ភ្នំពេញៈ លោកស្រី ​ជា សិរី ទេសាភិបាល​ធនាគារជាតិ នៃ​កម្ពុជា​ថ្លែងថា ការប្រើប្រាស់​ប្រាក់​រៀល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​បាន​កើនឡើង​ក្នុង​អត្រា​មួយ​ខ្ពស់ ដោយ​ក្នុង​ឆ្នាំ​ ២០២៣ ប្រតិបត្តិ​ការទូទាត់​ជា​ប្រាក់រៀល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​បាន​កើនឡើង ៤៤ ​ភាគរយ ធៀប​នឹង​ឆ្នាំ​ ២០២២​។​

​លោកស្រី​បាន​ថ្លែង​បែបនេះ​ក្នុង​សិក្ខាសាលា​ខួប​លើក​ទី​៤៤ នៃ​ការដាក់ឱ្យ​ចរាចរ​ប្រាក់រៀល​ឡើងវិញ ក្នុង​ដំណើរ​ឆ្ពោះទៅមុខ​ដើម្បី​ប្រាក់រៀល និង​ប្រព័ន្ធ​បាគង នា​ថ្ងៃទី ​២០ ខែមីនា ឆ្នាំ​ ២០២៤ នៅ​មជ្ឈមណ្ឌល​សិក្សា​បច្ចេកទេស​ធនាគារ រាជធានី​ភ្នំពេញ​។ ក្នុងទិសដៅ​លើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ខិតខំ សម្រួលការ​ប្រើប្រាស់​ប្រាក់រៀល​ឱ្យមាន​ភាព​ងាយ​​ស្រួល​ជា​បន្តបន្ទាប់​។ ក្នុងចំណោម​វិធានការ​នានា​ប្រព័ន្ធ​ទូទាត់​អេ​ឡិច​ត្រូ​និក ជាពិសេស​ប្រព័ន្ធ​បា​គង​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​សម្រួល​ដល់​ការទូទាត់​ប្រាក់រៀល​ឱ្យ​កាន់​តែមាន​ភាព​ទាន់សម័យ​ឆាប់រហ័ស និង​ចំណាយ​តិច​។ 

​លោកស្រី​បញ្ជាក់ថា​ ៖«​ជា​លទ្ធផល ការប្រើប្រាស់​ប្រាក់រៀល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​បាន​កើនឡើង ក្នុង​អត្រា​មួយ​ខ្ពស់ ដោយ​ក្នុង​ឆ្នាំ ​២០២៣ ប្រតិបត្តិ​ការទូទាត់​ជា​ប្រាក់រៀល​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​បាន​កើនឡើង​ ៤៤​ ភាគរយ ធៀប​នឹង​ឆ្នាំ​ ២០២២ និង​ខ្ពស់ជាង​កំណើន​នៃប្រតិបត្តិ​ការទូទាត់ អេ​​ឡិច​ត្រូ​និក​ជា​ប្រាក់​ដុល្លារ​អា​មេ​​រិ​ក​ដែល​កើន​ក្នុង​អត្រា ​៣,១​ ភាគរយ​»​។ 

​លោកស្រី​បន្តថា​៖ «​លើសពីនេះ ធនាគារជាតិ​នៃ​កម្ពុជា ក៏បាន​ជំរុញ​ការតភ្ជាប់​ប្រព័ន្ធ​ទូទាត់​ជាមួយ​ប្រទេសជិតខាង និង​ក្នុង​តំបន់​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា ដែលមាន​គណនី​ជា​ប្រាក់រៀល​អាច​ទូទាត់​បាន​តាម​ប្រព័ន្ធ​ឃ្យូ​អរ​កូដ ​(QR code)​ បាន​ងាយស្រួល​នៅក្នុង​ប្រទេស​ទាំងនោះ​»​។​

​លោកស្រី​បាន​សង្កត់ធ្ងន់ថា ការតភ្ជាប់​នេះ​ក៏បាន​អនុញ្ញាតឱ្យ​ទេសចរ​បរទេស​អាច​ទូទាត់​តាមរយៈ ​QR code នៅតាម​ហាង​ទំនិញ​នានា​នៅ​កម្ពុជា ដែល​ហាង​ទាំងនោះ​នឹង​ទទួលបាន​ការទូទាត់​នេះ​ជា​ប្រាក់រៀល​។ បច្ចុប្បន្ន កម្ពុជា​បាន​ត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​ជាមួយ​ប្រទេស​ថៃ វៀតណាម និង​ឡាវ ព្រមទាំង​ក្រុមហ៊ុន​ផ្តល់​សេវា​ទូទាត់​អន្តរជាតិ​មួយចំនួន​ជាមួយនឹង​ផែន​ការតភ្ជាប់​ជាមួយ​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់ ដូចជា ចិន និង​ឥណ្ឌា ជាដើម​។ 

​លោកស្រី​បន្តថា ក្រៅពីនេះ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ជំរុញ​ការប្រើប្រាស់​ប្រាក់រៀល​នៅក្នុង​ប្រព័ន្ធ​ធនាគារ តាមរយៈ​ការដាក់ចេញ​បទ​ប្បញ្ញត្តិ ដែលមាន​លក្ខណៈ​អំណោយផល​ដល់​ការប្រើប្រាស់​ប្រាក់រៀល រួមមាន ការយក​កម្រៃ​សេវា​លើ​ប្រតិបត្តិការ​ជា​ប្រាក់រៀល​ទាប​ជាង​រូបិយប័ណ្ណ​បរទេស ការ​តម្រូវឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​មាន​ឥណទាន​ជា​ប្រាក់រៀល​យ៉ាងតិច ១០ ភាគរយ នៃ​ឥណទាន​សរុប និង​វិធានការ​មួយចំនួន​ផ្សេងទៀត​។

ក្នុងនោះ​រួមមាន​ដូចជា​៖ ការបញ្ចេញ​សន្ទនីយ​ភាពជា​ប្រាក់​​រៀល​តាមរយៈ​ប្រតិបត្តិ​ការផ្តល់​សន្ទនីយ​ភាព​ដោយមាន​ការធានា (LPCO) និង​ការសម្រួល​ដល់​ការគ្រប់គ្រង​សន្ទនីយ​ភាពជា​ប្រាក់រៀល​នៅក្នុង​ប្រព័ន្ធ​ធនាគារ​ដែល​ទាំងអស់នេះ​បាន​ជួយ​កាត់​​បន្ថយ​ថ្លៃដើម និង​សម្រួល​ដល់​ប្រតិបត្តិការ​ជា​ប្រាក់រៀល​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​។

​ថ្មីៗ​នេះ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​សហការ​ជាមួយ​កម្មវិធី​អភិវឌ្ឍន៍ អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា (UNDP Cambodia) ក្នុង​ការសិក្សា​ស្រាវជ្រាវ​លើ​ការ​លើកកម្ពស់​ការប្រើប្រាស់​ប្រាក់​រៀល​ក្នុង​ការទូទាត់​ប្រាក់​ឈ្នួល​នៅក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​។​

​លោកស្រី​ ជា សិរី​ បាន​និយាយថា ការស្រាវជ្រាវ​បាន​រកឃើញថា កម្មករ​មាន​ចំណូល​ជា​ប្រាក់​​ដុល្លារ​អាមេរិក ប៉ុន្តែ​ការចំណាយ​ប្រចាំថ្ងៃ និង​ផ្ញើ​ប្រាក់​ទៅកាន់​គ្រួ​សារ​ភាគច្រើន​ជា​ប្រាក់រៀល​​ប្រមាណ​ជាង​ ៨០ ភាគរយ ដែល​បញ្ហា​នេះ នាំឱ្យ​កម្មករ​មានការ​ខាតបង់​ពេលវេលា និង​ប្រាក់កាស​ដោយសារ​ការប្តូ​រ​ប្រាក់​។ ផ្អែក​តាម​ការអង្កេត​នេះ មាន​កម្មករ​ជាច្រើន​ក៏បាន​សម្តែង​ការយល់ស្រប​លើ​ការបើកប្រាក់​ឈ្នួល​ទាំងស្រុង ឬមួយ​ផ្នែក​ជា​ប្រាក់រៀល​ផងដែរ​។​

​លោកស្រី​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​យក​ឱកាស​នេះ​ដើម្បី​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន-សហគ្រាស​គួរ​បង្កើន​ការបើក​ប្រាក់ខែ ជា​ប្រាក់រៀល ហើយ​សូម​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ និង​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​ការសង​ប្រាក់​ទាំងអស់​ផ្ដល់​ជម្រើស​ឱ្យ​អតិថិជន ទាំងអស់​មានលទ្ធភាព​ក្នុងការ​​ប្រើប្រាស់​ឃ្យូ​អរ​កូដ (QR code) ជា​ប្រាក់រៀល​ដើម្បី​សម្រួល ដល់​ការទូទាត់​ជា​ប្រាក់រៀល​ជាប្រចាំ​»​។​

​យោងតាម​ការធ្វើ​បទ​បង្ហាញ​របស់លោក​ ខូ​យ រ៉ា​ដា សេដ្ឋវិទូ​​ជាតិ​ផ្នែក​គោលនយោបាយ និង​នវានុវត្តន៍​នៃ​កម្មវិធី​អភិវឌ្ឍន៍​សហ​​ប្រជាជាតិ បាន​បង្ហាញថា នៅក្នុង​វិស័យ​រដ្ឋបាល​សាធារណៈ មានការ​ប្រើប្រាស់​ប្រាក់រៀល​ជា​​ទូទៅ ប៉ុន្តែ​ចំពោះ​វិស័យ​ឯកជន រូបិយប័ណ្ណ​បរទេស (​ជាពិសេស ប្រាក់​ដុល្លារ​អាមេរិក​)​ នៅតែ​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​។​

​លោក​បន្ថែមថា ការសិក្សា​ពី​ដុ​​ល្លា​រូ​នីយកម្ម​នៅ​កម្ពុជា​ដោយ​ធនា​គារ​ជាតិ​នៃ​កម្ពុជា និង​វិទ្យាស្ថាន​ស្រាវជ្រាវ JICA (JICA Ogata Research Institute) ​ដោយ​ប្រើ​ប្រាស់​ទិន្នន័យ និង​ព័ត៌មាន​ទូទាំងប្រទេស​កន្លងមក បានផ្តល់​នូវ​ការ​​យល់ដឹង​ល្អ​អំពី​ដុល្លា​រូ​នីយកម្ម​នៅ​កម្ពុជា​នៅ​កម្រិត​អង្គភាព គ្រួសារ​អាជីវកម្ម​សហ​គ្រាស និង​គ្រឹះ​​ស្ថាន​ហិរញ្ញវត្ថុ​។

លោក​បញ្ជាក់ថា​៖​«​នៅក្នុង​ប្រទេស​កម្ពុជា គេ​​អាច​សង្កេតឃើញថា ក្នុងករណី​យើង​ប្រើប្រាស់​រូបិយប័ណ្ណ​ខុសគ្នា​សម្រាប់​ការទូទាត់​ទំនិញ និង​សេវា អត្រា​ប្តូរប្រាក់​ក្រៅផ្លូវការ​សម្រាប់​ការទូទាត់​ទាំងនោះ​មាន​ភាពលម្អៀង​ទៅ​អ្នកលក់​ឬ​អ្នក​ផ្គត់ផ្គង់​»​។​

​បើតាម​លោក រ៉ា​ដា ការចូល​រួម​យ៉ាងសកម្ម​របស់​វិស័យ​ឯកជន​មាន​សារៈសំខាន់​ក្នុងការ​ពង្រឹង​ការប្រើប្រាស់​ប្រាក់រៀល​តាមរយៈ​កិច្ចសន្ទនា​គោលនយោបាយ​, ការស្ម័គ្រចិត្ត​ក្នុងការ​ប្រើប្រាស់​ប្រាក់រៀល​ដើម្បី​ទូទាត់ បៀវត្សរ៍​, និង​ការលើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល​ក្នុង​ប្រតិបត្តិការ ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​ផ្គត់ផ្គង់​របស់​វិស័យ​ឯកជន​។ ការទូទាត់​បៀវត្សរ៍​ជា​ប្រាក់រៀល​មាន​អត្ថប្រយោជន៍​ជាពិសេស​សម្រាប់​អង្គភាព​គ្រួ​សារ​ដែលមាន​ចំណូល​ទាប​។

​ទន្ទឹមនឹងនេះ ការលើកកម្ពស់​ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​ (digital payments) អាច​កាត់បន្ថយ​ការខាតបង់​ដោយ​សារ​អត្រា​ប្ដូរប្រាក់​លម្អៀង នៅពេល​ប្រើប្រាស់​រូបិយប័ណ្ណ​ខុសគ្នា (currency mismatch) ក្នុង​ប្រតិបត្តិ​ការទូទាត់​ទំនិញ និង​សេវា​ផ្សេងៗ​។ 

​ដោយឡែក​ដើម្បី​ចូលរួមចំណែក​អបអរសាទរ​ខួប​លើក​ទី៤៤ នៃ​ការបោះ​ផ្សាយ​ក្រដាស​ប្រាក់រៀល (២០ មីនា ១៩៨០ - ២០ មីនា ២០២៤) ក៏ដូចជា​គាំទ្រ​គោលនយោបាយ​លើកកម្ពស់​ការប្រើប្រាស់​ប្រាក់​​រៀល ធនាគារជាតិ​នៃ​កម្ពុជា សហការ​ជាមួយ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ តាម​ខេត្ត​-​ក្រុង នឹង​រៀបចំ​យុទ្ធ​​នា​ការ «​ស្រឡាញ់​ប្រាក់រៀល​» ដោយ​ទទួល​ប្តូរ​ក្រដាស់​ប្រាក់រៀល​ចាស់ ទក់ រហែក និង​ជំនួស​វិញ​នូវ​ក្រដាសប្រាក់​ថ្មី​គ្រប់​ប្រភេទ​ជូន​សាធារណជន​ចាប់ពី​ថ្ងៃទី​ ២០-២៩ ខែមីនា ឆ្នាំ​ ២០២៤ វេលា​ម៉ោង ៧:៣០​ នាទី​ព្រឹក ដល់​ម៉ោង ៣:០០​ នាទី​រសៀល​។

ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ជូនដំណឹង កាលពី​ថ្ងៃទី ​១៩ ខែមីនា​ថា សា​ធារ​ណ​ជន​អាច​អញ្ជើញ​មក​ប្ដូរ​ក្រដាស​ប្រាក់រៀល​ចាស់ ទក់ រហែក ដោយ​មិន​គិត​កម្រៃ​សេវា​នៅតាម​គ្រប់​សាខា​គ្រឹះស្ថាន​ធនា​​គារ​ជាតិ និង​ហិរញ្ញវត្ថុ​រាជធានី​-​ខេត្ត ទូទាំងប្រទេស នៅក្នុង​អំឡុង​ពេល​យុទ្ធនាការ​នេះ​៕