ភ្នំពេញៈ សត្វក្រពើភ្នំពូជសុទ្ធសរុបចំនួន ១៩៦ ក្បាល ហើយត្រូវបានលែងចូលក្នុងទីជម្រកសុវត្ថិភាព ក្នុងធម្មជាតិនៃតំបន់ជួរភ្នំក្រវាញចាប់តាំងពីឆ្នាំ ២០១១ រហូតមកដល់ពេលបច្ចុប្បន្ននេះ តាមរយៈគម្រោងអភិរក្សក្រពើភ្នំ។ នេះបើយោងតាមអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា។
គម្រោងអភិរក្សក្រពើភ្នំ ដែលជាគម្រោងស្ថិតក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា (Fauna & Flora-Cambodia Programme) តាំងពីឆ្នាំ ២០០១ មកនោះបានបង្កាត់ក្រពើភ្នំពូជសុទ្ធបានប្រមាណជាង ៣០០ ក្បាល មកហើយក្នុងរយៈពេលជាង ២០ ឆ្នាំមកនេះ។
តំណាងពីអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៥ ខែមីនានេះថា៖ «បច្ចុប្បន្ននេះ មានក្រពើភ្នំប្រមាណជាង ៤០០ ក្បាល កំពុងរស់នៅធម្មជាតិក្នុងប្រទេសកម្ពុជាយើង។ ភាគច្រើននៅតំបន់ជួរភ្នំក្រវាញ។ បើរួមបញ្ចូលក្រពើភ្នំ ដែលបានលែងដោយរដ្ឋបាលព្រៃឈើ និងអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា តាំងពីឆ្នាំ ២០១១ មក ចំនួនក្រពើភ្នំនៅក្នុងធម្មជាតិមានការកើនឡើង»។
ប្រភពដដែលបានបន្តថា ចំពោះចំនួនក្រពើភ្នំនៅក្នុងធម្មជាតិ នៅតាមតំបន់ដែលត្រូវបានការពារយ៉ាងតឹងរ៉ឹងនោះ គឺស្ថិតនៅក្នុងរង្វង់មួយថេរ។ មូលហេតុគឺដោយសារតែ ការបន្តពូជនៅមានកម្រិតទាបបំផុត ដោយសារក្រពើភ្នំមានចំនួនតិចតួច នៅឆ្ងាយពីគ្នា តំបន់ដែលអាចមានលទ្ធភាពបន្តពូជបានមានតិចតួចបំផុត ដែលមានតែនៅតំបន់ជួរភ្នំក្រវាញប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ទីជម្រកក្រពើភ្នំក៏មានការរំខានច្រើន ដោយសារតែកំណើនប្រជាពលរដ្ឋនៅក្បែរតំបន់ ដែលមានវត្តមានសត្វក្រពើភ្នំ។
អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជាក្រោមកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអនុវត្តកម្មវិធីបង្កើនចំនួនក្រពើភ្នំក្នុងធម្មជាតិតំបន់ជួរភ្នំក្រវាញតាមរយៈការបង្កាត់ ភ្ញាស់ ចិញ្ចឹម និងលែងចូលទៅទីជម្រកធម្មជាតិនូវក្រពើភ្នំពូជសុទ្ធ។
កាលពីសប្តាហ៍មុន សត្វក្រពើភ្នំពូជសុទ្ធចំនួន ៥០ ក្បាលត្រូវបានលែង ដើម្បីរក្សា និងបង្កើនចំនួនក្រពើភ្នំពូជសុទ្ធ កុំឱ្យផុតពូជពីធម្មជាតិ។ កម្មវិធីលែងនេះក៏មានការចូលរួម និងគាំទ្រពីលោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំក្រសួងផងដែរ។
ក្នុងឱកាសនោះ លោក Pablo Sinovas នាយកប្រចាំប្រទេសនៃអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា បានជម្រាបជូនលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពីគម្រោងអភិរក្សក្រពើភ្នំនេះ និងគម្រោងសំខាន់ៗដទៃទៀតដែលអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា (Fauna & Flora-Cambodia Programme) កំពុងអនុវត្ត ក៏ដូចជាបង្ហាញអំពីការសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋាភិបាល និងអង្គការផងដែរ។ នេះបើយោងតាមអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា។
កម្មវិធីបង្កាត់ក្រពើភ្នំពូជសុទ្ធដែលជាប្រភេទជិតផុតពូជបំផុតត្រូវបានបង្កើតឡើងដោយអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា សហការជាមួយរដ្ឋបាលព្រៃឈើ ក្នុងគោលបំណងបង្កើនចំនួនសត្វប្រភេទនេះនៅក្នុងធម្មជាតិ៕