​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ភាគី​ពាក់ព័ន្ធ បានបញ្ចប់​ការពិគ្រោះ​យោបល់​ជា​លើកចុងក្រោយ លើ​សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព ២០២៤-២០២៨ ដើម្បី​រៀបចំ​ដាក់ជូន​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​ពិនិត្យ​មុននឹង​ដាក់​ឆ្លងទៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​លើ​សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព ២០២៤-២០២៨ កាលពី​ថ្ងៃទី​២៦ ខែមីនា មានការ​ចូលរួម​ពី​សមាជិក​សមាជិកា​ក្រុមប្រឹក្សា​សក​កម្ម​ភាព​ជនពិការ​រាជធានី​-​ខេត្ត ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍន៍ និង​តំណាង​ជន​មាន​ពិការភាព​ជាច្រើនរូប​ផងដែរ​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ​។​

លោក ម៉េ​ត មករា ប្រធាន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ បាន​ថ្លែងថា សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព ២០២៤-២០២៨ ត្រូវបាន​រៀបចំឡើង​ដោយ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ដោយមាន​ជំនួយ​បច្ចេកទេស​ពី​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ប្រចាំ​កម្ពុជា (UNDP)​ និង​ទទួលបាន​ការគាំទ្រ​ដោយ​ភាពជា​ដៃគូ​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជន​មាន​ពិការភាព​។​

​លោក​បាន​បន្តថា ការរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ប្រមូល​ធាតុ​ចូល និង​ផ្ទៀងផ្ទាត់​លើ​សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព ២០២៤-២០២៨ ក៏ដូចជា​ការបង្កើត​ក្របខ័ណ្ឌ​ត្រួតពិនិត្យ​វាយតម្លៃ​លើ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព ២០២៤-២០២៨ នៅពេល​ខាងមុខ​។ 

​លោក​ថ្លែង​បញ្ជាក់ថា​៖ «​សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ​ត្រូវបាន​រៀបចំ​នៅតាម​តំបន់​ចំនួន ៣ ​ដង​រួចមកហើយ ដែល​សិក្ខាសាលា​ថ្ងៃនេះ​គឺ​ដើម្បី​ពិគ្រោះ​យោបល់​ចុងក្រោយ​។ ដូច្នេះ​ក្រោយពី​ទទួលបាន​ធាតុ​ចូល​ពី​សិក្ខាសាលា​នេះ​ក្រុមការងារ​នឹង​រៀបចំ​បញ្ចូល​ទិន្នន័យ​ដើម្បី​រៀបចំ​ដាក់ជូន​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​ដឹកនាំ​ប្រជុំ​ពិនិត្យ​មុននឹង​ដាក់​ឆ្លងទៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​»​។​

អាណត្តិ​កន្លងមក ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព​ឆ្នាំ​២០១៩-២០២៣ គឺ​ទទួលបាន​ការចាប់អារម្មណ៍​និង​មានការ​ចូលរួម​អនុវត្ត​យ៉ាង​ផុលផុស​ពី​គ្រប់​ក្រសួង​-​ស្ថាប័ន​សាធារណៈ វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ និង​បាន​ដោះស្រាយ​បញ្ហា​ដែល​ជន​មាន​ពិការភាព​បាន​ជួបប្រទះ​កន្លងមក​ក៏ដូចជា​បច្ចុប្បន្ន​ផងដែរ​។​

​ដោយឡែក លោកស្រី Cai Cai​ប្រធាន​ផ្នែក​សមភាព​យេនឌ័រ​និង​បរិ​យាប​ន្ន​សង្គម ផ្នែក​អភិវឌ្ឍន៍​សង្គម UNESCAP ក៏បាន​លើកឡើង​ដែរ​ថា​នេះ​ជា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុង​ការបំពេញ​កាតព្វកិច្ច​របស់ខ្លួន ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជន​មាន​ពិការភាព ដែល​រួមបញ្ចូល​ទាំង​ការធានា និង​លើកកម្ពស់​ការសម្រេចបាន​ពេញលេញ​នៃ​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន​សម្រាប់​ជន​មាន​ពិការភាព ដោយ​មិនមាន​ការរើសអើង​ណាមួយ​ផ្អែកលើ​មូលដ្ឋាន​នៃ​ពិការភាព​។ 

​លោកស្រី​បាន​ថ្លែងថា​៖ «​ក្រោម​អនុសញ្ញា​នេះដែរ ក៏​ស្របតាម​ការប្ដេជ្ញាចិត្តរ​បស់​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដែល​កំណត់ថា ប្រជាជន​កម្ពុជា​រស់នៅ​ដោយ​សេចក្តីថ្លៃថ្នូរ សុភមង្គល ទទួលបាន​សិទ្ធិ​ស្មើគ្នា និង​ទទួលបាន​ឱកាស​ស្មើគ្នា​នៅក្នុង​សង្គម​។ យើង​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ធានា​នូវ​សិទ្ធិ​ជន​មាន​ពិការភាព​ឱ្យ​ត្រូវបាន​ទទួលស្គាល់​»​។ 

ជាមួយគ្នានេះ ខាង​អង្គការ UNDP ក៏​បាននិងកំពុង​ធ្វើកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សង្គមកិច្ច និង​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ដើម្បី​អនុវត្ត​អនុសញ្ញា​ស្តីពី​សិទ្ធិ​ជនពិការ (CRPD)​ដំណើរ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​កិច្ចការពារ​និង​លើ​កម្ពស់​សិទ្ធិ​ជនពិការ ក៏ដូចជា​ការរៀបចំរ​បាយ​ការណ៍​ការអនុវត្ត​អនុសញ្ញា​ស្តីពី​សិទ្ធិ​ជនពិការ​ដើម្បី​ដាក់ជូន​អង្គការសហប្រជាជាតិ​ផងដែរ​។​

​ចំណែក លោក ឈ ប៉ុណ្ណា​រ័ត្ន មន្ត្រី​កម្មវិធី​អង្គការ​ជនពិការ​កម្ពុជា (CDPO) ក៏បាន​ប្រាប់​ឱ្យដឹងថា ការកសាង​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​ពិការភាព ២០២៤-២០២៨ គឺ​វា​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ជន​មាន​ពិការភាព ក្នុង​ការដែល​ទទួលបាន​សេវា និង​គម្រោង​ផ្សេងៗ​ពី​សង្គម ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ពិការភាព​របស់​ពួកគាត់​។ 

​លោក​ថា យុទ្ធសាស្ត្រ​នេះ វា​ក៏​ជា​ផ្លូវ​មួយ​ដើម្បីឱ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ បាន​ចូលរួម​អនុវត្ត​ទាំងអស់គ្នា ជាពិសេស​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់នោះ បានដាក់​បញ្ជូន​ផែនការ ឬ​គម្រោង​របស់ខ្លួន​នីមួយៗ ទៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​ពិការភាព​។​

​លោក​បាន​ថ្លែងថា​៖«​អ៊ីចឹង​!​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​ពិការភាព​នេះ គឺ​វា​មាន​សារៈសំខាន់​ខ្លាំង​មែនទែន ដើម្បី​ជួយ​ទៅដល់​ជន​ដែលមាន​ពិការភាព​របស់​យើង​ឱ្យបាន​ចូលរួម​ក្នុងសង្គម​មួយ​យ៉ាង​ពេញលេញ​ដោយ​ស្មើភាព​។ ហេតុនេះ​ប្រសិនជា​យើង​អត់​មាន​ផែនការ​យុទ្ធសាស្ត្រ​ហ្នឹង​ទេ គឺ​ការអនុវត្ត​របស់​ស្ថាប័នរដ្ឋ ទាំង​អង្គការ ទាំង​អី​ទាំងអស់ ដូច​វា​អត់​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ជន​ដែលមាន​ពិការភាព​នោះទេ​»​។​

សូមបញ្ជាក់ថា គិត​ចាប់ពី​ឆ្នាំ​២០២០ រហូតដល់ ឆ្នាំ​២០២៣ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាននិងកំពុង​អនុវត្ត​កម្មវិធី​កំណត់​អត្តសញ្ញាណ​កម្ម​ពិការភាព បាន​ចំនួន​សរុប ៣១៨ ៤៧៣​នាក់ ស្រី​ចំនួន ១៥៥ ៤១០​ នាក់ ហើយ​ក្នុងនោះ​ក្រសួង បានអនុម័ត​ក្នុងការ​បោះពុម្ព​បណ្ណ​ជូន​ជន​មាន​ពិការភាព បាន​ចំនួន ២៥៤ ៤១៩​នាក់​៕