់​ការដឹកជញ្ជូន​។ 

​លោក​ថា​៖«​ជាមួយគ្នានេះ​កម្ពុជា​ក៏មាន​គម្រោង​អភិវឌ្ឍន៍​រួច​ជាច្រើន ដូចជា​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទៅលើ​វា​រី​អគ្គិសនី ផ្លូវ ថ្នល់ ស្ពាន និង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ និង​ព្រលាន​យន្ត​អន្តរជាតិ​សៀមរាប​អង្គរ​ជាដើម និង​គម្រោង​ផ្សេងៗ​ទៀត​ដែល​នឹង​ចាប់ផ្តើម​ទាំងអស់នេះ​សុទ្ធតែ​ផ្លែផ្កា​កើតចេញពី​គំនិត​ផ្តួចផ្តើម​ផ្លូវ​និង​ខ្សែក្រវាត់ ក្នុង​បណ្តាញ​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​»៕